ក្រុម​អ្នក​ហែ​ក្បួន​ធម្មយាត្រា​សិទ្ធិ​យាត្រា​ខ្លះ​មាន​បញ្ហា​ជា​មួយ​អាជ្ញាធរ

0:00 / 0:00

ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​សិទ្ធិ​យាត្រា​ពី​តាម​ផ្លូវ​ជាតិ​ធំៗ​ទាំង​៦ ឆ្ពោះ​មក​ភ្នំពេញ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​គោលដៅ​តាម​ខេត្ត​ហើយ​នៅ​ថ្ងៃ​ទី​៤ ធ្នូ នេះ។ ក្រុម​ទាំង​នោះ ភាគ​ច្រើន​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ក្រុម​ខ្លះ​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ។

យ៉ាង​ហោច​ណាស់​មាន​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​សិទ្ធិ​យាត្រា ២​ក្រុម​ផ្សេង​គ្នា ដែល​ទៅ​ដល់​ចំណុច​ចាប់​ផ្ដើម ហើយ​ជួប​បញ្ហា​ជាមួយ​អាជ្ញាធរ។

សិទ្ធិ​យាត្រា​តាម​ផ្លូវ​ជាតិ​លេខ​៦ ពី​ខេត្ត​កំពង់ចាម វិញ អាជ្ញាធរ​ខេត្ត​បាន​ដាក់​ពង្រាយ​កម្លាំង​ជាច្រើន​នាក់​នៅ​ក្នុង​វត្ត​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ព្រៃឈរ។ ចំណែក​សោ​ទ្វារ​របង​វត្ត​ត្រពាំងព្រះ ជា​វត្ត​ដែល​ក្រុម​អ្នក​ហែ​ក្បួន​គ្រោង​ស្នាក់នៅ រួម​នឹង​វត្ត​មួយ​ចំនួន​ទៀត ត្រូវ​បាន​បិទ​មិន​ឱ្យ​ក្រុម​អ្នក​ហែ​ធម្មយាត្រា​សិទ្ធិ​យាត្រា​តាម​ផ្លូវ​ជាតិ​លេខ​៦ អាច​ចូល​សម្រាក​ក្នុង​វត្ត​បាន​ឡើយ។ ពួក​គាត់​នាំ​គ្នា​ទៅ​សម្រាក​នៅ​ផ្ទះ​ប្រជាពលរដ្ឋ​វិញ។

មន្ត្រី​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ស៊ុម ម៉ាណែត ដែល​ដឹក​នាំ​ក្បួន​នោះ ឱ្យ​ដឹង​ថា ដំបូង​ឡើយ​ខាង​លោក​បាន​ទាក់ទង​ជាមួយ​ព្រះចៅ​អធិការ​វត្ត​ត្រពាំងព្រះ ដើម្បី​ស្នើសុំ​ស្នាក់នៅ​ទី​នោះ ហើយ​ព្រះអង្គ​ក៏​យល់​ព្រម​ហើយ​ដែរ។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់ ទ្វារ​ក៏​បិទ ចៅ​អធិការ និង​ព្រះសង្ឃ​ក្នុង​វត្ត​មិន​បាន​ចេញ​មក​ជួប​ពួក​គាត់ ដើម្បី​ឆ្លើយ​តប​បញ្ហា​នេះ​ទេ៖ «អាជ្ញាធរ​ខេត្ត​កំពង់ចាម រំលោភ​សិទ្ធិ​សេរីភាព​ទាំង​មូល​ដែល​ខ្ញុំ​នឹង​ស្នាក់នៅ​ហ្នឹង ហើយ​បែរ​ជា​បិទ​សិទ្ធិ​សេរីភាព។ សូម្បី​តែ​សិទ្ធិ​យាត្រា ដើម្បី​បង្ហាញ​ពី​សិទ្ធិ​របស់​ខ្លួន ដែល​មាន​ក្នុង​អន្តរជាតិ​ជាដើម​ហ្នឹង បែរ​ជា​អាជ្ញាធរ​គាត់​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ គឺ​ជា​ចំណុច​មួយ​រំលោភ​ច្បាប់​ទាំង​ស្រុង»

យ៉ាង​ណា ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក ប៉ែន រ័ត្ន បញ្ជាក់​ថា កម្លាំង​ដែល​ដាក់​នោះ គឺ​ដើម្បី​ការពារ​ក្រែង​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​ព្រះសង្ឃ​នៅ​ក្នុង​វត្ត និង​ក្រុម​អ្នក​ហែ​ក្បួន​ទាំង​នោះ​តែ​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​ហាម​ឃាត់ ឬ​រារាំង​អ្នក​ហែ​ក្បួន​ទាំង​នោះ​ដែរ។

ចំណែក​មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នាង សុវ៉ាត ដែល​បាន​តាម​ដាន​ក្បួន​ដង្ហែ​នោះ យល់​ថា ការ​ដាក់​កម្លាំង​តាម​វត្ត​ជាច្រើន​មាន​ទាំង​ស្លៀក​ពាក់​ឯកសណ្ឋាន និង​ស៊ីវិល​ផង​នោះ គឺ​មិន​មែន​ដាក់​ដើម្បី​ការពារ​ខ្លាច​ក្រែង​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ ប៉ុន្តែ​គឺ​ដាក់​ដើម្បី​រារាំង​ក្រុម​ហែ​ក្បួន​មិន​ឱ្យ​ចូល​សម្រាក​ក្នុង​វត្ត ឬ​បង្ក​ការ​រំខាន​តែ​ម្ដង។ លោក​បន្ត​ថា សកម្មភាព​នេះ គឺ​រំលោភ​សិទ្ធិ​មនុស្ស និង​ស​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពង់ចាម ហាក់​មិន​បាន​គោរព​ទៅ​តាម​អ្វី​ដែល​រាជ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​ជាមួយ​អង្គការ​សហប្រជាជាតិ ទទួល​យក​គោលការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ទៀត​ផង។

រីឯ​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​សិទ្ធិ​យាត្រា​ពី​ខាង​ផ្លូវ​ជាតិ​លេខ​២ ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ស្រុក​គិរីវង់ ខេត្ត​តាកែវ ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ធម្មយាត្រា​ពី​ខេត្ត​នេះ​ទេ។

អ្នក​ទំនាក់ទំនង​នៅ​ក្នុង​ក្រុម​ខាង​ផ្លូវ​ជាតិ​លេខ​២ កាត់​តាម​ខេត្ត​តាកែវ គឺ​លោក ញ៉ិល ភាព ថ្លែង​បញ្ជាក់​ថា តំណាង​ក្រុម​របស់​លោក និង​អភិបាល​រង​ខេត្ត គឺ​លោក គាវ សុវណ្ណឌី និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បាន​ជួប​ប្រជុំ​ចរចា​គ្នា​រហូត​មក​ដល់​ពេល​ល្ងាច ក៏​អាជ្ញាធរ​ខេត្ត​នៅ​តែ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ធម្មយាត្រា​សិទ្ធិ​យាត្រា​នេះ​ទេ ហើយ​ក៏​បង្គាប់​ឱ្យ​រំសាយ​ក្បួន​នោះ​ទៀត ក្រោម​ហេតុផល​ថា ការ​ធ្វើ​ធម្មយាត្រា​នេះ​មិន​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ។ លោក​ថា អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ ប្រសិន​បើ​មិន​រំសាយ។ ប៉ុន្តែ​ទោះ​ជា​មាន​ការ​គំរាម​ចាត់​វិធានការ​ពី​អាជ្ញាធរ​ក្ដី ក៏​ក្រុម​លោក​នៅ​តែ​បន្ត​ធ្វើ​ធម្មយាត្រា​សិទ្ធិ​យាត្រា​ទៅ​តាម​គម្រោង​ដដែល។

ក្រុម​របស់​លោក មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​នៅ​ក្នុង​វត្ត​សោម តាម​ការ​គ្រោង​ទុក​ទេ។ ដូច្នេះ​ក្រុម​លោក​ត្រូវ​ស្នាក់​នៅ​ក្រោម​តង់​តាម​របង​វត្ត។

ដោយ​ឡែក​ក្រុម​ផ្សេង​ទៀត ដូច​ជា ផ្លូវ​ជាតិ​លេខ​១ ចាប់​ពី​វត្ត​កអណ្ដើក ស្រុក​កំពង់ត្របែក ខាង​កើត​អ្នក​លឿង ក្រុម​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​៥ ផ្ដល់​ដំណឹង​មក​ថា មិន​មាន​បញ្ហា​អ្វី​ទេ។ ចំពោះ​ក្រុម​ធម្មយាត្រា​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ វិញ កាល​ពី​ដំបូង​ក៏​អាជ្ញាធរ​មិន​ឱ្យ​ស្នាក់​នៅ​ក្នុង​វត្ត​ពេជ្រនិល ដែរ ប៉ុន្តែ​បន្ទាប់​ពី​បាន​ចរចា​គ្នា អាជ្ញាធរ​មូលដ្ឋាន​ក៏​ព្រម​ឱ្យ​ស្នាក់​នៅ​វិញ។

ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​សិទ្ធិ​យាត្រា​ទាំង​នេះ នឹង​ចាប់​ផ្ដើម​ដំណើរ​ធម្មយាត្រា​សិទ្ធិ​យាត្រា​របស់​ខ្លួន​ពី​បណ្ដា​ខេត្ត ឆ្ពោះ​មក​ភ្នំពេញ តាម​ផ្លូវ​ជាតិ​ធំៗ​ទាំង​៦ ហើយ​គ្រោង​មក​ជួប​គ្នា​នៅ​ភ្នំពេញ ដើម្បី​ប្រារព្ធ​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ធ្នូ សប្ដាហ៍​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។