វត្ត​នៅ​ខេត្ត​កំពង់ចាម​នៅ​តែ​បិទ​ទ្វារ​មិន​ឲ្យ​អ្នក​ហែ​ក្បួន​សិទ្ធិ​យាត្រា​ចូល​សម្រាក

0:00 / 0:00

ក្បួន​ដង្ហែ​ធម្មយាត្រា​សិទ្ធិ​យាត្រា បន្ត​ចូល​ដល់​ថ្ងៃ​ទី​២​ហើយ​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ។ ក្រុម​អ្នក​ហែ​ក្បួន​តាម​ផ្លូវ​ជាតិ​លេខ​៦ នៅ​ខេត្ត​កំពង់ចាម នៅ​តែ​ជួប​បញ្ហា​ខ្លះ ព្រោះ​ថា​វត្ត​នៅ​តាម​ផ្លូវ​នៅ​តែ​បន្ត​បិទ​ទ្វារ​មិន​ឱ្យ​ក្រុម​ធម្មយាត្រា​អាច​ចូល​សម្រាក​បាន​ឡើយ។

ចំណែក​ក្បួន​ដង្ហែ​នៅ​តាម​បណ្ដា​ផ្លូវ​ជាតិ​ផ្សេងៗ​ទៀត គឺ​មិន​មាន​ចោទ​ជា​បញ្ហា​នោះ​ទេ រួម​ទាំង​ផ្លូវ​ជាតិ​លេខ​២ ចេញ​ដំណើរ​ពី​ខេត្ត​តាកែវ ដែល​មាន​រឿង​ចម្រូងចម្រាស​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ នោះ ក៏​លែង​មាន​បញ្ហា​ទៀត​ដែរ។

ក្បួន​ដង្ហែ​ធម្មយាត្រា​សិទ្ធិ​យាត្រា​ក្រុម​ផ្លូវ​ជាតិ​លេខ​៦ និង​លេខ​៧ នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ចាម ត្បិត​តែ​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ភ្នំពេញ ដោយ​មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ក៏ដោយ​ចុះ ក៏ប៉ុន្តែ​វត្ត​អារាម​នៅ​តាម​ដង​ផ្លូវ​នៅ​តែ​បន្ត​បិទ​ទ្វារ​របង មិន​ឱ្យ​ក្រុម​អ្នក​ហែ​ក្បួន​ចូល​ស្នាក់នៅ​ដដែល។ ក្រុម​អ្នក​ហែ​ក្បួន រួម​ទាំង​ព្រះសង្ឃ ត្រូវ​គង់ និង​សម្រាក​តាម​ផ្ទះ​អ្នក​ស្រុក​ចំនួន​ពីរ​យប់​មក​ហើយ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​ជា​សមាជិក​ដឹក​នាំ​ក្បួន​ដង្ហែ​នោះ ឱ្យ​ដឹង​ថា អ្នក​ចូលរួម​ក្បួន​ដង្ហែ​នៅ​ថ្ងៃ​ទី​៦ ធ្នូ នៅ​ខេត្ត​កំពង់ចាម ប្រមាណ​ជាង ៣០០​អង្គ​និង​នាក់ គ្រោង​ថា​នឹង​ចូល​សម្រាក​នៅ​វត្ត​ច័ន្ទមូលី ស្ថិត​នៅ​ឃុំ​ផ្អាវ ស្រុក​បាធាយ ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ​នា​ពេល​ដំបូង ពីព្រោះ​របង​ទ្វារ​បិទ​ជិត ហើយ​ថែម​ទាំង​មាន​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​ដាក់​នៅ​ទីនោះ​ទៀត​ផង៖ «គាត់​ស្រែក​មេក្រូ​សូម​ឱ្យ​ព្រះសង្ឃ ក៏ដូចជា​អាជ្ញាធរ បើក​ទ្វារ​វិញ ដើម្បី​ឱ្យ​ព្រះសង្ឃ និង​អ្នក​ហែ​ក្បួន​ធម្មយាត្រា និង​សិទ្ធិ​យាត្រា ចូល​ឆាន់​អាហារ​នៅ​ក្នុង​វត្ត​នេះ»

ពលរដ្ឋ​នៅ​ក្បែរៗ​វត្ត ក៏​និមន្ត​ព្រះសង្ឃ និង​អញ្ជើញ​អ្នក​ហែ​ក្បួន ឱ្យ​ទៅ​ឆាន់ និង​ពិសារ​បាយ​នៅ​ផ្ទះ​ពួក​គាត់​វិញ។ លុះ​ក្រោយ​ពី​ព្រះសង្ឃ​ឆាន់​ចង្ហាន់​រួច ទើប​ខាង​តំណាង​ចៅអធិការ​វត្ត​ច័ន្ទមូលី ព្រម​បើក​ទ្វារ​ឱ្យ​ក្រុម​អ្នក​ហែ​ក្បួន​អាច​ចូល​សម្រាក​នៅ​ក្នុង​វត្ត​បាន។ យ៉ាង​ណា​ក៏ដោយ មាន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ខ្លះ ថា​មិន​ចង់​បិទ​ទ្វារ​របង​នោះ​ទេ ក៏ប៉ុន្តែ​មាន​បញ្ជា​ពី​ខាង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត។ បន្ទាប់​ពី​បាន​សម្រាក​ក្នុង​វត្ត​ច័ន្ទមូលី រួច​មក ក្រុម​ហែ​ក្បួន​ផ្លូវ​ជាតិ​លេខ​៦ និង​លេខ​៧ បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ក៏ប៉ុន្តែ​ពួក​គាត់​ហាក់​មិន​មាន​សង្ឃឹម​ថា នឹង​បាន​ស្នាក់​នៅ​ក្នុង​វត្ត​ទេ​នៅ​យប់​ថ្ងៃ​ទី​ពីរ​នេះ ពីព្រោះ​ពេល​ពួក​គាត់​ចេញ​ដំណើរ ឃើញ​ស្ទើរ​គ្រប់​វត្ត​នៅ​តាម​ដង​ផ្លូវ នៅ​តែ​បិទ​ទ្វារ​របង​ដដែល។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពង់ចាម លោក ស្រី សុភ័ក្ត្រ មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​ទេ ដោយ​លោក​ថា​ជាប់​ប្រជុំ។

ចំណែក​អភិបាល​ខេត្ត​ស្ដីទី​នៃ​ខេត្ត​កំពង់ចាម លោក ជឹម លាវ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ទី​៦ ធ្នូ។

យ៉ាង​ណា លិខិត​របស់​អភិបាល​ខេត្ត​ស្តីទី​រូប​នេះ បាន​ផ្ញើ​ជូន​មក​ក្រុម​អ្នក​ដឹក​នាំ​ហែ​ក្បួន កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​ហែ​ក្បួន​ធម្មយាត្រា​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់ចាម ឡើយ។ ក្នុង​លិខិត​បន្ថែម​ថា សកម្មភាព​ព្រះសង្ឃ​ក្នុង​ការ​ហែ​ក្បួន គឺ​ខុស​ពី​ខ្លឹមសារ​ព្រះរាជ​សង្ឃ​ប្រកាស​កាល​ពី​ឆ្នាំ​២០១៣។ ម្យ៉ាង​ទៀត ខាង​គណៈកម្មការ​រៀបចំ​ពិធី​ហែ​ក្បួន មិន​បាន​ផ្តល់​នូវ​ឯកសារ​ចាំបាច់​មួយ​ចំនួន​តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ឡើយ។ ដោយ​ឡែក​ពលរដ្ឋ​នៅ​ស្រុក​បាធាយ ខ្លះ​ឱ្យ​ដឹង​ថា ពួក​គេ​មិន​ខឹង​នឹង​ព្រះសង្ឃ​ក្នុង​វត្ត​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ខឹង​ចំពោះ​អាជ្ញាធរ រួម​ទាំង​ខាង​មន្ទីរ​ធម្មការ និង​សាសនា ដែល​បាន​រឹត​ត្បិត​អ្នក​មាន​បំណង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស។

ពាក់ព័ន្ធ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​មិន​អនុញ្ញាត​ឱ្យ​ក្បួន​ដង្ហែ​អាច​ចូល​សម្រាក ឬ​ឆាន់​ចង្ហាន់​នៅ​ក្នុង​វត្ត​កន្លង​មក​នោះ គឺ​ជា​កំហុស​ធ្ងន់ធ្ងរ​សម្រាប់​អាជ្ញាធរ ដែល​មិន​យល់​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​មិន​យល់​ពី​នីតិរដ្ឋ​ប្រទេស​ខ្លួន៖ «ប្រតិទិន ១០​ធ្នូ គឺ​ជា​ថ្ងៃ​សម្រាក​បុណ្យ​សិទ្ធិ​មនុស្ស គោរព​សិទ្ធិ​មនុស្ស។ ហ្នឹង​ជា​កំហុស​ធ្ងន់​ណាស់​ដែល​យើង​ថា​នីតិរដ្ឋ ប្រជាពលរដ្ឋ​ថា​គាត់​មិន​យល់​ពី​នីតិ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ស្រុក គាត់​អត់​យល់​ពី​នីតិ​ដែរ ហើយ​ថា​ប្រទេស​យើង​ជា​នីតិរដ្ឋ វា​អត់​ត្រូវ»

លោក​បន្ថែម​ថា ច្បាប់​កំពូល​នៃ​ប្រទេស គឺ​ច្បាប់​រដ្ឋធម្មនុញ្ញ។ ដូច​នេះ រាល់​សេចក្តី​ប្រកាស ឬ​សេចក្តី​សម្រេច​ផ្សេងៗ​ដែល​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ គឺ​ចាត់​ទុក​និរាករណ៍ មិន​អាច​យក​មក​ប្រើប្រាស់​បាន​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្បួន​ដង្ហែ​នៅ​តាម​បណ្ដា​ផ្លូវ​ជាតិ​សំខាន់ៗ រួម​មាន​ផ្លូវ​ជាតិ​លេខ​១ ចេញ​ពី​ខេត្ត​ព្រៃវែង ផ្លូវ​ជាតិ​លេខ​៣ ចេញ​ពី​ខេត្ត​កំពត ផ្លូវ​ជាតិ​លេខ​៤ ចេញ​ពី​ខេត្ត​កំពង់ស្ពឺ ផ្លូវ​ជាតិ​លេខ​៥ ចេញ​ពី​ខេត្ត​កំពង់ឆ្នាំង រួម​នឹង​ផ្លូវ​ជាតិ​លេខ​២ ចេញ​ពី​ខេត្ត​តាកែវ ដែល​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ទី​មួយ​នោះ មក​ដល់​ថ្ងៃ​ទី​ពីរ គឺ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទៀត​ឡើយ ហើយ​ស្ទើរ​គ្រប់​វត្ត​អារាម គឺ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​ល្អ​ទៀត​ផង។ យ៉ាង​ណា សមាជិក​ដឹក​នាំ​ការ​ហែ​ក្បួន​ទាំង​នោះ សង្ឃឹម​ថា​នៅ​ថ្ងៃ​បន្តបន្ទាប់ អាជ្ញាធរ និង​បណ្ដា​វត្ត​ទាំងអស់ នឹង​បន្ត​សហការ​ល្អ​ជាមួយ​គ្នា​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។