គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ នៅក្នុងទិវាពលកម្មអន្តរជាតិថ្ងៃទី១ ឧសភា បង្ហាញជំហរគាំទ្រគោលនយោបាយរដ្ឋាភិបាល ក្នុងការការពារ លើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងតាមច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែបក្សប្រជាជនប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពណា ទោះមកពីប្រភពណាក៏ដោយ ដែលប៉ុនប៉ងយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅធ្វើជាមធ្យោបាយ ដើម្បីអាជីវកម្មរកចំណេញខាងនយោបាយ ដែលមិនគិតគ្រោះថ្នាក់ដល់អាយុជីវិតជាតិ និងប្រជាជន។
សេចក្ដីថ្លែងការណ៍របស់បក្សប្រជាជន ដែលកម្រចេញផ្សាយកន្លងមកសរសេរថា ៖ «ក្នុងស្មារតីនេះ គណបក្សប្រជាជនគាំទ្រពេញទំហឹងនូវរាល់វិធានការរបស់រដ្ឋាភិបាល សំដៅពង្រឹងការគោរព អនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពឡើង ដើម្បីធានាដល់នៃដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប ហើយការពារបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដែលជាការចាំបាច់ក្នុងការរក្សាអប្រក្រតីភាពនៃជីវភាពសង្គម»។
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងស្របពេលប្រធានបក្សង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានបក្ស លោក កឹម សុខា សម្ដែងមតិគាំទ្រទិវាពលកម្មអន្តរជាតិនៅក្បែរទីលានប្រជាធិបតេយ្យ ក្នុងទិវាពលកម្មអន្តរជាតិថ្ងៃទី១ ឧសភា ដូចគ្នាតស៊ូមតិរកយុត្តិធម៌ឲ្យកម្មករ ដែលត្រូវបានរំលោភបំពានសិទ្ធិសេរីភាព រួមជាមួយកម្មករនឹងអ្នកគាំទ្ររាប់ពាន់នាក់។
ក្រុមអ្នកសម្ដែងមតិបានអំពាវនាវឲ្យតុលាការយុត្តិធម៌អន្តរជាតិ រកយុត្តិធម៌ឲ្យកម្មករដែលកងកម្លាំងរដ្ឋាភិបាលបាញ់សម្លាប់ របួស និងចាប់ខ្លួនកាលពីដើមឆ្នាំ២០១៤។ ក្នុងការសម្ដែងមតិនោះ កងសន្តិសុខរដ្ឋាភិបាលបានវាយប្រជាពលរដ្ឋចូលរួមបញ្ចេញមតិរបួស ៥នាក់។
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ក៏បានចេញសេចក្ដីថ្លែងការណ៍ ស្ដីអំពីសិទ្ធិសេរីភាពកម្មករដូចគ្នាដែរ។
មិនខុសពីថ្នាក់ដឹកនាំ និងអ្នកគាំទ្របក្សសង្គ្រោះជាតិទេ ម.ស.ម.ក បានរិះគន់រដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់ការពារលើកស្ទួយសិទ្ធិសេរីភាពកម្មករ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ការពារសិទ្ធិកម្មករជាថ្មីឡើងវិញ។
សេចក្ដីថ្លែងការចេញនៅថ្ងៃទី១ ឧសភា ដែរនោះ បានស្រង់សម្ដីលោក ឌុច ពិសិដ្ឋ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស របស់ ម.ស.ម.ក ថា៖ «ទោះបីជារដ្ឋាភិបាលសន្យាហើយសន្យាទៀតក្នុងការដោះស្រាយបញ្ហានានាជុំវិញឧស្សាហកម្មកាត់ដេរក៏ដោយ ក៏ស្ថានភាពវិស័យនេះ ហាក់ដូចជាពុំទាន់ឃើញមានការអភិវឌ្ឍប្រសើរឡើងគួរឲ្យចាប់អារម្មណ៍នៅឡើយទេ។ ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំសហជីពជាច្រើនដែលកំពុងតស៊ូប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្ស ត្រូវបានអាជ្ញាធរដៅជាមុខសញ្ញាម្ដងហើយម្ដងទៀត ដែលមានអ្នកខ្លះកំពុងតែប្រឈមនឹងបទព្រហ្មទណ្ឌ ពេលថ្មីៗនេះ។ នេះគឺជាពេលវេលាដ៏ស័ក្ដិសមបំផុតដែលរដ្ឋាភិបាលត្រូវចាត់វិធានការជាក់លាក់ដើម្បីការពារសិទ្ធិកម្មករខ្មែរ ទាំងនៅក្នុងឧស្សាហកម្មកាត់ដេរ និងវិស័យផ្សេងៗទៀតនៅក្នុងបរិបទនៃសេដ្ឋកិច្ច»។
ថ្មីៗនេះរដ្ឋាភិបាលមិនអនុញ្ញាតឲ្យកម្មករប្រារព្ធទិវាពលកម្មអន្តរជាតិនៅតាមទីសាធារណទេ ដោយសំអាងថា នាំឲ្យខូចសណ្ដាប់ធ្នាប់សាធារណ។
ចំណែកបក្សសង្គ្រោះជាតិ ដែលសុំច្បាប់ឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង រាជធានីវិញ ក៏រដ្ឋាភិបាលមិនអនុញ្ញាតដែរ ដោយសំអាងហេតុផលដូចគ្នា។
ទន្ទឹមពេលនេះរដ្ឋាភិបាលបានដាក់រាយបន្លាលួសជុំវិញទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទៅ៣០ មេសា ការពារកម្មករ ឬអ្នកគាំទ្របក្សសង្គ្រោះជាតិ យកទីលាននេះធ្វើជាវេទិកាតស៊ូមតិប្រឆាំងរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
