បណ្ដាញ​អង្គការ​​ជាតិ-​អន្តរជាតិ​ស្នើ​អ.ស.ប​មាន​វិធានការ​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

0:00 / 0:00

បណ្ដាញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ស្នើ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) អោយ​ជួយ​អន្តរាគមន៍​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ពេល​ដែល​ក្រុម​អង្គការ​ទាំង​នេះ​មើល​ឃើញ​ថា ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​បាន​ធ្លាក់​ចុះ​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ សំណើ​នោះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​រួម​មួយ​របស់​ក្រុម​បណ្ដាញ​ការពារ​សិទ្ធិមនុស្ស ដែល​បាន​ផ្ញើ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កាល​ពី​​ថ្ងៃ​ទី​២០ ខែ​សីហា។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​ទាំង​នោះ និង​បញ្ជាក់​ថា រដ្ឋាភិបាល​តែង​អនុវត្ត​តាម​គោលការណ៍​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ។

លិខិត​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ១២ លើក​ឡើង​ថា សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ ដែល​ចាំ​បាច់​ត្រូវ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​អនុសាសន៍​ដើម្បី​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​កែលំអ​ស្ថានភាព​នេះ​ឡើង​វិញ។

ក្រុម​បណ្ដាញ​អង្គការ​ទាំង​នោះ​រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO) អង្គការ​អន្តរជាតិ​ប្រឆាំង​ទារុណកម្ម (OMCT) អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) និង​សម្ព័ន្ធ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហៅ​កាត់​ថា ហ្វីដ (FIDH) ជា​ដើម។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា អ្វី​ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដាក់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នោះ គឺ​ជា​របាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​រយៈពេល​ថ្មីៗ​ចុង​ក្រោយ​នេះ។

លោក សំអាត បន្ត​ថា ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា និង​សកម្មជន​បក្ស​ប្រឆាំង និង​ក្រុម​យុវជន​ដែល​សកម្ម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ បង្ហាញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ខាង​នយោបាយ ការ​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ។ លើស​ពី​នេះ​ការ​រឹត​ដ្បិត​សេរីភាព​ក្រោម​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​កំពុង​ជះឥទ្ធិពល​នៅ​តាម​មូលដ្ឋាន បើ​ទោះ​ជា​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ហើយ​ក្ដី៖ «យើង​ចង់​អោយ​ក្រុមប្រឹក្ស​សិទ្ធិមនុស្ស​ផ្ដល់​អនុសាសន៍​ដល់​កម្ពុជា ដើម្បី​អោយ​មាន​ការ​​​កែសម្រួល កែប្រែ​ខ្លះ​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​អោយ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាន់​តែ​ល្អ​ប្រសើរ»

នៅ​ក្នុង​លិខិត​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដដែល​ក៏​បាន​ស្នើ​អោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣០ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ អោយ​អន្តរាគមន៍​អោយ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​រាល់​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ហូរហែ​មក​នេះ។ រដ្ឋាភិបាល​ត្រូវ​ធានា​សិទ្ធិ​សេរីភាព​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី ការ​គំរាម​កំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស កែលំអ​ប្រព័ន្ធ​យុត្តិធម៌ បញ្ឈប់​អំពើ​ហិង្សា​ទាក់ទិន​នឹង​ការ​ទាមទារ​សិទ្ធិ​ដីធ្លី បំបាត់​វប្បធម៌​និទ្ទណ្ឌភាព និង​ធានា​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នា​នេះ​ក៏​បាន​ស្នើ​អោយ​បន្ត​អាណត្តិ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា ធានា​សហការ​ល្អ​ជាមួយ​អ្នក​រាយការណ៍​ពិសេស និង​ការិយាល័យ​ឧត្ដម​ស្នងការ​សហប្រជាជាតិ​នៅ​កម្ពុជា។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហៅ​លិខិត​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ថា គ្រាន់​ជា​ឆាក​ដែល​ពួកគេ​រៀបចំ​សម្រាប់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​នា​ពេល​កន្លង​មក​គឺ​ជា​ការ​អនុវត្ត​តាម​គោលការណ៍​នីតិរដ្ឋ៖ «ជា​រូបភាព​អនុវត្ត​ទៅ​តាម​ច្បាប់​នីតិរដ្ឋ មិន​ថា​អ្នក​នោះ​ជា​នរណា​ទេ អោយ​តែ​ធ្វើ​បំពាន​ទៅ​លើ​ច្បាប់​ទៅ​តាម​នីតិ​វិធី​តុលាការ និង​ច្បាប់»

លិខិត​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ពី​បំណង​ប្រាថ្នាចង់​អោយ​រដ្ឋាភិបាល​បង្កើត​ផែនការ​សកម្មភាព​ជាក់ស្ដែង ដើម្បី​អនុវត្ត​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។