ជនភៀសខ្លួនរស់នៅលើកោះណាវរូ (Nauru) ប្ដេជ្ញាបន្តការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអូស្ត្រាលីដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជា យល់ព្រមផ្ដល់ប្រាក់ ៤០លានដុល្លារអាមេរិកជាថ្នូរនឹងការទទួលយកជនភៀសខ្លួនមករស់នៅក្នុងប្រទេសកម្ពុជា។
ប្រភពព័ត៌មាន អេ.ប៊ី.ស៊ី. (ABC) រាយការណ៍នៅថ្ងៃទី១ ខែតុលា ម្សិលមិញបានឲ្យដឹងថា ក្រុមបាតុករទាំងចាស់ក្មេង ស្រីប្រុស បានកាន់បដាជាច្រើនសរសេរជាភាសាអង់គ្លេសថា «មានតែសាកសពរបស់ពួកយើងទេដែលធ្វើដំណើរទៅប្រទេសកម្ពុជា»។ «អត្តឃាតគឺប្រសើរជាងនយោបាយស្មោកគ្រោករបស់រដ្ឋាភិបាលអូស្ត្រាលី» ជាដើម។
ប្រភពដដែលបន្តថា ក្រុមបាតុករក៏បានប្រគល់ញត្តិទៅគណៈកម្មការជាន់ខ្ពស់អូស្ត្រាលី នៅកោះណាវរូ ជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី គិតគូរពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជា។ ក្នុងញត្តិនោះក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋាភិបាលអូស្ត្រាលី ធ្វើឲ្យជនភៀសខ្លួនទាំងអស់ដែលកំពុងរស់នៅលើកោះនេះ អស់ក្តីសង្ឃឹម ហើយមានតែសេចក្ដីស្លាប់ទេ ដែលជាដំណោះស្រាយចុងក្រោយ។ ពួកគេគ្មានអ្វីសេសសល់ទៀតទេ ហើយចង់ឲ្យរដ្ឋាភិបាលអូស្ត្រាលី បានដឹងថា អូស្ត្រាលីអាចបញ្ជូនពួកគេទៅប្រទេសកម្ពុជា បាន តែជាសាកសពទៅវិញ។
ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន សំដែងក្ដីបារម្ភថា កម្ពុជាដែលជាប្រទេសក្រីក្រ និងរំលោភសិទ្ធិមនុស្សមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្ដល់កិច្ចគាំពារឱ្យសមរម្យសម្រាប់ជនភៀសខ្លួនទាំងនោះឡើយ។គណៈប្រតិភូកម្ពុជា គ្រោងធ្វើទស្សនកិច្ចនៅកោះណាវរូ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីពិនិត្យស្ថានភាពរស់នៅ និងជួបពិភាក្សាជាមួយជនភៀសខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
