បណ្ដាញសហគមន៍ការពារព្រៃឈើឃុំសណ្ដាន់ ខេត្តកំពង់ធំ បានអះអាងថា អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅរារាំងពួកគេមិនឲ្យជួបប្រជុំគ្នា ផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងសេរីភាពរបស់អង្គការសមាគម។
សមាជិកសហគមន៍ការពារព្រៃឈើភូមិក្បាលខ្លា ឃុំសណ្ដាន់ និងជាបណ្ដាញក្រុមស្នូលព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព ថ្លែងនៅថ្ងៃទី១៤ មីនា ថា បណ្ដាញយុវជនកម្ពុជា ហៅកាត់ថា ស៊ី.វាយ.អ៊ិន (CYN) បានបើកវគ្គផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពរបស់សមាគម ដល់បណ្ដាញការពារព្រៃឈើប្រមាណ ៣០នាក់ ប៉ុន្តែការជួបជុំនេះត្រូវបានរំខានដោយកម្លាំងសមត្ថកិច្ចឃុំសណ្ដាន់ ប្រដាប់ដោយអាវុធ ទាររកលិខិតបេសកកម្មចេញពីអាជ្ញាធរស្រុកខេត្ត។
លោក ហឿន សុភាព៖ «នៅពេលដែលយើងជួបជុំអស់រយៈប្រហែល ១ម៉ោង ក្រុមប៉ូលិស ៧នាក់ហ្នឹង គាត់ចូលមករំខានអត់អោយយើងផ្សព្វផ្សាយបន្តទៀត។ ប៉ូលិសប៉ុស្តិ៍ឃុំសណ្ដាន់ ខ្លះ និងប៉ូលិសព្រហ្មទណ្ឌ ២នាក់ ដាច់ខាតគេឲ្យយើងឈប់ផ្សព្វផ្សាយច្បាប់ហ្នឹងបន្តទៀត។ ខ្ញុំគិតថា វាទាក់ទងនឹងការរំលោភសិទ្ធិសេរីភាពការចូលរួមប្រជុំរបស់ប្រជាជនយើង។ គាត់នៅតែទាមទារថា បើសិនជាយើងចង់ផ្សព្វផ្សាយបន្តទៀត លុះត្រាតែយើងសុំច្បាប់ពីចៅហ្វាយខេត្ត ពីចៅហ្វាយស្រុកសិន»។
តំណាងសហគមន៍ព្រៃឡង់ បានឲ្យដឹងថា នេះមិនមែនជាលើកទី១ទេដែលអាជ្ញាធររារាំងពួកគាត់ មិនឲ្យជួបប្រជុំដូចគ្នានេះ។ កន្លងមក ពួកគេតែងទាមទាររកលិខិតនេះលិខិតនោះ ដែលធ្វើឲ្យរាំងស្ទះដល់ការជួបជុំគ្នារបស់សហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
