ពលរដ្ឋ​ខក​ចិត្ត​ចំពោះ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​មិន​ស្ដាប់​សំណើ​នៅ​ចុង​ម៉ោង​វេទិកា

ដោយ ប្រាជ្ញ ចេវ
2014.12.23
វេទិកា​នៅ​ក្រចេះ ៦២០ វេទិកា​សាធារណៈ​របស់​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Brach Chev

នៅ​ថ្ងៃ​ទី​២២ ធ្នូ មាន​ការ​រៀបចំ​ធ្វើ​វេទិកា​សាធារណៈ​មួយ​នៅ​ខេត្ត​ក្រចេះ ដោយ​មាន​មន្ត្រី​ខេត្ត​ចូលរួម។ នៅ​ក្នុង​វេទិកា​នោះ ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​បាន​ចោទ​សួរ​នៅ​ក្នុង​ម៉ោង​ចុង​ក្រោយ ប៉ុន្តែ​ត្រូវ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក នូ ភឿង បដិសេធ​មិន​ស្តាប់ ដោយ​លោក​បញ្ជាក់​ថា អស់​ពេល។ ចំណែក​ក្រុម​អាជីវករ​ទាំង​នោះ បាន​ត្រឹម​សម្ដែង​ការ​សោកស្ដាយ​ហួស​ចិត្ត ចំពោះ​ចម្លើយ​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត។

ពលរដ្ឋ​មួយ​ក្រុម បាន​ឡើង​សំពះ​អង្វរ​ក្នុង​វេទិកា​សាធារណៈ ដើម្បី​អន្តរាគមន៍​ពី​ប្រធាន​ក្រុម​ខេត្ត​ក្រចេះ រឿង​ភាស៊ី​ផ្សារ​ឡើង​ថ្លៃ ប៉ុន្តែ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ថ្លែង​នៅ​ពេល​នោះ​ឡើយ។ ប៉ុន្តែ​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បញ្ជាក់​ថា​ដល់​ពេល​សម្រាក ហើយ​ក្រពះ​លោក​ក៏​ចាប់​ផ្ដើម​កូរ​ដែរ៖ «មួយ​ព្រឹក​ហើយ​អត់​សួរ ឥឡូវ​រមួល​ពោះ​ស្ទើរ​ដាច់​ខ្យល់​ហើយ​បាន​សួរ»

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ មាន​អ្នក​ចូលរួម​ជាង ៣០០​នាក់ ផ្តល់​ឱកាស​ឲ្យ​មន្ត្រី​រាជការ ពលរដ្ឋ​ក្នុង​មូលដ្ឋាន​លើក​ឡើង​ពី​ទុក្ខ​លំបាក​របស់​ខ្លួន។ កម្មវិធី​នឹង​ត្រូវ​បិទ​នៅ​ម៉ោង ១១​កន្លះ​ព្រឹក។ ក្រុម​អាជីវករ​មួយ​ក្រុម​ដែល​ប្រធាន​ក្រុមប្រឹក្សា​មិន​ឲ្យ​បង្ហាញ​សំណូមពរ គឺ​មក​ដល់​វេទិកា​ក្រោយ​គេ ដោយ​ពួក​គេ​​លើក​បញ្ហា​ឡើង​នៅ​ម៉ោង ១១​ជាង។

តំណាង​អាជីវករ​ម្នាក់ លោកស្រី សេង អៀម ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា លោកស្រី​ហួស​ចិត្ត​នឹង​ចម្លើយ​របស់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នៅ​ពេល​នេះ។ ស្ត្រី​ដដែល​បន្ត​ថា មិន​មែន​ក្រុម​លោកស្រី​ចង់​ចូលរួម​យឺត​ពេល​ទេ ប៉ុន្តែ​មក​ពី​ទើប​ទទួល​ព័ត៌មាន​នៃ​វេទិកា​នេះ​យឺត​ពេល ហើយ​លោកស្រី​មក​ពេល​នេះ​ចោល​សាច់​ជ្រូក​នៅ​ឯ​ផ្សារ៖ «ពួក​ខ្ញុំ​ស្ដាយ​មក​ហើយ​អត់​បាន​ជួប ចោល​សាច់​ជ្រូក​នៅ​ផ្សារ»

ក្រោយ​ការ​សុំ​អន្តរាគមន៍​របស់​ពលរដ្ឋ​បាន​មួយ​សន្ទុះ​ធំ ប្រធាន​ក្រុមប្រឹក្សា លោក នូ ភឿង បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​ឡើង​បំភ្លឺ​ជូន​ពលរដ្ឋ ប៉ុន្តែ​ក្រុម​អាជីវករ​ទាមទារ​សុំ​ថ្លែង​ដោយ​ផ្ទាល់​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ក្នុង​វេទិកា។

ពលរដ្ឋ​ជា​ក្រុម​អាជីវករ​លើក​ឡើង​ថា ភាស៊ី​សត្តឃាត​ប្រចាំ​ផ្សារ​សាមគ្គី ខេត្ត​ក្រចេះ ឡើង​ថ្លៃ​តាម​តែ​ទំនើង​ចិត្ត និង​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​ទីតាំង​សត្តឃាត​ថ្មី ដែល​នៅ​កន្លែង​ឆ្ងាយ​ពី​ផ្សារ។

ស្ត្រី​ម្នាក់​ទៀត គឺ​លោកស្រី សែ លាងហន បាន​រៀបរាប់​ថា កន្លង​មក​មន្ត្រី​បច្ចេកទេស​ដោះស្រាយ​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​ដោះស្រាយ​មិន​ចេញ ទើប​ថ្ងៃ​នេះ​ក្រុម​អាជីវករ​មក​សុំ​អន្តរាគមន៍​ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នៅ​ក្នុង​វេទិកា​សាធារណៈ​តែ​ម្តង។ លោកស្រី​គ្មាន​រំពឹង​ថា បញ្ហា​ពលរដ្ឋ​ដែល​កើត​ឡើង​នេះ​អាច​ដោះស្រាយ​ឡើយ ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​មិន​ព្រម​ស្តាប់​កង្វល់​ពលរដ្ឋ​ដូច​នេះ៖ «ខ្ញុំ​មាន​បញ្ហា​មួយ​ឆ្នាំ​ហើយ គាត់​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ»

យ៉ាង​ណា​ក៏ដោយ ក្នុង​ពេល​ថ្លែង​បិទ​កម្មវិធី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ លោក នូ ភឿង បញ្ជាក់​ទៅ​ពលរដ្ឋ​ថា សំណួរ សំណូមពរ និង​ទុក្ខ​កង្វល់​ដែល​មិន​បាន​ឆ្លើយ​ក្នុង​វេទិកា​នេះ នឹង​ត្រូវ​យក​ដោះស្រាយ​បន្ត​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈ​អភិបាល​ខេត្ត។ លោក នូ ភឿង ទាមទារ​ឲ្យ​ពលរដ្ឋ​រក​ដំណោះស្រាយ​តាម​លំដាប់លំដោយ ដោយ​មាន​ទាំង​ឯកសារ ទើប​លោក​ពិនិត្យ​មើល​រឿង​នេះ៖ «ខ្ញុំ​គិត​ថា គាត់​សំណូមពរ​បន្ថែម​ដល់​ម៉ោង​១២ ដល់​ម៉ោង​១​ក៏​មិន​ចប់​ដែរ ចឹង​ហើយ​មាន​តែ​ធ្វើ​សំណើ​ទៅ​គណៈ​អភិបាល​ខេត្ត ឬ​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​ខ្ញុំ​ពិនិត្យ»

ក្រុមប្រឹក្សា​ខេត្ត​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សភា​ជាន់​ទាប ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ។

ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ។ ចំណែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស (CCHR) លោក អ៊ូ វីរៈ យល់​ថា ក្រុមប្រឹក្សា​ខេត្ត​មុន​ធ្វើ​វេទិកា​អ្វី គួរ​ណាស់​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ប្រជាពលរដ្ឋ​បាន​ដឹង និង​ត្រូវ​រៀបចំ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​លើក​ក្រោយៗ​ទៀត ពលរដ្ឋ​ដែល​មិន​ទាន់​អស់​ចម្ងល់ អាច​ចូលរួម​ស្តាប់ និង​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។