សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានអំពាវនាវដល់សិស្សនិស្សិត បញ្ញវន្ត និងប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ឲ្យចូលរួមការជួបជុំ និងដង្ហែញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន ដើម្បីទប់ស្កាត់មិនឲ្យមានការបញ្ជូន និងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកតាំងទីលំនៅនៅប្រទេសកម្ពុជា។
ព្រះសង្ឃ យុវជន សហគមន៍ដីធ្លី និងប្រជាពលរដ្ឋប្រមាណ ១ពាន់នាក់ គ្រោងជួបជុំគ្នានៅស្ថានទូតអាមេរិក នៅថ្ងៃសុក្រ ទី១៧ តុលា ដើម្បីធ្វើបាតុកម្មដង្ហែញត្តិ និងសម្ដែងមតិទៅស្ថាប័នជាតិ និងអន្តរជាតិចំនួន៦ ស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវនីតិវិធីបញ្ជូន និងទទួលជនភៀសខ្លួនសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកកាន់កម្ពុជា។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស មានប្រសាសន៍នៅថ្ងៃទី១៤ ខែតុលា ថា គម្រោងជួបជុំគ្នានៅថ្ងៃទី១៧ តុលា នោះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី កុំអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាស្ដីពីជនភៀសខ្លួន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក។ លោកថា ការសម្រេចបញ្ជូនពួកគេមករស់នៅប្រទេសកម្ពុជា វានឹងមិនផ្ដល់ផលប្រយោជន៍អ្វីដល់ពលរដ្ឋកម្ពុជា និងជនភៀសខ្លួនទាំងនោះទេ។
លោកថា កម្ពុជា មិនទាន់មានសមត្ថភាពពេញលេញដើម្បីទទួលជនអន្តោប្រវេសន៍ចូលមករស់នៅកម្ពុជា ទេ ពីព្រោះសព្វថ្ងៃ កម្ពុជា មិនទាន់មានការគោរពច្បាប់ឲ្យបានពេញលេញ មានភាពក្រីក្រ មានវិវាទដីធ្លីដែលមិនទាន់ដោះស្រាយចេញនៅឡើយ៖ «ទោះមានការរារាំងក៏យើងត្រូវតែធ្វើ ដើម្បីសម្ដែងមតិ ព្រោះយើងចង់ផ្ញើសារដល់អន្តរជាតិឲ្យឃើញច្បាស់ថា ប្រទេសអូស្ត្រាលី ហើយនិងប្រទេសកម្ពុជា កំពុងតែរួមដៃគ្នារំលោភលើសិទ្ធិមនុស្ស គឺរំលោភលើសិទ្ធិជនភៀសខ្លួននេះតែម្ដង។ មកដល់ពេលនេះ គឺយើងមានអង្គការអន្តរជាតិដែលគេកំពុងធ្វើយុទ្ធនាការអំពីសិទ្ធិជនភៀសខ្លួនដែរ ដែលមានស្នាក់ការនៅប្រទេសអូស្ត្រាលី គេបានគេទាក់ទងមកយើង ហើយគេកំពុងធ្វើយុទ្ធនាការនេះគេ គេគ្រោងធ្វើសន្និសីទកាសែតមួយនៅស៊ីដនី (Sydney) នៅក្នុងថ្ងៃ១៧ ទន្ទឹមនឹងថ្ងៃដែលគេធ្វើបាតុកម្មហ្នឹង»។
គម្រោងបាតុកម្មរបស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤ នោះ គេគ្រោងធ្វើចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយចាប់ផ្ដើមប្រមូលផ្ដុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក មុនគេ រួចហែឆ្ពោះទៅវិមានសន្តិភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី ការិយាល័យអង្គការសហប្រជាជាតិ ការិយាល័យសហភាពអឺរ៉ុប មន្ទីររដ្ឋសភា និងចុងក្រោយហែឆ្ពោះទៅស្ថានទូតអូស្ត្រាលី។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា អាជ្ញាធររាជធានីអាចនឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំបាតុកម្មនៅថ្ងៃទី១៥ ឬនៅថ្ងៃទី១៦ តុលា ដើម្បីជជែកពីគម្រោងជួបជុំធ្វើបាតុកម្មនេះ។ រីឯការប្រកាន់ជំហរថានៅតែហែញត្តិក្នុងចំនួនច្រើននោះ លោកមិនអត្ថាធិប្បាយនោះទេ៖ «យើងត្រូវហៅគាត់មកជជែកគ្នាសិន ឥឡូវយើងអត់ទាន់មានពេលជជែក ប្រហែលជាអាចហៅគាត់ស្អែក។ ខ្ញុំកំពុងឆ្លងគោលការណ៍ពីឯកឧត្ដមអភិបាលរងសិន បើអត់ស្អែកមានតែថ្ងៃ១៦ បាទត្រូវហើយ។ ខ្ញុំអត់ទាន់ដឹងទេ»។
គម្រោងធ្វើបាតុកម្មប្រឆាំងនឹងការអនុវត្តកិច្ចព្រមព្រៀងនៃការបញ្ជូន និងទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកតាំងទីលំនៅនៅប្រទេសកម្ពុជា នេះ បន្ទាប់ពីក្រុមយុវជននិស្សិត ព្រះសង្ឃ និងប្រជាសហគមន៍មានជម្លោះដីធ្លី បានប្រជុំគ្នា ហើយប្រកាសបន្តជំទាស់នឹងគម្រោងបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលី មករស់នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ តុលា។
មន្ត្រីរដ្ឋាភិបាល តែងតែអះអាងថា រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី និងផ្ដល់ការតាំងទីលំនៅឲ្យជនភៀសខ្លួននៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត ហើយស្របទៅនឹងអនុសញ្ញាជនភៀសខ្លួន ហើយថាចំនួន និងពេលវេលាសម្រាប់ការតាំងទីលំនៅ នឹងត្រូវបានកំណត់ដោយប្រទេសកម្ពុជា។
កាលពីថ្ងៃទី២៦ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីការបញ្ជូន និងទទួលជនអន្តោប្រវេសន៍ពីប្រទេសអូស្ត្រាលី មករស់នៅកម្ពុជា។ កិច្ចព្រមព្រៀងនោះ មានសុពលភាពរយៈពេល ៤ឆ្នាំ។
ទោះជាយ៉ាងណា សង្គមស៊ីវិលនៅតែបន្តចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាការរំលោភទៅលើអនុសញ្ញាអន្តរជាតិ ស្ដីពីជនភៀសខ្លួនឆ្នាំ១៩៥១ ដោយសារតែវាមិនមានមធ្យោបាយណាមួយ ដែលរដ្ឋាភិបាលអូស្ត្រាលី អាចធានាថា ខណៈដែលជនភៀសខ្លួនទាំងនេះមកដល់កម្ពុជា ពួកគេនឹងទទួលបានការការពារសិទ្ធិមនុស្សមូលដ្ឋានដូចមាននៅប្រទេសអូស្ត្រាលី ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
