ស្របគ្នានេះក្រុមអង្គការសង្គមស៊ីវិល ក៏រៀបចំត្រៀមខ្លួនតវ៉ាទ្រង់ទ្រាយធំនៅថ្ងៃ ដែលរដ្ឋសភាគ្រោងពិភាក្សាសេចក្ដីព្រាងច្បាប់នោះ។
ចំណែកអ្នកតំណាងរាស្ត្របក្សប្រឆាំងនឹងប្រកាសឲ្យដឹងពីជំហររបស់ខ្លួនថា តើត្រូវចូលរួមឬត្រូវពហិការមិនចូលរួមអនុម័តលើសេចក្ដីព្រាងច្បាប់មួយនេះនៅពេលឆាប់ៗនេះ។
ទន្ទឹមនឹងការសម្រេចជាផ្លូវការថារដ្ឋសភា និងអនុម័តលើសេចក្ដីព្រាងច្បាប់ ដ៏ចម្រូងចម្រាសនៅថ្ងៃចន្ទទី១៣ កក្កដាខាងមុខនេះ អង្គការសង្គមក៏មមាញឹកខ្លាំងណាស់ដែរ ដើម្បីរកយុទ្ធសាស្ត្រថ្មីៗទៀតដើម្បីប្រឆាំងមិនឲ្យមានច្បាប់មួយនេះ។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី១០ កក្កដាថា អង្គការសង្គមស៊ីវិលនានា បានចាប់ផ្តើមជួបប្រជុំគ្នាជាបន្តបន្ទាប់ទៀតជុំវិញរឿងនេះ។
លោកឲ្យដឹងទៀតថា ក្រុមសង្គមស៊ីវិល នឹងអាចមានយុទ្ធនាការធំជាងពេលមុនៗទាំងអស់ ដើម្បីតស៊ូមតិដោយអហិង្សានៅចំថ្ងៃរដ្ឋសភាប្រជុំអនុមតិលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១៣ កក្កដា ខាងមុខនេះ៖ «ប៉ុន្តែរាល់សកម្មភាពនៃការតស៊ូមតិ យើងមិនរំខានដល់រដ្ឋសភា ឬស្ថាប័នណាទេ គឺទាមទារជាសាធារណមួយដើម្បីឲ្យរដ្ឋសភាពិចារណាឡើងវិញក្នុងការទម្លាក់ចោល ការអនុម័តសេចក្ដីព្រាងច្បាប់នេះ ហើយបញ្ជូនទៅឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ»។
កាលពីថ្ងៃទី៩ កក្កដា ក្រុមអង្គការសង្គមស៊ីវិលជាតិ និងសហគមន៍ដីធ្លី បានរៀបចំវេទិកាសាធារណៈមួយនៅទីលានប្រជាធិបតេយ្យ។
វេទិកាសាធារណៈដែលមានអ្នកចូលរួមប្រមាណ៣០០នាក់នោះ បានបង្ហាញក្ដីកង្វល់ជាច្រើនចំពោះសេចក្ដីព្រាងច្បាប់ដែលរឹតត្បិតពួកគេ និងចាត់ទុកថា មានខ្លឹមសាររំលោភទៅលើរដ្ឋធម្មនុញ្ញ កតិកាសញ្ញា និងអនុសញ្ញាផ្សេងៗរបស់អង្គការសហប្រជាជាតិ។
ក្រុមសង្គមស៊ីវិល ព្រមានថា ទោះបីជារដ្ឋសភានៅតែមានៈអនុម័តច្បាប់នេះជាផ្លូវការក្ដី ក៏ពួកគេមិនគោរពច្បាប់នេះឡើយ ហើយនឹងមិនបោះឆ្នោតឲ្យគណបក្សណា ដែលលើកដៃគាំទ្រអនុម័តច្បាប់នេះទៀតផង។
ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា លោក ហូរ វ៉ាន់ មកពីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា រូបលោក និងតំណាងរាស្ត្រដទៃទៀត ដែលជាសមាជិកគណៈកម្មការនេះខាងបក្សប្រឆាំង បានសំដែងមតិបង្ហាញនូវការមិនពេញចិត្តចំពោះសេចក្ដីព្រាងច្បាប់នេះ និងមិនបានគាំទ្រលើរបៀបវារៈ អនុមតិសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃខាងមុខនេះឡើយ។
ទាក់ទងបញ្ហានេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា បក្សប្រឆាំងកំពុងតាមដានរឿងនេះយ៉ាងដិតដល់ ហើយនឹងប្រកាសឲ្យដឹងពីជំហររបស់ខ្លួនថា តើត្រូវពហិការមិនចូលរួមអនុម័តលើសេចក្ដីព្រាងច្បាប់មួយនេះ ឬយ៉ាងណានៅពេលឆាប់ៗនេះ៖ «ប៉ុន្តែបើសិនមិនមានការកែប្រែទៅតាមអនុសាសន៍ ឬសំណូមពររបស់ សង្គមស៊ីវិលជាតិ និងអន្តរជាតិ គឺយើមិនទៅចូលរួមប្រជុំសភានៅថ្ងៃទី១៣ខាងមុខនោះទេ»។
មុននឹងប្រកាសជាផ្លូវការនូវពេលវេលាប្រជុំអនុមតិលើសេចក្ដីព្រាងច្បាប់នេះ កាលពីថ្ងៃទី៨ កក្កដា រដ្ឋសភាក្រោមការរៀបចំចាត់ចែងពីខាងគណបក្សប្រជាជនកម្ពុជា បានបើកសិក្ខាសាលាស្ដីពីសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង អង្គការ សមាគម នេះដែរ ប៉ុន្តែតំណាងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងសិក្ខាសាលាពីដំបូងដែរ តែបានដើរចេញវិញដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ខ្លួន បន្ទាប់កិច្ចប្រជុំដំណើរការបានបន្តិច។
សភាអាស៊ានទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកាលពីថ្ងៃ០៩កក្កដា ទទូចឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលសេចក្ដីព្រាងច្បាប់អង្គការ និងសមាគមដ៏ចម្រូងចម្រាសមួយនេះ។ ស្ថាប័នដដែលនេះចាត់ទុកថា សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបរៀងឡើងដើម្បីគាបសង្កត់ សិទ្ធិបង្កើតសមាគម និងការបញ្ចេញមតិនៅកម្ពុជា ពីព្រោះមាត្រាខ្លះមិនចាំបាច់ និងអាចក្លាយជាឧបករណ៍ដើម្បីបំបិទមាត់និងបង្ក្រាបអ្នកនយោបាយប្រឆាំង និងសមាគមស្របច្បាប់ណាដែលហ៊ានសំដែងមតិប្រឆាំងនឹងរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
