របាយការណ៍​ស្រាវជ្រាវ​បង្ហាញ​ថា​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​ពុំ​មាន​សិទ្ធិ​សេរីភាព

0:00 / 0:00

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ស្រាវជ្រាវ​សន្តិភាព បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​លើទឹក​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ពុំ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ឡើយ។ ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ចែក​រំលែក និង​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ពី​ស្ថានភាព​រស់​នៅ​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដែល​រៀបចំ​ដោយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា នា​ភោជនីយដ្ឋាន​ទន្លេបាសាក់។

សិក្ខាសាលា​ដែល​មាន​មនុស្ស​ប្រមាណ ១០០​នាក់ ភាគ​ច្រើន​ជា​និស្សិត​និង​យុវជន​ចូលរួម បាន​ពិភាក្សា​យ៉ាង​ផុស​ផុល​ទៅ​លើ​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​បញ្ហា​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា និង​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​ក្រោម។

ការ​បើក​ឱកាស​ឲ្យ​យុវជន​កម្ពុជា ចូល​រួម​សួរ​សំណួរ និង​លើក​ឡើង​នូវ​ទស្សនៈ​យល់​ឃើញ​​​របស់​ពួកគេ​ចំពោះ​ខ្មែរ​ក្រោម ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​ស្រាវជ្រាវ​សន្តិភាព​មាន​គ្នា​ទាំង​អស់ ៧​នាក់​បាន​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល​ស្រាវជ្រាវ​របស់​ពួកគេ​ទៅ​លើ​ការ​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​តាកែវ និង​ខ្មែរ​ក្រោម​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​ក្រោម ដែល​ក្រុម​ការងារ​ស្រាវជ្រាវ​សន្តិភាព​បាន​ចុះ​ទៅ​សិក្សា​នៅ​កម្ពុជា​ក្រោម កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៥។

គម្រោង​ស្រាវជ្រាវ​សន្តិភាព គឺ​ជា​គម្រោង​មួយ​បង្កើត​ឡើង​ដោយ​អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេ.ស៊ី.ធី (ACT)។ តាម​រយៈ​គម្រោង​នេះ យុវជន​ខ្មែរ​ដែល​ជា​សមាជិក​នៃ​ក្រុម​ស្រាវជ្រាវ​សន្តិភាព បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​ក្រោម រួម​មាន​ខេត្ត​ព្រះត្រពាំង ខេត្ត​ឃ្លាំង ខេត្ត​ពាម ខេត្ត​ក្រមួនស និង​ខេត្ត​មាត់ជ្រូក ដើម្បី​សិក្សា​អំពី​ស្ថានភាព​របស់​ខ្មែរ​ក្រោម​នៅ​ទី​នោះ។ បន្ទាប់​មក លទ្ធផល​ដែល​គេ​រក​ឃើញ​នៅ​ទីនោះ នឹង​ត្រូវ​យក​មក​ប្រៀបធៀប​ជាមួយ​លទ្ធផល​ដែល​ពួកគេ​រក​ឃើញ​អំពី​ស្ថានភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ រស់​នៅ​មាន​ភាព​តែលតោល គ្មាន​សិទ្ធិ​សេរីភាព គ្មាន​ទី​ពឹង​ពាក់ រស់​នៅ​ដោយ​ការ​ភ័យ​ខ្លាច និង​អស់​សង្ឃឹម។ ចំណែក​ការ​អប់រំ​វិញ ពលរដ្ឋ​ខ្មែរ​ក្រោម​គ្មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ជា​ភាសា​ខ្មែរ​ឡើយ។ ចំពោះ​អ្នក​ដែល​អាច​រៀន​សូត្រ​ភាសា​ខ្មែរ​បាន​មាន​ចំនួន​តិចតួច។ ពួកគេ​ភាគច្រើន​ជា​មនុស្ស​ប្រុស ដែល​ទៅ​រៀន​សូត្រ​នៅ​តាម​វត្ត​អារាម។ លទ្ធផល​ក៏​បង្ហាញ​ដែរ​ថា បញ្ហា​ដែល​ខ្មែរ​នៅ​កម្ពុជា​ក្រោម កំពុង​ជួបប្រទះ​រួម​មាន ធ្វើ​ស្រែ​បាន ប៉ុន្តែ​តម្លៃ​ស្រូវ​ទាប ស៊ី​ឈ្នួល​គេ​បាន​កម្រៃ​តិច អំពើ​អយុត្តិធម៌ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ ខ្វះ​ការ​អប់រំ ភាព​ក្រីក្រ ជាពិសេស​ពួកគេ​គ្មាន​សិទ្ធិ​បញ្ចេញមតិ​និង​ធ្វើការ​តវ៉ា។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ កញ្ញា ស្រី សុធាវី ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដែន​ដី​កម្ពុជា​ក្រោម ជាមួយ​ក្រុម​ស្រាវជ្រាវ​សន្តិភាព​ដែរ​នោះ មាន​ប្រសាសន៍​ថា គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ឲ្យ​អ្នកស្រាវជ្រាវ​ឃើញ​ជាក់​ស្ដែង​នូវ​ទិដ្ឋភាព​ទាំងឡាយ​កំពុង​កើតមាន​លើ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ហើយ​វា​ក៏​ជា​ឱកាស​សម្រាប់​អ្នក​ស្រាវជ្រាវ​ធ្វើការ​សិក្សា​ដោយ​ផ្ទាល់​អំពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ផង​ដែរ៖ «សំខាន់​ក្រុម​ស្រាវជ្រាវ​សន្តិភាព​បាន​ដឹង​អំពី​ស្ថានភាព​ទាំង​អស់​នេះ​ផ្ទាល់ ពួក​គ​អាច​យក​មក​ចែក​រំលែក​ជាមួយ​យុវជន​ខ្មែរ​ផ្សេង​ទៀត​ឲ្យ​បាន​យល់​ដឹង​ច្បាស់លាស់ មិនមែន​ឮ​តែ​គេ​និយាយ​ហើយ​ចេះតែ​នាំគ្នា​ផ្សព្វផ្សាយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ»

​នេះ​ជា​លើក​ទី​១​ហើយ​ដែល​អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​គាំទ្រ​ឲ្យ​មាន​ក្រុម​ស្រាវជ្រាវ​សន្តិភាព​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​អំពី​ខ្មែរ​ក្រោម​ដល់​ទឹកដី​កម្ពុជា​ក្រោម ផ្ទាល់​បែប​នេះ។ កញ្ញា ស្រី សុធាវី បញ្ជាក់​ថា អង្គការ​កញ្ញា​នឹង​ព្យាយាម​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​នេះ​ទៅ​ដល់​សមាជិក​សភា​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​បាន​ជ្រួតជ្រាប​បន្ថែម​អំពី​បញ្ហា​របស់​ខ្មែរ​ក្រោម និង​ដើម្បី​ឲ្យ​ពួកគេ​ជួយ​ផ្ដល់​អនុសាសន៍​ផ្សេងៗ​ទៅ​ដល់​រដ្ឋាភិបាល ដើម្បី​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។

​កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ក៏​បាន​រៀបចំ​សិក្ខា​សាលា​ពិភាក្សា​ពី​បញ្ហា​ប្រឈម​របស់​ខ្មែរ​ក្រោម​ផង​ដែរ។

នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា​ដែរ​នោះ បាន​បង្ហាញ​ក្តី​រីករាយ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យុវជន​ខ្មែរ​ទៅលើ​បញ្ហា​ខ្មែរ​ក្រោម។ លោក សឺន ជុំជួន ចាត់​ទុក​ដំណើរ​ស្រាវជ្រាវ​របស់​ក្រុម​ស្រាវជ្រាវ​សន្តិភាព​នៅ​កម្ពុជា​ក្រោម ថា​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ខ្មែរ​ក្រោម ព្រោះ​លោក​ថា កន្លង​មក​កម្រ​មាន​យុវជន​ខ្មែរ​ហ៊ាន​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​ដែន​កម្ពុជា​ក្រោម បែប​នេះ​ណាស់។ លោក​បន្ត​ថា បើ​ទោះ​ជា​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មិន​បាន​ចុះ​ផ្ទាល់​ជាមួយ​ក្រុម​ស្រាវជ្រាវ​សន្តិភាព​ក៏ដោយ ខ្មែរ​ក្រោម​តែង​សហការ​ផ្ដល់​យោបល់ ផ្ដល់​គំនិត ទាក់ទង​នឹង​ទីតាំង​សំខាន់​នានា​នៅ​កម្ពុជា​ក្រោម។

​លោក សឺន ជុំជួន ក៏​បង្ហាញ​ក្តី​សង្ឃឹម​ដែរ​ថា ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ចូល​រួម​របស់​យុវជន សិស្ស និស្សិត និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ខ្មែរ​ក្រោម និង​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​នានា​ដែល​ខ្មែរ​ក្រោម​ទាំង​នៅ​កម្ពុជា និង​កម្ពុជា​ក្រោម កំពុង​ជួប​ប្រទះ។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា មាន​ប្រហែល ១​លាន​នាក់ និង​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម មាន​ជាង ៨​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។