មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងថា រដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម ដែលភៀសខ្លួនមកកម្ពុជា ជាបន្តបន្ទាប់ ដោយសំអាងថា ពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់។ ចំណាត់ការនេះ ត្រូវបានអង្គការសិទ្ធិមនុស្សរិះគន់ថា រដ្ឋាភិបាលមិនបានគោរពគោលការណ៍ច្បាប់ស្ដីពីជនភៀសខ្លួនទេ។
អ្នកតាមដានស្ថានការណ៍សិទ្ធិមនុស្សរិះគន់រាជរដ្ឋាភិបាលកម្ពុជា អំពីគម្រោងចាប់បញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ា ជាង ២០០នាក់បន្ថែមទៀត ត្រឡប់ទៅប្រទេសវៀតណាម វិញនោះ។
លោក សួន ប៊ុនស័ក្ដិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ថា រដ្ឋាភិបាលកម្ពុជា ហាក់មិនបានវាយតម្លៃឱ្យល្អិតល្អន់អំពីស្ថានភាពរបស់ជនភៀសខ្លួនម៉ុងតាញ៉ា ហើយក៏មិនបានយកចិត្តទុកដាក់រៀបចំឯកសារផ្សេងៗ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិជ្រកកោនស្របច្បាប់តាមនិយាមអន្តរជាតិ នោះឡើយ។
ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ឱសានវាទដល់ក្រុមម៉ុងតាញ៉ា ដែលមិនទាន់ទទួលបានការចុះឈ្មោះសុំសិទ្ធិជ្រកកោន ត្រូវត្រឡប់ទៅប្រទេសវៀតណាមវិញ ក្នុងរយៈពេល ៣ខែទៀត បើមិនដូច្នេះទេ ពួកគេនឹងត្រូវចាប់បញ្ជូនទៅទឹកដីកំណើតវិញ៖ «រឿងបញ្ជូនទៅវិញ រដ្ឋាភិបាលដែលទទួលហ្នឹងត្រូវធ្វើការឱ្យមានយុត្តិធម៌។ ជួនកាលគ្នាជាងអ្នករត់ភៀសខ្លួនមកមែន ដោយសារតែមានបញ្ហានៅស្រុកដើមរបស់គ្នា ទើបគ្នារត់មក ក៏ប៉ុន្តែដោយយើងវាយតម្លៃមិនបានស្រួលបួល ក៏បញ្ជូនគ្នាទាំងបង្ខំទៅវិញ អាហ្នឹងប៉ះពាល់ទៅដល់សិទ្ធិជនភៀសខ្លួនទៅវិញ»។
លោក សួន ប៊ុនស័ក្ដិ ក៏បានបង្ហាញមន្ទិលចំពោះរាជរដ្ឋាភិបាលដែរ អំពីគម្រោងចាប់បញ្ជូនម៉ុងតាញ៉ា ប៉ុន្តែបែរជាមានឆន្ទៈទទួលយកជនភៀសខ្លួនអូស្ត្រាលី ពីកោះណាវរូ (Nauru) នៃប្រទេសអូស្ត្រាលី៖ «រឿងករណីជនភៀសខ្លួនអូស្ត្រាលីនេះ វាទៅជាព្រះរាជាណាចក្រកម្ពុជា ទៅចុះហត្ថលេខាទទួលយកជនភៀសខ្លួនពីកោះណាវរូ នៅក្រោមបន្ទុករបស់អូស្ត្រាលី ទៅវិញ។ ដូច្នេះចំណុចនេះ ខ្ញុំដូចជាឆ្ងល់ជំហររបស់រដ្ឋាភិបាលយើងដែរ។ មែនទែនទៅ ខ្ញុំមិនដឹងថា គាត់នៅកន្លែងណា ប៉ុន្តែរឿងសំខាន់គេត្រូវធ្វើបែបនេះវិញ។ ប្រទេសកម្ពុជា ក្នុងឋានៈជារដ្ឋភាគីនៃសន្ធិសញ្ញាស្ដីពីជនភៀសខ្លួន យើងគួរតែប្រព្រឹត្តលើជនភៀសខ្លួននៅក្រោមច្បាប់អន្តរជាតិស្ដីពីជនភៀសខ្លូន។ អាហ្នឹងគឺជាមូលដ្ឋានសំខាន់ក្នុងការដែលយើងប្រព្រឹត្តទៅលើជនភៀសខ្លួន ទោះបីជាមកពីខាងណាក៏ដោយ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ មិនបានដឹងឮអំពីការភៀសខ្លួនរបស់ក្រុមម៉ុងតាញ៉ា នេះទេ។ លោកបញ្ជាក់ថា នេះជាការរៀបចំរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប្រចាំកម្ពុជា (UNHCR) ដែលមានលក្ខណៈជាការរត់ពន្ធមនុស្ស។
លោក ខៀវ សុភ័គ៖ «ចុះយើងមិនដឹង។ ឥឡូវយើងគិតមើល វាមិនដែលនៅឯស្រុកម៉ុងតាញ៉ា ឯណាមកស្គាល់ UNHCR នៅកណ្ដាលទីក្រុងភ្នំពេញ បើគ្មានមនុស្សជូនមកទេនោះ។ កន្លងមក បើគ្មានអ្នករត់ពន្ធមនុស្ស យកលុយយកកាក់ទៅ វាមិនដែលទៅស្គាល់ UNHCR នៅបាងកក ឬក៏នៅត្រង់ណាដែរ។ វាលាក់ឈ្មោះទៅក្នុងនាមជាអ្នកជួញដូរមនុស្ស រត់ពន្ធមនុស្ស»។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រូបនេះ បានបន្ថែមទៀតថា ក្រុមម៉ុងតាញ៉ា នេះ មិនមែនទទួលរងនូវការគាបសង្កត់ណាមួយដូចការលើកឡើងនោះទេ ប៉ុន្តែជាអ្នកចំណាកស្រុកសេដ្ឋកិច្ចពីប្រទេសវៀតណាម ដែលខុសពីជនភៀសខ្លួនពីកោះណាវរូ ដែលរងគ្រោះដោយសង្គ្រាម៖ «មិនមានចង់បានជនភៀសខ្លួនទេ ប្រទេសណាក៏ដូចប្រទេសណាដែរ ប៉ុន្តែវាជាកាតព្វកិច្ច។ យើងត្រូវជួយគ្នា ការលំបាក។ យើងសុទ្ធតែធ្វើហើយ តែការលំបាកនេះត្រូវមានហេតុផលសមស្រប មិនមែនជនភៀសខ្លួនម៉ុងតាញ៉ា ដែលរត់មកក្រោមហេតុផលសេដ្ឋកិច្ចហ្នឹងទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺណាមួយពីតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំកម្ពុជា បាននៅឡើយ នៅថ្ងៃទី១៥ ខែកញ្ញា។
ក្នុងរយៈពេល ១០ ខែ ចុងក្រោយនេះ អាជ្ញាធរ បានចាប់បញ្ជូនជនជាតិម៉ុងតាញ៉ាយ៉ាងតិច ៤៧ នាក់ ដែលបានឆ្លងដែនចូលប្រទេសកម្ពុជា ត្រឡប់ទៅប្រទេសវៀតណាមវិញ។
ជនជាតិភាគតិចម៉ុងតាញ៉ា វៀតណាម គឺជាក្រុមជនជាតិភាគតិចរស់នៅក្នុងតំបន់ភ្នំ ក្នុងខេត្តយ៉ាឡាយ (Gia Lai) ខេត្តដាក់ឡាក់ (Dak Lak) និងខេត្តកនតុម (Kon Tum) ដែលស្ថិតនៅប៉ែកកណ្ដាលប្រទេសវៀតណាម ជាប់ព្រំប្រទល់ខេត្តរតនគិរី និងមណ្ឌលគិរី របស់កម្ពុជា។ នៅក្នុងរបាយការណ៍របស់ Human Right Watch បញ្ជាក់ថា ជនជាតិម៉ុងតាញ៉ា ត្រូវបានអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងជំនឿសាសនា ដោយសារតែជនជាតិនេះគោរពគ្រិស្តសាសនា និងធ្លាប់ចូលរួមជាមួយកងទ័ពអាមេរិក ធ្វើសង្គ្រាមប្រឆាំងនឹងពួកកុម្មុយនិស្តវៀតណាម ខាងជើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
