គ្រួសារ​របស់​អ្នក​ភូមិ​ប្រម៉ា​ខក​ចិត្ត​មិន​ឃើញ​ស្វាមី​ចេញ​ពី​គុក

អ្នក​ភូមិ ២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​មិន​ទាន់​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៥ មីនា នេះ។ ចៅក្រម​សាលា​ឧទ្ធរណ៍ បាន​ប្រកាស​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​ប្រម៉ា ២​នាក់​ទៀត អោយ​មាន​សេរីភាព កាល​ពី​ថ្ងៃ​ទី១៤ មីនា ដោយ​ហេតុផល​ថា អ្នក​ភូមិ​ពុំ​សូវ​មាន​ចំណេះ​ដឹង និង​មិន​ធ្លាប់​មាន​ទោស ត្រូវ​ទទួល​បាន​ការ​សម្រាល​ទោស។

0:00 / 0:00

ក្រុម​គ្រួសារ​របស់​អ្នក​ភូមិ​ប្រម៉ា បាន​សម្ដែង​ការ​ខក​ចិត្ត​លាយ​ឡំ​និង​ក្ដី​ព្រួយ​បារម្ភ ក្នុង​គ្រា​ដែល​គេ​ដោះលែង​លោក ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មីនា ហើយ​ស្វាមី​របស់​ពួក​គាត់​មិន​ត្រូវ​បាន​ដោះលែង​នៅ​ឡើយ​នោះ។

ស្ត្រី​ឈ្មោះ ស្រេង ភោ ជា​ភរិយា​របស់​បុរស​ឈ្មោះ កាន់ សុវណ្ណ ដែល​ជាប់​ចោទ​ពី​បទ​សម្លុត​គំរាម និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់​ទោស នៅ​ភូមិ​ប្រម៉ា បាន​មក​ដល់​ពន្ធនាគារ​ព្រៃស ថ្លែង​នៅ​ថ្ងៃ​ទី១៥ មីនា ថា អ្នកស្រី​កំពុង​រង់ចាំ​មើល​ផ្លូវ ក្រែង​ស្វាមី​របស់​គាត់​បាន​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី១៥ មីនា ដែរ។ គាត់​នៅ​តែ​មិន​អស់​ចិត្ត ខ្លាច​មាន​ការ​ប្រែ​ក្រឡាស់​ចំពោះ​ការ​ដោះលែង​នេះ។

លោកស្រី ស្រេង ភោ៖ «ថ្ងៃ​ប្រជុំ​ម្សិលមិញ​ហ្នឹង ថា​ថ្ងៃ​ទី១៥ ហ្នឹង ថា​ដោះលែង​ទាំងអស់​គ្នា ព្រោះ​ទោស​តា​ខ្ញុំ ១០​ខែ គាត់ ៨​ខែ តា​ខ្ញុំ​ជាប់​មុន ២​ខែ។ ឥឡូវ​អត់​ទាន់​ឃើញ ខ្ញុំ​មិន​ជា​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទេ នៅ​ក្នុង​ចិត្ត​ខ្ញុំ​អត់​រំភើប​ទៀត​ទេ ដូច​ពិបាក​ក្នុង​ចិត្ត​ណា ដូច​មិន​ទុក​ចិត្ត​មិន​ដឹង​ថា ដោះ​ឬ​មិន​ដោះ​បើ​អ៊ីចឹង។ ឮ​ថា​ចេញ​ទាំងអស់​គ្នា ឥឡូវ​ចេញ​តែ​ម្នាក់ នៅ​បី​នាក់ អ៊ីចឹង​ខ្ញុំ​ខក​ចិត្ត​ធំ​ហ្មង។ ខ្ញុំ​ឃើញ​ថា សូណង់ដូ គាត់​មាន​សមាជិក​គាត់​ច្រើន​អបអរ ដូច​ខ្ញុំ​មាន​អី​មាន​តែ​ប្ដី​ប្រពន្ធ មក​សុទ្ធ​តែ​អ្នក​កំព្រីកំព្រា​គ្មាន​លុយ​កាក់​ទេ បាន​អង្គការ​លីកាដូ (Licadho) ទេ​ជួយ»

កាល​ពី​ថ្ងៃ​ទី១៤ មីនា ចៅក្រម​សាលា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​ប្រម៉ា ២​នាក់​ទៀត អោយ​មាន​សេរីភាព តាម​រយៈ​ការ​សម្រាល​អោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ពី ៨ ទៅ ១០​ខែ ពោល​គឺ​កាត់​តម្រឹម​អោយ​ស្មើ​នឹង​រយៈពេល​ដែល​ពួក​គាត់​ត្រូវ​ចាប់ និង​ឃុំ​ខ្លួន​រួច​មក​ហើយ។

ឆ្លើយ​តប​បញ្ហា​នេះ មេធាវី​នៃ​សមាគម​អាដហុក (Adhoc) ការពារ​ក្ដី​អ្នក​ភូមិ​ប្រម៉ា លោក ឡុង លន់ មាន​ប្រសាសន៍​ថា លោក​បាន​ជំរុញ​កិច្ចការ​ដោះលែង​អ្នក​ភូមិ​ទាំង​ពីរ​នាក់​ដែល​ជា​កូន​ក្ដី​របស់​លោក​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​បាន​ទាន់​កាល​កំណត់ ជៀសវាង​ការ​អូស​បន្លាយ​ពេល​វេលា៖ «សាល​ដីកា​សាលា​ឧទ្ធរណ៍​ដែល​ប្រកាស​សាល​ដីកា​ម្សិលមិញ​ហ្នឹង គឺ​គាត់​ត្រូវ​ចេញ​នៅ​ថ្ងៃ​ស្អែក ថ្ងៃ​១៦ ខែ​៣ ព្រោះ​វា​រយៈពេល ១០​ខែ។ សាលា​ឧទ្ធរណ៍​បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ទៅ​នាយកដ្ឋាន​ពន្ធនាគារ​ហើយ។ យើង​សង្ឃឹម​ថា នឹង​មាន​ការ​ដោះលែង​ទៅ​តាម​ការ​កាល​កំណត់​ដែល​សាលា​ឧទ្ធរណ៍​បាន​សម្រេច»

លោកស្រី ស្រេង ភោ ជា​ភរិយា​របស់​បុរស​ឈ្មោះ កាន់ សុវណ្ណ ដែល​ជាប់​ចោទ​ពី​បទ​សម្លុត​គំរាម និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ មក​ចាំ​ស្វាមី​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៣។
លោកស្រី ស្រេង ភោ ជា​ភរិយា​របស់​បុរស​ឈ្មោះ កាន់ សុវណ្ណ ដែល​ជាប់​ចោទ​ពី​បទ​សម្លុត​គំរាម និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ មក​ចាំ​ស្វាមី​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៣។ (RFA/Sek Bandith)

អ្នក​ភូមិ​ប្រម៉ា ២​នាក់ មាន​ឈ្មោះ ទូច រៀម ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន ៤​បទ​ចោទ គឺ​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស បទ​ជ្រៀតជ្រែក​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ បទ​កាន់​កាប់ និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បទ​មួយ​ទៀត ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១២ ត្រូវ​សាលា​ដំបូង​សម្រេច​ដាក់​ទោស​ចំនួន ៥​ឆ្នាំ។

អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ កាន់ សុវណ្ណ ជាប់​ចោទ​ពី​បទ​សម្លុត​គំរាម និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១២ ត្រូវ​សាលា​ដំបូង​សម្រេច​ដាក់​ទោស​ចំនួន ៣​ឆ្នាំ។

ប៉ុន្តែ ក៏​ត្រូវ​សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​អោយ​ជាប់​ពន្ធនាគារ​ត្រឹម ១០​ខែ ដោយ​សំអាង​ថា ពួក​គាត់​មាន​ចំណេះ​ដឹង​តិចតួច ខ្វះ​ការ​ពិចារណា ងាយ​នឹង​ត្រូវ​គេ​បញ្ចុះបញ្ចូល ត្រូវ​ទទួល​បាន​ការ​សម្រាល​ទោស។

គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១២ អ្នក​ភូមិ​ទាំង​ពីរ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​គម្រប់ ១០​ខែ នៅ​ថ្ងៃ​ទី១៦ ខែ​មីនា។ ដោយ​ឡែក បុរស​អ្នក​ភូមិ​ប្រម៉ា ម្នាក់​ទៀត ឈ្មោះ ភន ស្រឿន ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ជាមួយ​គ្នា ត្រូវ​សាលា​ដំបូង​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ចំនួន ១០​ខែ ពី​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស ក៏​នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី១៦ មីនា ដែរ។

ភរិយា​របស់​អ្នក​ភូមិ​ជាប់​ពន្ធនាគារ មាន​សង្ឃឹម​ថា នៅ​ពេល​ស្វាមី​របស់​ពួក​គាត់​ចេញ​ពី​ពន្ធនាគារ​វិញ នឹង​មាន​កម្លាំង​ជួយ​ក្នុង​ការងារ​ស្រែក​ចម្ការ ដើម្បី​បាន​កម្រៃ​ខ្លះ​សង​បំណុល​គេ ហើយ​កូនៗ​ក៏​បាន​ចូល​រៀន​វិញ​ទាំងអស់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។