ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​បណ្ដេញ​អ្នក​កាសែត​មិន​ឲ្យ​យក​ព័ត៌មាន

0:00 / 0:00

ក្រុម​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ ប្រើ​ហិង្សា​បណ្ដេញ​ក្រុម​ពលរដ្ឋ​ជម្លោះ​ដីធ្លី​មិន​ឲ្យ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ និង​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​ទីនោះ​មិន​ឲ្យ​យក​ព័ត៌មាន​ដែរ។ អ្នក​សារព័ត៌មាន​ណា​នៅ​តែ​ចចេស​ថត​រូប ត្រូវ​ក្រុម​សន្តិសុខ​ទាញ​កន្ត្រាក់​យក​ម៉ាស៊ីន​ថត​រូប និង​ទូរស័ព្ទ និង​ព្រម​ទាំង​ព្រមាន​វ៉ៃ​អ្នក​កាសែត​ថែម​ទៀត។ ស្ថាប័ន​ធ្វើ​ការ​ទាក់ទង​នឹង​វិស័យ​សារព័ត៌មាន ថ្កោលទោស​សកម្មភាព​ទាំង​នេះ ខណៈ​ដែល​សាលា​រាជធានី​ភ្នំពេញ ថា​នឹង​កែ​តម្រូវ ប្រសិន​សកម្មភាព​របស់​ក្រុម​សន្តិសុខ​ជ្រុលជ្រួស។

ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ក្រុម​សន្តិសុខ​ទាំង​នោះ​ហាក់​សម្ដែង​ឫទ្ធិ​អំណាច​របស់​ខ្លួន​ទ្វេ​ដង ដែល​កាល​ពី​មុន​បង្ក្រាប​តែ​អ្នក​ធ្វើ​បាតុកម្ម ប៉ុន្តែ​ពេល​នេះ​សូម្បី​តែ​អ្នក​កាសែត ក៏​ក្រុម​នេះ​បង្ក្រាប និង​បណ្ដេញ​មិន​ឲ្យ​យក​ព័ត៌មាន​ដែរ។

អំពើ​ហិង្សា​មួយ​ដែល​ផ្ទុះ​ឡើង​ដោយ​កង​សន្តិសុខ បណ្ដេញ​ក្រុម​ស្ត្រី​បឹងកក់​ចេញ​ពី​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ធ្វើ​ឲ្យ​អ្នក​តវ៉ា​មួយ​ចំនួន​រង​របួស។ ជាង​នេះ​ទៅ​ទៀត ក្រុម​សន្តិសុខ​ទាញ​កន្ត្រាក់​ម៉ាស៊ីន​ថត​រូប​ពី​អ្នក​សារព័ត៌មាន​វីអូឌី (VOD) កាសែត​មនោរម្យ កន្ត្រាក់​យក​ទូរស័ព្ទ​ពី​អ្នក​ទាមទារ ហើយ​ទម្រាំ​ការ​ប៉ះ​ទង្គិច​នេះ​បញ្ចប់ ទើប​សន្តិសុខ​ប្រគល់​ឲ្យ​វិញ។

អគ្គ​លេខា​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ពុយ គា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ពី​ប្រទេស​ម៉ាឡេស៊ី ថា សកម្មភាព​របស់​ក្រុម​សន្តិសុខ​ជា​ការ​បន្ទច់បង្អាក់​សេរីភាព​សារព័ត៌មាន ដែល​មាន​សិទ្ធិ​គ្រប់គ្រាន់​អាច​ផ្ដិត​យក​យក​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ទី​សាធារណៈ។ លោក​បន្ត​ថា ករណី​នេះ ក្លឹប​អ្នក​កាសែត​មិន​នៅ​ស្ងៀម​ទេ នឹង​ប្រជុំ​ជជែក​គ្នា​ថា​គួរ​នឹង​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​សិទ្ធិ​អ្នក​កាសែត៖ «រាល់​ការ​មាន​ការ​ហាម​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​កន្លែង​ណា​មួយ គឺ​វា​មិន​បាន​ជួយ​លើក​តម្កើង​ដល់​សេរីភាព​សារព័ត៌មាន​ទេ»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​ថ្លែង​ប្រាប់​ឲ្យ​សមត្ថកិច្ច ស្វែងរក​ចាប់​អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​រង​របួស។ ប៉ុន្តែ លោក ហ៊ុន សែន មិន​ថ្លែង​ទាល់​តែ​សោះ​ឲ្យ​ស្វែងរក ឬ​ចាប់​ខ្លួន​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដែល​ប្រើ​ហិង្សា​បង្ក​ឲ្យ​ពលរដ្ឋ​រង​របួស ឬ​អ្នក​កាសែត​រង​បួស។

ពាក់ព័ន្ធ​ករណី​នេះ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា (CCIM) លោក ប៉ា ងួនទៀង ហៅ​សកម្មភាព​របស់​មន្ត្រី​សាធារណៈ​នេះ ថា​ជា​ការ​ខ្វះ​ការ​យល់​ដឹង​ពី​សារព័ត៌មាន និង​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋ អនុញ្ញាត​ឲ្យ​ក្រុម​ទាំង​នោះ​ហ៊ាន​ធ្វើ​សកម្មភាព​រំលោភ​បំពាន​ដូច​នេះ៖ «នាយក​រដ្ឋមន្ត្រី​បង្ហាញ​ភាព​កាច សន្តិសុខ​យល់​ថា នាយក​រដ្ឋមន្ត្រី​ធ្វើ​សម គាត់​ខំ​ធ្វើ​ចឹង​ដែរ​ឲ្យ​សម​ដូច​នាយក​រដ្ឋមន្ត្រី ដើម្បី​បំពេញ​ចិត្ត​នាយក​រដ្ឋមន្ត្រី»

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង និយាយ​ថា បើ​សិន​មាន​ការ​ណែនាំ​ពី​សមត្ថកិច្ច អ្នក​សារព័ត៌មាន​គួរ​ស្តាប់​តាម​ការ​ណែនាំ​នោះ ប៉ុន្តែ​លោក​មិន​ឯកភាព​សកម្មភាព​របស់​សន្តិសុខ ដែល​ទាញ​យក​ម៉ាស៊ីន​ថត​រូប​អ្នក​សារព័ត៌មាន​នោះ​ទេ៖ «រឿង​ទាញ​យក​ម៉ាស៊ីន​ថត​រូប​អ្នក​សារព័ត៌មាន សន្តិសុខ​គួរ​តែ​យល់​ដឹង​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន មិន​គួរ​ធ្វើ​អ៊ីចឹង​ទេ»

ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មាត្រា​៥ ចែង​ថា អ្នក​សារព័ត៌មាន​មាន​សិទ្ធិ​ទទួល​ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល លើក​លែង​តែ​ព័ត៌មាន​ណា​ដែល​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ បំពាន​សិទ្ធិ​បុគ្គល​ម្នាក់ ជាដើម។

នៅ​ថ្ងៃ​ទី​៦ ខែ​សីហា មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ថ្កោលទោស​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ប្រើ​ហិង្សា​លើ​អ្នក​ថត​រូប​ឲ្យ​ទូរទស្សន៍​អនឡាញ វីអូឌី (VOD) និង​បាន​ដក​កន្ត្រាក់​យក​ម៉ាស៊ីន​ថត រួច​លុប​រូប​នោះ​ចោល។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា សកម្មភាព​ដែល​ក្រុម​សន្តិសុខ​ធ្វើ គឺ​ដើម្បី​បំបែក​អ្នក​ធ្វើ​បាតុកម្ម​គ្មាន​ច្បាប់​អនុញ្ញាត។ ទោះ​បែប​នេះ​ក្តី លោក ឡុង ឌីម៉ង់ ថា ប្រសិន​បើ​សកម្មភាព​ក្រុម​សន្តិសុខ​ធ្វើ​ក្នុង​ពេល​នោះ​ជ្រុលជ្រួស សាលា​រាជធានី​ភ្នំពេញ​នឹង​កែ​តម្រូវ៖ «បើ​សិន​ជា​មាន​ការ​ប៉ះពាល់​បន្តិចបន្តួច​ការងារ​ណា​មួយ​នឹង​អ្នក​សារព័ត៌មាន យើង​ខ្ញុំ​នឹង​ទទួល​យក​នូវ​បញ្ហា​នេះ ដើម្បី​កែ​តម្រូវ​នៅ​ពេល​ក្រោយ»

មិន​មែន​ជា​លើក​ទី​១ ទេ​ដែល​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​រារាំង និង​ចាប់​យក​ឧបករណ៍​របស់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​បំពេញ​បេសកកម្ម។ កាល​ពី​ឆ្នាំ​២០១៤ អ្នក​យក​ព័ត៌មាន​ម្នាក់​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី ត្រូវ​ក្រុម​សន្តិសុខ​វ៉ៃ​រហូត​សន្លប់ និង​ត្រូវ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្រៅ​ប្រទេស។ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (រីផតធើ វីដដៅត៍ បរឌើ = Reporters Without Borders) ថា សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​អាក្រក់ ធៀប​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​អាស៊ាន ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ថៃ និង​ប្រទេស​ប្រ៊ុយណេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។