ថ្ងៃទី១១ ខែតុលា នេះ គឺជាទិវាអន្តរជាតិក្មេងស្រី ដែលប្រទេសមួយចំនួនក្នុងពិភពលោកប្រារព្ធធ្វើ ដើម្បីពិនិត្យមើលស្ថានភាពកុមារី និងរិះរកមធ្យោបាយនានាដោះស្រាយបញ្ហាប្រឈមចំពោះពួកគេ។ អង្គការផ្លែន (Plan) កម្ពុជា ប្រារព្ធទិវានេះជាលើកដំបូង ដោយសហការជាមួយក្រសួងកិច្ចការនារី និងមូលនិធិអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដើម្បីស្ត្រី ឬហៅកាត់ថាយូអេនវូម៉េន (UN Women)។
ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា ក្មេងស្រីបាត់បង់ឱកាសទទួលបានការអប់រំប្រកបដោយគុណភាព ដោយសារបញ្ហាផ្ទាល់ខ្លួន និងសង្គមខាងក្រៅ។
ការយល់ឃើញនេះ ត្រូវលើកឡើងក្នុងការប្រារព្ធទិវាអន្តរជាតិកុមារី រៀបចំដោយអង្គការផ្លែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា។
នាយកស្ដីទីប្រចាំប្រទេសនៃអង្គការភ្លែន លោក ប្រាយអិន បិកឃិត (Brian Beckett) ថ្លែងថា នៅកម្ពុជា ចំនួនសិស្សស្រីដែលបានចូលរៀនចាប់ពីបឋមសិក្សាដល់អនុវិទ្យាល័យ គឺមិនមានចំនួនប្រដំប្រសងគ្នា។ ប៉ុន្តែចំនួនក្មេងស្រីបានថយចុះ នៅពេលពួកគេចូលដល់វិទ្យាល័យ ជាពិសេសនៅតាមទីជនបទ។ លោកបន្តថា ចំនួនក្មេងស្រីកាន់តែថយចុះ នៅពេលទៅដល់កម្រិតឧត្ដមសិក្សា។ លោក ប្រាយអិន បញ្ជាក់ថា ដើម្បីអោយឥរិយាបថសង្គមផ្លាស់ប្ដូរទៅលើបញ្ហាសមភាពយេនឌ័រ ចាំបាច់ត្រូវជំរុញការអប់រំសម្រាប់ក្មេងស្រី។
លោក ប្រាយអិន បិកឃិត៖ «ដើម្បីស្រាយបញ្ហានេះ ផ្លែន កន្លងមក គឺយើងបានសាងសង់សាលារៀន ដើម្បីធានាថា កុមារី ហើយនិងស្ត្រីទាំងអស់ គាត់អាចទៅរៀនបាននៅជិតផ្ទះរបស់គាត់។ ហើយទី២ហ្នឹង គឺយើងផ្តល់អាហារូបករណ៍ដោយផ្ដោតជាសំខាន់ទៅលើកុមារីតែម្តង ដើម្បីអោយគាត់មានឱកាសទៅរៀនដូចកុមារាដែរ។ មួយទៀត គឺយើងជួយយ៉ាងណាអោយសេដ្ឋកិច្ចគ្រួសាររបស់គត់ហ្នឹង បានរីកចម្រើន ដើម្បីអោយគាត់អាចបំពេញការងាររៀនសូត្ររបស់គាត់បាន។ ចំណុចចុងក្រោយ គឺយើងពង្រឹងនូវគុណភាពនៃការអប់រំ ដើម្បីធានាថាពួកគាត់ចូលរៀន ហើយនៅចុងបញ្ចប់នៃការរៀន គាត់បានការងារធ្វើ»។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹម ស៊ីថែ មានប្រសាសន៍ថា ក្រសួងតែងរួមចំណែកដោះស្រាយបញ្ហានេះបណ្ដើរៗ៖ «ក្មេងស្រី និងក្មេងប្រុសនេះ ជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិយើង ព្រោះថាបើចាស់ៗអត់មានគិតទេ គិតតែអំពីថា ក្មេងប្រុសអាចរៀនបានច្រើន ក្មេងស្រីមិនបាច់ទៅរៀនច្រើនទេ នៅផ្ទះមើលប្អូន ហើយមានគ្រួសារទៅទីពឹងគ្រួសារ។ ចឹងដើម្បីបង្កើនធនធានមនុស្ស យើងសម័យនេះដោយមានការដឹកនាំរបស់រដ្ឋាភិបាលពីថ្នាក់កំពូលរបស់យើង លោកយល់ឃើញថា បញ្ហាយេនឌ័រជាបញ្ហាសំខាន់»។
ស្ថិតិរបស់ក្រសួងកិច្ចការនារី អោយដឹងថា សមាមាត្រនៃចំនួនសិស្សស្រីដែលចុះឈ្មោះចូលរៀននៅឧត្ដមសិក្សា បានកើនឡើងសន្សឹមៗពី ៣៣,៨% ក្នុងឆ្នាំ២០០៨ ដល់ ៣៧,៦% ក្នុងឆ្នាំ២០១១។ ក្នុងនោះ ក្មេងស្រីវ័យជំទង់មកពីតំបន់ជនបទដាច់ស្រយាលតិចតួចប៉ុណ្ណោះ កំពុងរៀននៅសាកលវិទ្យាល័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
