សង្គម​ស៊ីវិល​ចង់​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត ស៊ើប​អង្កេត​​ស៊ី​ជម្រៅ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា

0:00 / 0:00

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

​ក្រុម​សិទ្ធិមនុស្ស​សង្ឃឹម​ថា របាយការណ៍​ដែល​ចេញ​ដោយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ រូប​នេះ​នឹង​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស ជា​ពិសេស​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌។

មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា ពួកគេ​មិន​ទាន់​អាច​ជឿជាក់​ការ​អះអាង​របស់​ក្រសួង​ការបរទេស​កម្ពុជា អំពី​លទ្ធផល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​នេះ ជាមួយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​ក្រសួង​ការបរទេស​លើក​ឡើង​ថា អ្នកស្រី​បាន​និយាយ​ពី​ភាព​ល្អ​ប្រសើរ​នៃ​បរិយាកាស​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​សារព័ត៌មាន។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បាន​ជួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ដើម្បី​ពិភាក្សា​លើ​បញ្ហា​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ បញ្ហា​ទាំង​នេះ​ជា​ការ​ព្រួយបារម្ភ​របស់​អ្នកស្រី និង​សហគមន៍​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ស្ដីពី​លទ្ធផល​ក្នុង​ជំនួប​នោះ បាន​ស្រង់​ប្រសាសន៍​លោក ប្រាក់ សុខុន ដែល​ជម្រាប​ទៅ​អ្នកស្រី រ៉ូណា ស្មីត ថា គេ​មិន​គួរ​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ផ្ដោត​តែ​ទៅ​លើ​បញ្ហា​នយោបាយ​មួយ​មុខ​នោះ​ទេ។ លោក ប្រាក់ សុខុន អះអាង​ទៀត​ថា កម្ពុជា ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ចំណោម​ប្រទេស​អាស៊ាន ដែល​មាន​សេរីភាព​សារព័ត៌មាន​ល្អ​ជាង​គេ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​ដក​ស្រង់​ប្រសាសន៍​របស់​អ្នកស្រី រ៉ូណា ស្មីត ក្នុង​កិច្ច​សន្ទនា​នោះ​ដែរ​ថា អ្នកស្រី​ក៏​បាន​ទទួល​ស្គាល់​ពី​ការ​រីកចម្រើន​លើ​វិស័យ​ផ្សេងៗ​ជា​ច្រើន​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ក្រសួង​បន្ត​ថា អ្នកស្រី​ក៏​បាន​មើល​ឃើញ​ដែរ​ថា កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​លើក​ស្ទួយ​ស្តង់ដារ​សិទ្ធិមនុស្ស​របស់​ខ្លួន​ដោយ​បាន​ស្ម័គ្រចិត្ត​ទទួល​យក​នូវ​កាតព្វកិច្ច និង​អនុសាសន៍​ជា​ច្រើន​ក្នុង​ក្របខ័ណ្ឌ​នៃ​សន្ធិសញ្ញា​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស។ អ្នកស្រី​ចង់​ឃើញ​កម្ពុជា បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ត​ទៅ​ទៀត ទោះ​បី​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ទិតៀន​យ៉ាង​ណា​ក្ដី។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នកស្រី រ៉ូណា ស្មីត ដើម្បី​ឆ្លើយ​តប​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បាន​ទេ កាល​ពី​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ទើប​ត្រូវ​បាន​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ វាយ​ឲ្យ​របួស​ពេល​ចុះ​បំពេញ​ការងារ​ឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​កាល​ពី​ពេល​ថ្មីៗ​នេះ រិះគន់​ថា ការ​លើក​សរសើរ​គ្នា ឬ​ទទួល​ស្គាល់​ពី​ភាព​ល្អ​ប្រសើរ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ពេល​នេះ គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​សភាព​ពិត​ជាក់ស្ដែង​ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​នោះ​ទេ។

លោក​បន្ត​ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ ទាំង​សហគមន៍​ជាតិ និង​អន្តជាតិ​ជា​ច្រើន​បាន​មើល​ឃើញ និង​មាន​ក្តី​បារម្ភ​រៀង​ខ្លួនៗ​ថា លំហ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ និង​រួម​តូច ដូចជា​ករណី​ចាប់​មន្ត្រី​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី បរិស្ថាន និង​អ្នក​នយោបាយ ដាក់​ពន្ធនាគារ ព្រមទាំង​គំរាមកំហែង​ពួកគេ​ជា​បន្តបន្ទាប់ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​បង្អែក៖ «ជា​ពិសេស​ទិដ្ឋភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ហ្នឹង​វា​អត់​ទាន់​ពេញលេញ ដូច​អ្វី​ដែល​បាន​លើក​ឡើង​នោះ​ទេ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ស្គាល់​នូវ​មតិ​រិះ​ដើម្បី​កែលំអ​ស្ថានភាព​សិទ្ធិមនុស្ស​នេះ​ឲ្យ​ល្អ​ប្រសើរ។ អ្វី​ដែល​សំខាន់​ក្នុង​ការ​ធានា​នូវ​ការ​គោរព​សិទ្ធិមនុស្ស​បាន គឺ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ធានា​ឲ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»

​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ មិន​ទាន់​ជឿជាក់​លើ​លទ្ធផល​នៃ​ជំនួប​ប្រមុខ​ការទូត​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ ហើយ​រំពឹង​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ នឹង​មាន​របាយការណ៍​ឯករាជ្យ និង​សុក្រឹត​មួយ ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​តំណាង ពិសេស​រូប​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី ក៏​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​ថា ជំនួប​ផ្ទាល់​មាត់​អាច​គេ​ប្រើ​ភាសា​ការទូត​ច្រើន​ជាង ដើម្បី​ជៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​មុខ​ទៀត ប៉ុន្តែ​ធាតុ​ពិត​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​នេះ លោក​ថា ស្ទើរ​តែ​ធ្លាក់​ដល់​ចំណុច​សូន្យ​ទៅ​ហើយ៖ «ខ្ញុំ​គិត​ថា នឹង​មាន​របាយការណ៍​ផ្សេង​គ្នា​រវាង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ពេល​កំពុង​នៅ​ក្នុង​ប្រទេស និង​ពេល​គាត់​ចេញ​ទៅ​ដល់​ការិយាល័យ​របស់​គាត់​នៅ​សហរដ្ឋអាមេរិក​វិញ យើង​នៅ​មើល​ដល់​ពេល​នោះ​សិន​ជឿ​ថា នឹង​អាច​អី​ប្រែប្រួល​ខ្លះ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា»

​តាម​គម្រោង អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា នេះ ដើម្បី​បង្ហាញ​ពី​លទ្ធផល​ជា​សាធារណៈ​ស្ដីពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កម្ពុជា។

​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា។ អ្នកស្រី​បាន​ស្នាក់​នៅ​កម្ពុជា រយៈពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា។

​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត មក​កម្ពុជា ជា​ទស្សនកិច្ច​ផ្លូវការ​ក្នុង​អាណត្តិ​ការងារ​របស់​អ្នកស្រី ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​តាមដាន​ការ​អនុវត្ត​អនុសាសន៍​ដែល​អ្នកស្រី​ដាក់​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ការ​កែលំអ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​ឡើង។

ប្រធានបទ​សម្រាប់​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា លើក​នេះ គឺ​អ្នកស្រី​នឹង​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូចជា​ស្ថានភាព​នយោបាយ និង​ទិដ្ឋភាព​ផ្សេងៗ​នៃ​ការ​រើសអើង។ អ្នកស្រី​ក៏​នឹង​វាយ​តម្លៃ​អំពី​សិទ្ធិ​របស់​ក្រុម​ជន​ភាគ​តិច និង​ក្រុម​ជន​ទន់​ខ្សោយ​នៅ​កម្ពុជា​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។