ប៉ូលិស​ខេត្ត​បាត់ដំបង​កោះ​ហៅ​អ្នក​ភូមិ​២​នាក់​ពី​ការ​រិះគន់​អាជ្ញាធរ​រៃអង្គាស​លុយ

ប៉ូលិស​ស្រុក​សំឡូត បាន​កោះ​ហៅ​អ្នក​ភូមិ​ពីរ​នាក់ ទៅ​សាកសួរ​ទាក់ទិន​ទៅ​នឹង​ដំណើរ​រឿង​ដែល​ពួក​គាត់​បាន​និយាយ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​តាសាញ ថា​បាន​រៃអង្គាស​លុយ​ជួយ​ទៅ​ធ្វើ​ម្ហូប​អាហារ​ឲ្យ​និស្សិត​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ថ្លែង​ថា ករណី​នេះ​ជា​ការ​គំរាម​កំហែង និង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

0:00 / 0:00

អ្នក​ភូមិ​ពីរ​នាក់ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំពោះ​ករណី​ដែល​ពួក​គាត់​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​តាសាញ នៅ​ល្ងាច​ថ្ងៃ​ទី៩ ខែ​មីនា។ អ្នក​ភូមិ​ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ ហេង សុមាលី ជា​សកម្មជន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ឈ្មោះ ប៉ាក ខូយ ជា​អ្នក​រស់នៅ​ភូមិ​អូរស្ងួត ឃុំ​តាសាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

ឈ្មោះ ហេង សុមាលី ថ្លែង​ថា នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​តាសាញ លោក ហែម សារ៉ុម បាន​ចេញ​លិខិត​កោះ​ឲ្យ​រូប​លោក និង​ឈ្មោះ ប៉ាក ខូយ ចូល​ខ្លួន​បំភ្លឺ​ពី​ដំណើរ​រឿង​ដែល​ពួក​គាត់​រាយការណ៍​ប្រាប់​វិទ្យុ​អាស៊ីសេរី លើ​ករណី​អាជ្ញាធរ​មូលដ្ឋាន​រៃអង្គាស​លុយ​ពី​អ្នក​ភូមិ​យក​ទៅ​ជួយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហេង សុមាលី៖ «វា​អត់​មាន​ឯកសារ​អី ហើយ​ដំណើរ​រឿង​អី​ក៏​អត់​មាន​ដែរ មាន​តែ​រឿង​ខ្ញុំ​ប្រាប់​អាស៊ីសេរី ថា មេ​ភូមិ​យក​លុយ​ប្រជាពលរដ្ឋ​ហ្នឹង គឺ​យក​ពិត​មែន អត់​មាន​រឿង​អី​ផ្សេង​ទេ ព្រោះ​ករណី​ផ្សេង​អត់​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ព្រហ្មទណ្ឌ​អី អត់​មាន​ទេ មាន​តែ​រឿង​ហ្នឹង មន្ត្រី​ប៉ុស្តិ៍​ហ្នឹង​គេ​ចង់​គាប​សង្កត់​ពី​រឿង​ឯកសារ មាន​ភស្តុតាង​ឯ​ណា ដែល​មេ​ភូមិ​អី​ទៅ​យក​លុយ គេ​ចង់​សួរ​អ៊ីចឹង ប៉ុន្តែ​ត្រូវ​មាន​ការ​ពិត​ដឹង​ពេញ​ភូមិ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ហែម សារ៉ុម ជា​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​តាសាញ ដើម្បី​បញ្ជាក់​ជុំវិញ​ករណី​ខាង​លើ​នេះ​បាន​ទេ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ហេង សាយហុង ថ្លែង​ថា ការ​កោះ​ហៅ​របស់​ប៉ូលិស គឺ​ជា​រូបភាព​គំរាម​កំហែង ព្រោះ​ការ​ដែល​អ្នក​ភូមិ​និយាយ​ប្រាប់​ពី​រឿង​អាជ្ញាធរ​រៃអង្គាស​លុយ​ពី​អ្នក​ភូមិ យក​ទៅ​ជួយ​ក្រុម​និស្សិត ពុំ​មាន​បទ​ល្មើស​នោះ​ទេ។

លោក ហេង សាយហុង៖ «ព្រោះ​លោក​មេ​ឃុំ គាត់​បាន​បំភ្លឺ​រៀបរាប់​អស់​ហើយ បើ​សិន​ជា​រឿង​គ្មាន​បទ​ល្មើស​អី​ចែង​នៅ​ក្នុង​ច្បាប់​ទេ វា​ជា​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ នេះ​ជា​ការ​គំរាម​កំហែង​បំភិត​បំភ័យ​ទៅ​លើ​ប្រជាពលរដ្ឋ ក្នុង​ការ​បញ្ចេញ​មតិ។ អ្វី​ដែល​គាត់​ជួប​ប្រទះ អ្វី​ដែល​គាត់​ជួប​ការ​លំបាក ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​នគរបាល​នេះ ជា​រឿង​មួយ​មិន​ធម្មតា​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ថ្ងៃ​ក្រោយ​គាត់​មិន​ហ៊ាន​និយាយ​ធ្វើ​ឲ្យ​បាត់​បង់​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ​របស់​គាត់»

មេ​ឃុំ​តាសាញ លោក ជន ផេង បញ្ជាក់​កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ថា ការ​រៃអង្គាស​លុយ​ពី​អ្នក​ភូមិ​នោះ គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ចង់​ឲ្យ​អ្នក​ភូមិ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ក្រុម​និស្សិត។ អាជ្ញាធរ​មូលដ្ឋាន​សុំ​ប្រជាពលរដ្ឋ​ឲ្យ​ជួយ ទាំង​ថវិកា និង​ការ​ធ្វើ​ម្ហូប​អាហារ​ផ្ដល់​ឲ្យ​និស្សិត​រួម​ទាំង​ក្រុម​ការងារ​ចម្រុះ​ដែល​គ្នា​ជាង ៣០​នាក់ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​សាលា​ឃុំ​តាសាញ។

តែ​អ្នក​ភូមិ​ប្រតិកម្ម​ថា និស្សិត​ចុះ​ទៅ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នោះ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្គត់ផ្គង់​ស្បៀង​អាហារ​មិន​ឲ្យ​ខ្វះខាត ហើយ​ហាម​មិន​ឲ្យ​ទៅ​រៃអង្គាស​លុយ​ពី​ប្រជាពលរដ្ឋ​នោះ​ដែរ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ហេង សាយហុង ចាត់​ទុក​ថា អាជ្ញាធរ​មូលដ្ឋាន​ឃុំ​តាសាញ អនុវត្ត​ខុស​ពី​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការ​ចាប់​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់​លុយ ហើយ​អ្នក​មិន​បង់​លុយ គេ​មិន​វាស់​ដី​ឲ្យ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។