សង្គម​ស៊ីវិល​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់​វិស័យ​សារព័ត៌មាន

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ផ្ដល់​សិទ្ធិ​ឲ្យ​បាន​ទូលំទូលាយ​ចំពោះ​វិស័យ​សារព័ត៌មាន ជា​ពិសេស​ត្រូវ​មាន​ការ​គាំពារ​ដោយ​ច្បាប់​មួយ​ដ៏​ជាក់លាក់ និង​ត្រូវ​ហ៊ាន​ដាក់​ទោស​ប្រឆាំង​អ្នក​បំពាន​លើ​អ្នក​កាសែត ជា​ជាង​ត្រឹម​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស។

សារ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ឡើង​នៅ​ពេល​នេះ គឺ​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ក្រោយ​ពី​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កំណត់​ថ្ងៃ​ទី​៣ ឧសភា ជា​ទិវា​រំលឹក​គុណ​ចំពោះ​អ្នក​កាសែត ដែល​លះបង់​អាយុ​ជីវិត និង​រង​ការ​គំរាម​កំហែង​នៅ​ជុំវិញ​ពិភពលោក។

អង្គការ និង​សមាគម​ចំនួន ១៤​អង្គភាព​ដែល​ធ្វើ​កិច្ចការ និង​តាម​ដាន​យ៉ាង​ដិតដល់​ជុំវិញ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា បង្ហាញ​កង្វល់​ពី​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល ដែល​ស្ថាប័ន​សង្គម​ស៊ីវិល​ទាំង​នេះ ចាត់​ទុក​ថា នៅ​តែ​មាន​អ្នក​កាសែត​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​បុព្វហេតុ​បេសកកម្ម​របស់​ខ្លួន និង​រង​ការ​គំរាមកំហែង​ពី​សុវត្ថិភាព ក៏ប៉ុន្តែ​អ្នក​ប្រព្រឹត្តិ​បទល្មើស​នៅ​តែ​ស្ថិត​ក្រៅ​ប្រព័ន្ធ​ច្បាប់ ហើយ​វា​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​និទ្ទណ្ឌភាព​មួយ​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

នៅ​ក្នុង​ថ្លែងការណ៍​រួម​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ដែល​សេចក្ដី​ថ្លែងការណ៍​នោះ គឺ​ចេញ​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក អង្គការ និង​សមាគម​ទាំង ១៤​អង្គភាព​រក​ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អ្នក​សារព័ត៌មាន និង​អ្នក​ធ្វើ​ការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ត្រូវ​បាន​វាយ​ប្រហារ ឃុំ​ខ្លួន និង​ធ្វើ​ឃាត ហើយ​រាល់​ការ​បោះពុម្ព​ផ្សាយ​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង ឬ​អាច​ប្រឈម​ការ​បិទ​ទៀត​ផង។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​បែប​នេះ វា​គឺ​ជា​ការ​រារាំង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សេរីភាព​ខាង​បញ្ចេញ​មតិ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ជាង​នេះ​ទៀត អង្គការ និង សមាគម​ទាំង​នេះ​រក​ឃើញ​ថា អ្នក​បំពេញ​កិច្ចការ​លើ​វិស័យ​សារព័ត៌មាន​នៅ​តែ​ពុំ​ទាន់​មាន​ភាពឯករាជ​ពេញលេញ​ក្នុង​អាជីព​របស់​ខ្លួន​នៅ​ឡើយ។ ក្រៅ​ពី​នេះ មាន​អង្គភាព​នៃ​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ទៅ​ទំនោរ​ទៅ​រក​គណបក្ស​កាន់​អំណាច ហើយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ត្រូវ​បាន​រឹតត្បិត ជា​ពិសេស​អត្ថបទ​ត្រូវ​បាន​ត្រួត​ពិនិត្យ ដោយ​ភ្នាក់ងារ​រដ្ឋ​មុន​ពេល​ចេញ​ផ្សាយ​ថែម​ទៀត​ផង។

អ្នក​សម្របសម្រួល​គម្រោង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី ថ្លែង​ថា ថ្វី​បើ​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មាន​មនុស្ស​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​លើ​ជំនាញ​កាសែត ក៏​អាជីព​មួយ​នេះ​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​ឧបសគ្គ ហើយ​ភាគ​ច្រើន​ពួក​គេ​ត្រូវ​ប្រឈម​ហានិភ័យ​ពី​អាយុ​ជីវិត​ខ្ពស់​នៅ​ឡើយ។

ឈុនលី បន្ត​ថា អ្នក​ប្រព្រឹត្ត​បទល្មើស​សម្លាប់​អ្នក​កាសែត​តិចតួច​ប៉ុណ្ណោះ ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​ផ្ដន្ទាទោស ប៉ុន្តែ​ការ​ប្រឈម​ចំពោះ​មុខ​នេះ អ្នក​ទាំង​នោះ​នៅ​តែ​រក​ឃើញ​ថា អាច​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​បាន​ដដែល៖ «ជា​ពិសេស​នៅ​ឆ្នាំ​មុន ឆ្នាំ​២០១៤ យើង​ឃើញ​មាន​រឿងរ៉ាវ​ច្រើន មាន​អ្នក​កាសែត​ដែល​ត្រូវ​រង​របួស មាន​អ្នក​កាសែត​ដែល​ត្រូវ​គេ​សម្លាប់​អ៊ីចឹង។ ប៉ុន្តែ​នៅ​មាន​ករណី​អ្នក​កាសែត​មួយ​ចំនួន​ដែល​កើត​ឡើង​មុន​ហ្នឹង ប៉ុន្តែ​សួរ​ថា តើ​ករណី​អស់​ហ្នឹង ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​ជាក់លាក់​អត់? គឺ​អត់​ទេ»

ទីប្រឹក្សា​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់​ថា គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រមាណ​ជិត ៤០០​ស្ថាប័ន ដោយ​រាប់​ទាំង​កាសែត​បោះ​ពុម្ព​ផ្សាយ វិទ្យុ ទូរទស្សន៍ ព្រឹត្តិបត្រ គេហទំព័រ និង​ទស្សនាវដ្ដី​ជា​ដើម​ផង។ ដោយ​ឡែក សម្រាប់​វិទ្យុ​ទាំង​ផ្សាយ​ផ្ទាល់ ផ្សាយ​បន្ត​ប្រមាណ ២៤០​ស្ថានីយ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​សម្រាប់​ភ្នំពេញ មាន​ស្ថានីយ​វិទ្យុ​ប្រមាណ ១០០​អង្គភាព​ទៅ​ហើយ។ ទន្ទឹម​នឹង​នេះ ទូរទស្សន៍​ចំនួន ២៤​ស្ថានីយ។ ចំណែក​ទូរទស្សន៍​ខ្សែកាប​ចំនួន ១៥៣ ក្រុមហ៊ុន​កំពុង​ដំណើរការ​សព្វថ្ងៃ។ ក្រៅ​ពី​នេះ នៅ​មាន​ភ្នាក់ងារ​កាសែត​បរទេស​ចំនួន ៤០​អង្គភាព​ទៀត​ក៏​កំពុង​ប្រតិបត្តិការ​របស់​ខ្លួន​ដែរ​នៅ​កម្ពុជា។

ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ អ្នក​សម្របសម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី យល់​ឃើញ​ថា ថ្វី​បើ​ស្ថាប័ន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មើល​ទៅ​ហាក់​រីក​លូតលាស់​ដែល​បញ្ជាក់​ពី​ប្រសិទ្ធភាព​ពេញលេញ​នៃ​ប្រជាធិបតេយ្យ តែ​ធាតុ​ពិត​ការ​រីក​ដុះដាល​នេះ បាន​តែ​បរិមាណ​ប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នេះ​ទៀត ឈុនលី ថ្លែង​ថា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​តិចតួច​ណាស់​ឈរ​លើ​វិជ្ជាជីវៈ និង​ក្រុម​សីលធម៌​របស់​ខ្លួន​សម្រាប់​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​នោះ។

កញ្ញា ឆាយ ឈុនលី បន្ត​ថា៖ «អ្វី​ដែល​យើង​សំដៅ​ហ្នឹង គឺ​ចង់​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ឯករាជ្យ។ ប៉ុន្តែ​សួរ​ថា បើ​មើល​នៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន សួរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​ប៉ុន្មាន ភាគរយ​ដែល​យើង​ជឿជាក់​ថា​ឯករាជ្យ?»

ថ្លែង​នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មេសា កញ្ញា ស្រី សុធាវី នាយិកា​ប្រតិបត្តិការ​នៃ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​រួច​ហើយ​លើ​សេចក្ដី​ប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិមនុស្ស​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​ក៏​សិទ្ធិ​សេរីភាព​នៃ​សារព័ត៌មាន​នៅ​តែ​ត្រូវ​បាន​រឹតត្បិត និង​រំលោភ​បំពាន​ដូច​មុន ជា​ពិសេស ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​ធ្លាក់​ចុះ ដែល​ពុំ​ធ្លាប់​មាន​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ ក្រោយ​បោះ​ឆ្នោត​ជា​សាកល​រួច​កាល​ពី​ឆ្នាំ​២០១៣។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ពេល​នោះ ត្រូវ​ស្ថិត​ក្រោម​ការ​ដាក់​កម្រិត​ការ​សង្កេត​ពី​រដ្ឋាភិបាល និង​ក្រសួង​ព័ត៌មាន​ថែម​ទៀត​ផង។

កញ្ញា ស្រី សុធាវី៖ «បច្ចុប្បន្ន​ថ្វី​ត្បិត​តែ​សារព័ត៌មាន មាន​ការ​រីក​លូតសាស់ តែ​វិស័យ​នេះ ពុំ​មាន​ទាន់​មាន​ឱកាស​ទូលំទូលាយ​ក្នុង​ការ​ប្រតិបត្តិ​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ ដោយ​សេរីភាព និង​ឯករាជភាព​នៅ​ឡើយ។ ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​នៅ​តែ​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ជានិច្ច។ អ្នក​សារព័ត៌មាន និង​ចាងហ្វាង​កាសែត​មួយ​ចំនួន ត្រូវ​បាន​ធ្វើ​ឃាត ដក​ហូត​សិទ្ធិ បិទ​ស្ថាប័ន ប្រឈម​ការ​វាយ​ប្រហារ ។ល។»

បើ​ទោះ​ជា​បែប​ណា របាយការណ៍​របស់​អង្គការ ហ្វ្រីដឹម ហៅស៍ (Freedom House) រក​ឃើញ​ថា សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា ទទួល​ចំណាត់​ថ្នាក់​លេខ​រៀង ១៥៤ ក្នុង​ចំណោម​ប្រទេស ១៩៩ ជា​ប្រទេស​ដែល​ពុំ​មាន​សេរីភាព​ផ្នែក​សារព័ត៌មាន​ឡើយ។

សម្រាប់​របាយការណ៍​រួម​របស់​ក្រុម​អង្គការ និង​សមាគម​ទាំង ១៤​អង្គភាព​វិញ ដែល​ចេញ​ផ្សាយ​ចំ​ថ្ងៃ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃ​ទី​៣ ឧសភា ក្រៅ​ពី​បង្ហាញ​ក្តី​កង្វល់​ជុំវិញ​ស្ថានភាព​របស់​អ្នក​កាសែត ថា​នៅ​តែ​ជា​ឧបករណ៍​​ដ៏​គ្រោះ​ថ្នាក់​នៅ​ឡើយ​នោះ។ ទន្ទឹម​នឹង​នេះ ស្ថាប័ន​ដែល​ធ្វើ​ការ​យ៉ាង​ដិតដល់​រឿង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ ក៏​បាន​ដាក់​ចេញ​នូវ​គោលការណ៍​​ធំៗ ចំនួន ៧ ក្នុង​នោះ​ក្រសួង​ព័ត៌មាន​​គួរ​​បង្កើត​ឲ្យ​មាន​អង្គភាព​ផ្ដល់​អាជ្ញាប័ណ្ណ​ដោយ​តម្លាភាព ប្រព័ន្ធ​តុលាការ ត្រូវ​ចាត់​វិធានការ​ដើម្បី​​​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​ចំពោះ​អ្នក​កាសែត និង​រដ្ឋសភា​គួរ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ក្នុង​ក្រមព្រហ្មទណ្ឌ បទ​បរិហារកេរ្តិ៍ មាត្រា ៣០៥ បទ​ប្រមាថ មាត្រា ៥០២ ការ​ប្តឹង​បង្កាច់​បរិហារ​កេរ្តិ៍ មាត្រា ៣១១ និង​បទ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ មាត្រា ៥២៣ ជាដើម។

ការ​ផ្ដល់​​​អនុសាសន៍​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​យល់​ឃើញ​ថា ទាំង​រដ្ឋាភិបាល តុលាការ និង​ក្រសួង​ព័ត៌មាន​ផង នៅ​តែ​ខកខាន​នៅ​ឡើយ​លើ​ចំណាត់​ការ​របស់​ខ្លួន​ដែល​ពុំ​ទាន់​បាន​ធានា​លើ​អាជីព​​ជា​អ្នក​សារព័ត៌មាន ដើម្បី​អាច​ឲ្យ​ពួក​គេ​បំពេញ​កិច្ចការ​ដោយ​ឯករាជ្យ និង​លើ​វិជ្ជាជីវៈ។

ដោយ​ឡែក​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថ្លែង​ថា ដោយ​មិន​ទាន់​គិត​ចំនួន​តួលេខ​នៃ​វិស័យ​សារព័ត៌មាន​នៅ​ឡើយ​ផង ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ធ្លាក់​ចុះ​នោះ។ ជាង​នេះ​ទៀត ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ពិសេស​សិទ្ធិ​សេរីភាព​នៃ​សារព័ត៌មាន ក៏​ទទួល​រង​សម្ពាធ​ពី​បរិយាកាស​នយោបាយ​បាន​រុញ​ច្រាន​ឲ្យ​វិស័យ​សារព័ត៌មាន​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​២០១៤ ដែរ។ ទិដ្ឋភាព​ដូច​នេះ ត្រូវ​បាន​លោក ប៉ា ងួនទៀង ប្រៀបធៀប​ថា គឺ​មិន​ខុស​គ្នា​ឡើយ​ទៅ​នឹង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ កាល​ឆ្នាំ​១៩៩៧ ទេ។

អ្នក​កាសែត​បាន​ក្លាយ​ជា​មុខ​សញ្ញា​មួយ​បន្ថែម​ទៀត​ពី​ការ​សម្លាប់​បំបិទ​មាត់ ដោយ​យោធា​កាល​ណោះ៖ «ប្រទេស​កម្ពុជា មាន​ការ​រងគ្រោះ​ដោយសារ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ កាល​ណោះ គឺ​បរិយាកាស​នយោបាយ​បាន​ចាក​ផុត​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ការ​សម្លាប់​រង្គាល ការ​បាត់​ខ្លួន​បាន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ។ ដូច្នេះ​ឆ្នាំ​២០១៤ បើ​យើង​និយាយ​ពី​បរិយាកាស​វិញ​វា​ប្រហាក់ប្រហែល​អ៊ីចឹង គឺ​វា​ស្ថិត​ក្នុង​ការ​ភ័យ​ខ្លួន​មួយ​នៃ​អារម្មណ៍​អ្នក​សារព័ត៌មាន ជាពិសេស​នៅ​កន្លែង​ទីលាន​ប្រជាធិបតេយ្យ និង​កន្លែង​ដែល​មាន​ការ​ប្រមូល​ផ្តុំ​តវ៉ា​មួយ​ចំនួន​ទៀត»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ពី​មន្ត្រី​រដ្ឋាភិបាល ដើម្បី​បំភ្លឺ​ជុំវិញ​ចំណាត់ការ​ប្រឆាំង​អ្នក​សម្លាប់​មក​លើ​អ្នក​កាសែត។ ក៏ប៉ុន្តែ កន្លង​ទៅ​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​អះអាង​ថា សំណុំ​រឿង​ឃាតកម្ម​ទៅ​លើ​កាសែត នគរបាល​យុត្តិធម៌​ពុំ​ដែល​បាន​បិទ​សំណុំរឿង​ទុក​ឡើយ។ បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ចុះ មាន​មនុស្ស​តិចតួច​ណាស់​ដែល​ត្រូវ​គេ​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​ចំពោះ​ការ​បាញ់​សម្លាប់​ទៅ​លើ​អ្នក​កាសែត និង​គំរាមកំហែង​ក្រោម​ហេតុផល​មួយ​ចំនួន។

របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក​ដល់​ឆ្នាំ​២០១៥ មាន​អ្នក​សារព័ត៌មាន​ជាង ១៣​នាក់​ហើយ ត្រូវ​បាន​សម្លាប់ និង ២៥​នាក់​ស្ថិត​ក្រោម​ការ​គំរាម​កំហែង។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ទទួល​ស្គាល់​ថា ក្រសួង​សាមី​ពុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​សាច់ញាតិ​របស់​ជនរងគ្រោះ​ដោយ​ផ្ទាល់ តតាំង​តាម​យន្តការ​ច្បាប់​ដើម្បី​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។ លើស​ពី​នេះ​ទៀត​នេះ លោក​ថ្លែង​ថា អាច​មាន​នៅ​មធ្យោបាយ​មួយ​ទៀត គឺ​កម្ពុជា​នៅ​មាន​សមាគម​អ្នក​កាសែត និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​រួម​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​ប្រឆាំង​រាល់​ការ​គំរាម​កំហែង និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​មក​លើ​អ្នក​កាសែត។

លោក​ចាត់​ទុក​ថា នេះ​ប្រហែល​ជា​វិធីសាស្ត្រ​អាច​មាន​ប្រសិទ្ធភាព ហើយ​បន្ត​រក​យុត្តិធម៌ លុះ​ត្រា​រក​ឃើញ​ស​ខ្មៅ៖ «ខ្ញុំ​គិត​ថា ទាំង​សមាគម​អ្នក​សារព័ត៌មាន ទាំង​ក្រុម​គ្រួសារ​ហ្នឹង ពួក​គាត់​ត្រូវ​ប្រឹង​តស៊ូ​មតិ។ ឧទាហរណ៍​ថា បើ​សិន​ជា​អ្នក​រងគ្រោះ​គាត់​នៅ​ស្ងៀម គេ​ហៅ​ថា មិន​តស៊ូ​មតិ​ធ្វើ​អី​មួយ តើ​ក្រសួង​ធ្វើ​អី​កើត​អ៊ីចឹង? សមាគម​អ្នក​សារព័ត៌មាន​ទាំង​អស់​ហ្នឹង​គួរ​តែ​រួម​គ្នា​ទៅ​ថា តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ការ​ស៊ើប​អង្កេត? ឬ​ក៏​ករណី​ដែល​កើត​កន្លង​មក​ហ្នឹង យើង​អាច​រក​ឃើញ​ខ្លះ​អ៊ីចឹង»

បើ​​ទោះ​ជា​បែប​ណា លោក អ៊ុក គឹមសេង យល់​ឃើញ​ថា បញ្ហា​ដែល​តែង​កើត​ចំពោះ​អ្នក​កាសែត ដូច​ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ និង​គំរាម​ប្រមាថ​អាយុ​ជីវិត ភាគ​ច្រើន​ណាស់ គឺ​ជា​អ្នក​កាសែត​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​ផល​ប្រយោជន៍ ដូច​ជា​ចាប់​ឈើ ឬ​ជំរិត​ទារ​ប្រាក់​អី​ជា​ដើម។ ក៏ប៉ុន្តែ​បើ​អ្នក​ដែល​បំពេញ​មុខងារ​តាម​វិជ្ជាជីវៈ​វិញ លោក​អះអាង​ថា កម្រ​ឃើញ​មាន​បញ្ហា​កើត​ឡើង​ណាស់។

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ឲ្យ​មាន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា។ មូលហេតុ​ដែល​ជំរុញ​ឲ្យ​មាន​ទិវា​នេះ​ឡើង គឺ​ដើម្បី​រំលឹក​គុណ​អ្នក​កាសែត​ដែល​បាន​បូជា​ជីវិត​ក្នុង​បុព្វហេតុ​នៃ​ការ​បំពេញ​ការងារ​របស់​ខ្លួន និង​លើក​កម្ពស់​សិទ្ធិ​សេរីភាព ព្រម​ទាំង​ឯករាជភាព​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។