នៅពេលកំពុងឈរបត់ជើងនោះ ស្រាប់តែស្ត្រីជាជនរងគ្រោះដើរទៅឃើញ ហើយនាយកសាលាចោទស្ត្រីរូបនោះថា បានទៅលួចមើលខ្លួនកំពុងបទជើងតូច (កំពុងនោម) ក៏មានពាក្យសម្ដីឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើអំពើហិង្សាវាយតប់តែម្ដង។
នគរបាលស្រុកសំឡូត បាននាំខ្លួននាយកសាលាបឋមសិក្សាភ្នំរៃ ទៅអប់រំ និងធ្វើកិច្ចសន្យាផ្ដិតមេដៃឲ្យបញ្ឈប់ការប្រើអំពើហិង្សាទៅលើជនជាតិដើមភាគតិចព័រ។ នាយកសាលារូបនោះ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា បានវាយទាត់ធាក់ទៅលើស្ត្រីជនជាតិដើមភាគព័រម្នាក់ ផ្ទប់ទៅលើកាំជណ្ដើរផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
មេប៉ុស្តិ៍នគរបាលឃុំតាតោក លោក ឯម ស៊ុយ ថ្លែងកាលពីថ្ងៃទី១៤ ខែមិថុនា ថា នាយកសាលាបឋមសិក្សាភ្នំរៃ ឈ្មោះ នូ វិរុទ្ធ អាយុជាង ៤០ឆ្នាំ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចកសាងសំណុំរឿងទៅអធិការដ្ឋាននគរបាលស្រុកសំឡូត។ លោកបញ្ជាក់ពីមូលហេតុដែលនាំឲ្យកើតមានអំពើហិង្សាដូច្នេះថា បើតាមសាកសួរសាក្សី និងសួរសហគមន៍ គឺថាមូលហេតុដោយសារផឹក៖ «លោកគ្រូក៏ផឹក ជនរងគ្រោះក៏ផឹកដែរ ស្រវឹងរៀងខ្លួន ប៉ុន្តែវាផឹកវង់ផ្សេងគ្នា រឿងហ្នឹងសួរទៅអ៊ីចឹងមែនហ្នឹង រឿងបត់ជើងតូចអីភាន់ច្រឡំថាឃើញថាជេរអីអ៊ីចឹង»។
បន្ទាប់ពីបានធ្វើកិច្ចសន្យាផ្ដិតមេដៃអប់រំរួចមក នាយកសាលារូបនោះត្រូវបានសមត្ថកិច្ចនគរបាលដោះលែងវិញ។ ប៉ុន្តែបានកំណត់ឲ្យសងជំងឺចិត្តទៅស្ត្រីរងគ្រោះនូវទឹកប្រាក់ចំនួន ៧០ម៉ឺនរៀល។ ស្ត្រីជាជនរងគ្រោះមានឈ្មោះ រ័ត្ន អ៊ីម អាយុ ២០ឆ្នាំ ដើមកំណើតជាជនជាតិដើមភាគតិចព័រ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រធានសហគមន៍ជនជាតិដើមភាគតិចព័រ លោក ឆើត ឈន និយាយថា លោក នូ វិរុទ្ធ ជានាយកសាលាបឋមសិក្សាភ្នំរៃ ដោយសារតែខឹងនឹងស្ត្រីឈ្មោះ រ័ត្ន អ៊ីម ឃើញប្រដាប់ភេទរបស់ខ្លួននៅពេលកំពុងបត់ជើងតូចនោះ ក៏តាមទៅដល់ផ្ទះ ហើយវាយបីដៃ និងធាក់មួយជើងផ្ទប់ទៅនឹងកាំជណ្ដើរ បណ្ដាលឲ្យមានរបួសហូរឈាមជាប់កាំជណ្ដើរ៖ «បើថាសហគមន៍ធម្មតា គាត់អវិជ្ជា ប៉ុន្តែគាត់ជានាយកសាលា គាត់មានចំណេះដឹងហើយ គាត់ធ្វើនៅខាងវិស័យអប់រំហើយ ខ្ញុំក៏មិនសប្បាយចិត្តដែរ ដោយសារតែគាត់ធ្វើទង្វើមិនគប្បីរំលោភសិទ្ធិស្ត្រី សិទ្ធិជនជាតិដើមភាគតិច មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែជនជាតិដើមភាគតិចខ្ញុំជាង ១០០គ្រួសារ ក៏គាត់អត់សប្បាយចិត្តដែរ»។
ទន្ទឹមគ្នានេះ លោកបានទាមទារឲ្យមន្ទីរអប់រំចាត់វិធានការដាក់ពិន័យនាយកសាលារូបនោះ កុំឲ្យប្រព្រឹត្តអំពើហិង្សាដូច្នេះទៀត។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ថ្លែងថា ករណីនាយកសាលាបង្កអំពើហិង្សាលើស្ត្រីដូច្នេះ បានបំពានលើច្បាប់ និងជាអំពើមិនគប្បីមួយដែលមានឥទ្ធិពលអាក្រក់ទៅដល់គ្រូបង្រៀនផ្សេងទៀត ដែលជាអ្នកមានក្រមសីលធម៌ត្រឹមត្រូវ។ ករណីនេះជាបទល្មើសព្រហ្មទណ្ឌ ហើយតាមគោលការណ៍ច្បាប់ ទោះបីជនប្រព្រឹត្តដោះស្រាយសំណងរដ្ឋប្បវេណីឲ្យជនរងគ្រោះហើយក៏ដោយ ប៉ុន្តែបណ្ដឹងអាជ្ញាក្នុងសំណុំរឿងព្រហ្មទណ្ឌនេះមិនអាចរលត់បានទេ។
នៅក្នុងកិច្ចសន្យារបស់លោក នូ វិរុទ្ធ ជានាយកសាលាបឋមសិក្សាភ្នំរៃ ដែលធ្វើឡើងចំពោះមុខសមត្ថកិច្ចនគរបាលស្រុកសំឡូត បញ្ជាក់ថា លោកផ្ដិតមេដៃសន្យាឈប់ប្រព្រឹត្តខុសឆ្គងទៅលើស្ត្រីជាជនរងគ្រោះនោះទៀត ឈប់ប្រព្រឹត្តអំពើអ្វីមួយដែលធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរអ្នកដទៃ គោរពច្បាប់របស់រដ្ឋ គោរពសិទ្ធិនារី សិទ្ធិកុមារ ហើយបើសិនជាថ្ងៃក្រោយមានការប្រព្រឹត្តខុសជាលើកទី២ ឬផ្ទុយពីកិច្ចសន្យាខាងលើនេះ សូមឲ្យសមត្ថកិច្ចចាប់ខ្លួនលោកយកទៅផ្ដន្ទាទោសតាមច្បាប់ទៅចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
