សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ

មេ​ដឹក​នាំ​សមាគម​គ្រូ និង​ក្រុម​គ្រូ​បង្រៀន បាន​អះអាង​ថា នឹង​រៀប​ចំ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នៅ​ទីលាន​ប្រជាធិបតេយ្យ តាម​ការ​គ្រោង​ទុក ទោះ​សមត្ថកិច្ច​ព្រមាន​ឃាត់​ខ្លួន​មេ​ដឹក​នាំ​ខ្លួន​បែប​ណា​ក៏ដោយ។ បញ្ហា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ទីលាន​ប្រជាធិបតេយ្យ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក ព្រោះ​យល់​ថា ពិធី​នេះ​មិន​មែន​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​បុគ្គល​ណា​ម្នាក់​ទេ។

0:00 / 0:00

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ថា ទិវា​គ្រូ​បង្រៀន​ពិភពលោក ត្រូវ​បាន​ប្រទេស​ទូទៅ​នៅ​លើ​សកលលោក​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។ ប៉ុន្តែ នៅ​កម្ពុជា ត្រូវ​ចំ​ពេល​មាន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ សមាគម​ក៏​លើក​ពិធី​នេះ​មក​រៀប​ចំ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា វិញ។

លោក រ៉ុង ឈុន អះអាង​ថា ទោះ​អាជ្ញាធរ​បាន​ហាម​ឃាត់ ក៏​ក្រុម​គ្រូ​បង្រៀន​នឹង​យក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​រៀប​ចំ​ពិធី​នេះ​មិន​ផ្លាស់​ប្ដូរ​ទេ៖ «បើ​សិន​ជា​អាជ្ញាធរ​ប្រើប្រាស់​នូវ​រាល់​សកម្មភាព​ទាំង​ឡាយ ដែល​ផ្ទុយ​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស យើង​គិត​ថា វា​ជា​ទង្វើ​អាក្រក់​មក​លើ​គ្រូ​បង្រៀន។ ហើយ​ដែល​មាន​ប្រទេស​ជាច្រើន​គេ​កំពុង​ឃ្លាំ​មើល​រាល់​សកម្មភាព​នៅ​កម្ពុជា យើង ពីព្រោះ​យើង​ដឹង​ហើយ​ថា សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ជា​សមាគម​មួយ ជា​សមាជិក​មួយ​របស់​អង្គការ​អប់រំ​អន្តរជាតិ ដែល​មាន​សមាជិក​ជាង ៣០​លាន​នាក់»

ទិវា​គ្រូ​បង្រៀន​ពិភពលោក​ឆ្នាំ​នេះ ក្រោម​ប្រធាន​បទ "អំពាវនាវ​ចំពោះ​គ្រូ​បង្រៀន​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជា​គំរូ សម្រាប់​គុណភាព​អប់រំ"។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ក៏​បាន​រិះគន់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ផ្ដល់​ទីលាន​ប្រជាធិបតេយ្យ​ដល់​សមាគម​គ្រូ​បង្រៀន រៀប​ចំ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ឆ្នាំ​នេះ។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) ថ្លែង​ថា គ្មាន​ហេតុផល​ដែល​អាជ្ញាធរ​ហាម​ឃាត់​សមាគម​គ្រូ​មិន​ឲ្យ​ធ្វើ​ពិធី​សាទរ​ទិវា​គ្រូ​បង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​ទេ។ លោក​ថា ទីលាន​ប្រជាធិបតេយ្យ រដ្ឋាភិបាល​បាន​បង្កើត​ទុក​សម្រាប់​ផ្តល់​ជូន​អង្គការ​សមាគម​នានា ធ្វើ​ពិធី​ជួប​ជុំ​សម្ដែង​មតិ​ផ្សេងៗ។ ប៉ុន្តែ បើ​ទីតាំង​នៅ​ទំនេរ អាជ្ញាធរ​បែរ​ជា​មិន​ផ្តល់​ជូន​ជា​រឿង​ចម្លែក​មួយ៖ «នៅ​ទូទាំង​ពិភពលោក ប្រទេស​ណា​ក៏​គេ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​នេះ​ដែរ។ ប៉ុន្តែ​ដោយ​ឡែក​នៅ​កម្ពុជា រដ្ឋាភិបាល​លោក​ជាប់​រវល់​ជាមួយ​ទឹក​ជំនន់ ឬ​បញ្ហា​ផ្សេងៗ មិន​បាន​ប្រារព្ធ​នូវ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នេះ​ទេ ហើយ​បើ​មាន​ប្រជាពលរដ្ឋ អង្គការ សមាគម​នានា ប្រារព្ធ វា​គួរ​តែ​ផ្តល់​ការ​លើក​ទឹក​ចិត្ត ដើម្បី​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​នេះ​ឡើង»

ក្រុម​គ្រូ​បង្រៀន ឲ្យ​ដឹង​ថា តាម​រយៈ​ទិវា​គ្រូ​បង្រៀន​ពិភពលោក នឹង​ឡើង​ថ្លែង​សារ​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ជួយ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន​ឲ្យ​បាន ១​លាន​រៀល​ក្នុង​១​ខែ។

គ្រូ​បង្រៀន​តាម​ខេត្ត​មួយ​ចំនួន បាន​អះអាង​ថា នឹង​មក​ចូល​រួម​ប្រារព្ធ​ទិវា​នេះ​តាម​ការ​អំពាវនាវ​របស់​មេ​ដឹក​នាំ​សមាគម​គ្រូ​បង្រៀន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា ទោះ​អាជ្ញាធរ​រារាំង​ក្តី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក របស់​សមាគម​គ្រូ​បង្រៀន​នេះ​បាន​ទេ​តាម​ទូរស័ព្ទ។

ប៉ុន្តែ លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ថា អាជ្ញាធរ​មិន​អាច​ផ្តល់​ជូន​ទីលាន​ប្រជាធិបតេយ្យ​ជូន​គ្រូ​បង្រៀន​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា។ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​នេះ​នៅ​ទីស្នាក់ការ ឬ​ទីតាំង​ឯកជន​ណា​មួយ​ជំនួស​វិញ៖ «ការ​ដែល​យើង​មិន​អនុញ្ញាត គឺ​ទី​១ ទិវា​គ្រូ​បង្រៀន​ពិភពលោក​វា​មិន​មែន​ជា​ទិវា​សម្រាប់​តែ​សមាគម លោក រ៉ុង ឈុន មួយ​នោះ​ទេ គឺ​ជា​ទិវា​គ្រូ​បង្រៀន​អន្តរជាតិ។ មាន​ន័យ​ថា ទិវា​នេះ​នឹង​មាន​ការ​គោរព​តាម​អង្គការ ឬ​ស្ថាប័ន​នានា ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​ជាដើម ក៏​គេ​អាច​គោរព​ទិវា​នេះ​បាន​ដូច​គ្នា​ដែរ។ ដូច្នេះ វា​មិន​មែន​ជា​ការ​គោរព​ផ្តាច់​មុខ​របស់​គាត់ ដែល​គាត់​ត្រូវ​ធ្វើ​ការ​ហែ​ក្បួន​តាម​ទី​សាធារណៈ​អ៊ីចឹង​ទេ។ ដូច្នេះ មូលហេតុ​ដែល​យើង​មិន​អនុញ្ញាត គឺ​អ៊ីចឹង»

លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា តាម​គម្រោង ទិវា​គ្រូ​បង្រៀន​ពិភពលោក អាច​មាន​ក្រុម​គ្រូ​បង្រៀន កម្មករ និង​សិស្ស​និស្សិត​យ៉ាង​តិច ៦០០​នាក់​ចូល​រួម ហើយ​ថា ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ឆ្នាំ​នេះ ក៏​នឹង​មាន​ហែ​ក្បួន​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ដាក់​ញត្តិ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា រដ្ឋសភា​ជាតិ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថែម​ទៀត។

លោក​ឲ្យ​ដឹង​ថា ខ្លឹមសារ​ក្នុង​ញត្តិ ក្រុម​គ្រូ​បង្រៀន​បាន​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដំឡើង​ប្រាក់​បៀវត្ស​អប្បបរមា ១​លាន​រៀល​ក្នុង​១​ខែ ផ្តល់​សិទ្ធិ​សេរីភាព​ជូន​គ្រូ​បង្រៀន និង​បញ្ឈប់​ការ​រើសអើង​គ្រូ​បង្រៀន និង​ត្រូវ​វិនិយោគ​លើ​គ្រូ​បង្រៀន​ចាប់​ពី​ពេល​នេះ​ត​ទៅ ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។