ប៉ូលិសឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ហាមឃាត់មិនឲ្យក្រុមអ្នកកាន់សាសនាគ្រិស្តជួបជុំគ្នាចែកចាយធម៌តាមទម្លាប់ដែលធ្លាប់ធ្វើកន្លងទៅ។ មន្ត្រីប៉ូលិសទាមទារឲ្យអ្នកកាន់សាសនាគ្រិស្តទាំងនោះសុំលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានពីថ្នាក់ភូមិដល់ថ្នាក់ស្រុកទើបមានសិទ្ធិជួបជុំគ្នានេះបាន។
ក្រុមអ្នកកាន់សាសនាគ្រិស្តជាង ៥០នាក់មកពីស្រុកចំនួនបីក្នុងខេត្តរតនគិរី បានបញ្ឈប់ការជួបជុំរបស់ខ្លួនភ្លាមបន្ទាប់ពីប៉ូលិសឃុំកក់ ស្រុកបរកែវ ទាមទារឲ្យពួកគេបង្ហាញលិខិតសុំអនុញ្ញាតពី
អាជ្ញាធរមូលដ្ឋាន។
ជាទម្លាប់រៀងរាល់ដើមខែក្រុមអ្នកកាន់សាសនាគ្រិស្តតែងរៀបចំពិធីជួបជុំគ្នាសំដែងធម៌ និងសួរសុខទុក្ខគ្នាដែលគេនិយមហៅថា ពិធីជួបប្រកបគ្នា។ នៅថ្ងៃទី១ ខែមិថុនា នេះ សហគមន៍គ្រិស្តសាសនា នៅស្រុកបរកែវ ស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស បានកំណត់យកភូមិសាលាតូច ឃុំកក់ ជាកន្លែងជួបប្រកបគ្នា ក៏ប៉ុន្តែប៉ូលិសបានហាមឃាត់។
អាចារ្យប្រដៅសាសនាគ្រិស្ត លោក ក្លាន ក្លាង ចាត់ទុកបម្រាមរបស់ប៉ូលិសថា ជាការរំលោភទៅលើរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិនៃការគោរពប្រតិបត្តិសាសនា និងរំលោភទៅសេរីភាពនៃជំនឿសាសនា។ លោកកត់សំគាល់ថា ពិធីនេះសហគមន៍គ្រិស្តសាសនាបានធ្វើតាំងពីឆ្នាំ២០០៤ រហូតមក។ លើសពីនេះទៀត ការជួបជុំគ្នានេះ តំណាងអ្នកកាន់សាសនាគ្រិស្តនៅភូមិសាលាតូចបានជូនដំណឹងប្រធានភូមិរួចហើយ ហេតុនេះប៉ូលិសតម្រូវឲ្យការជួបជុំគ្នាត្រូវសុំច្បាប់គឺជាការរំលោភច្បាប់៖ «ពីមុនយើងផ្ដល់ទៅមេភូមិ ហើយមេភូមិផ្ដល់ទៅប៉ុស្តិ៍រដ្ឋបាលឃុំ ឬមេឃុំ។ ពីមុនមកធ្លាប់ប្រកបគ្នាប៉ុន្មានឆ្នាំហើយ តាំងពីឆ្នាំ២០០៤ រហូត ២០១៦ ប៉ូលិសគេចុះមករារាំងមិនឲ្យចូលរួម»។
នៅខេត្តរតនគិរី វិហារគ្រិស្តសាសនាមានជាង ៥០កន្លែង និងមានគ្រិស្តបរិស័ទជាង ២ពាន់នាក់។ ក្រៅពីនេះក៏មានគ្រិស្តបរិស័ទនៅភូមិមួយចំនួនរៀបចំពិធីសាលនានៅផ្ទះរបស់ក្រុមជំនុំដោយសារព្រះវិហារ មិនទាន់បានសាងសង់។
ឆ្លើយតបការចោទប្រកាន់របស់អ្នកកាន់សាសនាគ្រិស្តនេះ អធិការស្រុកបរកែវ លោក ជួប វណ្ណរក្ស ទទួលស្គាល់ថា ប៉ូលិសប៉ុស្តិ៍ពិតជាហាមឃាត់មិនឲ្យមានការជួបជុំគ្នានោះមែន ដោយសារតែការជួបជុំគ្នានេះមានប្រជាពលរដ្ឋមកពីច្រើនស្រុកដែលធ្វើឲ្យអាជ្ញាធរបារម្ភខ្លាចកើតមានបញ្ហាអសន្តិសុខនៅមូលដ្ឋាន។
លោកថា អាជ្ញាធរមិនបានដឹងថា ពួកគេប្រជុំគ្នាពីបញ្ហាអប់រំសាសនាទេ ទើបធ្វើការហាមឃាត់៖ «ឃើញប្រមូលផ្តុំគ្នាពីអូរយ៉ាដាវផង ពីអណ្ដូងមាសផង។ ឥឡូវយើងមិនដឹងសភាពការណ៍យ៉ាងម៉េច អ៊ីចឹងត្រូវរាយការណ៍មកអាជ្ញាធរដឹង គ្រាន់តែប្រជុំផ្សព្វផ្សាយសាសនាគ្រិស្តមួយ គ្រាន់តែជម្រាបគេឲ្យដឹង អ៊ីចឹងគេមិនដឹងថា យើងប្រមូលផ្តុំគ្នាធ្វើស្អី»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ថ្លែងថា ទំនងដោយសារស្ថានភាពនយោបាយបច្ចុប្បន្នប្រឈមទៅនឹងការប្រមូលផ្តុំគ្នាធ្វើបាតុកម្មទើបអាជ្ញាធររឹតបន្តឹងការជួបជុំគ្នា។ ម្យ៉ាងវិញទៀតអាជ្ញាធរគ្មានព័ត៌មានជាក់លាក់ពីការជួបប្រជុំរបស់ក្រុមអ្នកកាន់សាសនា រីឯក្រុមអ្នករៀបចំការជួបជុំគ្នាក៏មិនបានផ្ដល់ព័ត៌មានជាក់លាក់មកអាជ្ញាធរទើបកើតមានរឿងយល់ច្រឡំបែបនេះ៖ «បើការជួបជុំគ្នាហ្នឹងមិនពាក់ព័ន្ធផ្នែកនយោបាយគ្រាន់តែជាសាសនាទេ ត្រូវតែការពារដោយច្បាប់រដ្ឋ។ សាសនាអ្វីក៏ដោយត្រូវបើកទូលាយ»។
កាលពីខែកក្កដា ឆ្នាំ២០១៣ អ្នកដឹកនាំសាសនាគ្រិស្ត និងសាសនាឥស្លាម នៅតាមភូមិឃុំក្នុងស្រុកបរកែវ ត្រូវបានប្រធានការិយាល័យធម្មការ និងសាសនាស្រុក អញ្ជើញមកប្រជុំនៅវិហារសាសនាគ្រិស្ដភូមិកាម៉ាំង ឃុំឡាមិញ ស្រុកបរកែវ។ នៅក្នុងកិច្ចប្រជុំនោះ មន្ត្រីធម្មការបានកំណត់ឲ្យអ្នកប្រដៅសាសនាទាំងនោះកុំយកសាសនាជាឈ្នាន់នយោបាយ បើមិនដូច្នេះទេ ក្រុមអាជ្ញាធរនឹងបិទមិនឲ្យធ្វើសកម្មភាពផ្នែកសាសនាចំពោះវិហារសាសនាណាដែលប្រព្រឹត្តផ្ទុយការណែនាំនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។