អ្នកពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅថ្ងៃទី២៦ ខែមីនា នេះ ធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីសិក្សាពីការរំលោភសិទ្ធិមនុស្សនៅទីនោះ។ អ្នកស្រីនឹងពិនិត្យពីស្ថានភាពរបស់ស្ត្រី និងជនជាតិដើមភាគតិចកួយ ផលប៉ះពាល់លើពលរដ្ឋដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនដាំអំពៅ និងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ ជាដើម។
មន្ត្រីទំនាក់ទំនងនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ (ថ្ងៃទី២៦ ដល់ថ្ងៃទី២៩) ក្នុងខេត្តចំនួន ២ខាងលើនេះ អ្នកស្រី រ៉ូណា ស្មីត ក៏គ្រោងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា រួមមានមន្ត្រីអាជ្ញាធរខេត្ត ព្រមទាំងតំណាងរបស់ក្រុមហ៊ុនផ្សេងៗ។
នៅល្ងាចថ្ងៃដដែលនេះ អ្នកស្រី រ៉ូណា ស្មីត បានធ្វើដំណើរទៅដល់ខេត្តស្ទឹងត្រែង ហើយបានជួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួននៅទីនោះ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក សាន សែល ជាមួយអ្នកសម្របសម្រួលអង្គការអាដហុក (ADHOC) ប្រចាំខេត្តស្ទឹងត្រែង លោក ហូ សំអុល បានចូលរួមក្នុងជំនួបជាមួយអ្នកស្រី រ៉ូណា ស្មីត៖
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។