ពលរដ្ឋ​ខេត្ត​សៀមរាប​ព្រួយ​បារម្ភ​ពី​ការ​រំលោភ​សិទ្ធិ​ពី​សំណាក់​សមត្ថកិច្ច

0:00 / 0:00

ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្ដ​ឱ្យ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​១៩៩៣ បាន​ចែង​ថា ប្រទេស​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។ របប​នេះ​បាន​ចាត់​ទុក​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ជា​ម្ចាស់​អំណាច និង​ជា​ម្ចាស់​នៃ​វាសនា​របស់​ប្រទេស​ជាតិ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន បើ​ពិនិត្យ​ទៅ​លើ​សង្គម​រស់​នៅ​ផ្ទាល់​វិញ គឺ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ទទួល​រង​ការ​គាប​សង្កត់ និង​គំរាម​កំហែង​រហូត​ដល់​ភ័យ​ខ្លាច និង​បាក់​ស្បាត​មិន​ហ៊ាន​តវ៉ា ឬ​ជំទាស់​ជាមួយ​អាជ្ញាធរ​ទេ។

ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម បាន​ចោទ​សួរ​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ជា​ម្ចាស់​អំណាច​មែន ចុះ​ហេតុ​អ្វី​បាន​ជា​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ ដែល​ជា​អ្នក​បម្រើ​សាធារណៈ បែរ​ជា​មាន​ឥទ្ធិពល​ជាង​ពួក​គាត់​ទៅ​វិញ?

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល និង​អ្នក​វិភាគ​បញ្ហា​សង្គម បាន​មើល​ឃើញ​ដូច​គ្នា​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត សុទ្ធតែ​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​បាក់​ស្បាត មិន​ហ៊ាន​ប្រឈម​មុខ​ជាមួយ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ទេ បើ​ទោះ​បី​ជា​អាជ្ញាធរ​ទាំង​នោះ​បាន​ធ្វើ​ខុស​ឆ្គង ដូច​ជា គាប​សង្កត់ ឬ​គំរាម​កំហែង​មក​លើ​ពួក​គាត់​យ៉ាង​ណា​ក៏ដោយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ភាគ​ឧត្តរ​របស់​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា ពួក​គេ​ពិត​ជា​មិន​ហ៊ាន​តតាំង​បញ្ហា​ផ្សេងៗ​ជាមួយ​មន្ត្រី​ទេ បើ​ទោះ​បី​ជា​មន្ត្រី​នោះ​ជា​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​តូចតាច ឬ​ក៏​ជា​មន្ត្រី​រដ្ឋាភិបាល​ធំ​ដុំ បាន​ធ្វើ​អ្វី​ខ្លះ​មិន​សម​គួរ​ក៏ដោយ។

បុរស​ម្នាក់​នៅ​ភូមិ​ប្រមារ សង្កាត់​ក្របីរៀល ក្រុង​សៀមរាប គឺ​លោក សេក ឌន។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​រស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​មិន​ថា​រូប​លោក ឬ​ក៏​អ្នក​ភូមិ​ឯ​ទៀត​ទេ គឺ​ខ្លាច​មន្ត្រី​ដូច​តែ​គ្នា។ លោក​បាន​ចាត់​ទុក​ខ្លួន​ឯង​គ្រាន់​តែ​ជា​ប្រជាពលរដ្ឋ​តូចតាច​ល្ងឹតល្ងង់​ម្នាក់ ឯ​មន្ត្រី​វិញ គឺ​ជា​អ្នក​មាន​អំណាច និង​ចេះ​ច្បាប់​ជាច្រើន។ លោក សេក ឌន បាន​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​បើ​ទោះ​បី​ជា​ដឹង​ថា ច្បាប់​បាន​ផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ក៏ដោយ ក៏ប៉ុន្តែ ប្រសិន​បើ​លោក​ឃើញ​មន្ត្រី​ណា​ប្រព្រឹត្ត​ខុស ក៏​លោក​មិន​ហ៊ាន​តវ៉ា​ដែរ ពីព្រោះ​លោក​នៅ​តែ​ខ្លាច។

លោក សេក ឌន៖ «វា​ដូច​ថា​ការ​បាក់​ស្បាត​នោះ​មិន​បាត់។ វា​ដិត​ជាប់​នៅ​ក្នុង​នោះ​ឯង ព្រោះ​យើង​ជា​រាស្ត្រ ប្រៀប​បាន​ដូច​ពងមាន់ ឯ​អ្នក​ធំ​ប្រៀប​ដូច​ជា​ថ្ម មិន​អាច​ទៅ​ជល់​នឹង​ថ្ម​បាន​ទេ គឺ​គិត​ទៅ​តែ​អា​គំនិត​នោះ។ សូម្បី​តែ​សិទ្ធិ​ប្រធាន​ភូមិ​ដើរ​ទៅ ឃើញ​មាន​ទម្លាប់​មួយ​អាក្រក់ ស្រវឹង ហើយ​ដើរ​ជេរ​ដើរ​ស្រែក​ទៅ ប្រជាជន​ថា​នោះ គឺ​ជា​ទម្លាប់​ប្រធាន​ភូមិ អត់​មាន​អ្នក​ណា​ហ៊ាន​ថា​ទេ ស្រវឹង​ទៅ​ដើរ​ជេរ​គេ​ជេរ​ឯង»

ចំណែក លោក អៀម អូច គឺ​ជា​អ្នក​ភូមិ​ប្រមារ ម្នាក់​ទៀត។ លោក​បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា បច្ចុប្បន្ន ក្នុង​ភូមិ-ឃុំ​របស់​លោក បើ​ទោះ​បី​ជា​មេ​ភូមិ​ខ្លះ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ក៏ដោយ ក៏​អ្នក​ភូមិ​មិន​ហ៊ាន​រិះគន់ ឬ​ក៏​តវ៉ា​ទេ៖ «ខ្លាច​រឿង​អី! រឿង​ដូច​ថា​ធ្វើ​សំបុត្រ សេវា​តិចតួច គេ​ទារ​យក​ប៉ុន្មាន ក៏​ឱ្យ​គេ អត់​ហ៊ាន​តវ៉ា។ កាល​ណោះ ចៅ​ខ្ញុំ​លក់​ដី​បាន​ប្រាក់ ៥០០​ដុល្លារ គេ​ទារ​យក ២០​ដុល្លារ មិន​ហ៊ាន​តវ៉ា​អី។ ខ្លាច​ថ្ងៃ​ក្រោយ​ទៅ​ធ្វើ​ច្បាប់ ធ្វើ​អី​គេ​មិន​ធ្វើ​ឱ្យ។ គេ​មន្ត្រី អាជ្ញាធរ​ទៅ​ហើយ គឺ​គេ​មាន​អំណាច​ជាង​ប្រជាពលរដ្ឋ»

មាន​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ដាច់​ស្រយាល​ខ្លះ​ទៀត​នៃ​ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​មេ​ភូមិ​ប្រើ​អំណាច​ដក​ហូត​យក​ដី​ស្រែ​ទៅ​លក់​ឱ្យ​អ្នក​ផ្សេង និង​មេ​ភូមិ​ខ្លះ​ទៀត បាន​ប្រើ​ហិង្សា​វាយ​តប់​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​គ្រាន់​តែ​សង្ស័យ​ថា អ្នក​នោះ​ចេះ​អំពើ​អាប​ធ្មប់ ជាដើម។ រាល់​បញ្ហា​ទាំង​នេះ ប្រជាពលរដ្ឋ​តែង​តែ​អល់អែក​ក្នុង​ការ​តវ៉ា ឬ​ក៏​មិន​សូវ​ហ៊ាន​ប្ដឹង​ផ្ដល់​ទេ ដោយសារ​តែ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​កាន់​តែ​ដាក់​ការ​គាប​សង្កត់​ខ្លាំង​ឡើង​ថែម​ទៀត។

អ្នក​ឃ្លាំ​មើល និង​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​ហៅ​ការ​គាប​សង្កត់ និង​គំរាម​កំហែង​របស់​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ​ថា គឺ​ជា​អំពើ​ផ្ទុយ​ពី​ច្បាប់ និង​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ​សេរី ពហុ​បក្ស ដែល​ប្រទេស​ខ្មែរ​បាន​ប្រកាន់​យក។

អ្នក​វិភាគ​ឯករាជ្យ គឺ​លោក​បណ្ឌិត កែម ឡី។ លោក​បាន​មាន​ប្រសាសន៍​ថា រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​ទៅ ប្រទេស​កម្ពុជា ធ្លាប់​ឆ្លង​កាត់​សង្គ្រាម។ នៅ​ក្នុង​របប​ខ្មែរ​ក្រហម​កាន់​អំណាច កាល​ពី​អំឡុង​ឆ្នាំ​១៩៧៥-១៩៧៩ គឺ​បាន​សាបព្រោះ​ភាព​ផ្ដាច់​ការ​ដោយ​គាប​សង្កត់ និង​គំរាម​កំហែង​ប្រជាពលរដ្ឋ​ឱ្យ​ខ្លបខ្លាច​ការ​ដឹក​នាំ​របស់​អង្គការ។ មនោគមវិជ្ជា​នោះ គឺ​នៅ​តែ​សេសសល់​ឥទ្ធិពល​ខ្លះៗ​ក្នុង​សង្គម​ខ្មែរ​នៅ​ឡើយ។

លោក​បណ្ឌិត កែម ឡី បាន​បញ្ជាក់​ថា ចាប់​តាំង​តែ​ពី​ការ​បោះ​ឆ្នោត​បង្កើត​រដ្ឋាភិបាល​ចម្រុះ កាល​ពី​ឆ្នាំ​១៩៩៣ មក ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ប្រទេស​កម្ពុជា បាន​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី ពហុ​បក្ស។ នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​សេរី គឺ​បាន​ចាត់​ទុក​ប្រជាពលរដ្ឋ​ជា​ធំ និង​ជា​ម្ចាស់​នៃ​អំណាច។ ក៏ប៉ុន្តែ បើ​ទោះ​បី​ជា​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​មួយ​ចំនួន​ទៀត ចែង​បាន​ល្អ​ហើយ​ក៏ដោយ ក៏ប៉ុន្តែ​អ្វីៗ​គឺ​វា​ល្អ​តែ​នៅ​ក្នុង​សៀវភៅ ឯ​ការ​អនុវត្ត​ក្នុង​សង្គម​ពិត​ប្រាកដ មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​ទេ។

លោក កែម ឡី បាន​បញ្ជាក់​ទៀត​ថា បញ្ហា​វា​នៅ​ត្រង់​ថា ច្បាប់​បាន​ចែង​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​នៃ​អំណាច ក៏​អ្នក​ដែល​កាន់​អំណាច​កំពុង​អនុវត្ត​នយោបាយ​ឱ្យ​បញ្ច្រាស​ទិស​គ្នា​ខុស​ពី​ច្បាប់។ នេះ គឺ​ដោយសារ​តែ​វប្បធម៌​នៃ​នយោបាយ និង​អាកប្បកិរិយា​របស់​អ្នក​ដឹក​នាំ​បច្ចុប្បន្ន ចង់​គាប​សង្កត់​ខាង​នយោបាយ និង​ប្រើប្រាស់​អំណាច​ផ្ទាល់​ខ្លួន ដើម្បី​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​ផ្ដាច់​ការ។ លោក កែម ឡី បាន​ចង្អុល​បង្ហាញ​ថា នៅ​ពេល​ដែល​ការ​គ្រប់គ្រង​មួយ​ប្រើ​អំណាច​ផ្ទាល់​ខ្លួន ច្រើន​ជាង​អំណាច​ច្បាប់ គឺ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ទៅ​លើ​អំណាច​របស់​ប្រជាពលរដ្ឋ ដែល​ចូល​រួម​ធ្វើ​ជា​ម្ចាស់​អំណាច និង​ជា​ម្ចាស់​នៃ​វាសនា​ស្រុក​ទេស៖ «វប្បធម៌​នៃ​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​មាន​តិចតួច​ណាស់ ជាពិសេស​នៅ​តាម​មូលដ្ឋាន គឺ​នៅ​ប្រើប្រាស់​ប្រព័ន្ធ​របប​ប្រធាន​របប​បក្ខពួក​និយម គ្រួសារ​និយម​អី ជាដើម រហូត​ទៅ​ដល់​ក្រសួង​នីមួយៗ ភាគ​ច្រើន គឺ​ជា​ក្រសួង​គ្រួសារ​ទៅ​ទៀត។ នេះ​ហើយ គឺ​ជា​របប​វប្បធម៌​នយោបាយ​មួយ​ដែល​ប្រកាន់​នូវ​បក្ខពួក​និយម​ខ្លាំង»

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យេង វិរៈ បាន​មាន​ប្រសាសន៍​ថា បើ​ចង់​ដឹង​ថា ប្រទេស​កម្ពុជា បច្ចុប្បន្ន​បាន​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី ពហុ​បក្ស ត្រឹម​ត្រូវ ឬ​ក៏​យ៉ាង​ណា គឺ​គេ​មាន​ខ្នាត​វាស់​តាម​រយៈ​ការ​គោរព​សិទ្ធិ​មនុស្ស។ នៅ​ក្នុង​សិទ្ធិ​មនុស្ស​ទាំង​នេះ គឺ​រាប់​បញ្ចូល​ទាំង​សិទ្ធិ​សេរីភាព​នៃ​ការ​និយាយ​ស្ដី ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្ដុំ​តវ៉ា ជាដើម។ បច្ចុប្បន្ន សិទ្ធិ​មនុស្ស​ទាំង​នេះ​កំពុង​តែ​ត្រូវ​រដ្ឋាភិបាល​រឹត​បន្តឹង។

លោក យេង វិរៈ បាន​បញ្ជាក់​ថា នៅ​ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ​សេរី គឺ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច ជា​អ្នក​ប្រើ​សិទ្ធិ​ទៅ​បោះ​ឆ្នោត ដើម្បី​ជ្រើស​រើស​តំណាង និង​អ្នក​បម្រើ​សាធារណៈ​ឱ្យ​ធ្វើ​កិច្ចការ​នានា សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ លោក យេង វិរៈ ចង់​ពញ្ញាក់​អារម្មណ៍​ឱ្យ​ប្រជាពលរដ្ឋ​ស្គាល់​ខ្លួន​ឯង​ឡើង​វិញ​ថា ជា​ម្ចាស់​នៃ​អំណាច មិន​មែន​មន្ត្រី​រាជការ គឺ​ជា​ចៅហ្វាយ​របស់​ពលរដ្ឋ​ទេ៖ «និយាយ​ពាក្យ​សាមញ្ញ គេ​ថា​យើង​រើស​អ្នក​បម្រើ។ យើង​ហៅ​ថា​មន្ត្រី​រាជការ ហើយ​នាយក​រដ្ឋមន្ត្រី គឺ​ជា​អ្នក​បម្រើ​ទី​១ ឯ​មន្ត្រី​រាជការ គឺ​ជា​អ្នក​បម្រើ​សេវា​សាធារណៈ គឺ​គាត់​មិន​មែន​ជា​ចៅហ្វាយ​ទេ គឺ​ជា​អ្នក​ធ្វើ​ការ​ឱ្យ​រាស្ត្រ​ទេ។ ម្ចាស់​ឆ្នោត​ទេ​ដែល​ជា​ម្ចាស់​ប្រទេស ជា​ម្ចាស់​លើ​ពួក​គាត់ តែ​ទម្រង់​រាល់​ថ្ងៃ​វា​ទៅ​ជា​បញ្ច្រាស​ទៅ​វិញ វា​ទៅ​មន្ត្រី​រាជការ​ជា​មេ ជា​អ្នក​មាន​អំណាច។ តាម​ពិត ពួក​គាត់​ហ្នឹង​បាន​ប្រាក់​ខែ​ពី​ប្រជារាស្ត្រ​ទេ»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​ចុះ​សច្ចាប័ន​តាំង​ពី​ឆ្នាំ​១៩៩២ ជាមួយ​អង្គការ​សហប្រជាជាតិ ដោយ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ដែល​គោរព​នូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​របស់​ប្រជាពលរដ្ឋ។ សេរីភាព​ទាំង​នោះ​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ប្រមូល​ផ្ដុំ​គ្នា ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម ជាដើម គឺ​សុទ្ធតែ​ជា​សេរីភាព​ជា​មូលដ្ឋាន។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ថា ជាច្រើន​អាណត្តិ​កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​អំណាច​របស់​ខ្លួន​តាម​រយៈ​ការ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​របស់​ខ្លួន។ ក៏ប៉ុន្តែ ប្រសិន​បើ​ការ​ប្រើ​អំណាច​តាម​រយៈ​បោះ​ឆ្នោត​មិន​មាន​សេរីភាព​គ្រប់គ្រាន់ និង​មិន​ត្រឹមត្រូវ​ទេ គឺ​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេរីភាព​របស់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​ឡើយ៖ «បើ​សិន​ណា​ជា​ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​ហ្នឹង​មិន​បាន មាន​ន័យ​ថា ងើប​ឈរ​ឡើង​ទាមទារ​សិទ្ធិ​ទាមទារ​អំណាច​របស់​លោក តាម​មិន​ប្រើ​អំពើ​ហិង្សា​ទេ។ ប៉ុន្តែ ដែល​លោក​ធ្វើ​មិន​បាន​ដោយសារ​តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​លោក​ធ្វើ អា​ហ្នឹង​យើង​មិន​អាច​និយាយ​ថា ប្រទេស​ហ្នឹង​ជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស​បាន​ទេ»

មិន​មែន​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ស្រុក​មួយ​ចំនួន ដែល​បាន​ឱ្យ​តម្លៃ​ថា អ្នក​កាន់​អំណាច​បច្ចុប្បន្ន កំពុង​តែ​ដឹក​នាំ​ប្រទេស​កម្ពុជា ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​របប​ប្រជាធិបតេយ្យ សេរី​បន្តិច​ម្ដងៗ​នោះ​ទេ គឺ​អង្គការ​អន្តរជាតិ​ខ្លះ​ក៏​មើល​ឃើញ​ថា សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក៏​កំពុង​ថយ​ចុះ​យ៉ាង​ខ្លាំង។

កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នៅ​សហរដ្ឋ​អាមេរិក ឈ្មោះ ហ្វី្រដមហៅស៍ (Freedom House) បាន​បង្ហាញ​របាយការណ៍​ថា កម្ពុជា ជា​ប្រទេស​ដែល​មិន​មាន​សេរីភាព។ របាយការណ៍​ដែល​សិក្សា​ទៅ​លើ​ប្រទេស​ចំនួន​១៩៦ ដោយ​ផ្ដោត​លើ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​នោះ បាន​ផ្ដល់​ចំណាត់​ថ្នាក់​ឱ្យ​ប្រទេស​កម្ពុជា ជាប់​លេខ​៦ សម្រាប់​សិទ្ធិ​នយោបាយ និង​លេខ​៥ សម្រាប់​សិទ្ធិ​ពលរដ្ឋ។ ពិន្ទុ​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​គ្មាន​សេរីភាព​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​១៩៦ ដែល​អង្គការ ហ្វី្រដមហៅស៍ បាន​ឃ្លាំ​មើល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។