យុទ្ធនាការ​សុំ​ឲ្យ​អ្នក​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​ហូប​អាហារ​ឡើង​វិញ

0:00 / 0:00

ព្រះសង្ឃ​ប្រមាណ ២០​អង្គ និង​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល​ប្រហែល ៣០០​នាក់ បាន​ជួបជុំ​គ្នា​ធ្វើ​យុទ្ធនាការ​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។ ការ​ប្រមូល​ផ្គុំ​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ គឺ​សូម​ឲ្យ​ស្ត្រី​បឹងកក់ ៨​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ចាប់​ផ្ដើម​ហូប​អាហារ​ឡើង​វិញ បន្ទាប់​ពី​ធ្វើ​កូដកម្ម​បង្អត់​អាហារ​អស់​ពេល​​ជាង ១០​ថ្ងៃ​កន្លង​ទៅ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​បាន​នៅ​ក្រៅ​​ឃុំ។

គ្រួសារ​របស់​ស្ត្រី​បឹងកក់ ដែល​កំពុង​ជាប់ឃុំ និយាយ​​ថា មូលហេតុ​ដែល​ធ្វើ​យុទ្ធនាការ​នេះ គឺ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ក្នុង​ពន្ធនាគារ ទាំង ៨​នាក់ ពិសា​អាហារ​ឡើង​វិញ ដើម្បី​ត្រៀម​ខ្លួន​តតាំង​នៅ​ថ្ងៃ​សវនាការ​ដែល​គ្រោង​នឹង​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៤ នៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នៃ​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ស្វាមី​របស់​លោកស្រី ទេវ វន្នី គឺ​លោក អ៊ូ គង់ជា ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ថា មូលហេតុ​ដែល​ពួក​គាត់​ជួបជុំ​គ្នា​នៅ​ខាង​មុខ​ពន្ធនាគារ​ទៀត នៅ​ពេល​នេះ គឺ​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ តាំង​ស្មារតី ហើយ​ខិតខំ​ហូប​អាហារ​ឡើង​វិញ​ដើម្បី​មាន​កម្លាំង​នៅ​ថ្ងៃ​សវនាការ​ខាង​មុខ​នេះ៖ «យុទ្ធនាការ​ថ្ងៃ​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​គាត់ ដើម្បី​ឲ្យ​គាត់​ពិសា​អាហារ​ឡើង​វិញ ព្រោះ​ពួក​គាត់​អត់​អាហារ​អស់​រយៈពេល​ជាង ១០​ថ្ងៃ​មក​ហើយ។ យើង​បារម្ភ​សុខភាព​ពួកគាត់»

យុទ្ធនាការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២៨ ធ្នូ ២០១៤។
យុទ្ធនាការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២៨ ធ្នូ ២០១៤។ (RFA/Uon Chhin)

នេះ​ជា​យុទ្ធនាការ​ចូល​ដល់​សប្ដាហ៍​ទី​៥​ហើយ បន្ទាប់​ពី​សកម្មភាព​តវ៉ា​កាល​ពី ៤​លើក​កន្លង​ទៅ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ព្រះ​សង្ឃ ៣​អង្គ និង​សកម្មជន​ដីធ្លី ​ព្រមទាំង​គណបក្ស​នយោបាយ ១៦​នាក់ ពុំ​មាន​ការ​ឆ្លើយ​តប។ គិត​មក​ដល់​ពេល​នេះ សកម្មជន​តស៊ូ​រឿង​ដីធ្លី​នៅ​​តំបន់​បឹងកក់ ៨​នាក់ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ប្រឆាំង​សាលក្រម​សាលា​ដំបូង​រាជធានី​អស់​ពេល​ជាង ១០​ថ្ងៃ​កន្លង​មក​ហើយ។

ក្រៅ​ពី​នេះ អ្នក​ជាប់​ឃុំ​ដែល​ជា​សកម្មជន​ដីធ្លី សកម្មជន​គណបក្ស​នយោបាយ និង​ព្រះសង្ឃ ត្រូវ​បាន​ពន្ធនាគារ​រឹត​បន្តឹង​ការ​ណាត់​ជួប និង​ចូល​សួរ​សុខទុក្ខ ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ ទី​២២ ធ្នូ កន្លង​ទៅ​នេះ។

លោក អ៊ូ គង់ជា និយាយ​ថា ពួក​គាត់​ដែល​ជា​សាច់ញាតិ​ពុំ​សូវ​ដែល​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ឡើយ​ពី​អ្នក​នៅ​ក្នុង​ពន្ធនាគារ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​ហេតុ​ថា ខាង​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​ជួប​បាន ២​ដង​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។ លោក​បន្ត​ថា ដោយ​ឡែក​អ្នក​ទោស​ផ្សេង​វិញ គេ​អាច​ជួប​បាន​រហូត​ដល់ ៣​ដង​ក្នុង​មួយ​សប្ដាហ៍។

លោក ណៃ វ៉ង់ដា មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ចាត់​ទុក​ថា នេះ​គឺ​ជា​សកម្ម​ដែល​រើសអើង​ប្រឆាំង​សកម្មជន​ដីធ្លី និង​គណបក្ស​នយោបាយ​ពី​ខាង​ពន្ធនាគារ។ លោក​យល់​ឃើញ​ថា ខាង​ពន្ធនាគារ​ពុំ​គួរ​ប្រើប្រាស់​ស្តង់ដារ​ពីរ​ខុស​គ្នា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ដូច្នេះ​ឡើយ។

ឆ្លើយ​តប​រឿង​នេះ លោក សន កែវ មន្ត្រី​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា ខាង​ពន្ធនាគារ​គឺ​ពុំ​មាន​ការ​រឹតត្បិត ឬ​រើសអើង​អ្នក​ទោស​ណា​មួយ​ឡើយ ជាពិសេស​ពន្ធនាគារ គឺ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ និង​វិន័យ​ក្រឹត្យក្រម​ក្នុង​ការ​ចូល​សួរ​សុខទុក្ខ​ម្តងៗ៖ «ពុំ​មែន​ជា​ការ​ពិត​ទេ ព្រោះ​​ការ​ជួប​ការ​អី​គេ​មាន​នីតិវិធី​របស់​គេ​គ្រប់​គ្រាន់​ត្រឹមត្រូវ ពុំមាន​ការ​រើសអើង​ទេ»

ចំណែក​ពិធី​ដែល​រៀបចំ​ធ្វើ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ នៅ​ខាង​មុខ​មណ្ឌល​អប់រំ​កែប្រែ​ម២ ឯ​ណេះ​វិញ គឺ​អ្នក​ចូល​រួម​បាន​និមន្ត​ព្រះសង្ឃ​ប្រមាណ ២០​អង្គ ដែល​មាន​បាត្រ​នៅ​ក្នុង​ព្រះហស្ត (ដៃ) បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យឺតៗ ឆ្ពោះ​មក​ក្បែរ​របាំង​ពន្ធនាគារ​ដោយ​នៅ​អម​សង្ខាង​ផ្លូវ​គឺ​មាន​ប្រជាពលរដ្ឋ​ឈរ​ជា​ពីរ​ជួរ សម្រាប់​រង់ចាំ​បាច​ផ្កា​ឈូក មុន​នឹង​ដល់​របាំង​របស់​សមត្ថកិច្ច។ បន្ថែម​ពី​លើ​នេះ ក្រុម​អ្នក​តវ៉ា​ក៏​បាន​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី ព្រះ​សង្ឃ និង​សកម្មជន​​គណបក្ស​នយោបាយ​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ។

លោក ណៃ វ៉ង់ដា អនុ​ប្រធាន​ស៊ើប​អង្កេត​ដីធ្លី​នៃ​សមាគម​អាដហុក យល់​ឃើញ​ថា សកម្មភាព​នេះ​គឺ​ជា​សារ​មួយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កម្លាំង​សាមគ្គីភាព​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ផ្សេង​ទៀត៖ «សំឡេង»។

ដោយ​ឡែក​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​វិញ មិន​ត្រូវ​បាន​ដាក់​ឲ្យ​ឃ្លាំមើល ឬ​យាម​ការពារ​ដូច​លើក​មុនៗ​ឡើយ ក្រៅ​ពី​មាន​របាំង​ដាក់​នៅ​ខាង​មុខ​ច្រក​ចូល​នៃ​ពន្ធនាគារ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។