ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​និង​បាត់ដំបង​ជាង​២០​នាក់​ចាញ់​បោក​មេខ្យល់​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ថៃ

ដោយ ជិន ជេដ្ឋា
2016.07.02
ពលករ​ចំណាក​ស្រុក កំពង់ឆ្នាំង ៦២០ ប្រជាពលរដ្ឋ​នៅ​ខេត្ដ​កំពង់ឆ្នាំង អង្គុយ​រង់ចាំ​ឡាន​ក្រុង​នៅ​បេនឡាន​ផ្សារលើ ដើម្បី​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។
RFA/Chin Chetha

ពលករ-​ពលការិនី​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​បាត់ដំបង ជិត ៣០​នាក់ ចោទ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​របស់​ក្រុមហ៊ុន តាកាយ៉ាម៉ា (Takayama) ថា​បោកប្រាស់​យក​លុយ​ពួកគាត់​ក្នុង​ម្នាក់ ៣៥០​ដុល្លារ ហើយ​បញ្ជូន​ពួកគាត់​ឲ្យ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។

អ្នក​ភូមិ​នៃ​ឃុំ​ស្វាយជុក ស្រុក​សាមគ្គីមានជ័យ ចំនួន ១៥​នាក់ និង​អ្នក​ភូមិ​នៃ​ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ចំនួន ១២​នាក់ ត្អូញត្អែរ​ថា ពួកគេ​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព។ ពួកគេ​ថា ធនាគារ​អាច​នឹង​រឹបអូស​យក​ផ្ទះ ឬ​ដីស្រែ​ចម្ការ ដោយសារ​ពួកគេ​គ្មាន​ប្រាក់​បង់​រំលស់​បំណុល​ដែល​ខ្ចី​ទៅ​រត់ការ​ចេញ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​ត្រូវ​គេ​បោកប្រាស់។ ពលករ​ទទូច​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​រឿង​នេះ។

ពលការិនី​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង ក្នុង​ចំណោម​ពលករ-​ពលការិនី ចំនួន ២៧​នាក់ គឺ​លោកស្រី សេន ស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ថា ក្រុម​ពលរដ្ឋ​ចង់​ឲ្យ​ក្រុមហ៊ុន​បើក​ទ្វារ​វិញ ហើយ​ប្រមូល​ពលករ-​ពលការិនី ដែល​បាន​ចុះ​ឈ្មោះ​បង់​លុយ​ហើយ​ទាំង​អស់​ចេញ​ទៅ​ធ្វើ​ការ​ស្របច្បាប់​នៅ​ប្រទេស​ថៃ។ ការ​ទទូច​នេះ​ដោយ​លោកស្រី​មិន​រំពឹង​ថា ក្រុមហ៊ុន​នឹង​សង​លុយ​ដែល​បាន​បង់​ហើយ​នោះ​មក​វិញ​ទេ៖ «សំណូមពរ​ថា ឲ្យ​ក្រុមហ៊ុន​ហ្នឹង​បើក​យក​ពលករ​ទៅ​ថៃ ដូច​ដើម​ទៅ ព្រោះ​អី​ធម្មតា​តែ​លុយ​បាន​ដល់​ដៃ ហើយ​វា​មិន​ងាយ​បាន​វិញ​ទេ។ ម្ដង​ហ្នឹង​គាត់ (ភ្នាក់​ងារ​ក្រុមហ៊ុន) ទារ​បង់​ម្នាក់ ២០០ ថែម​ចុង​ក្រោយ ដល់​ពេល​បាន​លុយ​ហើយ​នាំ​គ្នា​គេច​ខ្លួន​អស់​រលីង»

ចំណែក​អាណា​ព្យាបាល និង​ជា​អ្នក​នាំ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ធ្វើ​ការ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រុមហ៊ុន​នេះ គឺ​លោក ទាំ សឹម បញ្ជាក់​ថា កូន​ប្រុស​របស់​លោក​ពីរ​នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង ក៏​ចាញ់​បោក​គេ​ដែរ ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ពួកគាត់​បាន​នាំគ្នា​ជាង ១០​នាក់ ទៅ​តវ៉ា​មុខ​ក្រុមហ៊ុន​នៅ​ភ្នំពេញ តែ​ពេល​ទៅ​ដល់​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ទៅ​ហើយ។

លោក​ថា បើ​ក្រុមហ៊ុន​មិន​បើក​វិញ​ទេ គឺ​ត្រូវ​តែ​ប្រគល់​លុយ​ចំនួន ២០០​ដុល្លារ និង​លិខិត​ឆ្លងដែន​ដល់​ពលករ-​ពលការិនី គ្រប់​គ្នា ទើប​ពួកគេ​សុខចិត្ត៖ «បង់​ឲ្យ​គេ​ដំបូង ១៥០​ដុល្លារ ដល់​ថ្ងៃ​ឡើង​ទៅ​ហ្នឹង​គេ​ឲ្យ​បង់ ២០០​ដុល្លារ​ទៀត ដោយ​គេ​ថា ទៅ​ដល់​ថៃ ណោះ​គេ​អត់​កាត់កង​ទេ គេ​និយាយ​អ៊ីចឹង​ខាង​ក្រុមហ៊ុន ដល់​ទៅ​ដល់​នោះ (ក្រុង​ប៉ោយប៉ែត នៅ​ព្រំដែន​ខ្មែរ-​ថៃ) អ្នក​នាំ​ទៅ​នាំ​ទៅ​ផ្លូវ​ខុស​អត់​ដូច​រាស់​ដង​មក»

លោក​បន្ថែម​ថា អ្នកភូមិ​មួយ​ក្រុម​មាន​គ្នា ២៧​នាក់ បាន​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​នៅ​ថ្ងៃ​ខុសៗ​គ្នា ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ភ្នាក់​ងារ​ក្រុមហ៊ុន​បាន​តម្រូវ​ឲ្យ​ពួកគាត់​បង់​ប្រាក់​បន្ថែម​ចំនួន ២០០​ដុល្លារ​ទៀត មុន​នឹង​ចេញ​ទៅ​ថៃ។ ពេល​នោះ​ភ្នាក់ងារ​បាន​កុហក​ថា លិខិត​ឆ្លង​ដែន​បាន​ហើយ នឹង​ចែក​ឲ្យ​គ្រប់​គ្នា​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គេ​មិន​បាន​ចែក​ឲ្យ​ទេ ហើយ​នាំ​ពួកគាត់​ចូល​ក្នុង​ទឹក​ដី​ថៃ តាម​ច្រក​របៀង​ដោយ​ខុស​ច្បាប់ ទើប​ក្រុម​ពលករ​ប្រតិកម្ម​ត្រឡប់​មក​ស្រុក​វិញ​ភ្លាមៗ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​ទៅ​ក្រុមហ៊ុន​តាកាយ៉ាម៉ា ដែល​ឋិត​នៅ​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ក្នុង​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ប៉ុន្តែ​អ្នក​ទទួល​ទូរស័ព្ទ​ម្នាក់​ឆ្លើយ​ថា មិន​ជា​ភ្នាក់ងារ​ក្រុមហ៊ុន​នេះ​ទេ ខណៈ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​បី​ខ្សែ​ផ្សេង​ទាក់ទង​មិន​បាន។​នាយក​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ ថ្លែង​ថា ដើម្បី​ចំណាក​ស្រុក​​មាន​សុវត្ថិភាព​ពលករ​ត្រូវ​ពិនិត្យ​មើល​ក្រុមហ៊ុន​ថា តើ​មាន​ចុះ​បញ្ជី​ទទួល​ដោយ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការងារ ឬ​អត់ ការ​បង់លុយ​លើ​សេវា​អ្វី​មួយ​ត្រូវ​មាន​វិក្កយបត្រ និង​ពលករ​ត្រូវ​មាន​កិច្ច​សន្យា​ការងារ​ត្រឹមត្រូវ៖ «បើ​សិន​ជា​យើង​ចង់​ដោះស្រាយ​បញ្ហា នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង លុះ​ត្រា​តែ​យើង​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​ទាំង​អស់​ហ្នឹង»

លោក យ៉ា ណាវុធ ថា​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ចំណាក​ស្រុក​ច្រើន​ទាំង​ស្រប និង​មិន​ស្រប​ច្បាប់ ព្រោះ​កត្តា​ខ្វះ​ការងារ​ធ្វើ​ក្នុង​ស្រុក ជំពាក់​បំណុល​គេ វិស័យ​កសិកម្ម​គ្មាន​បច្ចេកទេស ទីផ្សារ និង​ចំណាយ​ទុន​ធ្វើ​ច្រើន ខណៈ​​ពលរដ្ឋ​ខ្វះ​ដី​ធ្វើ​កសិកម្ម ឬ​រក​អនុផល​ព្រៃឈើ ដែល​បញ្ហា​នេះ​កើត​ចេញ​ពី​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ពេក​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង និង​កត្តា​អូស​ទាញ​ប្រាក់​ខែ​ច្រើន​នៅ​ក្រៅ​ប្រទេស។

​គេ​ប៉ាន់​ប្រមាណ​ថា មាន​ពលករ-​ពលការិនី​ខ្មែរ​ជាង​មួយ​លាន​នាក់ ដែល​កំពុង​បម្រើ​នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​កម្មករ​ប្រើ​កម្លាំង​បាយ​ដូច​ជា​នៅ​ប្រទេស​ជប៉ុន កូរ៉េ ម៉ាឡេស៊ី និង​ថៃ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។