មតិ​របស់​អ្នក​អាន​គេហទំព័រ​វិទ្យុ​អាស៊ីសេរី​ជុំវិញ​រឿង​ព្រៃ​ឈើ​និង​សិទ្ធិ​មនុស្ស

0:00 / 0:00

អំឡុង​ពេល​ពាក់​កណ្ដាល​ខែ​ឧសភា នេះ មាន​ព្រឹត្តិការណ៍​ពីរ​សំខាន់ ដែល​ទាក់ទាញ​អារម្មណ៍​លោក​អ្នក​នាង​អ្នក​ស្ដាប់ និង​អាន​គេហទំព័រ​វិទ្យុ​អាស៊ីសេរី យ៉ាង​ខ្លាំង គឺ​សេចក្ដី​រាយការណ៍​អំពី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ចេញ​ផ្សាយ​អំពី​ក្រុមហ៊ុន​វៀតណាម កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ និង​សេចក្ដី​រាយការណ៍​អំពី​និស្សិត​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា ប្រតិកម្ម​ទៅ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ថា​លោក សុរិយា ស៊ូប៊ែឌី រាយការណ៍​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាក្រក់​ខុស​ការ​ពិត ហើយ​ក្រុម​និស្សិត​តវ៉ា​​កុំ​ឲ្យ​មាន​វត្តមាន​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ឆ្លើយ​តប​ទៅ​នឹង​អត្ថបទ​ចុះ​ផ្សាយ​ចំនួន​៧ ស្ដី​អំពី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​ចោទ​ប្រកាន់​ក្រុមហ៊ុន​វៀតណាម ពីរ កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា លោក​អ្នក​នាង​អ្នក​ស្ដាប់ និង​អាន​គេហទំព័រ​វិទ្យុ​អាស៊ីសេរី បាន​បង្ហោះ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ប្រហែល ១០០​មតិ​យោបល់​ក្នុង​រយៈពេល​មួយ​សប្ដាហ៍។

ជាអាទិ៍ អ្នក​អាន​អនាមិក​ដាក់​ឈ្មោះ​ខែ បាន​បញ្ចេញ​មតិ​ចោទ​សួរ​ថា «តើ​រដ្ឋាភិបាល​ដឹង​ឬ​ទេ? ឬ​មួយ​រដ្ឋាភិបាល​ធ្វើ​មិន​ដឹង​មិន​ឮ? បើ​ដូច្នេះ​មែន​នោះ រដ្ឋាភិបាល​ពិត​ជា​បំផ្លាញ​ខ្លួន​ឯង​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។ ជា​ពិសេស ប្រទេស​យួន តាម​រយៈ​ដី​សម្បទាន​នេះ។ សូម​មេ​ដឹកនាំ​ខ្មែរ​ភ្ញាក់​ខ្លួន​ឡើង សូម​គិត​ដល់​ប្រយោជន៍​ជាតិ​ផង។ ខ្ញុំ​មាន​អារម្មណ៍​ខ្លោច​ផ្សា និង​អាណិត​ជាតិ​ខ្មែរ​ណាស់​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប»

អ្នក​អាន​មក​ពី​ភ្នំពេញ បាន​ឡកឡឺយ​ដាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា «សម័យ​ដឹកនាំ​ដោយ​សម្ដេច​តេជោ មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ ជាក់ស្ដែង​ធនធាន​ធម្មជាតិ​រលាយ​ហិនហោច​អស់។ ពិត​ជា​ល្បី​ក្នុង​ប្រវត្តិសាស្ត្រ​មែន»

អ្នក​អាន​បាន​បញ្ចេញ​មតិ​បន្តបន្ទាប់ ខ្លះ​សរសេរ​ជា​អង់គ្លេស ខ្លះ​សរសេរ​ខ្មែរ មាន​អ្នក​នៅ​បរទេស នៅ​តាម​ខេត្ត​ក្រុង​នានា ប្រហែល ១០០​មតិ​យោបល់​ទៀត​ដែល​ភាគ​ច្រើន​រិះគន់​រដ្ឋាភិបាល និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ថា គ្មាន​សមត្ថភាព​ដឹកនាំ​ប្រទេស។ ខ្លះ​ចោទ​ថា មេ​ដឹកនាំ​សព្វថ្ងៃ​នៅ​ក្រោម​រណប​វៀតណាម ហើយ​បាន​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ជាច្រើន​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​យូរ​អង្វែង មួយ​រយ​ឆ្នាំ ស្មើ​អាយុ​កាល​របស់​មនុស្ស ថែម​ទាំង​នាំ​អន្តោប្រវេសន៍​វៀតណាម មក​ជាមួយ​ជាច្រើន​មក​ឈូស​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​រលាយ​អស់។

ក៏ប៉ុន្តែ មាន​មតិ​ពីរ​បី​បាន​សរសើរ​រដ្ឋាភិបាល ហើយ​ជំទាស់​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​ចោទ​ថា​ក្រុមហ៊ុន​វៀតណាម បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​អស់​រាប់​ម៉ឺន​ហិកតារ ដើម្បី​ដាំ​កៅស៊ូ។ ឧទាហរណ៍ ឈ្មោះ ភាព មក​ពី​ភ្នំពេញ សរសេរ​ថា «រដ្ឋាភិបាល​គួរ​ប្ដឹង​អង្គការ​នេះ​វិញ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ចោទ​ប្រកាន់»

ហើយ​អ្នក​អាន​ម្នាក់​ទៀត​បន្ទរ​ថា «យោបល់​នេះ​ប្រសើរ​ណាស់! រដ្ឋាភិបាល​គួរ​តែ​ប្ដឹង​ភ្លាម​ទៅ កុំ​ទុក​យូរ បើ​យើង​មិន​ធ្វើ​ខុស​ទេ ដើម្បី​រក​ស​ខ្មៅ​ឲ្យ​ឃើញ»

ចំពោះ​មតិ​យោបល់​ទាក់ទង​លោក ស៊ូប៊ែឌី វិញ

បើ​ប្រៀបធៀប​ការ​បញ្ចេញ​មតិ​យោបល់​នៅ​លើ​អត្ថបទ​ក្នុង​គេហទំព័រ​វិទ្យុ​អាស៊ីសេរី និង​នៅ​លើ​គេហទំព័រ​យូធូប (Youtube) ដែល​វិទ្យុ​អាស៊ីសេរី មាន​ដាក់​ផ្សាយ​វីដេអូ​ស្ដីពី​និស្សិត​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា ប្រតិកម្ម​ទៅ​លោក សុរិយា ស៊ូប៊ែឌី ក្នុង​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា ឃើញ​ថា ការ​បញ្ចេញ​មតិ​យោបល់​មាន​ច្រើន​ទ្វេ​ដង ក្នុង​រយៈពេល ៣​ថ្ងៃ គិត​ដល់​ថ្ងៃ​ទី​២៣ ឧសភា។

មតិ​យោបល់​ស្ទើរ​តែ​ទាំងអស់​ដែល​មិន​សូវ​បញ្ចេញ​ឈ្មោះ រិះគន់​រដ្ឋាភិបាល និង​និស្សិត​ដែល​លើក​បដា​តវ៉ា​ឈប់​ឲ្យ​មាន​វត្តមាន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ពេល​ដែល​លោក សុរិយា ស៊ូប៊ែឌី កំពុង​ធ្វើ​បាឋកថា​នៅ​ក្នុង​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២១ ឧសភា ខ្លះ​ប្រើ​ពាក្យ​ចំអេសចំអាស និង​ប្រមាថ​ធ្ងន់ៗ។

ក្រុម​និស្សិត​លើក​បដា​តវ៉ា​ប្រឆាំង​នឹង​លោក សុរិយា ស៊ូប៊ែឌី នា​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៣។
ក្រុម​និស្សិត​លើក​បដា​តវ៉ា​ប្រឆាំង​នឹង​លោក សុរិយា ស៊ូប៊ែឌី នា​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៣។ (RFA/Leng Maly)

ដំបូង​នេះ មតិ​របស់​អ្នក​អាន​អនាមិក បាន​បញ្ចេញ​មតិ​ថា «ប្អូនៗ​ប្រហែល​គិត​ថា​ខ្លួន​អស្ចារ្យ​ណាស់ បាន​លើក​បដា​ជា​ភាសា​អង់គ្លេស បណ្ដេញ​តំណាង​អង្គការ​សហប្រជាជាតិ។ ប្អូន​មាន​បាន​ដឹង​ទេ​ថា ផល​វិបាក​ធ្លាក់​លើ​អ្នក​ណា បើ​អង្គការ​នេះ​គេ​មិន​ទទួល​ស្គាល់​របប​នយោបាយ​របស់​ប្រទេស​នោះ មាន​តែ​ជន​ផ្តាច់​ការ​ទេ ដែល​រីករាយ អ្នក​ដែល​រងគ្រោះ​គឺ​រាស្ត្រ បើ​មិន​មាន​អង្គការ​នេះ​ទេ ប្អូន​ក៏​គ្មាន​វាសនា​ចេះ​សរសេរ​បាន​ប៉ុន្មាន​តួ​ដែរ របប​ផ្តាច់​ការ​គេ​មិន​អោយ​យើង​រៀន​ឡើយ»

មតិ​មួយ​ទៀត​ដែល​ដាក់​ឈ្មោះថា លីណា ពី​ភ្នំពេញ បាន​រិះគន់​និស្សិត​លើក​បដា​នោះ​ថា «ពួក​គាត់​មិន​មែន​តំណាង​ឲ្យ​យុវជន​កម្ពុជា គឺ​តំណាង​គណបក្ស»

ចំណែក​មតិ​ដែល​ដាក់​ឈ្មោះ​ថា ភវរ្ម័ន ពី​បាវិត សម្ដែង​ថា «គួរ​ឲ្យ​ព្រួយ​បារម្ភ និង​សោកស្ដាយ​ចំពោះ​ការ​ប្រើ​ក្រុម​និស្សិត​វ័យ​ក្មេង ដែល​មិន​ទាន់​យល់​ដឹង​ពី​សង្គម និង​ផល​ប្រយោជន៍​ទំនាក់ទំនង​អរន្តជាតិ»

ទាក់ទង​ការ​រិះគន់​និស្សិត​នៅ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា នេះ​ដែរ មាន​អ្នក​អាន​អនាមិក​រិះគន់​ច្រើន ហើយ​ខ្លះ​សរសេរ​ជា​ភាសា​អង់គ្លេស ដូច​ជា អ្នក​អាន​អនាមិក​ម្នាក់​នេះ​សរសេរ​ថា «មើល​ទៅ​ហាក់​ដូច​ជា​មាន​ការ​រៀបចំ​ទុក​ជា​មុន… យុវជន​របស់​កម្ពុជា យើង​គួរ​តែ​ធ្វើ​អ្វី​មួយ​ដើម្បី​ជាតិ​កម្ពុជា មិន​មែន​ដើម្បី​តែ​បុគ្គល​ណា​មួយ ក្រុម​មនុស្ស​ណា​មួយ ជា​ពិសេស​បក្ស​នយោបាយ​ណា​មួយ ទោះ​ជា​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង។ល។ កុំ​ធ្វើ​ជា​កូន​អុក​របស់​បុគ្គល​ណា​ម្នាក់ ក្រុម​មនុស្ស​ណា​មួយ ឬ​បក្ស​នយោបាយ​ណា​មួយ​ដាច់​ខាត»

ហើយ​មតិ​បន្ត​ដែល​ដាក់​ឈ្មោះ​ថា ខ្ញុំ​ក៏​ជា​និស្សិត​ដែរ ពី​ភ្នំពេញ បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ថា ការ​តវ៉ា​របស់​និស្សិត​នៅ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា ប្រឆាំង​លោក សុរិយា ស៊ូប៊ែឌី នេះ ជា​ការ​រៀប​ចំ​ឡើង​ដោយ​អ្នក​នយោបាយ តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ​ណា​ទេ ដោយ​សរសេរ​ដូច្នេះ​ថា «ខ្ញុំ​ក៏​ជា​និស្សិត​ម្នាក់​ដែរ ខ្ញុំ​យល់​ពី​ស្ថានភាព​នយោបាយ​ស្រុក​ខ្មែរ​បច្ចុប្បន្ន មាន​អ្នក​មាន​អំណាច​មួយ​ចំនួន​បារម្ភ​ពី​វត្តមាន​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ គេ​មិន​ចង់​អោយ​គាត់​បន្ត​វត្តមាន​របស់​គាត់​ក្នុង​ប្រទេស​កម្ពុជា ទើប​ធ្វើ​សកម្មភាព​បែប​នេះ។ អ្វី​សុទ្ធ​តែ​អ្នក​មាន​អំណាច​ជា​អ្នក​រៀបចំ»

បន្ទាប់​មក​ទៀត អ្នក​បញ្ចេញ​មតិ​ដាក់​ឈ្មោះ​អក្សរ​កាត់​ភាសា​អង់គ្លេស​ថា ខេ.អែស.អិម (KSM) ពី​ភ្នំពេញ បន្ទរ​ថា «ប្រសិន​បើ​ពុំ​មាន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​នេះ​ទេ នោះ​គឺ​កាន់​តែ​ងាយ​ស្រួល​ក្នុង​បង្កើន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​បុគ្គល​និយម​អំណាច។ សូម​អោយ​និស្សិត​ខ្មែរ​ទាំង​ឡាយ​អើយ! ចូរ​រៀន​គិត​ពិចារណា​អោយ​ច្រើន​បន្ថែម មុន​នឹង​ធ្វើ​អ្វី​មួយ​ដែល​មាន​ប្រយោជន៍​ដល់​សង្គម​ទាំងមូល»

រំលង​មតិ​ដែល​សរសេរ​ជា​អង់គ្លេស និង​ភាសា​ខ្មែរ​បួន​ប្រាំ​មក​ទៀត គឺ​សូនិតា ចាន់ (Sonyta Chann) ពី​ភ្នំពេញ។ សូនីតា ចាន់ បាន​ក្រើន​រំលឹក​ថា «ប្អូនៗ​អ្ហើយ! ស្រុក​ជិត​វិនាស​ទៅ​ហើយ ប្អូនៗ​នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត! ប្អូនៗ​ជា​អ្នក​បាន​រៀនសូត្រ​ដែរ តែ​បែរ​ជា​បម្រើ​ជន​ពុក​រលួយ និង​បំផ្លាញ​ជាតិ​ទៅ​វិញ។ ធ្វើ​អ៊ីចឹង​វា​អាច​ខូច​ដល់​មុខ​មាត់​សាលា​ទៀត (Mekong University = សកលវិទ្យាល័យ​មេគង្គ)។ ឈប់​ទៅ​ប្អូន!»

បន្ទាប់​មក អ្នក​អាន​អនាមិក​ម្នាក់​ទៀត​ហាក់​ដូច​ជា​ច្រឡោត ហើយ​ចោទ​សួរ​ថា «ខ្ញុំ​ចង់​សួរ​ថា បើ​សិន​ជា​ឪពុក​ម្តាយ ឬ​បងប្អូន​របស់​គាត់​ត្រូវ​ជួប​នឹង​បញ្ហា​ដូចជា​កម្មករ​នៅ​ក្រុង​បាវិត ជាដើម តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា?»

មតិ​បន្តបន្ទាប់​មក​ទៀត បាន​រិះគន់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា នៅ​ពី​ក្រោយ​ខ្នង​ការ​តវ៉ា​របស់​និស្សិត​នោះ។

មតិ​ខ្លះ បាន​ក្រើន​រំលឹក​ដល់​និស្សិត​តវ៉ា ឲ្យ​ចេះ​ពិចារណា​អនាគត​ខ្លួន និង​ប្រទេស​ជាតិ ដោយ​ប្រើ​ពាក្យ​ថា យុវជន​ជា​ទំពាំង​ស្នង​ឫស្សី មិន​មែន​ទំពាំង​ខ​ជើង​ជ្រូក។ ខ្លះ​បាន​អប់រំ​ឲ្យ​និស្សិត​ឲ្យ​ចេះ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន និង​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ហើយ​ចេះ​ជួយ​អភិវឌ្ឍ​ប្រទេស​បាន​ជឿន​លឿន ដោយ​ប្រៀបធៀប​ទៅ​ប្រទេស​ជប៉ុន។ ចុង​ក្រោយ អ្នក​អាន​អនាមិក​ម្នាក់​នេះ​សរសេរ​ដាស់​តឿន​ថា «ដឹង​ថា​ខ្មែរ​កំពុង​ស្ថិត​នៅ​ត្រង់​ណា ហើយ​ប្រជាជន​ខ្មែរ​ជំពាក់​បំណុល​បរទេស​ប៉ុន្មាន​ទេ! ចូរ​នាំគ្នា​គិត​ឡើង​វិញ យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ជប៉ុន ដែល​គេ​ខ្ទេចខ្ទី​ពី​សង្គ្រាម​លោក តែ​ពេល​នេះ​គេ​ទៅ​ដល់​ណា​ហើយ? នេះ​ដោយសារ​តែ​ប្រជាជន​គេ​ហ្នឹង អ្នក​ដឹកនាំ​គេ យល់​ដឹង ចុះ​យើង ៣០​ឆ្នាំ​ជាង​ហើយ បងប្អូន​និស្សិត​ទាំង​ឡាយ​ចូល​គិត​សាជាថ្មី»

មិន​មែន​អ្នក​បញ្ចេញ​មតិ​ទាំងអស់​សុទ្ធ​តែ​រិះគន់​ក្រុម​និស្សិត​ប្រឆាំង​លោក សុរិយា ស៊ូប៊ែឌី ឬ​រិះគន់​រដ្ឋាភិបាល​ទេ មាន​អ្នក​បញ្ចេញ​មតិ​ខ្លះ​បាន​គាំទ្រ​គំនិត​ក្រុម​និស្សិត​ដែល​ចង់​លុប​ចោល​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ​ការពារ​ជំហរ​រដ្ឋាភិបាល​ទាំង​ស្រុង។ អ្នក​បញ្ចេញ​មតិ​អនាមិក​ចុង​ក្រោយ​នេះ​ទំនង​ជា​អ្នក​ចេះ​ដឹង​រឿង​នយោបាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ច្រើន យល់​ឃើញ​ថា សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ គាប​សង្កត់​បាន​តែ​រដ្ឋាភិបាល​កម្ពុជា ទេ ចំណែក​រដ្ឋាភិបាល​ដទៃ​ទៀត​លើ​សកលលោក មិន​ហ៊ាន​ប៉ះពាល់ រួច​ទុក​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​បង្ហូរ​ឈាម​គ្នា​រាល់​ថ្ងៃ​នៅ​ប្រទេស​នោះ ដោយ​មិន​អាច​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​បាន។ អ្នក​អាន​អនាមិក​នេះ បាន​សរសេរ​ជា​ភាសា​ខ្មែរ​ផង អង់គ្លេស​ផង ដូច្នេះ​ថា «មិន​ដែល​គិត​សោះ​ថា យូ.អិន (UN) នឹង​មាន​ឥទ្ធិពល​អាច​ជួយ​កែលំអ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​នោះ​ទេ។ យូ.អិន អន់​ណាស់​មិន​បាច់​និយាយ​ទេ មើល​តែ​ប្រទេស​សេរី សព្វថ្ងៃ​នេះ​ទៅ មនុស្ស​ស្លាប់​រាល់​ថ្ងៃ តើ​យូ.អិន នេះ​ជួយ​អ្វី​បាន»

ចំណែក​អ្នក​អាន​ដាក់​ឈ្មោះ​ថា សុជាតិ មេគង្គ គាំទ្រ​មតិ​នេះ​សរសេរ​ថា «យើង​មិន​ស្វាគមន៍​ចំពោះ​ជន​រាយការណ៍​លំអៀង​ទេ ព្រោះ​ផ្ដោត​តែ​លើ​ចំណុច​តូចៗ​ប៉ុណ្ណោះ វា​ដូច​ជា​មិន​បង្ហាញ​នូវ​ទិដ្ឋភាព​រួម​ទូទៅ ដែល​យើង​ចាំបាច់​ត្រូវ​តែ​ដោះស្រាយ​ក្នុង​នាម​និស្សិត​ចង់​បាន​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច មិន​ចង់​បាន​ខាង​ខូច​មុខ​មាត់​លើ​អន្តរជាតិ​នោះ​ទេ របាយការណ៍​របស់​លោក ស៊ូប៊ែឌី មិន​មាន​ប្រយោជន៍​បន្តិច​សោះ​ដល់​សេដ្ឋកិច្ច​ជាតិ ក្រៅ​ពី​បង្អើល​អ្នក​នយោបាយ​អោយ​ស៊ី​សាច់​ហុត​ឈាម​គ្នា និង​គ្នា​នេះ ហើយ​ដែល​សត្រូវ​កម្ពុជា ចង់​បាន!»

លោក​អ្នក​នាង​ជា​ទី​មេត្រី! ខ្ញុំ​បាទ! សូម​បញ្ជាក់​ថា នេះ​ជា​ការ​បញ្ចេញ​មតិ​យោបល់​របស់​លោក​អ្នក​នាង​អ្នក​ស្ដាប់ មិន​មែន​មតិ​យោបល់​របស់​វិទ្យុ​អាស៊ីសេរី ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។