ករណី​រំលោភ​សេព​សន្ថវៈ​លើ​កុមារី​អាយុ​៣​ឆ្នាំ​នៅ​ខេត្ត​កោះកុង

អាជ្ញាធរ​ខេត្ត​កោះកុង រួម​ទាំង​មន្ត្រី​សិទ្ធិមនុស្ស ស៊ើបអង្កេត​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ ៣ ឆ្នាំ ម្នាក់ នៅ​ស្រុក​ថ្មបាំង​ ។

មន្ត្រី​កម្មវិធី​ស្ត្រី​និង​កុមារ​របស់​សមាគម​អាដហុក កញ្ញា តាន់ គឹមរ៉ានី បញ្ជាក់​ថា​កុមារី​នោះត្រូវ​បាន​ជន​សង្ស័យ​ម្នាក់​ចាប់​រំលោភ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ២០១៤ នៅ​វេលា​ម៉ោង ៦ និង​១៥​នាទី​ល្ងាច។ កញ្ញា​ចាត់​ទុក​ថា​ករណី​នេះ​ជា​រឿង​ព្រហ្មទណ្ឌ។ មន្រ្តីសិទ្ធិមនុស្សរូបនេះ​ ​អំពាវ​នាវ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​យន្តការ​ផ្សព្វផ្សាយ​ពី​បទល្មើស​នានា​ជា​ពិសេស​ករណី​រំលោភ​សេពសន្ថវៈ​នេះ​តែ​ម្ដង៖ «ទៅ​ដល់​មូលដ្ឋាន​ដាច់​ស្រយាល​ឲ្យ​ពួកគាត់​បាន​យល់​ដឹង​ពាក់​ព័ន្ធ​ទៅ​នឹង​ផ្លូវ​ច្បាប់ ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ក្មេង​ស្រី​​ដែល​គាត់​ទៅ​សាលា វា​ងាយ​ប្រឈម​នឹង​បញ្ហា»។

ជនសង្ស័យ ឈ្មោះ ហន ពៅ អាយុ ២៦ ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៨ ខែ​កក្កដា ហើយ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ពិតមែន។ ដូច្នេះ​ហើយ​ស្នងការ​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​បណ្ដោះ​អាសន្ន រង់​ចាំ​ការ​កោះ​ហៅ​របស់​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។