ទាក់ទងនឹងគម្រោងទទួលយកជនភៀសខ្លួន ដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី អោយមកតាំងទីលំនៅនៅកម្ពុជា ក្រុមព្រះសង្ឃ យុវជន និស្សិត រួមទាំងអ្នកតវ៉ារឿងដីធ្លី មានអ្នកបឹងកក់ បុរីកីឡា ឡពាង និងអ្នកស្រុកគាស់ក្រឡ នឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅព្រឹកថ្ងៃទី២៦ កញ្ញា មុខស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា និងបន្តដើរឆ្ពោះទៅមុខរដ្ឋសភា ហើយនឹងបញ្ចប់នៅមុខក្រសួងមហាផ្ទៃ។
ព្រះតេជព្រះគុណ កែវ សុម៉ាលី គង់នៅវត្តនាគវ័ន្ត មានថេរដីកាថា ព្រះអង្គក៏ដូចជាបាតុករឯទៀត មិនយល់ស្របនឹងគម្រោងរបស់រដ្ឋាភិបាល ដោយបារម្ភថា ការទទួលយកជនភៀសខ្លួននេះ ទំនងជាអាចបង្កអោយមានអសន្តិសុខក្នុងសង្គមជាតិ និងអាចជាឈ្នាន់របស់រដ្ឋាភិបាល ដែលទំនងជានឹងប្រើក្រុមជនភៀសខ្លួនមកប្រឆាំងតទល់នឹងពលរដ្ឋខ្មែរដែលកំពុងតវ៉ារឿងដីធ្លី។ ព្រះតេជព្រះគុណ មានថេរដីកាបន្ថែមថា រដ្ឋាភិបាលកម្ពុជា មិនគួរទទួលយកជនភៀសខ្លួនមកតាំងនៅក្នុងប្រទេសខ្លួនឡើយ ខណៈកម្ពុជា ដែលជាប្រទេសក្រីក្រមួយនេះ ទន្ទឹងតែទៅលើជំនួយបរទេសនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
