ក្រសួងព័ត៌មានថ្មីៗនេះ បានចេញសេចក្តីណែនាំដល់ស្ថានីយវិទ្យុអែហ្វអឹម (FM) ក្នុងស្រុកផ្អាកចាក់ផ្សាយបន្តពីកម្មវិធីវិទ្យុបរទេសផ្សាយជាខេមរភាសា ៣១ថ្ងៃមុនថ្ងៃបោះឆ្នោត។
បន្ទាប់ពីមានអន្តរាគមន៍ពីសហគមន៍ជាតិ និងអន្តរជាតិមក ក្រសួងបានអនុញ្ញាតឲ្យចាក់ផ្សាយវិទ្យុបរទេសទាំងនោះឡើងវិញ តែមិនអនុញ្ញាតឲ្យវិទ្យុអែហ្វអឹម ទាំងអស់ ចាក់ផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុផ្សាយជាខេមរភាសាក្នុងរយៈពេល ៥ថ្ងៃមុនថ្ងៃបោះឆ្នោតនោះទេ។ ទង្វើនេះ បានធ្វើឲ្យសង្គមស៊ីវិល មានការព្រួយបារម្ភពីការរឹតត្បិតផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅតែមាន ដោយមានការហាមឃាត់ទៅលើការរាយការណ៍ព័ត៌មានតាមវិទ្យុបរទេសមួយចំនួន។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ លោក ប៉ា ងួនទៀន ដែលត្រូវបានដកស្រង់សម្ដីក្នុងសេចក្តីប្រកាសព័ត៌មានមួយ ធ្វើឡើងដោយអង្គការសង្គមស៊ីវិលជាង ២០ នៅថ្ងៃទី២ កក្កដា មានប្រសាសន៍ថា បម្រាមដែលផ្ដោតទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស បង្ហាញនូវបំណងពិតប្រាកដក្នុងការកំណត់ដែនកំណត់ក្នុងការទទួលបានព័ត៌មានពីប្រភពព័ត៌មានឯករាជ្យរបស់ប្រជាពលរដ្ឋកម្ពុជា ដែលប្រភពទាំងនោះអាចនឹងរំខានដល់គណបក្សកាន់អំណាច។
ទាក់ទងនឹងបញ្ហានេះ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន និងជាអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក មឿន ឈានណារិទ្ធិ បានពន្យល់ថា តាមក្របខ័ណ្ឌច្បាប់ ការធ្វើបែបនេះផ្ទុយនឹងមាត្រាទី៣១ និង ៤១ ដែលធានាសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិ ហើយថា ក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ជាពិសេស ដល់អ្នកបោះឆ្នោតដើម្បីឲ្យគាត់ធ្វើការសម្រេចចិត្តឲ្យបានកាន់តែល្អប្រសើរនៅថ្ងៃបោះឆ្នោត។
លោក មឿន ឈានណារិទ្ធិ៖ «អ៊ីចឹង! នៅពេលដែលវាកាន់តែកៀកថ្ងៃបោះឆ្នោត សារព័ត៌មានដើរតួនាទីកាន់តែសំខាន់ ហើយព័ត៌មានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋកាន់តែសំខាន់ណាស់។ ព្រោះអីអាចថា រំលងតែមួយអាទិត្យ យើងដឹងហើយថា ប្រជាពលរដ្ឋយើងខ្លះ អ្នកបោះឆ្នោតហ្នឹង គាត់មានវ័យចាស់ជរា គាត់មានវ័យហាហុកសិបឆ្នាំចិតសិបឆ្នាំ ហើយគាត់ធ្វើការនឿយហត់។ អ៊ីចឹងហើយ គាត់ស្តាប់បានឮព័ត៌មានខ្លះទាក់ទងនឹងគណបក្សនយោបាយ ទាក់ទងនឹងការសន្យារបស់គណបក្សនយោបាយនីមួយៗរបស់បក្សជនឈរឈ្មោះហ្នឹង។ បើសិនជាមានលទ្ធភាព យើងសឹងតែជួលគាត់ឲ្យស្តាប់១ថ្ងៃកន្លះម៉ោង ឬក៏មួយម៉ោងឲ្យចាប់ស្តាប់ព័ត៌មានទាក់ទងនឹងការបោះឆ្នោតមុនបោះឆ្នោតហ្នឹង បើសិនជាមានលទ្ធភាព...សម្រាប់ខ្ញុំវិញ គឺថាមិនមែនយើងបិទផ្សាយមិនឲ្យចាក់ផ្សាយនោះទេ»។
អ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គម លោក កែម ឡី ថ្លែងថា ប្រសិនបើរដ្ឋាភិបាលមានគម្រោងហាមប្រព័ន្ធផ្សព្វផ្សាយមិនឲ្យផ្សាយពីដំណើរការមុនថ្ងៃបោះឆ្នោត រដ្ឋាភិបាលត្រូវហាមគ្រប់ប្រព័ន្ធផ្សាយទាំងអស់ ទុកតែប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហើយមានភាពស្មើៗគ្នាក្នុងការផ្សព្វផ្សាយពីគ្រប់គណបក្សទាំងអស់៖ «វិទ្យុផ្សេងៗដែលគេផ្សាយរាល់ថ្ងៃនេះ ជាពិសេសវិទ្យុបរទេស ឬក៏វិទ្យុក្នុងស្រុករបស់អង្គការក្រៅរដ្ឋាភិបាល គេមិនមែនគ្រាន់តែសូត្រទេ។ បានន័យថា គេធ្វើការពិភាក្សាដេញដោលស៊ីជម្រៅរបៀបជាបទវិភាគ ដើម្បីឲ្យប្រជាពលរដ្ឋដឹង»។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសង្គមស៊ីវិលជាង ២០ បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច មិនសូវមានសេរីភាពក្នុងការរាយការណ៍ព័ត៌មានដែលងាយប៉ះពាល់ ដូចដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពីបរទេសរាយការណ៍នោះទេ ដោយសារភាពងាយរងគ្រោះរបស់អ្នកនោះពីការគំរាមកំហែងដោយប្រព័ន្ធតុលាការនៅក្នុងស្រុក។ បញ្ហានេះ អាចធ្វើឲ្យមានការត្រួតពិនិត្យចាប់ពិរុទ្ធដោយខ្លួនឯង។ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន ត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាច។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនផ្ដល់អនុសាសន៍អំពីសិទ្ធិទទួលបានព័ត៌មាន
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន និងមជ្ឈមណ្ឌលព័ត៌មានកម្ពុជាឯករាជ្យ បានផ្ញើអនុសាសន៍មួយចំនួនទៅកាន់អាជ្ញាធរ ដើម្បីកែលំអ និងគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាននៅកម្ពុជា នៅខណៈដែលការបោះឆ្នោតជាតិនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។
អនុសាសន៍ទាំងនេះរួមមានការទាមទារឲ្យអនុវត្តនូវអនុសាសន៍ទាំងឡាយដែលកម្ពុជា បានទទួលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០០៩ រួមមាន ធ្វើពង្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន បញ្ចប់និទ្ទណ្ឌភាពចំពោះការប្រើអំពើហិង្សាលើអ្នកកាសែត បញ្ចប់ការរឹតត្បិតលើការផ្សព្វផ្សាយតាមរយៈវិទ្យុ និងទូរទស្សន៍ ផ្សព្វផ្សាយច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ហើយអនុញ្ញាតឲ្យសង្គមស៊ីវិលចូលរួមផ្តល់យោបល់ និងកែលំអ ហើយព្រមទាំងលុបចោលច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់របបខ្មែរក្រហម។
សេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការឃ្លាំមើលសារព័ត៌មានទាំងពីរនេះ បានចេញផ្សាយកាលពីថ្ងៃពុធ ថា វិស័យសារព័ត៌មាននៅកម្ពុជា ក្នុងរយៈពេលពីរឆ្នាំមកនេះ បានធ្លាក់ចុះបណ្ដើរៗ។ ជាក់ស្តែង ក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានប៉ុនប៉ងហាមប្រាមការចាក់ផ្សាយនៃវិទ្យុបរទេសផ្នែកខេមរភាសា ខណៈបក្សកាន់អំណាចកំពុងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយស្ទើរទាំងអស់ រួមមានវិទ្យុ ទូរទស្សន៍ និងកាសែត។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបញ្ជាក់ថា ទង្វើទាំងនេះជាការរំខានដ៏ធំមួយក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
