ក្រុមស្ត្រីជាអ្នកទោសនៅក្នុងពន្ធនាគារព្រៃស ឬគេស្គាល់ជាទូទៅថា ម២ បានតវ៉ាថា មានអំពើពុករលួយ និងអយុត្តិធម៌ ក្នុងការគ្រប់គ្រងអ្នកទោសនៅក្នុងពន្ធនាគារ។
ស្ត្រីជាអ្នកទោសម្នាក់សុំមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី១០ ខែមីនា ថា គាត់ធ្លាប់ត្រូវមន្ត្រីពន្ធនាគារតម្រូវឲ្យបង់ប្រាក់ចំនួន ៥០ដុល្លារ ដើម្បីដូរទៅស្នាក់នៅបន្ទប់អាគារ «ក» ឬអាគារ អា «A»។ ប៉ុន្តែគាត់ស្នាក់នៅក្នុងអាគារនោះបានមិនដល់ ២ខែផង ស្រាប់តែមន្ត្រីពន្ធនាគារដោះដូរឲ្យគាត់មករស់នៅអាគារ «គ» ឬអាគារ សេ «C» ដោយសារតែគាត់មិនមានលុយសូកលុយទៅមន្ត្រីទាំងនោះទៀត៖ «ជួនកាលអ្នកខ្លះទិញកន្លែងគេគេង ហើយបានស្រួលបួលហើយដល់ពេលបង្ខំឲ្យគាត់ធ្វើការ គាត់ចាស់ គាត់ឈឺ អ៊ីចឹងគាត់អត់បានទៅធ្វើការ គេខឹងគេយកមកដាក់នៅអាគារសេនេះ គឺគេអត់ចាក់សោឲ្យចេញនោះទេ»។
ស្ត្រីដដែលបញ្ជាក់ថា អាគារ «ក» មានទីធ្លាទូលាយជាងអាគារ «គ» ហើយចំនួនមនុស្សស្នាក់នៅក៏ដាក់តិច និងទូលាយជាង ទើបធ្វើឲ្យអ្នករស់នៅក្នុងពន្ធនាគារចង់ទៅស្នាក់នៅអាគារនោះ។ ម្យ៉ាងមន្ត្រីពន្ធនាគារតែងបើកទ្វារឲ្យអ្នកទោសនៅក្នុងអាគារ «ក» ចេញដើរហាត់ប្រាណទៀងទាត់តាមម៉ោងកំណត់ពីម៉ោង ៨ ដល់ម៉ោង ១០ព្រឹក។ រីឯអ្នកទោសស្នាក់នៅអាគារ «គ» វិញ បើទោះបីជាអ្នកទោសដូចគ្នាក៏ពិតមែន ប៉ុន្តែគ្មានលុយសូកមន្ត្រីពន្ធនាគារនោះ គឺត្រូវដេកចង្អៀតណែន ម្យ៉ាងការបើកទ្វារឲ្យចេញដើរហាត់ប្រាណក៏យឺតយ៉ាវ គឺរហូតដល់ម៉ោង ៩ព្រឹក ទើបបើកឲ្យចេញ ហើយឆ្មាំគុកតម្រូវឲ្យចូលក្នុងបន្ទប់មុនគេថែមទៀត។
ស្ត្រីជាអ្នកទោសដដែលបន្តថា ប្រសិនបើអ្នកទោសណាមានលុយពី ៥០ ទៅ ១០០ដុល្លារនោះ អាចដោះដូរទៅនៅអាគារ «ក» បានភ្លាមៗ។ មួយវិញទៀត អាគារអ្នកទោសដែលមិនមានលុយសូកឲ្យមន្ត្រីពន្ធនាគារ ជារឿយៗមន្ត្រីពន្ធនាគារឧស្សាហ៍ចុះមកឆែកឆេរញឹកញាប់ ធ្វើឲ្យពួកគាត់បាត់បង់របស់មួយចំនួន និងជួនកាលឆ្មាំពន្ធនាគារជាបុរសទាំងនោះសម្រុកមកឆែកឆេរចំពេលដែលស្ត្រីអ្នកទោសងូតទឹក ឬចោមពុងគេងក៏មាន ដែលទង្វើទាំងនោះមិនគួរគប្បីនោះទេ។
ស្រ្តីជាទោសម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដែរថា អ្នកទោសនៅអាគារ «គ៣» និង «គ៤» ភាគច្រើនជាមានវ័យចាស់ៗ និងមានផ្ទុកជំងឺផ្សេងៗរស់នៅលាយឡំគ្នា។ ការយឺតយ៉ាវឲ្យចេញដើរហាត់ប្រាណធ្វើឲ្យជើងពួកគាត់ស្ពឹកស្រពន់។
ស្ត្រីដដែលស្នើសុំឲ្យមន្ត្រីពន្ធនាគារបញ្ឈប់បង្ខំជំរិតទារប្រាក់ពីអ្នកទោស និងផ្តល់សិទ្ធិដល់អ្នកទោសឲ្យបានស្មើគ្នា៖ «ខ្ញុំមានជំងឺ ខ្ញុំសុំគេអត់ទៅធ្វើការ គេអត់សុខចិត្ត គេឲ្យខ្ញុំទៅធ្វើការ តែខ្ញុំអត់ទៅ ដូច្នេះគេដូរមកខាងសេ តែម្ដង អត់ចាក់សោឲ្យចេញទេទាល់តែម៉ោង ៩ បានចាក់ឲ្យចេញ»។
ជុំវិញការចោទប្រកាន់មានការប្រព្រឹត្តអំពើពុករលួយនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីលោក ខ្លូត ដារ៉ា ប្រធានពន្ធនាគារព្រៃស (ម២) បានទេ នៅថ្ងៃទី១០ ខែមីនា ដោយលោកមិនទទួលទូរស័ព្ទ។ តែបើតាមការឲ្យដឹងពីលោក ម៉ិញ សំរឿន អនុប្រធានពន្ធនាគារព្រៃស (ម២) ឲ្យដឹងកាលពីថ្ងៃទី៨ ខែមីនា ក្នុងទិវាសិទ្ធិនារីអន្តរជាតិ បញ្ជាក់ថា ពិរុទ្ធជន និងទណ្ឌិតជាស្ត្រីកំពុងទទួលបានការថែទាំ និងអប់រំយ៉ាងល្អដូចពលរដ្ឋដែលមានសិទ្ធិសេរីភាពដែរ។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឲ្យដឹងថា ស្ទើរតែគ្រប់ពន្ធនាគារនៅកម្ពុជា សុទ្ធតែផ្ទុកហួសចំណុះ និងធ្វើឲ្យប៉ះពាល់សុខភាពស្ត្រី និងអនីតិជនដែលកំពុងរស់នៅក្នុងបន្ទប់តូចចង្អៀតណែននោះ។
លោកបន្តថា នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឲ្យមានអំពើពុករលួយក្នុងពន្ធនាគារ រួមមានការសូកប៉ាន់ដល់មន្ត្រីពន្ធនាគារជាថ្នូរបានកន្លែងស្នាក់នៅទូលាយ សូកប៉ាន់សុំចេញដើរហាត់ប្រាណ៖ «សុំស្នើឲ្យអគ្គនាយកដ្ឋានពន្ធនាគារលោកពិនិត្យឡើងវិញ ហើយសុំឲ្យអនុវត្តយ៉ាងណាឲ្យមានភាពស្មើគ្នាចំពោះអ្នកទោស»។
របាយការណ៍ថ្មីរបស់ពន្ធនាគារព្រៃស (ម២) បង្ហាញថា អ្នកទោសជាស្ត្រីកំពុងជាប់ឃុំមានចំនួន ៤៨៥នាក់ ក្នុងចំណោមអ្នកទោសសរុបជាង ៧០០នាក់។ ក៏ប៉ុន្តែរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចេញផ្សាយនៅថ្ងៃទី៧ មីនា រកឃើញថា គិតត្រឹមពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១២ មានអ្នកទោសជាស្ត្រីជាង ១.២០០នាក់ នៅក្នុងពន្ធនាគារនៃប្រទេសកម្ពុជា។ តួលេខនេះបានកើនឡើង ៣៩ភាគរយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១០។ ចំណែកអត្រានៃការជាប់ពន្ធនាគាររបស់អ្នកទោសជាស្ត្រីបានកើនឡើង ៤ដង ច្រើនជាងអ្នកទោសជាបុរស។ បញ្ហានេះ ត្រូវបានអង្គការលីកាដូ ចាត់ទុកថា ជាការកើនឡើងមួយដ៏គួរឲ្យព្រួយបារម្ភ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
