មន្ត្រីសង្គមស៊ីវិល ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បញ្ជាក់ថា ពួកគេនឹងចុះស៊ើបអង្កេតករណីជនជាប់ចោទពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធរឿងធ្វើសកម្មភាពបម្រុងដកបង្គោលព្រំដែននៅឃុំដា ស្រុកមេមត់។ គម្រោងចុះអង្កេតនេះ បន្ទាប់ពីពួកគេទទួលពាក្យបណ្ដឹងពីខាងក្រុមគ្រួសារជនជាប់ចោទដោយបញ្ជាក់ថា ប្តីរបស់ពួកគេមិនបានធ្វើដូចការចោទប្រកាន់ទេ។
មន្ត្រីសង្គមស៊ីវិលយល់ថា សំណុំរឿងពលរដ្ឋនៅឃុំដា ស្រុកមេមត់ ពីរនាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារមាត់ឃ្មង់ ដោយចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ជុំវិញរឿងបំផ្លាញបង្គោលព្រំដែន គឺនៅមានភាពមិនច្បាស់លាស់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា លោកនិងខាងអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) នឹងចុះស៊ើបអង្កេតករណីនេះ នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីប្រមូលភស្តុតាង និងរកឱ្យឃើញថា ជនជាប់ចោទទាំងពីរនាក់ ពិតជាមានចេតនាមែន ឬយ៉ាងណា? ព្រោះតាមការរៀបរាប់របស់ក្រុមគ្រួសារជនជាប់ចោទបង្ហាញថា ជនទាំងនោះមិនមានបំណងចង់ទៅបំផ្លាញបង្គោលព្រំដែនជាប្រភេទបង្គោលរណបឡើយ។
លោក នាង សុវ៉ាត៖ «ទីមួយអត់ប៉ះពាល់ផលប្រយោជន៍គាត់ ទីពីរ បង្គោលហ្នឹងចំផ្លូវដែលគាត់ធ្វើដំណើរ ទីបី គាត់ស្រវឹងស្រា ទីបួនគាត់អត់មានស្រែនៅជិតហ្នឹងទេ ទីប្រាំគាត់អត់បានរត់គេចពីប៉ូលិសទេ»។
ការអះអាងដូច្នេះ បន្ទាប់ពីក្រុមគ្រួសារជនជាប់ចោទ បានមកស្វែងរកកិច្ចអន្តរាគមន៍ និងដាក់ពាក្យប្ដឹងនៅទីស្នាក់ការសមាគមអាដហុក ខេត្តកំពង់ចាម ជុំវិញករណីឃុំខ្លួនសមាជិកគ្រួសាររបស់ពួកគេនៅព្រឹកថ្ងៃទី៦ ខែកញ្ញា។
ប្រពន្ធជនជាប់ចោទទាំងនោះ បានទៅជួបប្តីរបស់ខ្លួននៅក្នុងពន្ធនាគារមាត់ឃ្មង់ កាលពីថ្ងៃទី៤ ខែកញ្ញា ហើយពួកគេអះអាងថា ការចាប់ និងឃុំខ្លួនប្តីរបស់ពួកគាត់គឺមិនត្រឹមត្រូវឡើយ។ ពួកគេបញ្ជាក់ថា ប្តីរបស់ខ្លួនមិនមានចេតនាចង់បំផ្លាញបង្គោលព្រំដែនដែលជាបង្គោលរណបដូចការចោទប្រកាន់របស់ប៉ូលិសប៉ុស្តិ៍ព្រំដែន និងតុលាការទេ។
ពលរដ្ឋនៅភូមិដាកណ្ដោល អ្នកស្រី ជ្រន់ ស្រីទូច រៀបរាប់ទាំងទឹកមុខស្រពាប់ស្រពោនថា ប្តី និងប្អូនថ្លៃអ្នកស្រី មិនមានចេតនាចង់ទៅបំផ្លាញបង្គោលនោះឡើយ ប៉ុន្តែខណៈជិះម៉ូតូមកពីស្រែវិញ រួមនឹងស្រវឹងផង ក៏ជ្រុលបុករបាំងបង្គោលព្រំដែន ក្រោយមកក៏ស្រវ៉ាតោងបង្គោលនោះដើម្បីងើបឈរឡើង។
អ្នកស្រីបញ្ជាក់ទៀតថា ប្តីគាត់បានជិះម៉ូតូចេញផុតពីបង្គោលនោះហើយ ទើបសមត្ថកិច្ចចាប់ខ្លួនពួកគេ៖ «ការចាប់ខ្លួនហ្នឹងគាត់មិនយល់យ៉ាងម៉េចទេ យល់ឃើញថា ប្តីខ្ញុំអត់មានធ្វើអីខុសទេ ព្រោះមិនដែលមានបំណងចង់ទៅដក និយាយប៉ះពាល់អីទេ»។
សមត្ថកិច្ចព្រំដែនឃុំដា ចាប់ខ្លួនបុរសទាំងពីរនាក់ កាលពីរសៀលថ្ងៃទី៣១ ខែសីហា បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដោយសង្ស័យថា បានធ្វើសកម្មភាពបម្រុងដកបង្គោលរណបលេខ ១១០.១ ហើយក៏បញ្ជូនបន្តទៅឃុំខ្លួនទៅពន្ធនាគារមាត់ឃ្មង់ នៅរសៀលថ្ងៃបន្ទាប់ ក្រោយពេលតុលាការចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
ជនជាប់ចោទទាំងពីរនាក់ គឺត្រូវជាបងប្អូនថ្លៃនឹងគ្នា ដោយម្នាក់ឈ្មោះ សោម វ៉ាត និងម្នាក់ទៀត ឈ្មោះ សុខ គោ។
ដោយឡែកមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តកំពង់ចាម លោក ប៊ូ វីរៈ ឱ្យដឹងថា បន្ទាប់ពីខាងលោកចុះស៊ើបអង្កេតលើករណីនេះ ហើយប្រសិនបើរកឃើញថា វាជារឿងអយុត្តិធម៌ខាងលោកនឹងជួយប្រឹក្សាដល់ក្រុមគ្រួសារជនជាប់ចោទ ព្រមទាំងរកមេធាវីជូនពួកគាត់។ មិនខុសគ្នានេះ ខាងអាដហុក ក៏ត្រៀមមេធាវីដើម្បីដាក់ការពារក្តីឱ្យជនជាប់ចោទទាំងពីរនោះនៅសប្ដាហ៍ក្រោយដែរ។
យ៉ាងណាប្រពន្ធរបស់ជនជាប់ម្នាក់ទៀត អ្នកស្រី ជា សារ៉េត ដែលមានផ្ទៃពោះ ៦ខែ អះអាងថា ប្តីអ្នកស្រីគ្មានចេតនាទេជុំវិញករណីនេះ។ អ្នកស្រីបញ្ជាក់ថា ក្រោយពេលសមត្ថកិច្ចចាប់ប្តីគាត់ទៅ ស្ថានភាពគ្រួសារកាន់តែពិបាកទ្វេដង ម្យ៉ាងមិនមានផ្ទះសម្បែងត្រឹមត្រូវ និងមិនមានអ្នកមើលថែខ្លួននៅពេលពោះធំផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
