ព្រឹទ្ធសភាអូស្ត្រាលី ដាក់ការសង្ស័យលើរដ្ឋាភិបាលនៃប្រទេសនេះថា បានកិបកេងថវិកាជាតិជិត ៤០០លានដុល្លារ សម្រាប់ចំណាយលើគម្រោងជនភៀសខ្លួនពីអូស្ត្រាលី មកកម្ពុជា ក៏ប៉ុន្តែភាគីកម្ពុជា បញ្ជាក់ថា មិនបានដឹងរឿងនេះទេ។
សារព័ត៌មានអូស្ត្រាលី មួយផ្សាយនៅថ្ងៃទី៥ ខែមិថុនា ថា ព្រឹទ្ធសភា និងមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី បានសួរដេញដោលគ្នាយ៉ាងក្ដៅគគុក អំពីរឿងអាថ៌កំបាំងនៃថវិកាចំនួន ៣៧០លានដុល្លារ ហើយព្រឹទ្ធសភាអូស្ត្រាលី បានចោទរដ្ឋាភិបាលអូស្ត្រាលី ថា បានប្រឌិតរឿង និងបំប៉ោងតួលេខកញ្ចប់ថវិកាជំនួយនេះ ហើយយកថវិកានេះចំនួន ៣៧០លានដុល្លារ ទៅធ្វើជាលុយទឹកតែ ដើម្បីចំណាយលើគម្រោងតាំងទីលំនៅរបស់ជនភៀសខ្លួនពីអូស្ត្រាលី នៅកម្ពុជា។
សារព័ត៌មាន ឌឹ ស៊ីដនី ម័រនិង ហ៊រលដ (The Sydney Morning Herald) ផ្សាយថា កាលពីថ្ងៃទី១១ មិថុនា ព្រឹទ្ធសភាអូស្ត្រាលី បានជជីកសួរដេញដោលមន្ត្រីការបរទេសអូស្ត្រាលី គឺលោក ជច ប្រែឌីស (George Brandis) អំពីមូលហេតុថា ហេតុអ្វីបានចំនួនទឹកប្រាក់នៃកញ្ចប់ថវិកាជំនួយប្រចាំឆ្នាំ ហៅថា "កម្មវិធីឆ្លងតំបន់" នោះ ថាមានចំនួនកើនឡើងយ៉ាងឆាប់រហ័សម្ល៉េះ។ គឺថវិកាជំនួយប្រចាំឆ្នាំនេះ បានកើនពីចំនួនជាង ៣០៩លានដុល្លារ ដល់ជាង ៦៨៦លានដុល្លារ ដែលព្រឹទ្ធសភាសង្ស័យថា អាចជាការគៃបន្លំអ្វីមួយ។
ឆ្លើយតបទៅនឹងសំណួរដេញដោលរបស់ព្រឹទ្ធសភានោះ លោក ជច ប្រែឌីស មិនបានបញ្ជាក់ពីមូលហេតុនៃការកើនឡើងចំនួនថវិកានេះទេ គ្រាន់តែឆ្លើយវិញថា លោកនឹងចងចាំ។
ទាក់ទងរឿងព្រឹទ្ធសភា ចោទរដ្ឋាភិបាលអូស្ត្រាលី ថាបានយកប្រាក់ចំនួន ៣៧០លានដុល្លារ សម្រាប់បង់ថ្ងៃទឹកតែឲ្យភាគីកម្ពុជា នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បញ្ជាក់ថា លោកមិនបានជ្រាបរឿងនេះទេ ហើយភាគីនៃប្រទេសទាំងពីរក៏មិនទាន់សម្រេចលើកិច្ចព្រមព្រៀងនេះដែរ៖ «ខ្ញុំអត់បានជ្រាបទេ ចំណុចហ្នឹងណា។ ហើយដោយខ្ញុំមិនមែនជាសមាជិកក្នុងក្រុមការងារ ខ្ញុំមិនបានជ្រាបច្បាស់អំពីដំណើរការហ្នឹង ថាតើវិវឌ្ឍន៍ដល់ណាហើយ។ តែទោះយ៉ាងណាក៏ដោយ មកដល់ពេលនេះមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយនៅឡើយទេ»។
រឿងរ៉ាវទាក់ទងផែនការបញ្ជូនជនភៀសខ្លួនពីប្រទេសនានា ដែលបានភៀសខ្លួនទៅនៅអូស្ត្រាលី ហើយរដ្ឋាភិបាលអូស្ត្រាលី គ្រោងបញ្ជូនជនភៀសខ្លួនទាំងនោះបន្តមករស់នៅកម្ពុជា ចេះតែលេចឮពីភាគីរដ្ឋាភិបាលអូស្ត្រាលី ជាបន្តបន្ទាប់ ខណៈដែលភាគីកម្ពុជា ចេះតែបដិសេធថា កម្ពុជា មិនទាន់សម្រេចចិត្តទទួលជនភៀសខ្លួនទាំងនោះយ៉ាងណាក្ដី។
កាលពីខែកុម្ភៈ ភាគីអូស្ត្រាលី បានសុំឲ្យកម្ពុជា ជួយទទួលជនភៀសខ្លួនដែលបានភៀសខ្លួនមកពីប្រទេសនានា ទៅសុំសិទ្ធិជ្រកកោននៅអូស្ត្រាលី ហើយអូស្ត្រាលី ចង់បញ្ជូនជនភៀសខ្លួនទាំងនោះបន្តមកកម្ពុជា តែកម្ពុជា នៅមិនសម្រេចចិត្តនៅឡើយទេ។ គម្រោងនេះត្រូវបានក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រិះគន់ថា កម្ពុជា ជាប្រទេសក្រីក្រ នៅមានការរំលោភសិទ្ធិមនុស្សនៅឡើយ មិនអាចទទួលជនភៀសខ្លួនទាំងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
