តាមច្បាប់បានផ្ដល់សិទ្ធិឱ្យប្រជាពលរដ្ឋបានសម្ដែងកង្វល់ទាំងនោះទៅកាន់ប្រមុខនៃរដ្ឋាភិបាល តាមរយៈសមាជជាតិមួយដែលត្រូវឡើងម្ដងក្នុង១ឆ្នាំៗ។
តើរដ្ឋាភិបាលដែលកាន់អំណាចនៅកម្ពុជា រយៈពេល ២០ឆ្នាំមកនេះ ធ្លាប់បានធ្វើសមាជជាតិដែរ ឬយ៉ាងណា?
ក្រុមប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តសៀមរាប បានទាមទារឱ្យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ធ្វើការសន្យាយ៉ាងជាក់ច្បាស់មួយថា ត្រូវតែអនុវត្តតាមច្បាប់ ដោយធានារៀបចំឱ្យមានសមាជជាតិពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋសម្ដែងកង្វល់ផ្សេងៗឱ្យរដ្ឋាភិបាលបានដឹង និងជួយដោះស្រាយ។
ការលើកឡើងនេះ នៅក្នុងពេលដែលក្រុមប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សនយោបាយជាច្រើនរយនាក់ ទៅចូលរួមក្នុងកិច្ចពិភាក្សាបេក្ខជនតំណាងរាស្ត្រឆ្នាំ២០១៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលហៅកាត់ថា អិន.ឌី.អាយ (NDI) កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកចូលរួមជាច្រើនទៀត គឺលោក ឆុន ឈន់។ លោកបានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនមានកង្វល់ជុំវិញការរស់នៅជាច្រើន ដែលត្រូវការបញ្ជូនកង្វល់ទៅឱ្យរដ្ឋាភិបាលបានដឹង និងជួយដោះស្រាយ។ ក៏ប៉ុន្តែ វាជាអកុសល ដោយសារតែពុំមានវេទិកាថ្នាក់ជាតិណាមួយបានរៀបចំឡើងដោយរដ្ឋាភិបាល ដើម្បីស្ដាប់កង្វល់របស់ប្រជាពលរដ្ឋនៅឡើយទេ៖ «ខ្ញុំចាប់អារម្មណ៍ទៅលើពាក្យថា សមាជជាតិ! អីចឹងខ្ញុំចង់សួរថា ហេតុអ្វីបានជាគណបក្សដែលជាប់ឆ្នោតមកហើយនោះ មិនបានធ្វើកម្មវិធីសមាជជាតិដូចដែលសម្ដេចតាដឹកនាំ ឱ្យប្រជាពលរដ្ឋបញ្ចេញទុក្ខកង្វល់សម្រាប់ប្រជាពលរដ្ឋបានឡើងនិយាយពីអ្វីដែលជាតម្រូវការរបស់ខ្លួន ជាបញ្ហារបស់ខ្លួននោះ?»។
តំណាងគណបក្សនយោបាយចំនួន៤ បានចូលរួមក្នុងកិច្ចពិភាក្សាបេក្ខជនតំណាងរាស្ត្រឆ្នាំ២០១៣ នោះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរឈប់ក្រ។ តំណាងគណបក្សនយោបាយទាំងនោះ បានឆ្លើយតបផ្សេងៗពីគ្នាចំពោះការទាមទារឱ្យមានសមាជជាតិនេះ។
បេក្ខជនតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា គឺអ្នកស្រី ពៅ សាវឿន បានមានប្រសាសន៍ថា ការធ្វើសមាជជាតិ គឺជាតម្រូវការរបស់ប្រជាពលរដ្ឋពិតមែន។ កន្លងទៅ ថ្វីត្បិតតែរដ្ឋាភិបាលមិនដែលបានធ្វើសមាជក៏ដោយ ក៏រាល់ការប្រជុំ ការអនុម័តច្បាប់ និងការងារធំៗសម្រាប់ប្រទេសជាតិ គឺគណបក្សប្រជាជនកម្ពុជា តែងធ្វើការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ វិទ្យុគ្រប់ទាំងអស់នៅទូទាំងប្រទេស ឱ្យប្រជាពលរដ្ឋបានដឹង។ ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា បានចូលរួមក្នុងវេទិកាដែលរៀបចំដោយអង្គការមួយចំនួន ដើម្បីស្ដាប់ពីកង្វល់ និងបានជួយដោះស្រាយបញ្ហាទាំងឡាយនៅគ្រប់ទីកន្លែង៖ «យើងមិនបានធ្វើសមាជប្រជាជន ប៉ុន្តែយើងបានចូលរួមវេទិការបស់អង្គការមួយចំនួន ដែលគ្រប់បងប្អូនប្រជារាស្ត្រទាំងអស់ ចូលរួមសួរ និងចោទឆ្លើយ និងដោះស្រាយតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី។ នេះជាការមួយចាំបាច់ ដែលគណបក្សប្រជាជនកម្ពុជា បានអនុវត្តកន្លងហើយ»។
ចំណែកបេក្ខជនមកពីគណបក្សហ៊្វុនស៊ិនប៉ិច លោក ម៉េង ហួរ បានមានប្រសាសន៍ថា សមាជជាតិ គឺជាការដោះស្រាយមួយដ៏ចាំបាច់ ដោយផ្សារភ្ជាប់ទុក្ខលំបាករបស់ប្រជារាស្ត្រទៅដល់ព្រះមហាក្សត្រ ដែលតំណាងឱ្យជាតិទាំងមូល។ គណបក្សហ៊្វុនស៊ិនប៉ិច កាលឈ្នះឆ្នោតពីឆ្នាំ១៩៩៣ បាននាំមកនូវរាជានិយម សុខសន្តិភាព និងបានតាក់តែងរដ្ឋធម្មនុញ្ញមួយឱ្យមានសមាជជាតិ៖ «ហើយសមាជជាតិនេះ មិនបានអនុវត្តពេញលេញក្រោយពីគណបក្សហ៊្វុនស៊ិនប៉ិច មិនមានអំណាចពេញលេញក្នុងការដឹកនាំជាប្រមុខរដ្ឋាភិបាលតែម្នាក់ឯង ដូច្នេះហើយបានជាសមាជជាតិត្រូវបានអាក់ខាន។ តាមស្មារតីរដ្ឋធម្មនុញ្ញ និងគោលដៅរបស់ហ៊្វុនស៊ិនប៉ិច ត្រូវតែធ្វើសមាជជាតិ ទោះបីជាប្រទេសមានរចនាសម្ព័ន្ធដឹកនាំក្ដី ប៉ុន្តែការខ្វះចន្លោះនៃការដឹកនាំ ត្រូវតែឱ្យប្រជាពលរដ្ឋបញ្ចេញមតិ»។
គណបក្សខ្មែរឈប់ក្រ គឺជាគណបក្សថ្មីមួយដែលទើបតែចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ បានចាត់ទុកសមាជជាតិ គឺជាសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយនានាយ៉ាងពេញលេញ។ បេក្ខជនមកពីគណបក្សខ្មែរឈប់ក្រ គឺអ្នកស្រី ឈុន ចណ្ណារី បានសម្គាល់ឃើញថា សមាជជាតិមិនបានរៀបចំឡើងរយៈពេល ២០ឆ្នាំមកនេះ ដោយសារតែរដ្ឋាភិបាលព្យាយាមមិនផ្ដល់សិទ្ធិសេរីភាពគ្រប់គ្រាន់ឱ្យប្រជាពលរដ្ឋ៖ «ទី១ គេមិនផ្ដល់សិទ្ធិឱ្យយើងក្នុងការនិយាយ ជួបជុំ ធ្វើកូដកម្ម បាតុកម្មអហិង្សា និងធ្វើញត្តិទៅកាន់រដ្ឋាភិបាល ទាមទារនូវបំណងអ្វីមួយដែលខ្លួនចង់បាន។ ប៉ុន្តែ យើងមិនបានទេ ដោយសារយើងគ្មានសិទ្ធិ»។
គណបក្សខ្មែរឈប់ក្រ បានសន្យាថា បើសិនជាបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល គឺនឹងផ្តល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិពេញលេញមកឱ្យប្រជាពលរដ្ឋ ព្រមទាំងទទួលស្គាល់របបសារព័ត៌មានឱ្យក្លាយទៅជាអំណាចទី៤ យ៉ាងពិតប្រាកដ។
ចំណែកបេក្ខជនមកពីគណបក្សសង្គ្រោះជាតិ វិញ អ្នកស្រី កែ សុវណ្ណារតន៍ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ តែងតែគាំទ្រដល់ច្បាប់ដែលតម្រូវឱ្យមានសមាជជាតិនេះ៖ «យើងដឹងហើយថា សមាជជាតិមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ អ្វីដែលមិនធ្វើរហូតមកដល់ថ្ងៃនេះ គឺគណបក្សកាន់អំណាចសព្វថ្ងៃ។ អីចឹងហើយបានចង់ប្រាប់បងប្អូនប្រជាពលរដ្ឋ! នៅលើពិភពលោកនេះ គេដឹកនាំប្រទេសតែ ២អាណត្តិទេ។ សូម្បីតែប្រទេសវៀតណាម តាំងពីឆ្នាំ១៩៧៧ មកដល់ឥឡូវ គេផ្លាស់ប្ដូរមេដឹកនាំ ៦នាក់ហើយ។ ប្រទេសថៃ គេផ្លាស់ប្ដូរមេដឹកនាំ ១០នាក់ហើយ។ ដូច្នេះហើយ ដើម្បីឱ្យប្រទេសខ្មែរមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ ទាល់តែមានការផ្លាស់ប្ដូរមេដឹកនាំ»។
ច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលព្រះមហាក្សត្រខ្មែរបានឡាយព្រះហស្ដឱ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩៣ បានចែងថា សមាជជាតិ គឺបើកឱ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកបញ្ហាសំណូមពរជូនរដ្ឋអំណាចដោះស្រាយ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។
សមាជជាតិប្រជុំ ១ដងក្នុង១ឆ្នាំ នៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។ សមាជជាតិប្រព្រឹត្តទៅនៅក្រោមព្រះរាជាធិបតីនៃព្រះមហាក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
