អ្នកជំនាញផ្នែកលទ្ធិប្រជាធិបតេយ្យ និងសេរីភាព មកពីអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលរកឃើញថា មនុស្សគ្រប់រូបមិនមែនត្រូវការតែមានហូបចុក និងចាយវាយគ្រប់គ្រាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ។ ក្នុងការរស់នៅឱ្យបានប្រសើរ គឺមនុស្សក៏ត្រូវទទួលបានព័ត៌មានដ៏ល្អមួយ ជួយដល់ពួកគេឱ្យយល់ដឹងពីការអប់រំ និងរឿងរ៉ាវដែលកើតឡើងថ្មីៗដែរ។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ឱ្យដឹងថា នៅខេត្តព្រះវិហារ បច្ចុប្បន្ន ប្រជាពលរដ្ឋជាច្រើនកំពុងតែមិនទទួលបានព័ត៌មានគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃនៅឡើយ។
ក្រុមប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារ ចង់ឱ្យរដ្ឋាភិបាលជួយជំរុញ ព្រមទាំងអនុញ្ញាតដល់វិទ្យុអែហ្វ.អិម (FM) នៅក្នុងខេត្តជាច្រើនស្ថានីយអាចមានលទ្ធភាពផ្សាយបន្តកម្មវិធីផ្សាយរបស់វិទ្យុបរទេសជាខេមរៈភាសា បានដោយសេរី និងគ្មានការរារាំងរំខាន។
ក្រុមអ្នកភូមិមួយចំនួនបានចាត់ទុកការផ្សាយរបស់វិទ្យុបរទេសខ្លះជាភាសាខ្មែរ គឺជាសំឡេងព័ត៌មានឯករាជ្យ ដែលពួកគេអាចជឿទុកចិត្តបាន និងត្រូវការ។
បុរសចំណាស់ម្នាក់នៅភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលតែងឡើងភ្នំទៅប្រកបរបរថតរូប និងដឹកភ្ញៀវទៅទស្សនាប្រាសាទព្រះវិហារ គឺលោក ស៊ុន សាត។ លោកមានប្រសាសន៍ថា គាត់រស់នៅតំបន់ប្រាសាទព្រះវិហារ ជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែមិនដែលបានស្ដាប់ការផ្សាយរបស់វិទ្យុបរទេស ដូចជាសំឡេងសហរដ្ឋអាមេរិក វិទ្យុអន្តរជាតិបារាំង វិទ្យុអាស៊ីសេរី និងវិទ្យុអូស្ត្រាលី ជាដើមនោះទេ ដោយសារតែគាត់មិនដឹងថា ត្រូវប្រើប្រាស់វិទ្យុប្រភេទណាទើបអាចស្ដាប់បាន។
បុរសដដែលបញ្ជាក់ថា ជារៀងរាល់ថ្ងៃ នៅតំបន់ដែលគាត់រស់នៅ គឺរូបគាត់ និងអ្នកភូមិ បានត្រឹមតែមើលព័ត៌មានតាមទូរទស្សន៍ និងវិទ្យុអែហ្វ.អិមខ្លះ ដែលមាននិន្នាការលម្អៀងទៅរករដ្ឋាភិបាល។ គាត់បញ្ជាក់ថា ការរស់នៅប្រចាំថ្ងៃ គឺហាក់ដូចជាងងឹតឈឹង មិនសូវបានទទួលព័ត៌មានត្រឹមត្រូវទេ ក្រៅតែពីអ្នកនៅក្នុងទីផ្សារដែលអាចចែករំលែកព័ត៌មានគ្នាបានខ្លះៗនោះ៖ «ដាច់រយៈឈឹងតែម្ដងទៅ ឮតែគេថា ហកព័ត៌មានឮអ៊ីចេះអ៊ីចុះ! ប៉ុន្តែថាខ្លួនឯងស្ដាប់ព័ត៌មានឮពិតប្រាកដ គឺអត់បានស្ដាប់អត់បានទទួលទេ។ ចង់ថា ឱ្យគេបង្កើតវិទ្យុនៅតាមខេត្តឱ្យមានសិទ្ធិទូលំទូលាយ ឱ្យបានស្ដាប់ទូទៅផង កុំឱ្យស្ដាប់ម្ខាងៗពិបាកណាស់។ មិនដែលស្គាល់វិទ្យុឯករាជ្យទេ គឺចង់មើលអ៊ីចឹងៗនែ ឱ្យវាប្រជាធិបតេយ្យ ព្រោះប្រជាធិបតេយ្យនៅស្រុកខ្មែរយើងចូលមានតែឈ្មោះ ប៉ុន្តែខ្លឹមសារប្រជាធិបតេយ្យដូចអត់មានផង»។
បុរសម្នាក់ទៀតក៏ជាប្រជាពលរដ្ឋនៅភូមិធម្មជាតិសម្ដេចតេជោ ដែរ មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ គាត់តែងទទួលបានព័ត៌មានតិចតួចមិនគ្រប់ជ្រុងជ្រោយ តាមរយៈទូរទស្សន៍ តាមរយៈការបើកប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ឬក៏មើលអ៊ីនធឺណិត ដែលមិត្តភក្ដិឆែកឱ្យមើល។ រូបគាត់ក៏ដូចអ្នកភូមិជាច្រើនទៀត គឺមិនដែលបានស្ដាប់ការផ្សាយរបស់វិទ្យុបរទេសជាភាសាខ្មែរឡើយ ដោយសារតំបន់រស់នៅប្រជុំដោយភ្នំ មិនអាចចាប់ការផ្សាយបាន រីឯស្ថានីយវិទ្យុអែហ្វ.អិម ដែលមាននៅតំបន់នោះ ក៏មិនដែលផ្សាយបន្តកម្មវិធីរបស់វិទ្យុបរទេសទាំងនោះទេ៖ «និយាយទៅព័ត៌មានដែលយើងទទួលបានហ្នឹង វាមិនត្រង់ទាំងអស់ទេ វាមានប្រែប្រួលខ្លះ ក៏ប៉ុន្តែយើងសំណូមពរឱ្យជួយកែតម្រូវព័ត៌មានណាដែលខុសឆ្គង យើងកុំឱ្យហួសច្រើនពេក។ សំណួរចុះវិទ្យុផ្សេងៗ ដូចវិទ្យុបារាំង ដូចអាមេរិក ដូចអីស្ដាប់បាន? ចម្លើយ៖ អត់សូវបានស្ដាប់ទេ ដូចថាយើងរកស៊ីពីថ្ងៃ ដល់យប់ឡើងសម្រាកអត់សូវមានពេលទំនេរ»។
ក្រុមប្រជាពលរដ្ឋជាច្រើនកន្លែងនៅក្នុងខេត្តព្រះវិហារ បង្ហាញគំនិតដូចៗគ្នាថា គេចង់ឱ្យវិទ្យុបរទេសដែលផ្សាយជាភាសាខ្មែរ បានផ្សាយបន្តតាមស្ថានីយវិទ្យុអែហ្វ.អិម ក្នុងស្រុក ដើម្បីឱ្យពួកគេអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយជាងវិទ្យុ និងទូរទស្សន៍ជាច្រើនទៀត ដែលកំពុងតែផ្សាយលម្អៀងទៅរករដ្ឋាភិបាល។
ស្ថិតិប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ កាលពីឆ្នាំ២០០៧ ឱ្យដឹងថា ខេត្តនេះមានប្រជាពលរដ្ឋកំពុងរស់នៅជិត ១៧ម៉ឺននាក់។
ខេត្តព្រះវិហារ បច្ចុប្បន្ន ដែលមានក្រុង និងស្រុកទាំងអស់ចំនួន៨ គឺប្រជាពលរដ្ឋអាចមើលព័ត៌មានដែលផ្សាយតាមស្ថានីយទូរទស្សន៍ជាច្រើនប៉ុស្តិ៍ ព្រមទាំងអាចបើកស្ដាប់ការផ្សាយព័ត៌មានពីស្ថានីយវិទ្យុអែហ្វ.អិម បាយ័ន ដែលផ្សាយបន្តពីភ្នំពេញ អាចស្ដាប់វិទ្យុអែហ្វ.អិម១០៤ និងវិទ្យុអែហ្វ.អិម៩៩ ជាដើម។
ទោះយ៉ាងណា ក្រុមអ្នកភូមិហាក់បង្ហាញការជឿជាក់ទៅលើការផ្សាយព័ត៌មានពីស្ថានីយវិទ្យុទាំងនេះតិចតួច។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ អះអាងថា តាមការសិក្សារបស់លោក អាចបង្ហាញថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលជាច្រើន ពុំបានទទួលព័ត៌មានពីវិទ្យុឯករាជ្យគ្រប់ជ្រុងជ្រោយទេពេលបច្ចុប្បន្ន។ លោក ឡោ ចាន់ បញ្ជាក់ថា ប្រព័ន្ធព័ត៌មានឯករាជ្យមួយចំនួនមានផ្សាយតែតាមស្ថានីយវិទ្យុអេ.អិម (AM) មកពីក្រៅប្រទេស ប៉ុន្តែមិនទាន់ផ្សាយបន្តតាមស្ថានីយវិទ្យុអែហ្វ.អិម នៅតាមខេត្តនៅឡើយ៖ «ទន្ទឹមនឹងការដែលគាត់មិនទាន់ទទួលបានព័ត៌មានឯករាជ្យហ្នឹង គឺពួកគាត់ភាគច្រើនមិនសូវយល់ដឹងពីស្ថានភាពទូទៅ ក៏ដូចជាច្បាប់មួយចំនួនខ្លាំងណាស់ណានោះទេ គឺពួកគាត់ច្រើនតែខ្លាចអាជ្ញាធរ ក៏ដូចជាអ្នកមានអំណាចមួយចំនួន។ ប្រជាពលរដ្ឋខ្លះក៏គាត់យល់ ប្រជាពលរដ្ឋភាគច្រើនគាត់អត់សូវយល់ទេ នៅតាមតំបន់ជនបទ។ អ្នកដែលយល់ដឹងហ្នឹង ភាគច្រើនស្ដាប់តាមគេ ហើយគាត់ចូលរួមវគ្គផ្សព្វផ្សាយរបស់អង្គការសង្គមស៊ីវិលនានា ស្ដីពីច្បាប់ ក៏ដូចជាស្ដីពីសិទ្ធិមនុស្ស»។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលបានរិះគន់តបទៅនឹងប្រជាពលរដ្ឋដែលចង់បានការផ្សាយព័ត៌មានពីវិទ្យុឯករាជ្យនោះ។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោក រ៉ាត់ សោភា មានប្រសាសន៍ថា ពេលបច្ចុប្បន្ន នៅគ្រប់តំបន់របស់ខេត្តព្រះវិហារ គឺប្រជាពលរដ្ឋអាចស្ដាប់ការផ្សាយរបស់វិទ្យុបរទេសជាភាសាខ្មែរបានជាច្រើន ដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី វិទ្យុបារាំងអន្តរជាតិ វិទ្យុអូស្ត្រាលី ជាដើម។ ចំណែកនៅក្នុងខេត្ត គឺមានស្ថានីយវិទ្យុអែហ្វ.អិម៩៩ វិទ្យុផ្សាយបន្តបាយ័ន និងវិទ្យុអែហ្វ.អិម១០៤។ មន្ត្រីដដែលបញ្ជាក់ថា តាមចំនួននៃការផ្សាយរបស់ស្ថានីយវិទ្យុដ៏សម្បូរបែបនេះ លោកគិតថា គឺវាគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋដែលទទួលព័ត៌មានទៅហើយ ក៏ប៉ុន្តែលោកនៅតែមិនយល់ចំពោះពាក្យថា ការផ្សាយព័ត៌មានឯករាជ្យនោះ តើប្រជាពលរដ្ឋចង់បានរបៀបណា?៖ «អ៊ីចឹងទេ ខ្ញុំគិតថា វាច្រើនដែរហើយ ហើយថាឯករាជ្យសម្រាប់គាត់ហ្នឹងមិនដឹងជាចង់បានកម្រិតណា? ខ្ញុំគិតថា ប៉ុន្មានប៉ុស្តិ៍នេះ គាត់គួរតែជ្រើសរើសបានហើយ គាត់យល់ថាប៉ុស្តិ៍ណាគាត់ពេញចិត្ត គាត់អាចស្ដាប់បាន ហើយគាត់ប្រើសិទ្ធិគាត់ស្ដាប់ប៉ុស្តិ៍ហ្នឹងទៅ»។
ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដដែលបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រសិនបើមានវិទ្យុបរទេសដែលផ្សាយជាភាសាខ្មែរណាចង់ទាក់ទងផ្សព្វផ្សាយបន្តតាមស្ថានីយវិទ្យុអែហ្វ.អិម ក្នុងខេត្ត គឺលោកមិនជំទាស់ទេ ឱ្យតែម្ចាស់ស្ថានីយវិទ្យុអែហ្វ.អិម នីមួយៗព្រមព្រៀង ហើយសុំច្បាប់អនុញ្ញាតពីក្រសួងព័ត៌មានឱ្យបានត្រឹមត្រូវជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
