ដើម្បីការពារសុវត្ថិភាព និងជំនួយផ្នែកច្បាប់ដល់សកម្មជនដែលប្រឈមនឹងហានិភ័យទាំងនោះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថាស៊ីស៊ីអេចអរ (CCHR) បានកៀងគរសកម្មជនការពារសិទ្ធិមនុស្សតាមសហគមន៍ចំនួន ១០ខេត្ត មកប្រជុំគ្នាដើម្បីស្វែងរកវិធានការជាក់លាក់សម្រាប់ការការពារខ្លួន នៅគ្រាមានអាសន្ន ឬបណ្ដឹងឡើងតុលាការពេលណាមួយជាយថាហេតុ។
ក្រុមការពារសិទ្ធិមនុស្សជាច្រើននាក់ បានត្អូញត្អែរស្រដៀងគ្នាពីការគំរាមកំហែងមកលើពួកគាត់ ក្នុងសកម្មភាពឃ្លាំមើល និងការផ្តល់ព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សរបស់សមត្ថកិច្ច និងក្រុមហ៊ុនឯកជនដែលបានវាទយកដីធ្លី ផ្ទះសម្បែងរបស់ក្រុមសហគមន៍។
ក្នុងសិក្ខាសាលារៀបចំនៅថ្ងៃទី២៦ ខែកុម្ភៈ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដើម្បីជជែកស្វែងរកវិធានការជាក់លាក់សម្រាប់ការការពារខ្លួនរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស។ តំណាងសហគមន៍ចំនួន ២៥នាក់ បានបែងចែកជា ៥ក្រុម ដើម្បីបង្ហាញពីការប្រឈមហានិភ័យនាពេលកន្លងមក មុននឹងស្វែងរកដំណោះស្រាយ។
តំណាងសហគមន៍ស្រុកស្នួល ខេត្តក្រចេះ អ្នកស្រី មុំ សុគីម ឲ្យដឹងថា ក្នុងរឿងទំនាស់ដីធ្លីនៅមូលដ្ឋាន ក្រុមសមត្ថកិច្ចធ្លាប់គំរាមកំហែងក្រុមសហគមន៍ មានការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារដោយខុសច្បាប់ ការបាញ់សម្លាប់ ឬបើករថយន្តបុកសម្លាប់ បំប្លែងជាគ្រោះថ្នាក់ចរាចរណ៍ ការបំបិទសិទ្ធិមិនឲ្យសហគមន៍ផ្តល់ព័ត៌មានលេចធ្លាយទៅអង្គការជាតិ និងអន្តរជាតិ អាជ្ញាធរមិនមានការគាំទ្រសហគមន៍ ហើយមានអង្គការ និងសហគមន៍មូលដ្ឋានមួយចំនួនបានឃុបឃិតជាមួយក្រុមឈ្មួញថែមទៀត។
អ្នកស្រី មុំ សុគីម៖ «ពេលដែលសកម្មជនធ្វើសកម្មភាពអ៊ីចឹង គឺទៅដល់ភ្លាមពួកអាអស់ហ្អែងមកធ្វើអី បានតែវ៉ៃខ្នោះចាប់ដាក់ចង វាមានការអីមានការអនុញ្ញាតស្អី មានច្បាប់ពីណាមកឲ្យដល់កន្លែងហ្នឹង។ ឧទាហរណ៍ ទៅកន្លែងក្រុមហ៊ុន ជួនកាលស្ពាយកាំភ្លើងមកអ៊ីចឹងទៅ»។
បណ្ដាញសហគមន៍ដីធ្លីនៅខេត្តបន្ទាយមានជ័យ អ្នកស្រី ភឿ គីមហួយ ក៏បានបង្ហាញពីការប្រឈមមួយចំនួននៅក្នុងសហគមន៍ ដោយរួមមានទាំងការរឹតត្បិតមិនឲ្យក្រុមសហគមន៍ ដែលសកម្មក្នុងការតស៊ូមតិដើរហើរដោយសេរី បំបិទសិទ្ធិការជួបប្រជុំរបស់ក្រុមសហគមន៍ និងការប្រើប្រាស់ប្រព័ន្ធតុលាការមកបំភិតបំភ័យសកម្មជនសហគមន៍ជាដើម៖ «អាជ្ញាធរបានចោទថា សកម្មជនដីធ្លីទាំងអស់សុទ្ធតែជាគណបក្សប្រឆាំង និងចោទថាជាអ្នកញុះញង់បះបោរធ្វើឲ្យអសន្តិសុខសង្គម មានការទិញទឹកចិត្តពីសកម្មជនការពារដីធ្លីព្រៃឈើ និងនេសាទ»។
មិនខុសគ្នាដែរ សកម្មជនសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក គុំ សុផាណា បញ្ជាក់ថា សមត្ថកិច្ច និងក្រុមឈ្មួញបានប្រើប្រាស់ប្រព័ន្ធតុលាការ មកគាបសង្កត់ និងបំបាក់ស្មារតីរបស់សហគមន៍។ មានសកម្មជនមួយចំនួន ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារ ធ្វើឲ្យបែកបាក់គ្រួសារ បាត់បង់ចំណូលប្រចាំថ្ងៃ និងធ្វើឲ្យកូនមិនបានរៀនសូត្រ។
លោក គុំ សុផាណា៖ «ប្រពន្ធជាសកម្មជនតវ៉ាដីធ្លី អ៊ីចឹងអ្នកមានអំណាចគេចាប់ប្រពន្ធទៅដាក់ពន្ធនាគារ មិនបែកពីប្ដី។ កាលណាមានបញ្ហាបែកបាក់ក្នុងសង្គមគ្រួសារមួយនេះ វាមានវិបត្តិ ហើយការរៀនសូត្រក៏រៀនមិនចូលដែរ ទោះបានចូលសាលាក៏ដោយ ក្នុងការរកស៊ីចិញ្ចឹមជីវិត ក៏បាត់បង់ពលកម្មដែរ»។
សមាជិកបណ្ដាញកសាងសន្តិភាពសហគមន៍ លោក ស្វាយ ភឿន បញ្ជាក់ថា ការគំរាមកំហែងដោយពាក្យសម្ដី និងអាវុធ ត្រូវបានបង្កឡើងក្នុងសហគមន៍ ដោយក្រុមសមត្ថកិច្ច និងក្រុមឈ្មួញ។ លោកបន្តថា នៅមានរូបភាពបង្កអសន្តិសុខជាច្រើនទៀត រួមមានការដកហូតទ្រព្យសម្បត្តិរបស់ក្រុមសហគមន៍ ការចាប់ខ្លួនដោយគ្មានដីកា ការប្រើអំពើហិង្សា ការលាបពណ៌ក្រុមសហគមន៍ជាគណបក្សប្រឆាំង ការចោទក្រុមសហគមន៍ថាបានញុះញង់ និងបះបោរបង្កអសន្តិសុខសង្គម បំប្លែងលិខិត និងកែសំណុំរឿងដើម្បីធ្វើការចោទប្រកាន់ឡើងទៅតុលាការ និងការទិញទឹកចិត្តសកម្មជនការពារព្រៃឈើ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បញ្ជាក់ថា មជ្ឈមណ្ឌលរបស់លោកមានគម្រោងជួយការពារអ្នកដែលការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយសង្ឃឹមថា ក្រុមដែលការពារសិទ្ធិពលរដ្ឋទាំងនោះ នឹងធ្វើការងារដោយមានប្រសិទ្ធភាព។ លោកយល់ឃើញថា អ្នកការពារសិទ្ធិមនុស្សមានការប្រថុយប្រថានច្រើន ទាំងផ្នែកផ្លូវច្បាប់ រាយការណ៍ និងជួនកាលបង្កជាវិបត្តិថវិកាក៏មាន។ ដូច្នេះ ទាមទារឲ្យមានការសហការគ្នា ដើម្បីរកវិធានការជាគន្លឹះ ដើម្បីដោះស្រាយនឹងបញ្ហាប្រឈមដែលកើតមានឡើង។
លោក អ៊ូ វីរៈ៖ «ចង់ធ្វើការសិទ្ធិមនុស្ស ចង់ធ្វើម៉េចកុំឲ្យមានភាពប្រថុយប្រថានទាល់តែសោះ អ្នកនឹងគិតខុសហើយ បើកាត់បន្ថយភាពប្រថុយប្រថាននូវសូន្យ គឺអត់មានទេ អត់មានជម្រើសតែហ្មង លើកលែងកុំធ្វើការងារហ្នឹង។ ប្រជាពលរដ្ឋអត់មានធ្វើការងារសោះ អត់ធ្វើការងារសង្គមសោះ គាត់នៅតែជាជនរងគ្រោះ ចុះទម្រាំយើងទៅឈឺឆ្អាលរឿងគេមួយគំនរ រឿងអីយើងមិនមានភាពប្រថុយប្រថាន គឺយើងទទួលស្គាល់ជាផ្នែកមួយនៃការងាររបស់យើង»។
អ្នកការពារសិទ្ធិមនុស្ស ត្រូវគេសំដៅទៅលើជនទាំងឡាយណាដែលដើរតួនាទីជួយខ្លួនឯង និងអ្នកដទៃ ជួយការពារអ្នករងគ្រោះពីការរំលោភសិទ្ធិមនុស្ស មិនប្រើអំពើហិង្សា ការតស៊ូមតិដោយស្របច្បាប់ក្នុងសហគមន៍។
តាមការសិក្សារកឃើញរបស់អង្គការស្ពានទៅកាន់សន្តិភាពកម្ពុជា (Bridges Across Borders Cambodia) បង្ហាញថា មានការគំរាមកំហែងជាច្រើនទៅលើអ្នកការពារសិទ្ធិមនុស្ស ដែលរួមមានការរារាំង ការគំរាមកំហែងដោយអំពើហិង្សាពីអាជ្ញាធរ និងក្រុមហ៊ុន ការបំភិតបំភ័យអំពើហិង្សាលើរាងកាយ ការរំលោភសេពសន្ថវៈ និងការបៀតបៀនកេរ្តិ៍ខ្មាស ការឃុំខ្លួន និងចាប់ខ្លួនតាមអំពើចិត្ត ការចោទប្រកាន់ពីបទព្រហ្មទណ្ឌ រួមមានពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បទបរិហារកេរ្តិ៍ បទញុះញង់ និងការផ្សាយព័ត៌មានមិនពិត។
មន្ត្រីសម្របសម្រួលគម្រោងគាំទ្រអ្នកការពារសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនធឿន បញ្ជាក់ថា មជ្ឈមណ្ឌលនេះនឹងមានការផ្តល់សេវាមេធាវីដោយឥតគិតថ្លៃ និងថវិកាខ្លះដល់អ្នកការពារសិទ្ធិមនុស្ស ក្នុងលក្ខខណ្ឌអ្នកការពាររូបនោះប្រឈមនឹងហានិភ័យណាមួយពាក់ព័ន្ធនឹងការងាររបស់ខ្លួនក្នុងសហគមន៍៖ «គណៈកម្មការសម្រេចគាត់ជាអ្នកការពារសិទ្ធិមនុស្ស ហើយអ៊ីចឹងយើងអត់ឲ្យគាត់មានចំណាយអីទេ គឺយើងផ្តល់អោយតែម្តង ប៉ុន្តែទាល់តែគាត់ជាអ្នកការពារសិទ្ធិមនុស្ស»។
លោក សួន ប៊ុនធឿន បន្តថា ការជជែកគ្នាមួយព្រឹកជុំវិញការស្វែងរកវិធីសាស្ត្រការពារចំពោះការគំរាមកំហែង ខាងមជ្ឈមណ្ឌលមិនទាន់បានចងក្រង និងធ្វើការផ្សព្វផ្សាយនូវឡើយទេ។ ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្សដែលបានចូលរួមទាំងនោះ លើកចំណុចសំខាន់មួយចំនួន រួមមានស្នើសុំឲ្យមានដៃគូជាអង្គការឲ្យបានច្រើន ដឹងឮក្នុងសកម្មភាពដែលពួកគាត់បានធ្វើក្នុងសហគមន៍ ម្យ៉ាងពួកគាត់ចង់ឲ្យមានក្រុមអ្នកច្បាប់ និងមេធាវី ជួយឃ្លាំមើល និងការពារផ្លូវច្បាប់ដល់ពួកគាត់ នៅពេលមានរឿងបន្ទាន់កើតឡើង។
ចំណុចសំខាន់ដែលក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងចំពោះករណីមានបណ្ដឹង ឬការប៉ុនប៉ងចាំខ្លួននោះ គឺការដកឃ្លា ឬគេចខ្លួនជាបណ្ដោះអាសន្ន ដើម្បីរកវិធីស៊ើបមើលចំពោះបណ្ដឹង និងស្វែងរកជំនួយពីអង្គការសង្គមស៊ីវិល ឲ្យជួយផ្នែកណាមួយដែលចាំបាច់ជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
