ពលការិនី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ត្រូវ​ជនជាតិ​ថៃ​ចាប់​រំលោភ​ក្នុង​ទឹកដី​ថៃ

ស្ត្រី​ខ្មែរ ២​នាក់ ត្រូវ​បាន​ជនជាតិ​ថៃ ចាប់​រំលោភ និង ៤​នាក់ ត្រូវ​បៀតបៀន​ផ្លូវ​ភេទ ខណៈ​ពួក​គេ​ទាំង ៦​នាក់​នោះ ឈប់​សំចត​ក្នុង​ផ្ទះ​សំណាក់​មួយ​នៅ​ម្តុំ​ផ្សារ​ឡុងគឿ ក្នុង​ទឹក​ដី​ថៃ ដើម្បី​រង់ចាំ​មេ​ខ្យល់​មក​ទទួល​យក​ទៅ​ធ្វើ​ការ​បន្ត​នៅ​កន្លែង​ផ្សេង​ទៀត។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា ស្ត្រី​ខ្មែរ ៦​នាក់​ដែល​ព្យាយាម​ចូល​ក្នុង​ទឹក​ថៃ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ មិន​ទាន់​បាន​ទៅ​ដល់​គោលដៅ​ផង​នោះ ត្រូវ​បាន​បុរស​ជនជាតិ​ថៃ ៣​នាក់ ចាប់​រំលោភ។ លោក​បន្ត​ថា បុរស​ជនជាតិ​ថៃ ទាំង ៣​នាក់​នោះ ស្លៀក​សម្លៀកបំពាក់​ជា​យោធា ចាប់​ស្ត្រី​ទាំង ៦​នាក់​ចេញ​ពី​ផ្ទះ​សំណាក់​មួយ​នៅ​ម្ដុំ​ផ្សារ​ឡុងគឿ ក្នុង​ទឹក​ដី​ខេត្ត​ស្រះកែវ។ លោក​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ក្មេង​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង ៦​នាក់​នេះ ត្រូវ​បាន​ថៃ ចាប់​រំលោភ​បាន​សម្រេច ខណៈ​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​បំពាន​ប៉ះពាល់​កេរ្តិ៍​ខ្មាស។ ចំណែក​ស្ត្រី ៤​នាក់​ផ្សេង​ទៀត​ក្នុង​ចំណោម​នេះ ត្រូវ​បាន​ជនជាតិ​ថៃ ទម្លាក់​ចោល​មុន​នឹង​បែក​ការ៖ «អគ្គ​កុងស៊ុល​បាន​ប្រាប់​យើង​ថា គាត់​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ត្រី​ទាំង ៦​នាក់​ហ្នឹង មិន​ឲ្យ​គាត់​ទៅ​ណា​ក្រៅ​ពី​អគ្គ​កុងស៊ុល​ទេ។ ស្នាក់​នៅ​ហ្នឹង ហើយ​បាយ​ទឹក​នៅ​ហ្នឹង ដើម្បី​ឲ្យ​គាត់​ជួយ​មើល​ថែ​រហូត​ដល់​នីតិវិធី​នៃ​តុលាការ បាន​ផ្ដន្ទាទោស​ដល់​លើ​ជន​ប្រព្រឹត្តិ​ហ្នឹង​ជាក់​លាក់»

ហេតុការណ៍​នោះ​បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៤។

រហូត​មក​ដល់​ពេល​នេះ អ្នក​ប្រព្រឹត្តិ​បទល្មើស​ទាំង ៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ ស្ត្រី​រងគ្រោះ​មួយ​រូប ត្រូវ​គេ​បញ្ជូន​មក​ស្រុក​កំណើត​វិញ​ហើយ។ ចំណែក​ស្ត្រី ៥​នាក់​ក្នុង​ចំណោម​នោះ កំពុង​បន្ត​ឲ្យ​ស្នាក់​នៅ​ក្នុង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។