លោក ខៀវ កាញារីទ្ធ និយាយ​ថា​អ្នក​កាសែត​មាន​សិទ្ធិ​ចេញ​ចូល​រដ្ឋសភា​យក​ព័ត៌មាន

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អះអាង​ថា រដ្ឋសភា​ជាតិ​ជា​កន្លែង​ដែល​អ្នក​កាសែត​មាន​សិទ្ធិ​ចេញ​ចូល ដើម្បី​យក​ព័ត៌មាន។ ទោះ​បែប​នេះ​ក្តី លោក​រដ្ឋមន្ត្រី​មិន​មាន​ប្រតិកម្ម​លើ​ពាក្យ​សម្ដី​របស់ លោក ឈាង វុន ដែល​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​មន្ទីរ​រដ្ឋសភា ក្នុង​ពេល​សុំ​សម្ភាស​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​ក្នុង​បរិវេណ​រដ្ឋសភា កាល​ពី​ពេល​កន្លង​ទៅ​នោះ​ឡើយ។

ការ​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​មន្ទីរ​រដ្ឋសភា ឈាន​ដល់​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​បញ្ជាក់​ថា ការ​បណ្ដេញ​អ្នក​កាសែត​ចេញ គឺ​ប៉ះពាល់​សិទ្ធិ​របស់​ពួក​គេ។

ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​កិច្ច​ពិភាក្សា ស្ដីពី​រួម​គ្នា​ជំរុញ​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​កម្ពុជា ថ្ងៃ​ទី​១៥ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា អ្នក​កាសែត​មាន​សិទ្ធិ​ចេញ​ចូល​រដ្ឋសភា ប៉ុន្តែ​ក្នុង​ករណី​ប្រជុំ​បិទ​ទ្វារ ទើប​អ្នក​កាសែត​មិន​អាច​ចូល​បាន៖ «ជា​ធម្មតា​ទេ អ្នក​កាសែត​គាត់​មាន​សិទ្ធិ​ចេញ​ចូល​នៅ​កន្លែង​ណា​ជា​កន្លែង​សាធារណៈ ហើយ​រដ្ឋសភា​ជា​កន្លែង​សាធារណៈ»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មិន​ថ្លែង​លម្អិត​ពី​ប្រតិកម្ម​របស់​លោក​ចំពោះ​ទង្វើ ឬ​ក៏​សម្ដី​របស់ លោក ឈាង វុន ដែល​បាន​បណ្ដេញ​អ្នក​កាសែត​ចេញ​ពី​បរិវេណ​រដ្ឋសភា​នោះ​ទេ ដោយ​លោក​និយាយ​ថា ព្រោះ​លោក​គ្មាន​វត្តមាន​នៅ​ក្នុង​ហេតុការណ៍​នោះ។

ការ​បណ្ដេញ​អ្នក​សារព័ត៌មាន​ចេញ​ពី​មន្ទីរ​រដ្ឋសភា​របស់ លោក ឈាង វុន ទទួល​រង​ការ​រិះគន់​ពី​សាធារណជន​ទូទៅ ថា​ជា​ការ​រំលោភ​សិទ្ធិ​អ្នក​កាសែត។

ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា លោក ប៉ា ងួនទៀង និយាយ​ថា លោក ឈាង វុន គួរ​កែប្រែ​ឥរិយាបថ។ លោក​ថា ទង្វើ​របស់ លោក ឈាង វុន គឺ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​ឥទ្ធិពល​របស់​ខ្លួន​ប៉ុណ្ណោះ៖ «ចំណុច​ហ្នឹង​ខ្ញុំ​យល់​ថា ជា​ចំណុច​ខុស​ឆ្គង ទី​១ គាត់​បណ្ដេញ​អ្នក​កាសែត​ចេញ អត់​មាន​ច្បាប់​ណា​ចែង​ពី​សិទ្ធិ​អំណាច​គាត់​ប៉ុណ្ណឹង។ ទី​២ គាត់​អត់​យល់​ពី​តួនាទី​អ្នក​សារព័ត៌មាន»

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ទាក់ទង​រឿង​បណ្ដេញ​អ្នក​កាសែត​នេះ​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​រូប​នេះ បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​បំភ្លឺ​របស់​ខ្លួន​ថា អ្នក​កាសែត​ដែល​បណ្ដេញ​ចេញ ជា​អ្នក​កាសែត​ធ្វើ​ខុស​វិជ្ជាជីវៈ ដែល​សន្យា​ថា​សម្ភាស​លោក​តែ​ម្នាក់ តែ​បែរ​ជា​ចង់​សម្ភាស​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ថែម​ទៀត។

នាយក​ប្រតិបត្តិ​នៃ​ក្លឹប​អ្នក​កាសែត លោក ឆាយ សុផល លើក​ឡើង​ថា តួនាទី​អ្នក​នាំ​ពាក្យ​ត្រូវ​តែ​សម្រប​សម្រួល​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ការ​យក​ព័ត៌មាន និង​ជា​ដៃគូ​របស់​អ្នក​សារព័ត៌មាន ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​កាន់​សាធារណជន។ លោក​ស្នើ​ឲ្យ​អ្នក​នាំ​ពាក្យ​គ្រប់​ស្ថាប័ន គួរ​ដឹង​ថា អ្វី​ដែល​អ្នក​កាសែត​ចង់​បាន៖ «តួនាទី​អ្នក​នាំ​ពាក្យ ឬ​មន្ត្រី​ព័ត៌មាន ដាច់​ខាត​គាត់​ជា​ដៃគូ សហការី ការងារ​ប្រចាំ​ថ្ងៃ ដើម្បី​ផ្តល់​ព័ត៌មាន។ ឧទាហរណ៍ គាត់​ជា​មន្ត្រី​គណបក្ស "ក" មិន​មែន​និយាយ​តែ​ពី​គណបក្ស "ក" នោះ​ទេ ហើយ​បើ​គណបក្ស "ខ" ក៏​មិន​មែន​និយាយ​តែ​គណបក្ស "ខ" នោះ​ដែរ»

កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា សារព័ត៌មាន​មួយ​ក្រុម បាន​អនុញ្ញាត​ឲ្យ​ចូល​មន្ទីរ​រដ្ឋសភា ដើម្បី​រង់ចាំ​សម្ភាស​ក្រុម​តំណាង​រាស្ត្រ​ដែល​ប្រជុំ​ពិភាក្សា​ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ក្រុម​អ្នក​កាសែត ពុំ​មាន​នរណា​ម្នាក់​បញ្ជាក់​ថា ចូល​ទៅ​ក្នុង​មន្ទីរ​រដ្ឋសភា ដើម្បី​សម្ភាស លោក ឈាង វុន តែ​ម្នាក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក ឈាង វុន ឯណោះ​ទេ​ដែល​ផ្តល់​សម្ភាស​រួច ហើយ​កាង​មិន​ឲ្យ​ក្រុម​អ្នក​កាសែត​សម្ភាស​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន និង​ព្រមាន​បោក​កម្ទេច​ម៉ាស៊ីន​ថត​រូប​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី ដែល​ព្យាយាម​ថត​យក​រូបភាព​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។