លោក ស ខេង អះអាង​ថា​អាជ្ញាធរ​គ្រាន់​តែ​ឃាត់​ខ្លួន​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដើម្បី​អប់រំ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា អ្នក​ដែល​ធ្វើ​យុទ្ធនាការ​ពាក់​អាវ​ពណ៌​ខ្មៅ និង​កំណត់​ថា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នោះ គឺ​អាជ្ញាធរ​មិន​មែន​ចាប់​ខ្លួន​ទេ ពោល​គឺ​វិធានការ​របស់​កម្លាំង​សមត្ថកិច្ច​នៅ​ពេល​នេះ គ្រាន់​តែ​ហៅ​ពួក​គេ​មក​ដើម្បី​ណែនាំ និង​អប់រំ​ប៉ុណ្ណោះ។

អ្នក​ច្បាប់​យល់​ឃើញ​ថា ប្រសិន​បើ​យុទ្ធនាការ​ដែល​ពលរដ្ឋ​រៀបចំ​នោះ ធ្វើ​ឡើង​ក្នុង​ន័យ​គ្រាន់​តែ​សម្ដែង​មតិ ហើយ​មិន​ប៉ះពាល់​ទៅ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទេ មិន​ត្រូវ​ហាមឃាត់​សកម្មភាព​ទាំង​នេះ​ទេ។

ការ​ប្រកាន់​ជំហរ​មិន​ចាត់​វិធានការ​ប្រឆាំង​ក្រុម​អ្នក​តស៊ូ​មតិ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​របស់​លោក ស ខេង នេះ ស្រប​ពេល​សកម្មជន​ដីធ្លី​ប្រមាណ ៥​នាក់​ជា​ស្ត្រី​បន្ថែម​ទៀត ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន ដែល​កម្លាំង​សមត្ថកិច្ច​ចាត់​ទុក​ថា ពួក​គេ​បាន​ប្រព្រឹត្ត​ល្មើស​នឹង​បម្រាម​របស់​អាជ្ញាធរ។

ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ក្រោយ​បញ្ចប់​មីទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ នៃ​កំណើត​នគរបាល​ជាតិ លោក ស ខេង អះអាង​នៅ​ថ្ងៃ​ទី​១៦ ឧសភា ថា មនុស្ស​មួយ​ចំនួន​ដែល​កម្លាំង​សមត្ថកិច្ច​ចាត់​វិធានការ​នេះ គឺ​គ្រាន់​តែ​យក​ទៅ​អប់រំ​ប៉ុណ្ណោះ ពោល​វា​ពុំ​មែន​ជា​ការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ឡើយ។ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​យ៉ាង​ខ្លី​មុន​ចូល​រថយន្ត​ទំនើប​របស់​លោក​ថា អាជ្ញាធរ​នឹង​បន្ត​ឃាត់​ខ្លួន​អ្នក​ដែល​រៀបចំ​យុទ្ធនាការ​បន្ត​ទៀត ដូច​ដែល​ក្រសួង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​រួច​មក​ហើយ​នេះ។ លោក​បន្ត​ថា « ហេ ! ទៅ​សួរ​អ្នក​ ធ្វើ​ទៅ មក​សួរ​អី​ខ្ញុំ។ ទៅ​សួរ​អ្នក​ដែល​ចង់​ ធ្វើ​ទៅ សួរ​អី​ខ្ញុំ។ ចុះ​គេ​ចាប់​ម៉េច​ កន្លង​មក ចាប់​តាម​ហ្នឹង​ទៀត​ទៅ។ ចុះ​មាន​ចាប់​ឯណា ? ហេ ! គេ​ គ្រាន់​តែ ​ហៅ​ទៅ​សួរ​ទេ កុំ​ច្រឡំ »

ថ្វី​បើ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា អាជ្ញាធរ​មិន​ប្រើ​ធម៌​ក្ដៅ​ប្រឆាំង​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ក៏ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា មាន​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​ដែល​ធ្វើ​យុទ្ធនាការ​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ដាក់​កម្រិត​ពួក​គេ​ក្នុង​លក្ខខណ្ឌ​មួយ​ដ៏​តឹងរ៉ឹង​រួច​មក​ហើយ​ក្នុង​ពេល​កន្លង​ទៅ និង​នៅ​ពេល​នេះ​ផង។

ឆ្លើយ​តប​ចំណាត់​ការ​នេះ គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ស្ទើរ​គ្រប់​ច្រកល្ហក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​ការ​ដាក់​ពង្រាយ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ គឺ​ចំ​ថ្ងៃ​នៃ​យុទ្ធនាការ​ដូច​សកម្មជន​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​រៀបចំ​ទៅ​តាម​ការ​គ្រោង​ទុក។ យុទ្ធនាការ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ប្រឆាំង​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​ជា​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល។

ក្រោយ​ពេល​ក្រសួង​មហាផ្ទៃ ចេញ​គោលការណ៍​មិន​ឲ្យ​មាន​ការ​ជួប​ជុំ ទោះ​ក្នុង​ទ្រង់ទ្រាយ​អ្វី​ក៏ដោយ មិន​យូរ​ប៉ុន្មាន លោក ហ៊ុន សែន បាន​ព្រមាន​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ដោយ​បញ្ជាក់​ថា អ្នក​ដែល​ធ្វើ​យុទ្ធនាការ​ទាំងអស់ ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​មាន​សកម្មភាព​អ្វី​មួយ​កើត​ឡើង​ពី​យុទ្ធនាការ​នេះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត អ្នក​រៀបចំ គឺ​មិន​អាច​គំរាម​កំហែង​ប្រឆាំង​រដ្ឋាភិបាល​តាម​រយៈ​ពណ៌ ឬ​មធ្យោបាយ​ផ្សេង​ទៀត​បាន​ឡើយ។ លោក​បន្ត​ថា « មិន​ អាច​មក ​ដាក់​សម្ពាធ​ពណ៌​នេះ ពណ៌​នោះ ថ្ងៃ​នេះ ថ្ងៃ​នោះ ឥត​ទេ។ អា​ហ្នឹង ​និយាយ​ឲ្យ​ច្បាស់។ គ្រប់​ទីកន្លែង​ បាន​ទទួល បទបញ្ជា​រួច​ស្រេច ទៅ​ហើយ និយាយ​ឲ្យ​ច្បាស់​ ជាមួយ​គ្នា »

បើ​ទោះ​ជា​បែប​ណា អ្នក​ជំនាញ​កិច្ចការ​ច្បាប់​យល់​ឃើញ​ថា ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី ឬ​យុទ្ធនាការ​ដែល​មិន​ប៉ះពាល់​ទៅ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ត្រូវ​ចាត់​ទុក​ថា គឺ​មិន​ស្ថិត​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ឡើយ។

ពាក់ព័ន្ធ​បញ្ហា​នេះ មេធាវី​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ផង លោក ហុង គឹមសួន ឲ្យ​ដឹង​ថា បម្រាម ឬ​សេចក្ដី​ណែនាំ​ទាំងឡាយ​ណា​របស់​អាជ្ញាធរ វា​ពុំ​មែន​ជា​ច្បាប់​ទេ។ មិន​តែ​ប៉ុណ្ណោះ ការ​ជួប​ជុំ ឬ​យុទ្ធនាការ​អ្វី​មួយ​ក្នុង​គោល​បំណង​សម្ដែង​មតិ គឺ​វា​ពុំ​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ចាំបាច់​ត្រូវ​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឡើយ។ លោក​បន្ត​ថា « បទបញ្ជា​ មិន​មែន ​ច្បាប់​ទេ ប៉ុន្តែ​បទបញ្ជា​តាម​ខ្ញុំ​ធ្លាប់​ឮ មិន​ឲ្យ​ ទៅ​ធ្វើ វា​ខូច​ សណ្ដាប់ធ្នាប់​សាធារណៈ ឬ​ក៏​ញុះញង់​បង្កើត​ជា​អី​ដែល​គេ​តែង​នាំ​គ្នា​ប្រើ​ពាក្យ​ថា​បដិវត្តន៍​ពណ៌​គេ​នោះ​ណា »

ជុំវិញ​រឿង​នេះ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​គ្រប់​ទម្រង់ មិន​ថា​ពណ៌​អ្វី​ឡើយ ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស។ យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល រិះគន់​ចំណាត់​ការ​នៅ​ពេលនេះ​របស់​រដ្ឋាភិបាល ដោយ​ចាត់​ទុក​ថា គឺ​ជា​ការ​អនុវត្ត​រំលោភ​លើ​គោលការណ៍​នៃ​ច្បាប់​ដែល​គាំពារ​ដោយ​រដ្ឋធម្មនុញ្ញ ក្នុង​ការ​ជួប​ជុំ និង​សម្ដែង​មតិ​ដោយ​សន្តិវិធី​ជាដើម ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។