ពលរដ្ឋ​សាទរ​នឹង​សេចក្ដី​សម្រេច​របស់​ក្រសួង​ព័ត៌មាន

សាធារណជន​សម្ដែង​ការ​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​ក្រសួង​ព័ត៌មាន កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​២០ មិថុនា ដែល​អនុញ្ញាត​ឱ្យ​វិទ្យុ​ក្នុង​ស្រុក​អាច​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​អន្តរជាតិ​ផ្សាយ​ជា​ខេមរភាសា​ឡើង​វិញ​បាន។ អ្នក​ទាំង​នោះ​និយាយ​ថា ពួកគាត់​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន​ពី​ការ​ស្ដាប់​វិទ្យុ​ទាំង​នេះ។

0:00 / 0:00

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​អ្នក​មួយ​ចំនួន​មិន​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​សេចក្ដី​សម្រេច​នេះ​ដែរ ដោយ​លើក​ឡើង​ថា វា​ជា​ទង្វើ​​​​ធម្មតា​ទៅ​ហើយ​របស់​បក្ស​កាន់​អំណាច​មុន​ពេល​ដែល​មាន​ការ​បោះ​ឆ្នោត​ម្តងៗ។ ចំណែក​អ្នក​កាសែត​វិញ​យល់​ថា វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ មិន​គួរ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​វិទ្យុ​បរទេស​ទាំង​នោះ​ទេ ហើយ​គួរ​ណាស់​តែ​ខិតខំ​ផលិត​ព័ត៌មាន​សម្រាប់​ខ្លួន​ឯង​វិញ​ប្រសើរ​ជាង។

ប្រជាពលរដ្ឋ​រាប់​ទាំង​ពី​អ្នក​រត់​ម៉ូតូ​ឌុប អ្នក​លក់​មាស រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល អ្នក​កាសែត បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​បន្ទាប់​ពី​មាន​​​​សេចក្ដី​ប្រកាស​ព័ត៌មាន​អនុញ្ញាត​ឱ្យ​ស្ថានីយ​វិទ្យុ FMក្នុង​ស្រុក​ទាំង​អស់ អាច​ផ្សាយ​ឡើង​វិញ​នូវ​កម្មវិធី​វិទ្យុ​បរទេស​​ផ្សាយ​ជា​ភាសា​ខ្មែរ។

ការ​ដក​បម្រាម​នេះ កើត​ឡើង​ដោយសារ​មាន​ការ​សំណូម​ពរ​មក​ក្រសួង​ព័ត៌មាន ​ដែល​ចង់​ឲ្យ​មាន​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​កម្មវិធី​របស់​វិទ្យុ​អន្តរជាតិ​ផ្សាយ​​ជា​ភាសា​ខ្មែរ។

ប្រិយ​មិត្ត​និយម​ស្តាប់​វិទ្យុ​អន្តរជាតិ​ទាំង​នោះ​ បាន​រៀប​រាប់​ថា ពួក​គាត់​តែង​តែ​ទន្ទឹម​រង់​ចាំ​ឱ្យ​មាន​ការ​ផ្សាយ​នេះ​ឡើង​វិញ ព្រោះ​ពួកគាត់​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ពី​ការ​ស្តាប់​វិទ្យុ​ទាំង​នេះ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ថ្លែង​ឱ្យ​ដឹង​ថា ការ​បើក​ឱ្យ​ផ្សាយ​បន្ត​ផ្ទាល់​ឡើង​វិញ ឬ​ការ​បិទ វា​ជា​សមត្ថកិច្ច​​របស់​ក្រសួង ហើយ​គ្រាន់​តែ គ.ជ.ប តម្រូវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ទាំង​អស់​ប្រកាន់​ជំហរ​អព្យាក្រឹត​ព័ត៌មាន​អំពី​ការ​បោះឆ្នោត៖ «ហើយ​ប្រសិន​ជា​មាន​ការ​បើក​ឱ្យ​ផ្សព្វផ្សាយ​អ៊ីចឹង គឺ​ជា​ការ​ល្អ ហើយ គ.ជ.ប ក៏​បាន​អំពារ​នាវ​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បោះឆ្នោត​ក៏​សូម​មេត្តា​យក​ចិត្ត​ទុក​ដាក់​​ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​តុល្យភាព​នៃ​ព័ត៌មាន​ អាច​ឱ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​ព័ត៌មាន​ល្អ​ មាន​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត»

យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក ឆាយ សុផល សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន និង​ជា​អ្នក​កាសែត​អាជីព​មួយ​រូប​មិន​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​អ្វី​ទេ​ទៅ​នឹង​សេចក្ដី​សម្រេច​ឱ្យ​ផ្សាយ​បន្ត​វិទ្យុ​អន្តរជាតិ​ឡើង​វិញ​នោះ។

លោក​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ដូច​នេះ ពោល​គឺ​មាន​ការ​ធ្វើ​បែប​នេះ​តាំង​ពី​អាណត្តិ​មុនៗ​មក​ម្ល៉េះ៖ «សម្រាប់​ខ្ញុំ​ សេចក្ដី​ប្រកាស​នេះ​មិន​​​ភ្ញាក់​ផ្អើល​នោះ​ទេ ពី​ព្រោះ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ខ្ញុំ​ឃើញ​ថា វិទ្យុ​បរទេស​ជា​ខេមរភាសា​នេះ​ផ្ដល់​ឱកាស​ដល់​គណបក្ស​ប្រឆាំង និង​អ្នក​ដែល​មិន​មែន​ជា​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល ឬ​គណបក្ស​កាន់​អំណាច​វាយ​លុក​យ៉ាង​ខ្លាំង។ ដូច្នេះ​ ខ្ញុំ​គិត​ថា​ ក្រសួង​ព័ត៌មាន​ស្ថិត​ក្រោម​​រដ្ឋាភិបាល គឺ​គាត់​នឹង​ធ្វើ​អ្វី​មួយ​ (ទាក់ទង) នឹង​ការ​ផ្សាយ​នេះ។ ការ​រំពឹង​ទុក​របស់​ខ្ញុំ គឺ​ដូច​ខ្ញុំ​ស្មាន​អ៊ីចឹង»

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដែល​ចេញ​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ក៏​​បាន​សរសេរ​ផង​ដែរ​ថា៖ "ទន្ទឹម​នេះ ក្រសួង​ព័ត៌មាន​សូម​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់ អនុវត្ត​តាម​​សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា"។

សេចក្ដី​ប្រកាស​ថ្ងៃ​ទី​២១ មិថុនា ​នោះ ​តម្រូវ​ឲ្យ​ស្ថានីយ​វិទ្យុ FM ទាំង​អស់​បញ្ឈប់​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​អំពី​ការ​ស្ទង់​មតិ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ទាក់ទង​នឹង​ដំណើរ​ការ​បោះឆ្នោត​ក្នុង​រយៈពេល ៥​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត ព្រម​ទាំង​បញ្ឈប់​ការ​ផ្សាយ​សកម្មភាព​ឃោសនា​អ្វី​ទាំង​អស់​ក្នុង​អំឡុង​ពេល ២៤​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត និង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

យ៉ាង​ណា​ក៏​ដោយ ក៏​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ បាន​បដិសេធ​ថា លោក​មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សម្រេច​ចេញ​សេចក្ដី​ប្រកាស​ហាម​ប្រាម​មិន​ឱ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្សាយ​បន្ត​វិទ្យុ​អន្តរជាតិ​ផ្សាយ​ជា​ខេមរភាសា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។