រដ្ឋសភា បានអនុម័តសេចក្ដីស្នើច្បាប់ស្ដីពីភតិសន្យា ឬហៅថាច្បាប់ស្ដីពីកិច្ចសន្យាផ្ទះជួលរួចហើយ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ទាំងមានសំឡេងស្រែកតវ៉ានៅខាងក្រៅរដ្ឋសភា ប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលពីក្រុមសហគមន៍មានជម្លោះដីធ្លីនៅក្រុងភ្នំពេញ។
តំណាងរាស្ត្រនៃគណបក្សទាំងពីរ វាយតម្លៃខ្ពស់ចំពោះការបង្កើតច្បាប់កិច្ចសន្យាផ្ទះជួលនេះ ព្រោះជួយការពារផលប្រយោជន៍ទាំងម្ចាស់ផ្ទះជួល និងអ្នកជួលផ្ទះ ជាពិសេសច្បាប់នេះ មិនអនុញ្ញាតឲ្យម្ចាស់ផ្ទះដំឡើងថ្លៃស្រេចតែចិត្តនោះទេ។ ទន្ទឹមនឹងនេះ សហជីព និងកម្មករមួយចំនួន ស្វាគមន៍ ហើយសង្ឃឹមថា ច្បាប់នេះនឹងអាចសម្រាលបន្ទុកនៃការចំណាយរបស់ពួកគេបានខ្លះ។
ចាប់ពីពេលនេះតទៅ អ្នកជួលផ្ទះស្នាក់នៅបណ្ដោះអាសន្ន ជាពិសេសកម្មករកាត់ដេរ សិស្ស និស្សិត នឹងពុំត្រូវបានរំលោភសិទ្ធិពីម្ចាស់ផ្ទះជួលតាមអំពើចិត្តទៀតឡើយ ក្រោយរដ្ឋសភាបានអនុម័តសេចក្ដីស្នើច្បាប់ភតិសន្យាពិសេស ឬកិច្ចសន្យាជួលផ្ទះជាធរមាន នៅថ្ងៃទី៦ ខែកក្កដា ដែលមានសំឡេងគាំទ្រ ១០២សំឡេងក្នុងចំណោម ១០៤សំឡេង។
លោក សម រង្ស៊ី ប្រធានក្រុមមតិភាគតិចនៃរដ្ឋសភា និងជាប្រធានគណបក្សសង្គ្រោះជាតិ មានមតិគាំទ្រចំពោះខ្លឹមសារនៃច្បាប់នេះថា វានឹងរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា ប្រកបដោយចីរភាព យុត្តិធម៌ និងសមធម៌សង្គមផង។ លោកបញ្ជាក់ថា កិច្ចសន្យាជួលផ្ទះ ឬហៅថាភតិសន្យានេះ មានសារសំខាន់ខ្លាំងណាស់ ហើយភាគីទាំងសងខាង គឺទាំងម្ចាស់ផ្ទះជួល ឬហៅថាភតិបតី និងអ្នកជួល ឬហៅថាភតិកៈ ដែលធ្វើកិច្ចសន្យាជាមួយគ្នានោះ ត្រូវគោរពទៅតាមពាក្យសម្ដីដែលមានសរសេរ ឬចែងនៅក្នុងកិច្ចសន្យា ពោល គឺមិនអាចរំលោភសិទ្ធិគ្នាទៅវិញទៅមកបានទេក្នុងរយៈកាលកំណត់ពីរឆ្នាំ៖ «ច្បាប់នេះ គឺម្ចាស់ផ្ទះគ្មានសិទ្ធិដេញកម្មករ អ្នកជួលដោយតាមតែអំពើចិត្តនោះទេក្នុងរយៈពេល ២ឆ្នាំយ៉ាងតិច។ ហើយទន្ទឹមនឹងនោះ ម្ចាស់ផ្ទះគ្មានសិទ្ធិដំឡើងថ្លៃផ្ទះទេក្នុងរយៈពេល ២ឆ្នាំ ទោះកម្មករត្រូវបានដំឡើងប្រាក់ឈ្នួលក៏ដោយ»។
កន្លងមក សហជីព និងកម្មករកាត់ដេរ រអ៊ូរទាំថា ម្ចាស់ផ្ទះភាគច្រើនបានបង្កើនថ្លៃឈ្នួលជាប្រចាំតាមអំពើចិត្ត ខណៈដែលកម្មករកាត់ដេរចាប់ផ្ដើមទទួលបានការដំឡើងប្រាក់ឈ្នួលមួយកម្រិតនោះ។
ប៉ុន្តែទោះជាតំណាងរាស្ត្របក្សប្រឆាំងបានគាំទ្រ និងលើកដៃអនុម័តសេចក្ដីស្នើច្បាប់នេះក្ដី ក៏មានការឆ្លើយឆ្លងគ្នារវាងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅក្នុងរដ្ឋសភា នាសម័យប្រជុំលើកទី៤ នីតិកាលទី៥ ថ្ងៃទី៦ កក្កដា នេះដែរ។
លោក សុន ឆ័យ លើកឡើងថា ការដែលម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលជាហូរហែនោះ ដោយសារតែអាជ្ញាធរមូលដ្ឋាន តែងតែយកតម្លៃសេវាពីម្ចាស់ផ្ទះជួល នៅពេលពួកគាត់ទៅពឹងពាក់ម្តងៗ។ លោកទាមទារឲ្យក្រសួងមហាផ្ទៃ ណែនាំមេឃុំ ឬចៅសង្កាត់ ឲ្យបញ្ឈប់ទង្វើបែបនេះ៖ «ជាទូទៅនៅពេលទៅសុំការបញ្ជាក់អីពីមេឃុំ ឬចៅសង្កាត់ មិនដែលធ្វើដោយអត់យកលុយទេ ហើយកាលណាអាជ្ញាធរយកលុយទៅ បែរជាម្ចាស់ផ្ទះជួលយកអាបន្ទុកនោះទៅបូកជាមួយកម្មករ សិស្ស និស្សិត ដែលជួលផ្ទះវិញ»។

ជាការឆ្លើយតប ប្រធានក្រុមមតិភាគច្រើនក្នុងរដ្ឋសភា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទទួលស្គាល់ថា អាចមានមន្ត្រីនៅមូលដ្ឋានប្រព្រឹត្តអំពើឆ្គាំឆ្គងដូច្នេះមែន ប៉ុន្តែមិនអសកម្មទាំងអស់នោះទេ។ លោកបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏បានប្រកាសដល់អន្តរក្រសួងរួចហើយដែរ ក្នុងការកំណត់តម្លៃសេវារដ្ឋបាលនេះ៖ «ប្រហែលជាឯកឧត្តម សុន ឆ័យ មិនបានមើលអស់ទេ ព្រោះមានអស់ហើយការកំណត់តម្លៃសេវារដ្ឋបាល ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រកាសអន្តរក្រសួង ហើយក្រសួងមហាផ្ទៃ ធ្វើរួចរាល់ហើយដែរ»។
យ៉ាងណាក៏ដោយចុះ ក្រុមសហជីព និងកម្មករមួយចំនួន សង្ឃឹមថា ច្បាប់ភតិសន្យាពិសេសនេះនឹងរួមចំណែកដោះស្រាយទុក្ខលំបាករបស់ពួកគេបានខ្លះ។ សព្វថ្ងៃនេះ កម្មករភាគច្រើនបង់ប្រាក់ពី ៣០ដុល្លារទៅជាង ៥០ដុល្លារ សម្រាប់បន្ទប់ជួលគ្មានស្តង់ដារ ដែលរស់នៅជាមួយគ្នាពី ៣ ទៅ ៥នាក់។
ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សោម អូន ស្វាគមន៍ចំពោះច្បាប់ដែលមានប្រយោជន៍សម្រាប់កម្មករ និងសិស្សនិស្សិតក្រីក្រដែលមកពីខេត្តឆ្ងាយៗនេះដែរ។
សេចក្តីស្នើច្បាប់ភតិសន្យាពិសេស ដែលរៀបចំឡើងដោយតំណាងរាស្ត្រដែលមានអាសនៈក្នុងរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នេះ មាន ៤ជំពូក និងចែកចេញជា ១១មាត្រា។ មាត្រាទី១ ចែងថា ច្បាប់នេះមានគោលបំណងធានាការពារសិទ្ធិ និងផលប្រយោជន៍របស់ម្ចាស់ផ្ទះជួល និងអ្នកជួលផ្ទះ ដើម្បីស្ថិរភាពក្នុងជីវភាពរស់នៅ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ចៀសវាងការកើតមានទំនាស់រវាងម្ចាស់ផ្ទះជួល និងអ្នកជួល។
ដោយឡែកក្រុមតំណាងរាស្ត្រគណបក្សជាប់ឆ្នោតទាំងពីរ បានប្រជុំ និងអនុម័តសេចក្ដីស្នើច្បាប់នេះនៅក្នុងរដ្ឋសភា រីឯនៅខាងក្រៅរដ្ឋសភាវិញ គឺមានសំឡេងស្រែកតវ៉ាប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពីសំណាក់ពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លីប្រមាណ ៤០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (SOS) ដែលពួកគេព្រួយបារម្ភថា រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ដ៏រឹតត្បិតនេះ។
ក្រុមសហគមន៍រងគ្រោះដីធ្លីទាំងនោះ អ្នកខ្លះបានឡើងអង្គុយនៅលើរបងនៅខាងមុខរដ្ឋសភា ដោយស្រែកទាមទាររដ្ឋសភា និងរដ្ឋាភិបាលនីតិកាលទី៥ ទម្លាក់ចោលការអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះ ហើយងាកមកចំណាយពេល និងថវិការបស់ជាតិ ព្រមទាំងប្រាក់កម្ចីពីបរទេស ដើម្បីកសាងជាតិ និងការពារជាតិ។ ទន្ទឹមនឹងនោះ ពួកគេទាមទារឲ្យគិតគូរដោះស្រាយទំនាស់ដីធ្លីនៅបឹងកក់ បុរីកីឡា សហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅកន្លែងផ្សេងៗទៀតដែលនៅសេសសល់។
កៅពីនេះទៀត ក្រុមកម្មករ សិស្ស និស្សិត និងប្រជាពលរដ្ឋមួយចំនួនទៀតដែលរស់នៅផ្ទះជួល នឹងរង់ចាំមើលការអនុវត្តច្បាប់នេះពីម្ចាស់ផ្ទះជួល និងអាជ្ញាធរពាក់ព័ន្ធ ថាតើពួកគេនឹងអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពដែរឬទេ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
