អ្នក​សារព័ត៌មាន​និង​សង្គម​ស៊ីវិល​រិះគន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

0:00 / 0:00

ក្រុម​អ្នក​កាសែត​រិះគន់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ថា មាត្រា​មួយ​ចំនួន​នៅ​មាន​បញ្ហា​ច្រើន​ដែល​នឹង​រាំង​ស្ទះ​ដល់​សិទ្ធិ​នៃ​ការ​ទទួល​បាន​ព័ត៌មាន។

ការ​រិះគន់​នេះ កើត​ឡើង​បន្ទាប់​ពី​សេចក្ដី​ព្រាង​ច្បាប់​ដែល​រៀបរៀង​ដោយ​ក្រសួង​ព័ត៌មាន ត្រូវ​បាន​លេចចេញ​ជា​រូបរាង និង​កំពុង​ដាក់​អោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ប្រឹក្សា​យោបល់​គ្នា។ តែ​ទោះ​យ៉ាង​ណា ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ អះអាង​ថា ក្រសួង​ព័ត៌មាន​នឹង​ទទួល​យក​មតិ​រិះគន់​នេះ ដើម្បី​កែ​លម្អ​ខ្លឹមសារ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​បន្ថែម​ទៀត។

មាន​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រូវ​បាន​តំណាង​អ្នក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​រក​ឃើញ​ថា នៅ​មាន​បញ្ហា​ខុស​ឆ្គង​ច្រើន។ ​បញ្ហា​ទាំង​នោះ គឺ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ហាក់​មិន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។

ការ​រិះគន់ និង​ជជែក​គ្នា​យ៉ាង​ផុស​ផុល​អំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ស្ដីពី «សារព័ត៌មាន និង​ច្បាប់​ស្ដីពី​សិទ្ធិ​នៃ​ការ​ទទួល​បាន​ព័ត៌មាន'' នា​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​៤ ឧសភា ស្ថិត​ក្នុង​ឱកាស​អបអរ​សាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។

នៅ​ក្នុង​ជំពូក​ទី​១ មាត្រា​ទី​៣ នៃ​សេចក្ដី​ព្រាង​បាន​ចែង​ថា ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ព័ត៌មាន​គ្រប់​ប្រភេទ ដែល​ត្រូវ​ផ្តល់​ដោយ​ស្ថាប័ន​សាធារណៈ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​ព័ត៌មាន​សម្ងាត់​មួយ​ចំនួន​ឋិត​នៅ​ក្នុង​បញ្ញត្តិ​ហាមឃាត់។ រី​ឯ​នៅ​ជំពូក​ទី​២ មាត្រា​ទី​៧ ក៏​បាន​ចែង​ថា គ្រប់​ស្ថាប័ន​សាធារណៈ ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល ព្រម​ទាំង​បើក​ទូលាយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​គ្រប់​ប្រភេទ​ដល់​សាធារណៈ តាម​ការ​ស្នើ​សុំ​ដោយ​គ្មាន​ការ​រើសអើង ប៉ុន្តែ​នៅ​ឃ្លា​ចុង​ក្រោយ​សរសេរ​ថា លើកលែង​តែ​ព័ត៌មាន​សម្ងាត់​ដែល​ឋិត​នៅ​ក្នុង​បញ្ញត្តិ​ហាមឃាត់។

វាគ្មិន​ចូលរួម​ក្នុង​វេទិកា​នេះ លោក កៃ គឹមសុង ជា​និពន្ធ​នាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​រិះគន់​ថា មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ផ្ដល់​បញ្ហា​លំបាក​ដល់​ការ​ទទួល​បាន​ព័ត៌មាន​សម្រាប់​អ្នក​សារព័ត៌មាន និង​សាធារណជន៖ «ខ្ញុំ​ឃើញ​ថា ៩​មាត្រា​នេះ គឺ​មាន​កំហុស​មួយ​ចំនួន​ទៅ​ហើយ ចុះ​ទម្រាំ​តែ​មាត្រា​ច្រើន​ទៀត? ដូច្នេះ​ក្នុង​នាម​ជា​អ្នក​កាសែត ខ្ញុំ​ឃើញ​ថា ច្បាប់​នេះ​នឹង​មាន​បញ្ហា ហើយ​ដើម្បី​អោយ​ច្បាប់​នេះ​ល្អ អ្នក​សារព័ត៌មាន​ទាំង​ឡាយ​គួរ​តែ​ត្រូវ​អនុញ្ញាត​អោយ​ចូល​រួម​ផ្ដល់​មតិ​យោបល់។ យើង​ឃើញ​ថា ពាក្យ​ថា ព័ត៌មាន​សម្ងាត់ អោយ​និយមន័យ​អត់​ច្បាស់។ ស្អី​ទៅ​ជា​ព័ត៌មាន​សម្ងាត់​ដែល​រដ្ឋាភិបាល​ត្រូវ​លាក់ ហើយ​ត្រូវ​ច្បាប់​នេះ​ត្រូវ​ហាមឃាត់​នោះ?»

​រហូត​មក​ដល់​ពេល​នេះ ក្រសួង​ព័ត៌មាន បាន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ចំនួន ៩​ជំពូក និង ៣៤​មាត្រា ហើយ​កំពុង​ដាក់​អោយ​មាន​ពិភាក្សា ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អ្នក​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​បច្ចេកទេស​ដែល​មាន​អង្គការ​យូណេស្កូ (UNESCO) ជាដើម។

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ លោក ណែប ស៊ីនថៃ បាន​ស្នើ​អោយ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ លុបចោល​មាត្រា​មួយ​ចំនួន​ចេញ៖ «មាត្រា​ទាំង ៩ នៅ​ក្នុង​ជំពូក​១ និង​ជំពូក​២ គឺ​សុំ​លុប​ចោល ជា​ពិសេស ជំពូក​ទី​២ មាត្រា​ទី​៧ ទី​៨ និង​ទី​៩ គឺ​យើង​ស្នើ​អោយ​លុប គឺ​ដាក់​នៅ​ក្នុង​ជំពូក​ដាច់​ដោយ​ឡែក»

ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​នេះ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់ លោក អ៊ុក គឹមសេង ថ្លែង​បញ្ជាក់​ថា ព័ត៌មាន​សម្ងាត់​ដែល​មិន​អាច​ផ្ដល់​ជូន​សាធារណៈ​បាន​នោះ រួម​មាន​បញ្ហា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ។ យ៉ាង​ក៏ដោយ​លោក​ថា ក្រសួង​ព័ត៌មាន​នៅ​តែ​ស្វាគមន៍​រាល់​មតិ​រិះគន់​ពី​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់ ដើម្បី​កែ​លម្អ​បន្ត​ទៀត៖ «ក្រសួង​​ព័ត៌មាន​បាន​ប្រាប់​ហើយ​ថា នឹង​ទទួល​យក​មតិ​យោបល់​គ្រប់​បែប​យ៉ាង​ពី​ខាង​សង្គម​ស៊ីវិល និង​ពី​ខាង​ជំនាញ។ តិច​ទៀត​យើង​នឹង​មាន​សិក្ខាសាលា​ថ្នាក់​ជាតិ ដើម្បី​អោយ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​ខាង​ប្រជាពលរដ្ឋ​ផង ថា​តើ​គាត់​យល់​យ៉ាង​ណា?»

​ក្រសួង​ព័ត៌មាន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឬ​ហៅ​ថា MOU ជាមួយ​អង្គការ​យូណេស្កូ កាល​ពី​ដើម​ឆ្នាំ​២០១៤ នេះ ដើម្បី​ដឹកនាំ​បង្កើត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ឡើង​ដោយ​គ្រោង​ប្រើ​រយៈពេល ៣​ឆ្នាំ។ ស្រប​ពេល​គ្នា​នោះ​ដែរ ប្រទេស​ស៊ុយអែត (Sweden) ក៏​បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​មួយ​លាន​ដុល្លារ​សម្រាប់​ធ្វើ​ការងារ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។