សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសហភាពការងារកម្ពុជា ធ្វើទិវាពលកម្មអន្តរជាតិ នៅទីលានប្រជាធិបតេយ្យទេនៅថ្ងៃទី១ ឧសភា។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រសាសន៍នៅល្ងាចថ្ងៃទី២៤ មេសា ថា អាជ្ញាធរសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើទិវាពលកម្មអន្តរជាតិ នៅតាមទីលានសាធារណៈទេ ទាំងនៅទីលានប្រជាធិបតេយ្យ និងទីលានសាធារណៈផ្សេងទៀត ព្រោះអ្នកចង់ធ្វើនៅទីលានសាធារណៈនោះមានច្រើន ទាំងស្ថាប័នរដ្ឋ និងអង្គការផ្សេងៗទៀត។
លោក ឡុង ឌីម៉ង់៖ «យើងមិនអាចអនុញ្ញាតឱ្យគាត់ធ្វើនៅទីលានប្រជាធិបតេយ្យទេ តែយើងអនុញ្ញាតឱ្យគាត់ប្រារព្ធទិវាអន្តរជាតិហ្នឹងនៅតាមទីស្នាក់ការរបស់គាត់ ឬនៅតាមទីតាំងឯកជនណាមួយ ដែលម្ចាស់គេឯកភាពទៅ។ គាត់អាចធ្វើនៅក្នុងទីតាំងរោងចក្រអីទៅ ប្រសិនបើម្ចាស់ទីតាំង ឬម្ចាស់រោងចក្រគេឯកភាព គឺធ្វើនៅក្នុងទីតាំងនោះតែម្ដង គឺមិនអនុញ្ញាតឱ្យធ្វើនៅទីលានប្រជាធិបតេយ្យហ្នឹងទេ ដូចយើងបានជម្រាបគាត់មុនៗអ៊ីចឹង។ ឥឡូវនេះ យើងឯកភាពគ្នាថាធ្វើលិខិតទៅក្រសួងមហាផ្ទៃ ហើយ។ ក៏ប៉ុន្តែ យើងមិនអាចជូនគាត់នៅទីលានប្រជាធិបតេយ្យបានទេ ដោយសារទីនោះយើងទុកឱ្យនៅទំនេរ ដើម្បីទុកបង្កលក្ខណៈរហូតដល់យើងមានការស៊ើបអង្កេតចេញជាលទ្ធផលហើយសិន អំពីអំពើហិង្សា និងអនាធិបតេយ្យកន្លងមក»។
អគ្គលេខាធិការនៃសហភាពការងារកម្ពុជា លោក គង់ អាទិត្យ ថ្លែងថា សាលារាជធានីភ្នំពេញ ផ្ដល់ហេតុផលដដែល ហើយក្រុមលោកនឹងនៅធ្វើទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីលានប្រជាធិបតេយ្យដដែល បើសិនសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យធ្វើនៅទីលានសាធារណៈណាមួយផ្សេងទៀត។
ថ្ងៃទី១ ខែឧសភា គឺជាថ្ងៃដែលពលរដ្ឋជាច្រើននៅលើពិភពលោក និងកម្ពុជា ផង ប្រារព្ធធ្វើទិវាពលកម្មអន្តរជាតិជារៀងរាល់ឆ្នាំ។ ទិវានេះ គឺជាការរំឭកដល់វិភាគទានរបស់ពលករដែលធ្វើឱ្យប្រទេសរបស់គេបានរឹងមាំ រុងរឿង និងមានសុខុមាលភាព ទាំងវិស័យសេដ្ឋកិច្ច និងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
