បទបញ្ជាដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន ៧ចំណុច មានខ្លឹមសារជារួម ដើម្បីអន្តរាគមន៍ បង្ការ ទប់ស្កាត់ ដោះស្រាយ និងតម្រង់ទិសការអនុវត្តសិទ្ធិធ្វើកូដកម្មឲ្យស្របតាមច្បាប់ការងារ និងការអនុវត្តសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី។
ប្រធានសហជីពកម្មករមួយចំនួនបានហៅបទបញ្ជារបស់រដ្ឋាភិបាលនោះថា ជាការហាមបញ្ចេញមតិ តវ៉ា និងថា អាជ្ញាធរថ្នាក់ក្រោមអាចប្រើជាលេសដើម្បីបង្ក្រាបការធ្វើកូដកម្ម និងបាតុកម្មរបស់កម្មករធ្វើការតាមរោងចក្រសហគ្រាស។
អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា បានហៅបទបញ្ជាលេខ ០៣ប.ប. នោះថា មានគោលដៅបិទសិទ្ធិសេរីភាពកម្មកររោងចក្រកាត់ដេរ និងបង្កឱកាសឲ្យអាជ្ញាធរតាមបង្ក្រាបការតវ៉ារបស់កម្មករ៖ «ក្នុងបទបញ្ជានោះដាក់ពិន័យតឹងតែងពេក ហាក់ដូចជាមិនចង់ឲ្យអ្នកណាមួយតវ៉ារឿងអីសោះ។ ចង់ឲ្យថា រដ្ឋាភិបាលនិយាយម៉េច អ្នកទាំងអស់គ្នាត្រូវតែធ្វើតាមគាត់តែម្ដង»។
ចំណែកលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មានយោបល់ថា បទបញ្ជានោះមានចំណុច ២សំខាន់ គឺទី១ វាជាការណែនាំមួយឲ្យកម្មករ និងថៅកែរោងចក្រដោះស្រាយទំនាស់គ្នាតាមនីតិវិធីច្បាប់ដែលបានកំណត់។ តែម៉្យាងទៀតនោះ គឺធ្វើឲ្យភាគីកម្មករដែលជាភាគីទន់ខ្សោយមិនអាចឈ្នះថៅកែរោងចក្របានឡើយ ទាំងការតវ៉ាតាមផ្លូវថ្នល់ និងការតវ៉ាតាមផ្លូវច្បាប់នៅតុលាការ។
លោក អាត់ ធន់៖ «ឧទាហរណ៍គេយកបទបញ្ជានេះដើម្បីបង្ក្រាប ឬក៏អនុវត្តទៅហើយ វាប៉ះពាល់ដល់អ្នកទន់ខ្សោយ គឺកម្មករ។ ហេតុអីបានជាខ្ញុំនិយាយដូចនេះ ដោយសារបទបញ្ជាមួយមិនអនុញ្ញាតឲ្យមានការហែអីទេ។ ប៉ុន្តែជួនកាលរឿងកម្មករនោះគាត់ត្រូវគេរំលោភ ធ្វើឲ្យពួកគាត់ជាអ្នករងគ្រោះ នៅពេលគាត់តវ៉ាត្រូវគេបង្ក្រាបទៀត»។
រីឯលោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករមានយោបល់ថា ការប្រកាសបទបញ្ជា ០៣ប.ប. នេះ បានកើត ដោយសារអាជ្ញាធរខ្លាចមានសហជីពតំណាងកម្មករមួយចំនួនតវ៉ាធំ ដោយសារមិនយល់ព្រមតាមចំនួនប្រាក់ខែគោល ៨០ដុល្លារ ដែលសហជីពមួយចំនួនថៅកែរោងចក្រ និងតំណាងរដ្ឋាភិបាលបានសម្រេចរួចទៅហើយនោះ៖ «ខ្ញុំគិតថា បទបញ្ជានោះដើម្បីរាំងស្កាត់សហព័ន្ធសហជីពមួយចំនួនដែលមិនពេញចិត្ត ការសម្រេចឡើងប្រាក់ខែកន្លងទៅរបស់សហព័ន្ធមួយចំនួនជាមួយរដ្ឋាភិបាលនោះ»។
ចំពោះលោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា វិញ មានយោបល់ថា បទបញ្ជានោះគ្មានប្រសិទ្ធភាពក្នុងការអនុវត្តឡើយ ហើយបទបញ្ជារបៀបនេះមិនមែនមានជាលើកទី១ នោះទេ៖ «ខ្ញុំឃើញបទបញ្ជានេះជាមួយបទបញ្ជាផ្សេងៗទៀត។ សម្រាប់ខ្ញុំគឺគិតថា អត់មានប្រសិទ្ធភាពទេ។ ហេតុអីបានជាខ្ញុំនិយាយអ៊ីចឹង? ដោយសាររដ្ឋាភិបាលអត់សមត្ថភាពដោះស្រាយឲ្យប្រជាពលរដ្ឋដោះស្រាយឲ្យកម្មករ និងកម្មាការិនី។ ធ្វើរាប់ពាន់បទបញ្ជាទៀតក៏អត់បានការដែរ ពីព្រោះកម្មករធ្វើកូដកម្ម និងបាតុកម្ម ដោយសារថៅកែរំលោភកេងប្រវ័ញ្ចពីពួកគាត់។ អ៊ីចឹងរដ្ឋាភិបាលចេះតែចេញ ហើយបទបញ្ជាតែចុងក្រោយ គឺអត់បានការ»។
ខ្លឹមសារសង្ខេបចំណុចទាំង ៧ នៃបទបញ្ជាលេខ ០៣ប.ប. របស់រដ្ឋាភិបាលនោះមានដូចតទៅ៖
ទី១ ក្រសួងមានសមត្ថកិច្ចទាំងអស់ដែលធ្វើការងារទាក់ទងជាមួយកម្មករនៃរោងចក្រកាត់ដេរ និងអាជ្ញាធរតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធត្រូវដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ឲ្យពង្រឹងច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ខិតខំដោះស្រាយរាល់វិវាទការងារតាមនីតិវិធីច្បាប់ តាំងពីពេលចាប់ផ្ដើមដំបូងចៀសវាងការអូសបន្លាយពេលវេលាដែលនាំឲ្យបញ្ហារាលដាលធំ។ ក្នុងករណីមិនអាចដោះស្រាយបាន ត្រូវចាត់វិធានការរក្សាសណ្ដាប់ធ្នាប់ និងចាត់វិធានការតាមផ្លូវច្បាប់។
ទី២ ថៅកែរោងចក្រត្រូវគោរព និងអនុវត្តច្បាប់ យកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវលក្ខខណ្ឌការងារសុវត្ថិភាព អនាម័យ សន្តិសុខការងារ គោរពសិទ្ធិស្របច្បាប់របស់សហជីព និងសហការល្អជាមួយសហជីពដែលមានភាពតំណាងបំផុត។ ក្នុងករណីមានវិវាទកើតឡើង ត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច និងចាត់តំណាងស្របច្បាប់ចូលរួមចរចា និងដោះស្រាយដោយសន្តិវិធី។ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវនីតិវិធីឡុកអៅ។
ទី៣ អង្គការសហជីពត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមអនុសញ្ញាលេខ ៨៧ និង ៨៩ របស់អង្គការពលកម្មអន្តរជាតិខាងការងារស្ដីពីសេរីភាពសហជីព និងការចរចាអនុសញ្ញារួម គោរពតាមច្បាប់ការងារ។ ពេលវិវាទកើតឡើង ត្រូវព្យាយាមដោះស្រាយឲ្យអស់លទ្ធភាព ចុងក្រោយបើភាគីណាមួយមិនសុខចិត្ត ត្រូវប្ដឹងទៅតុលាការ និងគប្បីចៀសវាងជាអតិបរមានូវការធ្វើកូដកម្ម និងបាតុកម្ម។
ទី៤ កម្មករកម្មការិនីត្រូវគោរពច្បាប់ចូលរួមរក្សាភាពសុខសាន្ត សាមគ្គីភាពនៅកន្លែងធ្វើការ ចាត់ទុករោងចក្រសហគ្រាសជាឆ្នាំងបាយរួមរបស់កម្មករ និងថៅកែរោងចក្រ។
ទី៥ អាជ្ញាធររាជធានី ខេត្ត ត្រូវរៀបចំបង្កើត និងពង្រឹងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មនៅតាមគ្រប់មុខសញ្ញានៅថ្នាក់រាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចាត់វិធានការទប់ស្កាត់ដោះស្រាយឲ្យទាន់ពេលវេលាករណីកូដកម្ម បាតុកម្ម។
ទី៦ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ប្រឹងប្រែងរាំងខ្ទប់អំពើហិង្សា ការបិទផ្លូវសាធារណៈ ការគប់ ឬវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន ការរារាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការចាក់សោបង្ខាំងមនុស្ស ការបង្ករបួសស្នាម ការគំរាមកំហែងកម្មករមិនឲ្យចូលធ្វើការ។ល។ និង ។ល។ ក្នុងករណីមានអំពើហិង្សាត្រូវចាត់វិធានការតាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ទី៧ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មនៅតាមគ្រប់មុខសញ្ញា ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងនានា ដើម្បីអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្រ្តីរដ្ឋាភិបាល ដើម្បីធ្វើអត្ថាធិប្បាយលើបទបញ្ជា ០៣ប.ប នោះបានឡើយ នៅថ្ងៃទី៣១ មីនា។
ប្រភពឯកសារសហជីពបានឲ្យដឹងថា ប្រទេសកម្ពុជា មានកម្មករកាត់ដេរប្រមាណ ៦០ម៉ឺននាក់ ធ្វើការតាមរោងចក្រចំនួន ៤០០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
