របាយការណ៍៖ កម្ពុជា​​ប្រឈម​នឹង​ការ​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ

ដោយ សាន សែល
2016-01-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា ដែល​ត្រូវ​បាតុករ​មួយ​ក្រុម​វាយ​ដំ​ឲ្យ​របួស​នៅ​​ក្បែរ​​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Uon Chhin

សន្ទស្សន៍​ប្រជាធិបតេយ្យ​នៃ​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit) ដែល​បាន​ចេញ​ផ្សាយ​នៅ​ខែ​មករា បង្ហាញ​ថា ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ។ សន្ទស្សន៍​នេះ​រក​ឃើញ​ថា ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ធ្លាក់​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។

ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១១៣ ក្នុង​ចំណោម ១៦៧​ប្រទេស នៅ​ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​របស់​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤  ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០១៥ ថយ​ចុះ។

​នៅ​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុសរុប​ចំនួន ៤,២៧ គឺ​ស្ថិត​ក្នុង​ក្រុម​ប្រទេស​របប​កូន​កាត់​ប្រជាធិបតេយ្យ​ពាក់​កណ្ដាល ផ្ដាច់ការ​ពាក់​កណ្ដាល។ តាម​ពិន្ទុ​នេះ ប្រទេស​កម្ពុជា ហៀប​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រទេស​របប​ផ្ដាច់ការ។ នៅ​ឆ្នាំ​២០១៤ កម្ពុជា​នៅ​ចំណាត់​ថ្នាក់​ទី​១០៣។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មិន​ភ្ញាក់ផ្អើល​នឹង​ការ​រក​ឃើញ​នេះ​ទេ។ សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ​ថ្លែង​ថា ការ​អនុម័ត​ច្បាប់​ស្ដីពី​អង្គការ​សមាគម ច្បាប់​សហជីព និង​សេចក្ដី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​គំរាម​កំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ៖ «ជា​ពិសេស​មាន​ការ​យាយី និង​គាប​សង្កត់​សកម្ម​ជន​សិទ្ធិ​មនុស្ស ឬ​សកម្ម​ជន​គណបក្ស​នយោបាយ​ច្រើន។ យើង​ឃើញ​ថា របប​មួយ​ដែល​ដើរ​ធាក់​ថយ​ក្រោយ»

​សន្ទស្សន៍​ប្រជាធិបតេយ្យ​នេះ មាន​សូចនាករ​ចំនួន​៥ ដើម្បី​ដាក់​ពិន្ទុ​កំណត់​កម្រិត​ប្រជាធិបតេយ្យ​របស់​ប្រទេស​នីមួយៗ​លើ​សកលលោក។ សូចនាករ​ទាំង​នោះ​មាន​ប្រព័ន្ធ​បោះឆ្នោត និង​ពហុបក្ស (electoral process and pluralism) សេរីភាព​ពលរដ្ឋ (civil liberties) ការ​បំពេញ​តួនាទី​របស់​រដ្ឋាភិបាល (the functioning of government) ការ​ចូលរួម​ផ្នែក​នយោបាយ (political participation) និង​វប្បធម៌​នយោបាយ (political culture)។

​ពិន្ទុ​របស់​កម្ពុជា នៅ​ឆ្នាំ​២០១៥ នេះ គឺ​ទាប​ជាង​ពេល​បណ្ដា​ឆ្នាំ​មុន​ទាំង​អស់ ដែល​សន្ទស្សន៍​នេះ​បាន​អង្កេត។ កម្ពុជា ទទួល​បាន​ពិន្ទុ​សរុប​ក្នុង​រង្វង់ ៤,៧​ ហើយ​ចន្លោះ​ពី​ឆ្នាំ​២០០៦ ដល់​២០១៤។ សន្ទស្សន៍​នេះ ដាក់​ពិន្ទុ​ពី​លេខ ០ ដល់ ១០ ដើម្បី​រក​ចំណាត់​ថ្នាក់​ពី​កម្រិត​នៃ​ប្រជាធិបតេយ្យ។ ពិន្ទុ​សរុប​នៃ​ប្រទេស​នីមួយៗ នឹង​ប្រាប់​ពី​កម្រិត​នៃ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​នោះ ដូចជា​ពិន្ទុ ៨ ដល់ ១០ តំណាង​ឲ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ (full democracies) ពិន្ទុ ៦ ដល់ ៧,៩ ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​ទន់​ខ្សោយ (flawed democracies) ពិន្ទុ ៤ ដល់ ៥,៩  ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពាក់​កណ្ដាល ផ្ដាច់ការ​ពាក់​កណ្ដាល ឬ​របប​កូន​កាត់ (hybrid regimes) និង​ពិន្ទុ​ក្រោម ៤ តំណាង​ឲ្យ​របប​ផ្ដាច់ការ (authoritarian regimes)។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​កាន់​អំណាច ទាំង​លោក សុខ ឥសាន និង​លោក ឈឹម ផលវរុណ មិន​ចាប់​អារម្មណ៍​នឹង​ការ​ដាក់​ចំណាត់ថ្នាក់​សន្ទស្សន៍​ប្រជាធិបតេយ្យ​នេះ​ឡើយ។ លោក សុខ ឥសាន បញ្ជាក់​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ចាំបាច់​ឲ្យ​បរទេស​ណា​មក​វាយ​តម្លៃ​នោះ​ទេ៖ «ពី​ព្រោះ​ខ្ញុំ​យល់​ថា បញ្ហា​សំខាន់​បញ្ជាក់​ពី​លទ្ធិប្រជាធិបតេយ្យ​គឺ​យើង​មើល​ពី​ការ​អភិវឌ្ឍ លទ្ធភាព​នៃ​ការ​បង្កើន​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។ ទីពីរ​ និយាយ​ពី​ការ​រីកចម្រើន​នៃ​ការ​រស់​នៅ ចំណូល​គ្រួសារ។ អ៊ីចឹង​បាន​យើង​ឃើញ​ថា អាស្រ័យ​ដោយ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឃើញ​ថា កំណើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​លើក​កម្ពស់​ជា​ បន្តបន្ទាប់»

​ភ្នាក់ងារ​ស៊ើប​អង្កេត​សេដ្ឋកិច្ច​នេះ ពន្យល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្លាក់​ចុះ។ មូលហេតុ​ចម្បង គឺ​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ដែល​បាន​ស្ដែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ខែ​តុលា។ ការ​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ចំណាត់​ថ្នាក់​ចំនួន ១០​លេខ ពី​១០៣ នៅ​ឆ្នាំ​២០១៤ មក ១១៣ នៅ​ឆ្នាំ​២០១៥។

​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ស្រប​នឹង​ការ​រក​ឃើញ​នេះ។ លោក​ចង់​ឃើញ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ដើរ​ទៅ​រក​ភាព​ប្រក្រតី​វិញ​មុន​ការ​បោះ​ឆ្នោត​មក​ដល់៖ «ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា យើង​មាន​មុខមាត់ មាន​កិត្តិយស និង​ឲ្យ​សកល​លោក​ទទួល​ស្គាល់​ថា ការ​ដឹក​នាំ​របស់​ប្រទេស​យើង​តាម​ប្រជាធិបតេយ្យ ទាល់​តែ​យើង​ឃើញ​ព័ត៌មាន​ហ្នឹង​ហើយ យើង​ត្រូវ​កែ។ ការ​កែ​តម្រូវ​ហ្នឹង​គ្មាន​អ្វី​ក្រៅពី​គណបក្ស​កាន់​អំណាច ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បរិយាកាស​វិល​ទៅ​រក​ភាព​ប្រក្រតី ហើយ​ការ​ចូលរួម​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​បោះឆ្នោត និង​ធានា​សុវត្ថិភាព​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ»

​ក្រុម​ប្រទេស​កាន់​របប​កូនកាត់ ដែល​កម្ពុជា​ជា​សមាជិក​ម្នាក់​ដែរ គឺ​សំដៅ​លើ​ប្រទេស​ដែល​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះឆ្នោត ហើយ​រដ្ឋាភិបាល​ជា​រឿយៗ ដាក់​សម្ពាធ​លើ​ក្រុម​បក្ស​ប្រឆាំង។ ក្នុង​នោះ​រួម​មាន​ខ្វះ​ការ​អនុវត្ត​ពេញលេញ វប្បធម៌​សន្ទនា ការ​បំពេញ​តួនាទី​របស់​រដ្ឋាភិបាល និង​ការ​ចូល​រួម​ផ្នែក​នយោបាយ ហើយ​អំពើ​ពុករលួយ​មាន​សភាព​ធ្ងន់ធ្ងរ។ ការ​អនុវត្ត​នីតិរដ្ឋ​ក៏​នៅ​ទន់​ខ្សោយ ចំណែក​សង្គម​ស៊ីវិល ក៏​ត្រូវ​បាន​គេ​រឹតត្បិត ពិសេស​ស្ថានភាព​គំរាមកំហែង និង​ធ្វើ​បាប​អ្នក​សារព័ត៌មាន​នៅ​បន្ត​កើត​មាន​ឡើង ហើយ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (15)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មានតែមនុស្សខ្វាក់ភ្នែក ថា សន្តិភាពល្អណាស់ ការពិតអស្ថេរភាពសង្គម មានរាល់ថ្ងៃ រាល់យប់ ចោរលួច ចោរឆក់ ចោរប្លន់ និងមនុស្សស្លាប់ទាំងក្មេងទាំងចាស់ គ្រប់ករណីទាំងអស់ !

Jan 28, 2016 10:11 AM

អ្នក​អាន​អនាមិក

Under this regime we have: 1 justice is only for the rich and powerful people or their group, 2 No money no hospital no treatment, 3 No money no school many poor children are begging and sleep on side street in Phnom Penh, 4 All goods price are up everyday while salary is little increase,5 When workers demand for their salary raise authorities and military police shoot them, 6 All of the Cambodia people living with fear and stress and NOT CERTAIN ABOUT THEIR FUTURE. Robbery- Shooting and killer everywhere.

Jan 28, 2016 05:43 AM

អ្នក​អាន​អនាមិក

ប្រទេសខ្មែរ ស្ងប់ស្ងាត់ ល្អណាស់ ប៉ុន្តែ ការពិត ស្លាប់រាល់ថ្ងៃ ច្រើនជាងធ្វើ បាតុកម្ម ទៅទៀត !»

Jan 28, 2016 04:25 AM

អ្នក​អាន​អនាមិក

ស្ងប់ស្ងាត់ ដោយការ កេងប្រវ័ញ លួចសម្បត្តិជាតិ យកទៅធ្វើមានបាន ដោយបក្សពួក របស់ពួកលោកអែង ហើយអោយប្រជាពលរដ្ឋ ក្រ នៅមិនបានយូរ ទេ !

Jan 28, 2016 03:28 AM

អ្នក​អាន​អនាមិក

ផ្ទៃក្នុងប្រទេសស្ងប់ស្ងាត់ សន្តិភាព មានការអភិវឌ្ឍន៏មិនចង់បាន បែរជាចូលចិត្តខាងដើរស្រែក​ជេរគេជេរឯង​បង្កចលាចល​វ៉ៃ​ដុតបំផ្លាញទៅវិញ។ខ្ញុំមិនយល់ពួកលោកបំផ្លាញជាតិឯងទាល់តែសោះ។

Jan 27, 2016 11:28 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល