យុទ្ធនាការ "សំឡេង​ដើម្បី​សេរីភាព" ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា

0:00 / 0:00

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចំនួន​២ នៅ​កម្ពុជា បាន​កៀងគរ​រក​សំឡេង​គាំទ្រ​ពី​មហាជន ដើម្បី​ជំរុញ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស និង​ចេញ​របាយការណ៍​ថ្មី​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​សវនាការ​កាត់​ទោស​អ្នកស្រី យ៉ោម បុប្ផា ដោយ​ស្នើសុំ​ឲ្យ​តុលាការ​ឧទ្ធរណ៍​បដិសេធ​ចោទ​នូវ​សាលក្រម​តុលាការ​រាជធានី​ភ្នំពេញ ដែល​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ប្រើ​ហិង្សា​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បង្កើត​យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា "សំឡេង​សេរីភាព" ដើម្បី​គាំទ្រ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែល​កំពុង​ជាប់​ពន្ធនាគារ និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ជា​បន្ទាន់។

យុទ្ធនាការ​ថ្មី​ដែល​ទើប​បង្កើត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ធ្វើ​ឡើង​ដើម្បី​ទាញ​យក​ការ​គាំទ្រ​ពី​សាធារណជន ឲ្យ​ផ្ញើ​សារ​ជា​សំឡេង ឬ​ក៏​សារ​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​ចូលរួម​តាម​ប្រព័ន្ធ​ទូរស័ព្ទ ០១៦ ២០ ២០ ១៧ ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ផ្សាយ​នូវ​សារ​ទាំង​នោះ​តាម​រលក​ធាតុ​អាកាស​រៀង​រាល់​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​ព្រហស្បតិ៍ រហូត​ដល់​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព។

យុទ្ធនាការ "សំឡេង​សេរីភាព" នេះ​ក៏​នឹង​ដាក់​បង្ហាញ​នូវ​ផ្ទាំង​បដា​នៅ​ខាង​មុខ​ការិយាល័យ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដើម្បី​រាប់​ថ្ងៃ​ដែល​អ្នកស្រី​បាន​ជាប់​ពន្ធនាគារ​ដែរ។ យុទ្ធនាការ​នេះ ធ្វើ​ស្រដៀង​គ្នា​នឹង​យុទ្ធនាការ​រាប់​ថ្ងៃ​ជាប់​ពន្ធនាគារ​របស់​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ដែល​ទើប​ចេញ​ពី​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា។

អ្នក​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា កញ្ញា សន រ៉ាមណា ពន្យល់​ថា ប្រជាពលរដ្ឋ​ដែល​មើល​ឃើញ​ថា​អ្នកស្រី យ៉ោម បុប្ផា មិន​មាន​កំហុស​ដូច​ការ​ផ្ដន្ទាទោស​របស់​តុលាការ​ទេ​នោះ អាច​គាំទ្រ​តាម​ការ​ផ្តល់​សារ​ជា​សំឡេង​ក្នុង​កម្មវិធី​ថ្មី​នេះ ហើយ​វា​ជា​សារ​ក្រើន​រំឭក និង​បង្ហាញ​ថា ប្រជាពលរដ្ឋ​មិន​បំភ្លេច​អ្នកស្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ ជាពិសេស​លើក​ទឹក​ចិត្ត​ឲ្យ​អ្នកស្រី​ខំ​ស៊ូ​ជា​បន្ត​ទៀត៖ «ប្រសិន​បើ​យើង​អត់​មាន​យុទ្ធនាការ​អី​ទេ យើង​ប្រហែល​ជា​អាច​ដូច​ថា​ប្រជាពលរដ្ឋ​ម្នាក់​គាត់​គ្រាន់​តែ​អាច​ធ្វើ​សកម្ម​អី​មួយ​តែ​ឯង ប៉ុន្តែ​បើ​យើង​រួម​គ្នា​សំឡេង​បាន​កាន់​តែ​ច្រើន ហើយ​យើង​ធ្វើ​ការ​ចាក់​នៅ​តាម​វិទ្យុ​ជា​រៀង​រាល់​ថ្ងៃ ដូច​ជា​ការ​ដាស់​តឿន​ក្រើន​រំឭក​ដល់​សាធារណជន​ដែរ​ពី​ករណី​អ្នកស្រី យ៉ោម បុប្ផា»

អ្នកស្រី យ៉ោម បុប្ផា គឺ​ជា​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ ដែល​តុលាការ​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ។ អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា អ្នកស្រី​មាន​កំហុស​ព្រោះ​តែ​បទ​ចោទ​ប្រកាន់​ក្លែង​ក្លាយ ជុំវិញ​ការ​វាយ​ដំ​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ឲ្យ​រង​របួស។

របាយការណ៍​ថ្មី​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) រក​ឃើញ​ថា មាន​ធាតុ​ពិត​នៃ​អង្គហេតុ​ជាច្រើន​មិន​គួរ​សង្ស័យ​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី យ៉ោម បុប្ផា ទេ រាប់​ទាំង​ការ​គ្មាន​សាក្សី​ដែល​បាន​ឃើញ​សកម្មជន​ដីធ្លី​មួយ​នេះ វាយ​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ឌុប ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​សក្ខីកម្ម​របស់​សាក្សី​ដាក់​បន្ទុក។ ផ្ទុយ​ទៅ​វិញ អ្នកស្រី យ៉ោម បុប្ផា ក្លាយ​ជា​មុខ​សញ្ញា ឬ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​អ្នក​ភូមិ​បឹងកក់ ឲ្យ​បាក់​ស្បាត នៅ​ពេល​ដែល​អ្នកស្រី​ចេញ​មុខ​ចេញ​មាត់​ច្រើន​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​មតិ ក្នុង​នាម​សហគមន៍។

ម្តាយ​អ្នកស្រី យ៉ោម បុប្ផា គឺ​អ្នកស្រី សាបូ សុត ចាត់​ទុក​ការ​ផ្ដន្ទាទោស​កូន​ស្រី​របស់​គាត់​ថា​ជា​ការ​លាប​ពណ៌​របស់​អាជ្ញាធរ និង​ស្នើសុំ​ឲ្យ​តុលាការ​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​ពិត​ប្រាកដ កុំ​លំអៀង និង​ផ្តល់​យុត្តិធម៌​ដល់​អ្នកស្រី យ៉ោម បុប្ផា៖ «សូម​មហាជន និង​ប្រជាពលរដ្ឋ​ដែល​ជួយ​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​រក​យុត្តិធម៌ និង​ដោះលែង​កូន​ស្រី​ខ្ញុំ​មក​វិញ»

ការ​ជាប់​ពន្ធនាគារ​របស់​អ្នកស្រី យ៉ោម បុប្ផា បាន​ជំរុញ​ឲ្យ​អ្នក​ភូមិ​បឹងកក់ សហគមន៍​បុរីកីឡា និង​សហគមន៍​ថ្ម​គោល រួម​ដៃ​គ្នា​ប្រឆាំង​តវ៉ា និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី និង​ក្នុង​គោលដៅ​មួយ​ទៀត គឺ​ឲ្យ​រាជ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ឲ្យ​បាន​ឆាប់។

ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ទាំង​នោះ បាន​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ច្រើន​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ និង​ទាក់ទាញ​មហាជន​ឲ្យ​គាំទ្រ​នូវ​សកម្មភាព​របស់​ខ្លួន។ ពលរដ្ឋ​ទាំង​នោះ ជាពិសេស​អ្នក​ភូមិ​បឹងកក់ បាន​ស្លៀក​សម្លៀកបំពាក់​អាវ​ប៉ាក់ សំពត់​ហូល​ផាមួង មាន​កាន់​រូប​ព្រះពុទ្ធ និង​ផ្កា​ឈូក ចេញ​មក​តវ៉ា​ដើម្បី​បង្ហាញ​ពី​ការ​គោរព​បូជា​យ៉ាង​ខ្ជាប់​ខ្ជួន និង​ជា​សញ្ញា​ឲ្យ​អាជ្ញាធរ​កុំ​ប្រើ​ហិង្សា​ទៅ​លើ​ពួក​គាត់។ ដោយ​ឡែក​យុទ្ធសាស្ត្រ​ថ្មី​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​ប្ដូរ​ដោយ​ផ្លាស់​មក​ស្លៀក​សារុង​ជាច្រើន​ជាន់ ដើម្បី​បង្ហាញ​ពី​ចរិត​ស្ត្រី​មេ​ផ្ទះ​ចេញ​មក​តវ៉ា​ដើម្បី​រក​យុត្តិធម៌​វិញ​ម្តង។

«សំឡេង​ប៉ូលិស​បង្ក្រាប​ក្រុម​បាតុករ»

រី​ឯ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏​មិន​ខុស​គ្នា​ដែរ ដោយ​បាន​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី។ ក្រុម​សមត្ថកិច្ច​ដែល​មាន​ឯកសណ្ឋាន​ជា​ប៉ូលិស ឬ​កង​កម្លាំង​បង្ក្រាប​ក្រុម​បាតុករ និង​កម្លាំង​ប៉េអិម មិន​បាន​បង្ក្រាប​ក្រុម​បាតុករ​ដូច​មុន​ឡើយ ប៉ុន្តែ​ឃើញ​មាន​កម្លាំង​ស្លៀកពាក់​ជា​ស៊ីវិល​ទៅ​វាយ​បង្ក្រាប​ក្រុម​បាតុករ​វិញ ហើយ​អង្គការ​សង្គម​ស៊ីវិល​យល់​ថា នេះ​ជា​ការ​ញុះ​ឲ្យ​មាន​ហិង្សា​រវាង​គ្នា​កើត​ឡើង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​ផ្តល់​ដី​ជាង ១២​ហិកតារ ឲ្យ​អ្នក​ភូមិ​បឹងកក់។ ប៉ុន្តែ មន្ត្រី​សាលាក្រុង​ភ្នំពេញ មិន​បាន​អនុវត្ត​តាម​អនុក្រឹត្យ​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ លោក កែប ជុតិមា ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​មួយ បាន​ចោទ​ថា បញ្ហា​ដីធ្លី​នៅ​បឹងកក់ និង​បុរីកីឡា ជា​រឿង​នយោបាយ ហើយ​ពិបាក​នឹង​ដោះស្រាយ៖ «រឿង​បុរីកីឡា និង​បឹងកក់ ហ្នឹង ជា​រឿង​នយោបាយ​ហើយ បើ​មិន​មែន​នយោបាយ​យើង​ងាយ​ដោះស្រាយ។ បើ​ដោះស្រាយ​មិន​បាន​ល្អ ខ្ញុំ​មិន​ជាប់​ឆ្នោត​ពេល​បោះឆ្នោត​រើស​ចៅ​សង្កាត់​ទេ»

យ៉ាង​នេះ​ក្តី ទាំង​អ្នក​ភូមិ​បឹងកក់ និង​អ្នក​ភូមិ​បុរីកីឡា ដែល​តវ៉ា​ទាមទារ​រឿង​ទំនាស់​ដីធ្លី​កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា បញ្ជាក់​ថា អាជ្ញាធរ​តែង​លាប​ពណ៌​ចំពោះ​ការ​ទាមទារ​របស់​អ្នក​ភូមិ​ថា ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ដើម្បី​ជា​ការ​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ៖ «គ្រាន់​តែ​ដោះស្រាយ​អ្វី​ជា​ផ្ទះ​របស់​គាត់​ដែល​គាត់​រក​ស៊ី​ពី​ឆ្នាំ​១៩៧៩ មក​សាង​ដោយ​បាត​ដៃ​ទទេ សង់​បាន​ផ្ទះ​ឲ្យ​កូន​ចៅ​រស់នៅ​នេះ ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ អត់​មាន​ចង់​បាន​អ្វី​លើស​នឹង​ទេ ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​មក​ខ្ញុំ​អត់​មាន​ទៅ​ពាក់ព័ន្ធ​ស្អី​ទេ»

សហគមន៍​ខ្មែរ​នៅ​វ៉ាស៊ីនតោន ឌីស៊ី (Washington DC) សហរដ្ឋ​អាមេរិក ក៏​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​អគារ​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ទាមទារ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ​ផ្អាក​ផ្តល់​ប្រាក់​ជំនួយ​ដល់​កម្ពុជា លុះត្រា​តែ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ចេញ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា។

រីឯ​អ្នក​ភូមិ​មាន​ទំនាស់​ដីធ្លី​ទាំង​អ្នក​បឹងកក់ និង​បុរីកីឡា បាន​ព្យាយាម​តវ៉ា​ជាច្រើន​លើក​ដើម្បី​ខិត​ឲ្យ​ជិត​ផ្ទះ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​បំណង​ដាក់​ញត្តិ​ទាមទារ​របស់​ខ្លួន។ ប៉ុន្តែ​ជា​រឿយៗ សមត្ថកិច្ច​ក៏​បាន​បង្ក្រាប ឬ​រារាំង​ពួក​គេ​យ៉ាង​ចាស់​ដៃ​ដូច​គ្នា​នៅ​ជិត​របង​ផ្ទះ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ។

សង្គម​ស៊ីវិល​យល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មើល​រំលង ឬ​មើល​មិន​ឃើញ​ពី​ការ​តវ៉ា​របស់​អ្នក​ភូមិ និង​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ដែល​នៅ​កៀកៗ​នឹង​របង​ផ្ទះ​របស់​លោក។ ហើយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ ទំនង​ជា​មិន​អាច​ដោះស្រាយ​បាន​ទេ ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ដោះស្រាយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។