សេចក្ដីថ្លែងការណ៍នេះ បានចេញមុន តុលាការកំពូលនៅថ្ងៃទី២២ ខែវិច្ឆិកា ដែលគ្រោងបើកការជំនុំជម្រះលើករណី អ្នកស្រី យ៉ោម បុប្ផា ដែលជាប់ចោទពីបទផ្ដួចផ្ដើមអោយមានអំពើហិង្សាជាមួយក្រុមអ្នកម៉ូតូឌុប។ អ្នកស្រីបានជាប់ពន្ធនាគារ ១ឆ្នាំហើយ បន្ទាប់ពីត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ឲ្យមានទោស ៣ឆ្នាំ ប៉ុន្តែក្រោយមកត្រូវសាលាឧទ្ធរណ៍សម្រេចបន្ធូរបន្ថយឲ្យមកជាប់ទោស ២ឆ្នាំវិញ ក្នុងសំណុំរឿងនេះ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា តុលាការកំពូលត្រូវស៊ើបអង្កេតទៅលើករណីដែលសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ដែលបានផ្ដន្ទាទោសអ្នកស្រី ដោយគ្មានភស្តុតាងនាពេលកន្លងមក។ លោកថា អាជ្ញាធរក្រុងភ្នំពេញ បានប្រើប្រព័ន្ធតុលាការដើម្បីគំរាមកំហែងលើសកម្មភាពការពារសិទ្ធិដីធ្លីរបស់ អ្នកស្រី យ៉ោម បុប្ផា និងជាការបង្អាក់សកម្មភាពនៃការតវ៉ាបញ្ហាដីធ្លីនៅតំបន់បឹងកក់ តែប៉ុណ្ណោះ។
អ្នកបឹងកក់ និងសហគមន៍ដីធ្លីមួយចំនួន រួមទាំងព្រះសង្ឃផង គ្រោងជួបជុំគ្នាធ្វើពិធីបួងសួងមួយនៅខាងមុខតុលាការកំពូល ក្នុងពេលជំនុំជម្រះក្ដីនេះ។ ពួកគេនឹងអុជធូបបន់ស្រន់ឲ្យវត្ថុសាកសិទ្ធិ បន្ទន់ចិត្តមន្ត្រីតុលាការឲ្យដោះលែង អ្នកស្រី យ៉ោម បុប្ផា ព្រោះពួកគេយល់ថា អ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
