ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​ពិគ្រោះ​យោបល់​ស្ដីពី​សិទ្ធិ​និង​ប្រព័ន្ធ​ចិញ្ចឹម​ជីវិត​សហគមន៍

0:00 / 0:00

សហគមន៍​មកពី​ភូមិ​ចំនួន ២៧ ក្នុង​ខេត្ត​រតនគិរី និង​សហគមន៍​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត បាន​ចូលរួម​ពិគ្រោះ​យោបល់​ស្ដីពី​សិទ្ធិ និង​ការ​ឆ្លុះ​បញ្ចាំង​ពី​ប្រព័ន្ធ​និរន្តរភាព​នៃ​ការ​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច។ ការ​ពិគ្រោះ​យោបល់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ជនជាតិ​ដើម​ភាគតិច​នៅ​លើ​ពិភពលោក​ប្រារព្ធ​ខួប​លើក​ទី​២១ នៃ​ទិវា​ជនជាតិ​ដើម​ពិភពលោក នៅ​ថ្ងៃ​ទី​៩ ឆ្នាំ​២០១៥។

បញ្ហា​អាទិភាព ៥​ចំណុច​សំខាន់​ពាក់ព័ន្ធ​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​រតនគិរី ត្រូវ​​បាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បង្ហាញ​ឡើង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាស្រុក​លំផាត់ ដើម្បី​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​រួម​គ្នា​ជួយ​ដោះស្រាយ។ បញ្ហា​ទាំង​នោះ​រួម​មាន ទំនាស់​ព្រំ​ដី​រដ្ឋបាល​ភូមិ និង​ឃុំ រវាង​សហគមន៍​និង​សហគមន៍ ការ​យឺត​យ៉ាវ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​សហគមន៍ ការ​ចុះ​បញ្ជី​បង្កើត​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ការ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព​សហគមន៍ ទំនាស់​ដីធ្លី​រវាង​សហគមន៍​ក្នុង​ក្រុមហ៊ុន​សម្បទាន និង​បញ្ហា​ការ​ផ្ដល់​ដី​សម្បទាន និង​សម្បទាន​រ៉ែ​ធម្មជាតិ​ក្នុង​តំបន់​ជនជាតិ​ដើម​រស់​នៅ។

តំណាង​សហគមន៍​មកពី​ឃុំ​ស៊ឺង ស្រុក​បរកែវ លោក រម៉ាម ជ្រី ចាត់​ទុក​បញ្ហា​ដែល​សហគមន៍​លើក​ឡើង​ទាំង​អស់ គឺ​ជា​ចំណុច​ព្រួយ​បារម្ភ និង​មិន​មាន​ដំណោះស្រាយ​ជាក់លាក់។ បញ្ហា​នេះ​ធ្វើ​ឲ្យ​សហគមន៍​រស់​នៅ​ក្នុង​ភូមិ​ច្របូកច្របល់ រួម​ទាំង​ប្រឈមមុខ​ទៅ​នឹង​ផល​ប៉ះពាល់​ជីវភាព​រស់នៅ និង​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម ប្រសិន​ទំនាស់​នេះ​អូស​បន្លាយ​ច្រើន​ឆ្នាំ​ទៀត៖ «ខ្ញុំ​មាន​យោបល់​ទៅ​ក្រុមប្រឹក្សា​ឃុំ​សេដា ធ្វើ​ម៉េច​ដោះស្រាយ​ជា​បន្ទាន់។ ខ្ញុំ​សំណូមពរ​អង្គការ​គ្រប់​ស្ថាប័ន រាជរដ្ឋាភិបាល និង​អាជ្ញាធរ​សុំ​ធ្វើ​ឲ្យ​ប្រញាប់»

ចំណែក​តំណាង​សហគមន៍​ឃុំ​សេដា ស្រុក​លំផាត់ លោក ទុយ ញ៉េប មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សហការ​ជាមួយ​សហគមន៍​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ផល​ប៉ះពាល់​ទាំង​ឡាយ​ដែល​កំពុង​កើត​មាន​នៅ​តំបន់​សហគមន៍​រស់​នៅ ពីព្រោះ​សហគមន៍​ជនជាតិ​ដើម​ការ​យល់​ដឹង​មាន​កម្រិត​ជា​ហេតុ​ធ្វើ​ឲ្យ​សហគមន៍​ងាយ​រង​គ្រោះ​ដោយសារ​បាតុភាព​អសកម្ម​ដែល​កើត​មាន​នោះ។

លោក​ថា ជីវភាព​រស់​នៅ និង​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​រីកចម្រើន​នៅ​គងវង់​បាន លុះត្រា​សិទ្ធិ​សហគមន៍​ត្រូវ​បាន​គាំពារ លើក​ស្ទួយ និង​​ផ្ដល់​ការ​គោរព​សិទ្ធិ​ពេញលេញ៖ «ភូមិ​សមុទ្រ​ក្រោម និង​ភូមិ​សមុទ្រ​លើ​បាន​ដាក់​ពាក្យ​ចុះ​បញ្ជី​សមូហភាព​សុំ​ឲ្យ​ឃុំ​ស្រុក ខេត្ត មន្ទីរ​ភូមិបាល សុំ​ឲ្យ​ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍ សុំ​ឲ្យ​ចុះ​វាស់វែង»

​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ គឺ​ជា​អ្នក​សម្របសម្រួល​ឲ្យ​មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ឡើង ដើម្បី​លើក​កម្ពស់​សិទ្ធិ និង​ធនធាន​មនុស្ស​សម្រាប់​សហគមន៍​ជនជាតិ​ដើម និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន។

ប្រធាន​ផ្នែក​កម្មវិធី​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ លោក ឡាយ សុវត្ថរ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា កង្វល់​ទាំង ៥​ចំណុច​របស់​សហគមន៍​នេះ ក្រុម​ការងារ​របស់​លោក​បាន​ជួយ​​សម្របសម្រួល​រៀបចំ​ជា​គម្រោង​ផែនការ​សម្រាប់​សហគមន៍ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ឯកភាព​គ្នា​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​ឃុំ ដើម្បី​មន្ត្រី​អាជ្ញាធរ​ពិនិត្យ​ដោះស្រាយ។

លោក​ថា សហគមន៍​អឺរ៉ុប គឺ​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​តាម​រយៈ​ព្រះវិហារ​ដាណឺម៉ាក ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ជាពិសេស​ស្ត្រី និង​កុមារ​ដែល​ជា​ជន​ងាយ​រង​គ្រោះ៖ «យើង​យក​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ ដើម្បី​សម្របសម្រួល​ឲ្យ​មាន​ការ​ដោះស្រាយ ចៀស​វាង​ការ​ប្រឈម ហើយ​យើង​អភិវឌ្ឍន៍​បាន​ទាំង​អស់​គ្នា មិន​ឲ្យ​អ្នក​ណា​មួយ​បាត់បង់​ផលប្រយោជន៍ ​ទាំង​សហគមន៍ ក៏​ដូចជា​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត»

ចំណែក​មន្ត្រី​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក គិត ទូច កត់សំគាល់​ថា កន្លង​ទៅ​នេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន​ទាក់ទិន​ការ​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ក៏ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​មាន​កម្រិត ហេតុ​នេះ​ទើប​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បង្កើត​គម្រោង​បណ្ដុះបណ្ដាល​នៅ​មូលដ្ឋាន​បន្ថែម​ទៀត ដើម្បី​កញ្ជ្រៀប​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សហគមន៍​ទៅ​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​បាន​ដឹង និង​ជួយ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ជាក់ស្ដែង។

លោក គិត ទូច៖ «ការ​ដោះស្រាយ​រវាង​សហគមន៍​ក្រុមហ៊ុន​ដែល​មាន​កន្លង​មក មាន​លក្ខណៈ​ស្មុគស្មាញ ហើយ​ប្រើប្រាស់​ពេល​វេលា​ច្រើន មាន​ការ​កៀរគរ​ច្រើន​រហូត​ថ្នាក់​ជាតិ។ ដូច​ករណី​ឯកឧត្ដម លី ធុច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ប្រចាំ​ភូមិភាគ​ឦសាន​នេះ​រហូត​គាត់​ចុះ​ស្តាប់​បញ្ហា​នៅ​​មូលដ្ឋាន ហើយ​នៅ​តែ​មិន​ទាន់​បង្កើត​យន្តការ​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន​ទេ ព្រោះ​រវាង​ការសម្រេច​ចិត្ត​ខាង​គោលនយោបាយ និង​បច្ចេកទេស​មិន​សូវ​ស៊ី​សង្វាក់​គ្នា»

ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​សហគមន៍​លើក​ឡើង​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សេដា លោក ធូន សុវណ្ណ ថ្លែង​ទទួល​ស្គាល់​ថា នៅ​តំបន់​ជន​ជាតិ​ដើម​ភាគតិច​ពិត​ជា​មាន​បញ្ហា​ស្មុគស្មាញ​ទាក់ទិន​ទៅ​នឹង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាមួយ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​របស់​រាជ​រដ្ឋាភិបាល។ បន្ថែម​លើ​នេះ​ទៀត លោក​ថា បញ្ហា​ដោះស្រាយ​ជម្លោះ​ទាំង​អស់​នោះ​នៅ​មាន​កម្រិត បើ​ទោះ​បី​ជា​អាជ្ញាធរ​មូលដ្ឋាន​​ផ្ទាល់​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​យ៉ាង​ណា​ក្តី។

យ៉ាង​ណា​លោក​ថា នឹង​លើក​យក​កង្វល់​ដែល​សហគមន៍​បាន​ពិគ្រោះ​យោបល់​នេះ​ធ្វើ​ជា​របាយការណ៍​ជូន​អាជ្ញាធរ​ថ្នាក់​ស្រុក ខេត្ត ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់​តែ​ប្រសើរ៖ «យើង​ធ្វើ​តាំង​ពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ថា មិន​ទាន់​ឃើញ​ការ​ជាក់ស្ដែង ឬ​មិន​ទាន់​ឃើញ​លទ្ធផល​រលូន​ទៅ​មុខ ព្រោះ​ថា យើង​ធ្វើ​មួយ​ឆ្នាំ​ម្តងៗ​ទៅ ហើយ​ក្រុមហ៊ុន​ចេះ​តែ​ឈាន​ចូល​លឿង​ជាង​ប្រជាពលរដ្ឋ»

​ទោះ​ជា​យ៉ាង​នេះ​ក្តី អភិបាល​រង​ស្រុក​លំផាត់ លោក សេង សុខនី បាន​ស្វាគមន៍ និង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​នេះ។ យ៉ាង​ណា​មិញ កិច្ចសហការ​រួមគ្នា​រវាង​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន គឺ​ជា​ចំណុច​សំខាន់​ដើម្បី​រួម​គ្នា​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ក្នុង​សហគមន៍​បាន​កាន់​តែ​ប្រសើរ។ លោក​អំពាវនាវ​ផង​ដែរ សុំ​ឲ្យ​ដៃគូ​ពាក់ព័ន្ធ​រួម​ចំណែក​ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ ជា​ពិសេស​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​សហគមន៍​ស្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ​បច្ចុប្បន្ន៖ «បណ្ដា​អង្គការ​ដៃគូ គប្បី​បន្ត​ស្វែង​យល់​ជា​ជំហាន​បន្ត​ទៀត​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ជា​គម្រោង​ឲ្យ​បាន​ឆ្លើយ​តប​កាន់​តែ​ច្រើន​ឡើង​ខាង​ជីវភាព ស្ថិរភាព​ស្បៀង ទីផ្សារ និង​សុខុមាលភាព​សហគមន៍​មូលដ្ឋាន ក្រៅ​ពី​ការ​ផ្ដោត​ទៅ​លើ​សុវត្ថិភាព​ដីធ្លី និង​ដោះស្រាយ​ទំនាស់​ជា​ឧបទ្ទវហេតុ»

​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ផ្តិតផ្តូង​វគ្គ​បណ្ដុះបណ្ដាល​គម្រោង​ផែនការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ ក្នុង​ឃុំ​ចំនួន​៥ ក្នុង​នោះ​ភូមិ​ចំនួន​៨ បាន​ទទួល​​យក​គំនិត​ផ្ដួចផ្ដើម​រៀបចំ​ផែនការ​អភិវឌ្ឍ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។