ប្រវត្តិ​​​អ្នក​រាយការណ៍​ពិសេស​​នៃ​អ.ស.ប​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​ថ្មី

ដោយ យាង សុជាមេត្តា
2015.05.17
តវ៉ា អ.ស.ប ៦១០ ក្រុម​អ្នក​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ ២៣​នាក់ នៅ​ខាង​មុខ​ការិយាល័យ អ.ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៣ មករា ឆ្នាំ​២០១៤។
RFA/Uon Chhin

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ថ្មី​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​អ្នកស្រី​មក​កាន់​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា។ គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នេះ គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ជាក់ស្ដែង​ដោយ​ផ្ទាល់​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា។

​អ្នកស្រី​ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ តែងតាំង​ធ្វើជា​អ្នក​រាយការណ៍​ពិសេស​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ ដើម្បី​ទទួល​ភារកិច្ច​បន្ត​ពី​លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អ្នក​រាយការណ៍​ពិសេស​ចាស់​ដែល​បាន​ផុត​អាណត្តិ ៦​ឆ្នាំ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ។

តើ​អ្នករាយការណ៍​ពិសេស​ថ្មី​រូប​នេះ​ជា​នរណា?

ជា​ជនជាតិ​អង់គ្លេស អ្នកស្រី រ៉ូណា ស្មីត គឺ​ជា​មនុស្ស​ទី​៦​ហើយ ដែល​ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ចាប់​តាំង​ពី​កម្ពុជា មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុង​កាល​ពី​ឆ្នាំ​១៩៩១ មក។

អ្នកស្រី រ៉ូណា ស្មីត បច្ចុប្បន្ន​មាន​វ័យ ៤៥​ឆ្នាំ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​សកល​វិទ្យាល័យ ស្ត្រាតខ្លៃដ៍ (Strathclyde University) នាទី​ក្រុង​គ្លាសហ្គោ (Glasgow) ប្រទេស​ស្កុតឡែនដ៏ (Scotland) ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ​១៩៩៦។ អ្នកស្រី​ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​សកលវិទ្យាល័យ ណតសាំប្រៀ (Northumbria) ចក្រភព​អង់គ្លេស​ដែរ។

សេចក្ដី​រាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា  ក្នុង​នាម​ជា​សាស្ត្រាចារ្យ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ អ្នកស្រី រ៉ូណា ស្មីត បាន​ស្រាវជ្រាវ​បោះពុម្ពផ្សាយ និង​បំពេញ​សកម្មភាព​សិក្សា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស​អន្តរជាតិ។ លើស​ពី​នេះ អ្នកស្រី​ក៏​បាន​ធ្វើការ​វាយ​តម្លៃ​លើ​ដំណាក់កាល​ផ្សេងៗ​គ្នា​នៃ​កម្មវិធី​កសាង​សមត្ថភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​កម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ និង​វៀតណាម និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ មជ្ឈិមបូព៌ា និង​ទ្វីប​អាហ្វ្រិក។

​បើ​និយាយ​ពី​បទពិសោធន៍​របស់​អ្នកស្រី​ជាមួយ​ប្រទេស​កម្ពុជា​វិញ  ចាប់​ពី​ឆ្នាំ​២០១១ រហូត​ដល់​ដើម​ឆ្នាំ​២០១៥ អ្នកស្រី រ៉ូណា ស្មីត បាន​បំពេញ​ការងារ​ផ្នែក​សិទ្ធិមនុស្ស និង​ច្បាប់​មនុស្សធម៌ នៅ​វិទ្យាស្ថាន រ៉ាអូល វ៉លលែនបឺក (Raoul Wallenberg Institute) ក្នុង​ឋានៈ​ជា​អ្នក​ផ្ដល់​ប្រឹក្សា​យោបល់​លើ​ការ​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​ក្នុង​វិស័យ​អប់រំ និង​យុត្តិធម៌​នៅ​កម្ពុជា។ ពិសេស​ជាង​នេះ​ទៀត អ្នកស្រី​ក៏​ជា​សាស្ត្រាចារ្យ​ទស្សនកិច្ច​នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ជា​កន្លែង​ដែល​អ្នកស្រី​បាន​រៀបចំ និង​បង្កើត​កម្មវិធីសិក្សា​ដើម្បី​ប្រកាស​ដាក់​ឲ្យ​សិក្សា​ឡើង​វិញ​នូវ​កម្មវិធី​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​សិទ្ធិមនុស្ស​លើក​ដំបូង​នៅ​តាម​សាកលវិទ្យាល័យ​នៃ​ប្រទេស​របស់​កម្ពុជា។

​ចាប់​ពី​ពេល​នេះ​ត​ទៅ ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពិសេស​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច និង​បំពេញ​បេសកកម្ម​ជា​ទៀងទាត់​មក​កាន់​កម្ពុជា ដើម្បី​ឃ្លាំមើល ផ្ដល់​យោបល់ និង​ធ្វើ​របាយការណ៍​ជា​រៀង​រាល់​ឆ្នាំ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ជំនួស​លោក សុរិយា ស៊ូប៊ែឌី ដែល​ផុត​អាណត្តិ។ សម្រាប់​កម្ពុជា នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​សិទ្ធិមនុស្ស ដែល​អ្នកស្រី​នឹង​ធ្វើ​បន្ត ព្រោះ​ថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​គឺ​ជា​បញ្ហា​ក្ដៅ​គគុក​មួយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អាណត្តិ​របស់​អតីត​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ គឺ​លោក សុរិយា សូប៊ែឌី ដូចជា​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​ពេល​ធ្វើ​បាតុកម្ម​ជាដើម។

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក រួម​មាន លោក ម៉ៃឃើល ឃឺប៊ី (Michael Kirby) លោក ថូម៉ាស់ ហាំម៉ាប៊ឺក (Thomas Hammarberg) លោក ភីធឺ ឡឺប្រេច (Peter Leuprecht) លោក យ៉ាស្ហ ហ្កាយ (Yash Ghai) លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) និង​អ្នកស្រី រ៉ូណា ស្មីត ដែល​ជា​ស្ត្រី​ទី​១ ទទួល​បាន​តួនាទី​ជា​ប្រេសិត​ពិសេស​សិទ្ធិមនុស្ស​នៅ​ពេល​នេះ។


​គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ដែល​លោក សុរិយា ស៊ូប៊ែឌី ចូល​កាន់​តំណែង​ជា​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៩ ទំនាក់ទំនង​ការងារ​រវាង​អ្នក​រាយការណ៍​ចាស់​មុន​លោក គឺ​លោក យ៉ាស្ហ ហ្កាយ និង​រដ្ឋាភិបាល​កម្ពុជា បាន​ធ្លាក់​សឹង​ដល់​កម្រិត​សូន្យ។ ក្នុង​ពេល​ជាមួយ​គ្នា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក៏​មាន​ភាព​តានតឹង ដោយសារ​លោក សម រង្ស៊ី ដែល​នៅ​ពេល​នោះ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី កំពុង​មាន​រឿង​ចម្រូងចម្រាស​ជាមួយ​រដ្ឋាភិបាល​អំពី​ការ​ប្ដឹងផ្ដល់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដក​តម្រុយ​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង ហើយ​ដែល​ក្រោយ​មក​បាន​បង្ខំ​ឲ្យ​លោក សម រង្ស៊ី និរទេស​ខ្លួន​ឯង​ទៅ​ក្រៅ​ប្រទេស​អស់​រយៈពេល ៤​ឆ្នាំ។

លោក ស៊ូប៊ែឌី ថែម​ទាំង​បាន​វាយ​តម្លៃ​ស្ថានភាព​ប្រទេស​កម្ពុជា ក្នុង​ពេល​លោក​ចូល​កាន់​តំណែង​នោះ​ថា ជា​ប្រទេស​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​ទៀត​ផង។ ជា​ញឹកញយ​របាយការណ៍​របស់​លោក​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប ថា​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​របស់​កម្ពុជា ទៅ​វិញ។​ ប៉ុន្តែ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត នៅ​ពេល​នេះ គឺ​ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​កម្ពុជា កំពុង​ស្ងប់ស្ងាត់ ហើយ​ថ្នាក់​ដឹក​នាំ​នយោបាយ​ខ្មែរ​កំពុង​មាន​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា។  ជាមួយ​គ្នា​នេះ បក្ស​នយោបាយ​ទាំង​២ ក៏​កំពុង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ឈាន​ដល់​ការ​កែទម្រង់​មួយ​ចំនួន ជាពិសេស​គឺ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​តាម​រយៈ​ការ​បង្កើត គ.ជ.ប ថ្មី និង​ការ​ដាក់ គ.ជ.ប ជា​ស្ថាប័ន​ក្នុង​រដ្ឋធម្មនុញ្ញ។

​កំណែទម្រង់​ការ​បោះឆ្នោត គឺ​ជា​កំណែទម្រង់​មួយ​ក្នុង​ចំណោម​កំណែទម្រង់​ធំៗ ៣​ផ្សេង​ទៀត ដែល​លោក សុរិយា ស៊ូប៊ែឌី បាន​ទទូច​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ខិតខំ​ធ្វើ​ឲ្យ​បាន។ កំណែទម្រង់ ៣​នោះ រួម​មាន​កំណែទម្រង់​រដ្ឋ​សភា កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​កំណែទម្រង់​ការ​គ្រប់គ្រង​ដីធ្លី។ កាល​ណោះ លោក ស៊ូប៊ែឌី ជឿជាក់​ថា ការ​បោះ​ឆ្នោត​មិន​ប្រក្រតី រដ្ឋ​សភា​គ្មាន​ប្រសិទ្ធភាព តុលាការ​មិន​ឯករាជ្យ បញ្ហា​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ គឺ​ជា​ប្រភព​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ដូច្នេះ បើ​ទោះ​ជា​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា អ្នក​រាយការណ៍​ពិសេស​ថ្មី អ្នកស្រី រ៉ូណា ស្មីត អាច​មើល​ឃើញ​បញ្ហា​អ្វី​ទៀត​បន្ថែម​លើ​ការ​មើល​ឃើញ​របស់​អ្នករាយការណ៍​ពិសេស​ចាស់ ប៉ុន្តែ​គេ​ប្រហែល​ជា​ប៉ាន់ស្មាន​បាន​ខ្លះៗ​ថា អ្នកស្រី​អាច​នឹង​បន្ត​ឃ្លាំមើល​ការ​អនុវត្ត​ការ​កែទម្រង់​ទាំង​៤ ដែល​លោក ស៊ូប៊ែឌី បាន​លើក​ឡើង​ជាមួយ​រដ្ឋាភិបាល​កន្លង​មក ព្រោះ​ថា បើ​ទោះ​ជា​ពេល​នេះ​កម្ពុជា មាន គ.ជ.ប ថ្មី​ក្តី តែ​វា​ទើបតែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។

បើ​និយាយ​ពី​ការ​កែទម្រង់​យុត្តិធម៌​វិញ បើ​ទោះ​ជា​រដ្ឋាភិបាល​ទើប​បង្កើត​ច្បាប់ ៣​ពាក់ព័ន្ធ​វិស័យ​តុលាការ តែ​ច្បាប់​ទាំង​នោះ​ត្រូវ​បាន​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មិន​ទាន់​អាច​ធានា​ឲ្យ​ស្ថាប័ន​តុលាការ​ឯករាជ្យ​ដាច់​ចេញ​ពី​ស្ថាប័ន​នីតិប្រតិបត្តិ​បាន​នៅ​ឡើយ។ បើ​និយាយ​ពី​បញ្ហា​ដីធ្លី​វិញ បញ្ហា​នេះ​កំពុង​តែ​កើត​ឡើង​ព្រោងព្រាត​ដដែល បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ផ្ដល់ និង​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ក្តី។

​ក្រៅ​ពី​បញ្ហា​ទាំង​អស់​នេះ នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​គណៈកម្មការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​សម្ដែង​ការ​បារម្ភ។ ក្នុង​នោះ​មាន​ដូចជា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​តាម​ផ្លូវ​តុលាការ បញ្ហា​និទណ្ឌភាព ការ​ប្រើប្រាស់​កម្លាំង​ហួសហេតុ​បង្ក្រាប​លើ​អ្នក​តវ៉ា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​បាប​ជន​ជាប់​ឃុំ​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់ និង​ការ​មិន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ចូល​រួម​ក្នុង​កិច្ចការ​សាធារណៈ តាម​រយៈ​ការ​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត ដូចជា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព ឬ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី ឧក្រិដ្ឋកម្ម​អ៊ិនធឺណិត ជាដើម។

​អ្នកស្រី រ៉ូណា ស្មីត មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ឧសភា គឺ​ជា​ដំណើរ​ទស្សនកិច្ច​ដែល​អ្នកស្រី​ទន្ទឹង​រង់ចាំ​ដើម្បី​ចូលរួម​ក្នុង​កិច្ច​សន្ទនា​ប្រកប​ដោយ​ន័យ​ស្ថាបនា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ស្ដីពី​ការ​លើក​ស្ទួយ និង​ការ​ការពារ​សិទ្ធិមនុស្ស។ អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា អ្នកស្រី​ក៏​មាន​បំណង​ចង់​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​នានា ដើម្បី​អាច​ឲ្យ​អ្នកស្រី​យល់​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

​មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ឧសភា ថា លោក​មិន​ទាន់​អាច​អត្ថាធិប្បាយ​ថា​យ៉ាង​ណា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត មក​កម្ពុជា នៅ​ពេល​នេះ​នោះ​ទេ។

​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា អ្នកស្រី រ៉ូណា ស្មីត នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែ​ឧសភា នា​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ក្រុង​ភ្នំពេញ។

​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​រូប​នេះ ក៏​នឹង​ដាក់​របាយការណ៍​ដំបូង​របស់​អ្នកស្រី បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បន្ទាប់​មក អ្នកស្រី​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​របាយការណ៍​នេះ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នា​សម័យ​ប្រជុំ​លើក​ទី​៣០ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៥ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។