អាជ្ញាធរ​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​បំបិទ​សិទ្ធិ​ពលរដ្ឋ​ចូលរួម​ប្រជុំ

អាជ្ញាធរ​ខេត្ត​រតនគិរី មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ខេត្ត អញ្ជើញ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ពី​ថ្នាក់​ភូមិ​ដល់​ថ្នាក់​ក្រុង​ស្រុក និង​ប្រជាពលរដ្ឋ​ចូលរួម​សិក្ខា​សាលា កិច្ច​ប្រជុំ និង​ទស្សនកិច្ច​សិក្សា​នានា​របស់​អង្គការ​ណា​មួយ​ក្នុង​អំឡុង​ពេល​ឃោសនា និង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៨ ខែ​កក្កដា ឡើយ។ ករណី​នេះ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​រិះគន់​ការ​សម្រេច​នេះ។

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មាន​ការិយាល័យ​នៅ​ខេត្ត​រតនគិរី ចាត់​ទុក​ការ​សម្រេច​របស់​អាជ្ញាធរ​ខេត្ត ថា​មិន​អនុលោម​តាម​ច្បាប់​បោះឆ្នោត និង​ច្បាប់​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ជួប​ប្រាស្រ័យ​បំពេញ​ការងារ​របស់​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល។

អ្នក​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ចាប់​អារម្មណ៍​ថា ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​រំខាន​ដល់​កម្មវិធី​ការងារ​នៅ​មូលដ្ឋាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប៉ះពាល់​សិទ្ធិ​ជួប​ប្រាស្រ័យ​រវាង​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ។ លោក​ពន្យល់​ថា អាជ្ញាធរ​ខេត្ត​អាច​កំណត់ ឬ​ណែនាំ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​គោលការណ៍ ឬ​ច្បាប់​បោះឆ្នោត គឺ​ជា​ការ​សមស្រប៖ «ព្រោះ​រយៈពេល​នៃ​ការ​បោះឆ្នោត គឺ​មួយ​ខែ​ពេញ។ ប្រសិន​សកម្មភាព​នៅ​ថ្នាក់​មូលដ្ឋាន​ត្រូវ​អាក់​ខាន អា​ហ្នឹង​ជា​ការ​លំបាក។ រដ្ឋាភិបាល​ក៏​ដូច​អាជ្ញាធរ​ខេត្ត គាត់​គ្រប់គ្រង​ត្រឹម​តែ​មិន​ឲ្យ​យើង​ផ្សព្វផ្សាយ​ប៉ះពាល់​នយោបាយ​ផ្សេង វា​ជា​រឿង​ត្រឹមត្រូវ​វា​ស្រប​ទៅ​នឹង​គោល​នយោបាយ វា​ស្រប​ទៅ​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ផ្សេងៗ​ច្បាប់​បោះឆ្នោត»

ដូច​គ្នា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បាន​ហៅ​ការ​សម្រេច​របស់​អាជ្ញាធរ​ខេត្ត​ថា ជា​ការ​សម្រេច​មិន​អាច​យក​មក​អនុវត្ត​បាន។ លោក​កត់​សម្គាល់​ថា ច្បាប់​បោះឆ្នោត​មិន​បាន​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​ធ្វើ​សិក្ខា​សាលា​អប់រំ​ផ្សព្វផ្សាយ​បញ្ហា​នានា និង​ទស្សនកិច្ច​សិក្សា​ក្នុង​អំឡុង​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដែរ។ ចំណែក​ច្បាប់​បោះឆ្នោត ក៏​មិន​បាន​កំណត់​ថា ប្រជាពលរដ្ឋ​មិន​អាច​ខកខាន​មិន​ទៅ​បោះឆ្នោត​បាន​នោះ​ឡើយ៖ «វា​មិន​មែន​ជា​ផ្លូវ​ច្បាប់​ណា​មួយ​អាច​ហាម​ឃាត់​បាន​ទេ​បាទ!។ វា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ប៉ះពាល់​ដល់​ដំណើរ​ការ​ជួប​ប្រជុំ​ផ្សេងៗ​លើ​អង្គការ​សង្គម​ស៊ីវិល មាន​សកម្មភាព​នៅ​តាម​មូលដ្ឋាន»

អភិបាល​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៣ បាន​ធ្វើ​លិខិត​ជម្រាប​ជូន​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត ស្ដីពី​ការ​មិន​អនុញ្ញាត​នេះ និង​បាន​លើក​ហេតុផល​ថា ការ​មិន​អនុញ្ញាត​នេះ​ដើម្បី​ទុក​ពេល​វេលា​នៃ​រយៈពេល​ឃោសនា​បោះឆ្នោត​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មាន​ពេល​វេលា​ពេញលេញ​ចាត់​ចែង​ការងារ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ឱកាស​ប្រើប្រាស់​សិទ្ធិ​នយោបាយ​ពេញលេញ​ស្ដីពី​ការ​បោះឆ្នោត។

ឆ្លើយ​តប​ការ​អះអាង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន មាន​ប្រសាសន៍​បញ្ជាក់​ថា សេចក្តី​សម្រេច​ដែល​អាជ្ញាធរ​ខេត្ត​បាន​ជម្រាប​ជូន​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ គឺ​ជា​សារ​ទំនាក់ទំនង និង​រំឭក​មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ពិចារណា​ទុក​ពេល​វេលា​ឲ្យ​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រាន់​បំពេញ​ការងារ និង​ចូលរួម​ការងារ​ឃោសនា និង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​បាន​ប្រសើរ។ លោក​បដិសេធ​ថា មិន​បាន​បំបិទ​សិទ្ធិ​សេរីភាព​មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ការ​ជួប​ប្រាស្រ័យ​ជាមួយ​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​នោះ​ទេ៖ «ខ្ញុំ​ចេញ​លិខិត​ក្នុង​គោល​បំណង​ដើម្បី​សង្គម​ស៊ីវិល​ហ្នឹង​ដឹង​ដែរ មិន​មែន​ដាក់​កម្មវិធី​ចំ​យុទ្ធនាការ អា​ហ្នឹង​ចៀសៗ​ទៅ។ ខ្ញុំ​ឧទាហរណ៍ បើ​គាត់​ទៅ​ប្រជុំ​ភូមិ​ហ្នឹង គាត់​ប្រជុំ​នៅ​ភូមិ​ហ្នឹង​បាន។ ប៉ុន្តែ នាំ​គេ​ទៅ​សិក្ខា​សាលា​ប៉ុន្មាន​ថ្ងៃ មក​ខេត្ត​ឆ្លង​ខេត្ត​ត​ទៅ​ទៀត អា​ហ្នឹង​អត់​បាន​ទេ»

មន្ត្រី​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក គឹត ទូច បាន​កត់​សម្គាល់​ថា គោលការណ៍​បទ​បញ្ជា​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត និង​ច្បាប់​បោះឆ្នោត មិន​បាន​ហាម​ប្រាម ឬ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បំពេញ​ការងារ​ដែល​មិន​ពាក់ព័ន្ធ​ការ​ហាម​ឃាត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ​ឡើយ។ លោក​បន្ត​ថា សេចក្តី​សម្រេច​របស់​អាជ្ញាធរ​ខេត្ត​នេះ​មិន​មាន​សុពលភាព​សម្រាប់​អនុវត្ត​បាន​ឡើយ៖ «ថ្នាក់​ខេត្ត​គួរ​តែ​បើក​ចំហ​លើក​ទឹក​ចិត្ត ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ក្នុង​ការ​អន្តរាគមន៍​សង្គម»

ការ​ឃោសនា​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ មាន​រយៈពេល ៣០​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា។ ថ្ងៃ​ទី២៧ ខែ​កក្កដា គឺ​ជា​ថ្ងៃ​ស ចំណែក​ថ្ងៃ​ទី២៨ ខែ​កក្កដា គឺ​ជា​ថ្ងៃ​បោះឆ្នោត​ចុង​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។