សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ

សមាជ​​នេះ ក្នុង​គោល​បំណង​​បើក​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សំដែង​កង្វល់​អំពី​ការ​លំបាក​ ដូចជា​បញ្ហា​​បាត់​បង់​ដីធ្លី និង​​បញ្ហា​បាត់បង់​ព្រៃឈើ ធនធាន​ធម្មជាតិ​ជាដើម និង​​ធ្វើ​ជា​ញត្តិ​នាំ​យក​កង្វល់​ទាំង​អស់​ទៅ​ប្រគល់​ជូន​​គណបក្ស​នយោបាយ​នានា។ ក៏​ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ទេ។

សមាគម​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ព្យាយាម​រារាំង​សមាជ​ប្រជាពលរដ្ឋ​ដែល​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដោយ​បង្ក​ការ​លំបាក​មួយ​ចំនួន និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ចូល​រួម​មាន​ការ​ភ័យ​ខ្លាច។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយឌា (IDEA) លោក វន់ ពៅ បាន​មាន​ប្រសាសន៍​​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា ថា ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន ៥ មាន​ខេត្ត​​សៀមរាប ខេត្ត​ព្រះវិហារ កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ បាន​ជួប​ជុំ​គ្នា​ដើម្បី​សំដែង​កង្វល់​បង្ហាញ​ឱ្យ​គណបក្ស​នយោបាយ​សំខាន់ៗ ដែល​នឹង​ចូល​រួម​ការបោះឆ្នោត​​ពេល​ខាង​មុខ បាន​ដឹង​ពី​ទុក្ខ​លំបាក ហើយ​នឹង​​ជួយ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ការ​សន្យា។ ក៏​ប៉ុន្តែ​​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បដិសេធ​​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​ធ្វើ​ពិធី​នោះ​ទេ។

លោក វន់ ពៅ បាន​បញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ជា​ច្រើន​ថ្ងៃ​មុន​ការ​ប្រារព្ធ​ពិធី​នេះ ក៏​ប៉ុន្តែ​សាលា​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ឡើយ៖ «តាម​ពិត​កម្មវិធី​យើង​ត្រូវ​ធ្វើ​នៅ​តំបន់​អង្គរ​ឃ្យុងយូ កន្លែង​ខាង​កើត​រង្វង់​មូល​ហ្នឹង ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រារាំង​អត់​ឱ្យ​យើង​ធ្វើ ហើយ​អ៊ីចឹង​កម្មវិធី បាន​ហែ​ចេញ​ពី​ស្ពាន​នាគ​មក​ដល់​​ជិត​អង្គរ​ឃ្យុងយូ បាន​ពាក់​កណ្ដាល​ផ្លូវ​ទេ ត្រូវ​បាន​រារាំង​ដោយ​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​របស់​ខេត្ត​សៀមរាប ហើយ​មាន​ឡាន​ទឹក​ប្រហែល​ជា ២០​គ្រឿង រង់ចាំ​ស្វាគមន៍​យើង​ទៀត។ នេះ​ជា​រឿង​មួយ​​ដែល​យើង​សោកស្ដាយ​មែន​ទែន​ចំពោះ​សមត្ថកិច្ច​ខេត្ត​សៀមរាប»

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សមត្ថកិច្ច​បាន​រាយ​បណ្ដាក់​កម្លាំង​ជាង​មួយ​​រយ​នាក់ នៅ​តាម​ផ្លូវ​សាធារណៈ និង​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​នោះ ដោយ​រឹត​បន្តឹង​ទៅ​លើ​ការ​ដឹក​ជញ្ជូន​បាយ​​និង​ទឹក​ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ផង។

បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ដូច្នេះ​ក៏ដោយ ក៏​អាជ្ញាធរ និង​មន្ត្រី​ប៉ូលិស​ខេត្ត​សៀមរាប បាន​​បដិសេធ​មិន​ធ្វើ​ការ​ពន្យល់​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ឃ្លាំ​មើល​ការ​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នោះ។

លោក សួស ណារិន បញ្ជាក់​ថា តាម​លោក​សង្កេត​ឃើញ អាជ្ញាធរ​មិន​​បណ្ដោយ​ឱ្យ​សមាជ​នោះ​អាច​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង​បាន​ដោយ​ងាយ​ស្រួល​ឡើយ៖ «គេ​បារម្ភ​ខ្លាច​យើង​ធ្វើ​អ្វី​ខុស​ ទៅ​នឹង​គោលការណ៍​ច្បាប់ ពីព្រោះ​ថា អាជ្ញាធរ​គេ​អត់​ឱ្យ​ធ្វើ តែ​យើង​ចេះ​តែ​បំពាន​ធ្វើ ហើយ​មាន​សកម្មភាព​រារាំង​ តាំង​ពី​ម្សិលមិញ។ តាំង​ពី​ស្គន់ តាំងពី​បន្ទាយស្រី តាំង​ពី​ស្អីៗ អត់​ឱ្យ​មក​ទេ ជីក្រែង​អី​នោះ»

ក្រុម​សមាគម​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន មាន​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សាលា​ខេត្ត​សៀមរាប ដែល​មិន​អនុញ្ញាត​ឱ្យ​សមាជ​ប្រជាពលរដ្ឋ​មួយ​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ងាយ​ស្រួល។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា កន្លង​ទៅ សមាជ​ដូច​គ្នា​នេះ ​ធ្លាប់​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ម្ដង​មក​ហើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​ទី​នោះ​មិន​មាន​ការ​រារាំង និង​រំខាន​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។