នៅក្នុងចំណោមមនុស្សប្រមាណជាង ៥.០០០នាក់ ដែលមានសម្រែកពាក្យតវ៉ាផង និងបដាផង គឺមាន ៣ ក្រុមខុសៗ ដូចជាក្រុមគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក កឹម សុខា ក្រុម សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ឬគេហៅថា ក្រុមម៉ូតូឌុប ដែលដឹកនាំដោយលោក ឯ សុភាស់ និងក្រុមអ្នកបឹងកក់ ដែលនាំមុខដោយអ្នកស្រី ទេព វន្នី។
ក្រុមអ្នកហែក្បួន និងតវ៉ាទាំងនេះ បានប្រមូលផ្ដុំគ្នាកកកុញនៅខាងមុខការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ហើយមានគោលបំណងខុសៗ គ្នា។
ក្រុមអ្នកហែក្បួនខាងគណបក្សសង្គ្រោះជាតិ នាំគ្នាហែក្បួនមកជួបលោក សុរិយា ស៊ូប៊ែឌី ក្នុងរឿងទាក់ទងនឹងការទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប។ អ្នកតវ៉ាទាំងនោះសរសេរបដា និងស្រែកពាក្យស្លាកថា ប្ដូរ គ.ជ.ប និងគាំទ្រអនុសាសន៍សង្គមស៊ីវិល។
ដោយឡែក ក្រុម សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ឬគេហៅថា ក្រុមម៉ូតូឌុប ក៏មានគោលបំណងចូលជួប និងយកញត្តិរបស់ពួកគេដាក់ជូន លោក សុរិយា ស៊ូប៊ែឌី ដែរ។ ដូចលើកមុនៗ ដដែល ចាប់តាំងពីព្រឹកព្រលឹម ក្រុមអ្នកម៉ូតូឌុបទាមទារឱ្យលោក សុរិយា ស៊ូប៊ែឌី បែងចែកករណីរបស់អ្នកស្រី យ៉ោម បុប្ផា ចេញពីករណីដីធ្លីនៅបឹងកក់។ ក្រុមអ្នកម៉ូតូឌុប ថ្លែងថា ពួកគាត់ខកចិត្តព្រោះតែឮដំណឹងថា លោក សុរិយា ស៊ូប៊ែឌី មានបំណងធ្វើអន្តរាគមន៍ឱ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ចេញពីពន្ធនាគារ។
នៅក្នុងការតវ៉ារបស់ក្រុមអ្នកម៉ូតូឌុប ជេរប្រមាថលោក សុរិយា ស៊ូប៊ែឌី ដោយប្រៀបប្រដូចលោក សុរិយា ស៊ូប៊ែឌី ទៅនឹងសត្វស្វា ហើយភ្ជាប់លោក អ៊ូ វីរៈ ទៅនឹងសត្វឆ្កែ។
ប្រធានក្រុមអ្នកម៉ូតូឌុប លោក ឯ សុភាស់ មានប្រសាសន៍នៅពេលព្រឹកថា មូលហេតុដែលនាំឱ្យមានការជេរប្រមាថដូច្នេះ គឺមកពីក្រុមរបស់លោកខឹងនឹងលោក សុរិយា ស៊ូប៊ែឌី និងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថាមិនដែលស៊ើបអង្កេតករណីសមាជិករបស់គាត់ ឈ្មោះ វ៉ាត ថៃសេង និង ង៉ែត ចិត្ត ដែលអះអាងថា ត្រូវអ្នកស្រី យ៉ោម បុប្ផា វាយឱ្យរបួសទេ ហើយចាត់ទុកថា ករណីនេះ ពាក់ព័ន្ធនឹងរឿងដីធ្លី។ ពួកគាត់ចាត់ទុកថា ជារឿងព្រហ្មទណ្ឌ ហើយទាមទារឱ្យមានសំណងសម្រាប់សមាជិករបស់គាត់។ លោក ឯ សុភាស់ ថ្លែងថា លោករីករាយក្រោយជំនួបជាមួយលោក សុរិយា ស៊ូប៊ែឌី ហើយសម្រេចរំសាយក្រុមរបស់លោក។
រីឯក្រុមអ្នកបឹងកក់របស់អ្នកស្រី ទេព វន្នី វិញ ក៏នាំគ្នាប្រមាណ ១០នាក់ មកជួបលោក សុរិយា ស៊ូប៊ែឌី ដើម្បីរកអន្តរាគមន៍ពីលោកក្នុងរឿងដីធ្លីនៅបឹងកក់ និងបុរីកីឡា និងករណីរបស់អ្នកស្រី យ៉ោម បុប្ផា ដែរ។
ក្រោយជំនួបនៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី ទេព វន្នី ឱ្យដឹងថា លោក សុរិយា ស៊ូប៊ែឌី លើកទឹកចិត្តពួកអ្នកស្រីកុំឱ្យអស់សង្ឃឹម ព្រោះប្រទេសមានច្បាប់។
ក្រុមអ្នកតវ៉ាទាំងបីក្រុមបានរំសាយវិញ នៅវេលាថ្ងៃត្រង់ ដោយមិនមានការប៉ះទង្គិចហិង្សាណាមួយទេ ទោះបីជាមានប៉ះសម្ដីគ្នាខ្លះៗ រវាងក្រុមអ្នកម៉ូតូឌុប និងអ្នកបឹងកក់ក្ដី។
លោក សុរិយា ស៊ូប៊ែឌី មិនទាន់អាចឆ្លើយតបចំពោះវិទ្យុអាស៊ីសេរី បាននៅឡើយទេ ជុំវិញជំនួបរបស់លោកនៅថ្ងៃទី២០ ឧសភា។ ក្នុងនោះរាប់ទាំងជំនួបជាក្រុមអ្នកតវ៉ាទាំងបីក្រុមផង។ មន្ត្រីព័ត៌មានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កញ្ញា ហ្សូអ៊ី ឡាធំបូ ឱ្យដឹងតាមអ៊ីម៉េលថា នៅថ្ងៃដដែលនេះ លោក សុរិយា ស៊ូប៊ែឌី បានជួបជាមួយខាងរដ្ឋសភា និងទទួលបានញត្តិរបស់គណបក្សសង្គ្រោះជាតិ ក្រុមអ្នកម៉ូតូឌុប និងក្រុមអ្នកមានបញ្ហាដីធ្លីនៅបឹងកក់ បុរីកីឡា និងតំបន់ក្បែរវាលយន្តហោះអន្តរជាតិភ្នំពេញ។
នៅក្នុងបេសកកម្មលើកទី៩ របស់លោក សុរិយា ស៊ូប៊ែឌី លោកនឹងស្វែងយល់ពីភាពរីកចម្រើនក្នុងការអនុវត្តអនុសាសន៍ទាំងឡាយ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ កំណែទម្រង់សភា កំណែប្រព័ន្ធបោះឆ្នោត និងសម្បទានដីសេដ្ឋកិច្ច ដែលលោកបានធ្វើបន្ទាប់ពីបេសកកម្មមកកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១២។
លោក សុរិយា ស៊ូប៊ែឌី នឹងធ្វើបទឧទ្ទេសនាមមួយ ស្ដីពី "ឧបសគ្គនៃការផ្សះផ្សាទល់នឹងផលប្រយោជន៍នៅក្នុងច្បាប់ស្ដីពីវិនិយោគអន្តរជាតិ"។ បទឧទ្ទេសនាមនេះ នឹងធ្វើឡើងនៅសកលវិទ្យាល័យមេគង្គកម្ពុជា ហើយលោកក៏នឹងជួបមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ នៅថ្ងៃអង្គារ ទី២១ ឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
